រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ផ្ទុក​មនុស្ស​ពី​ហុងកុង​ជាង ២​ពាន់​នាក់ ចុះ​ចត​នៅ​ខេត្ត​ព្រះសីហនុ

ដោយ អូន ភាព
2020-02-13
RFA

ទិដ្ឋភាពនាវា​ទេសចរណ៍ The MS Westerdam (Cruise ship) ចូល​មក​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ។

ទិដ្ឋភាពនាវា​ទេសចរណ៍ The MS Westerdam (Cruise ship) ចូល​មក​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ។

 រូប​​គេហទំព័រ​ក្រសួង​ព័ត៌មាន


នាវា​ទេសចរណ៍ The MS Westerdam, (Cruise ship) ដែល​ត្រូវ​បាន​ប្រទេស​ចំនួន ៥ បដិសេធ​មិន​ឱ្យ​ចុះចត​ក្នុង​ផែ​សមុទ្រ​របស់​ពួកគេ​នោះ ឥឡូវ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់​ផៃ​ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​នេះ​។ ប្រទេស​ចំនួន ៥​បដិសេធ​មិន​ឱ្យ​នាវា​នេះ ចូល​ចត​ដោយសារតែ​ក្តី​កង្វល់​ថា អ្នក​ទេសចរ ក្នុង​នាវា​ទេសចរណ៍​នេះ អាច​ផ្ទុក វីរុស​រលាក​ផ្លូវ​ដង្ហើម​កូវិត (Covid 19) ដែល​បាន​សម្លាប់​មនុស្ស ប្រមាណ​ជាង ១​ពាន់​នាក់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​កាសែត​ក្នុងស្រុក​របស់​គាត់​ថា នាវា​ផ្ទុក​មនុស្ស​ជាង ២​ពាន់​នាក់​នឹង​មកទល់​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣​នេះ ហើយ​គ្រោង​នឹង​ចាក​ចេញ​វិញ​នៅ​ថ្ងៃ​១៥​ខាងមុខ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ការណ៍​ដែល​កម្ពុជា​អនុញ្ញាត​ឱ្យ​នាវា​នេះ​ចូល​ចត ដើម្បី​បង្ហាញ​ពី​ការ​លុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅ​លើ​ពិភពលោក ហើយ​កម្ពុជា​មិន​មាន​ការរើសអើង​ពូជសាសន៍​ឡើយ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​សម្ដែង​ក្ដី​បារម្ភ ចំពោះ​ការ​ចូល​ចត​របស់​នាវា​នេះ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត​នេះ។

អ្នកស្រី​ក៏​មាន​ចម្ងល់​ដែរ​ថា ហេតុអ្វី​បានជា​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​នាវា​មួយ​នេះ​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ​នោះ​ទេ ព្រោះ​អ្នកដំណើរ​នៅ​លើ​នាវា​នេះ​អាច​នឹង​ចម្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ​ដល់​ពលរដ្ឋ​ខ្មែរ៖ «យើង​មានការ​ព្រួយបារម្ភ​ផង​ដែរ ដោយសារតែ​កន្លងមក​មាន​កប៉ាល់​ទេសចរណ៍​មួយ​ដែល​បាន​ធ្វើ​ដំណើរ​ទេសចរណ៍​អ៊ីចឹង​ដែរ ហើយ​នៅ​ពេល​ដែល​គាត់​ចូល​ទៅ​ចត​នៅ​ប្រទេស​ជប៉ុន ស្រាប់តែ​ពេល​ហ្នឹង​គេ​រក​ឃើញ​អ្នក​ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នៅ​លើ​កប៉ាល់​ទេសចរណ៍​ហ្នឹង»។

នាវា​ដែល​មាន​ឈ្មោះ Westerdam នេះ បាន​ផ្ទុក​អ្នកដំណើរ​ចំនួន ១,៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះហ្គាំ (​អាមេរិក​)បដិសេធ​មិន​ឱ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការ​ព្រួយ​បារម្ភ​ថា ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​នាវា​នោះ អាច​មាន​ផ្ទុក​វីរុស​រលាក​ផ្លូវ​ដង្ហើម​នេះ​។​

​ក្តី​បារម្ភ​ដោយសារតែ មាន​នាវា​ទេសចរណ៍​មួយ​គ្រឿង​មានឈ្មោះ Diamond Princess បាន​ចូល​ចត​នៅ​កំពង់ផែ​យ៉ូកូហាម៉ា (Yokohama)ប្រទេស​ជប៉ុន មាន​អ្នកមាន​ជំងឺ​សរុប​ដល់​ទៅ ១៣៥​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles