តើ​ខ្លឹមសារ​នៃ​ការ​ដកEBA ផ្នែក​ខ្លះ​ពី​កម្ពុជា របស់​គណៈកម្មការ​អឺរ៉ុប មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ខ្លះ?

ដោយ មាន ឫទ្ធិ
2020-02-14
RFA

ស្ដាប់ ឬទា​ញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​ផ្នែក ពី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ​។ ការ​សម្រេចចិត្ត​នេះ ធ្វើ​ឡើង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប រក​ឃើញ​ជា​ផ្លូវការ​ថា មាន​ករណី​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅ​លើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ តើ​ខ្លឹមសារ​នៃ​ការសម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​នេះ មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ខ្លះ?

ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​គណៈកម្មាការ​អឺរ៉ុប មិនមែនជា​ការដក​ទាំ​ង​ស្រុង​នោះទេ​។ ក៏ប៉ុន្តែ ជាការ​ដក​ដោយ​ផ្នែក ទៅលើ​មុខទំនិញ​នាំចេញ​របស់​កម្ពុជា​ប្រមាណ​២០% នៃ​មុខទំនិញ​នាំចេញ​ទាំងអស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ នេះ​មានន័យថា ជាការ​តម្រូវ​ឱ្យ​កម្ពុជា​បង់ពន្ធ លើ​មុខទំនិញ​នាំចេញ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង ១​ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​១​ពាន់​លាន​ដុល្លារ​អាមេរិក (១​ប៊ី​លាន​អឺរ៉ូ​) ក្នុងចំណោម​តម្លៃ​សរុប​ដែល​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​ជាង ៥,៧ ប៊ី​លាន​ដុល្លារ ឬ​ជាង ៥,៧​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ​។

ជារួម កម្ពុជា​អាច​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ជាង ១២០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយសារតែ​ការ​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​មុខទំនិញ​នាំចេញ ២០% ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ​។ មុខទំនិញ​ដែល​កម្ពុជា​ត្រូវ​បង់ពន្ធ​នោះ រួមមាន ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​មួយ​ចំនួន ផលិតផល​ធ្វើដំណើរ​ទាំងអស់ និង​ផលិតផល​ស្ករស ខណៈ​ផលិតផល​ដទៃ​ទៀត​ក្រៅ​ពី​នេះ ដូចជា​កង់​ជាដើម មិន​ទទួលរង​ការ​បង់ពន្ធ​នោះ​ទេ​។ ដោយឡែក អង្ករ​កម្ពុជា​វិញ នៅតែ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ដដែល គឺ​ប្រមាណ​២០០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ១៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ និង​១៤០​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ សម្រាប់​អង្ករ​មួយ​តោនៗ ហើយ​រយៈពេល​បន្ទាប់ពី​នេះ តម្លៃ​ជាក់លាក់​សម្រាប់​ពន្ធ​លើ​មុខទំនិញ​អង្ករ​កម្ពុជា នឹង​ត្រូវ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ឡើង​វិញ។គណៈកម្មការ​អឺរ៉ុប ពន្យល់​ថា ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មួយ​ផ្នែក​នេះ គឺជា​ការសម្រេច​យកពន្ធ​លើ​មុខទំនិញ​ជាក់លាក់ ដោយ​គិត​តាម​អត្រាពន្ធ MFN ហើយ​ជា​ការ​សម្រេច​ដោយ​សមាមាត្រ និង​សមស្រប។ អត្រាពន្ធ MFN ឬMost-Favored Nation Tariffs ជា​អត្រា​ទាប​បំផុត​សម្រាប់​ប្រទេស​ទទួល​បាន​ការ​អនុគ្រោះ​បំផុត ដូច​ដែល​បាន​កំណត់​ឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។

ការ​ជ្រើសរើស​មុខទំនិញ​ដើម្បី​តម្រូវ​ឱ្យ​កម្ពុជា​បង់ពន្ធ​នេះ ត្រូវ​គណៈកម្មការ​អឺរ៉ុប ពន្យល់​ថា ជា​ការ​ជ្រើសរើស​ដោយ​ពិចារណា​ប្រកបដោយ​តុល្យភាព ក្នុង​គោលដៅ​ជួយ​រក្សា​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា តែ​ក្នុង​ពេល​ជាមួយគ្នា​នោះ ក៏​ដើម្បី​ធានា​ថា មានការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ​។ គណៈកម្មការ​អឺរ៉ុប ពន្យល់​ថា រាល់​ឧស្សាហកម្ម​ទើបនឹង​រីក​ដុះដាល​នៅ​កម្ពុជា​ទាំងអស់ ដូចជា​កង់​ជាដើម នឹង​នៅតែ​បន្ត​ទទួល​បាន​ការ​មិន​យកពន្ធ និង​ការ​មិន​កំណត់​កូតា​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដដែល ខណៈ​ផលិតផល​កាត់ដេរ​ដែល​មាន​តម្លៃ​បំពេញ​បន្ថែម​ខ្ពស់ និង​ផលិតផល​ស្បែកជើង​ជាក់លាក់​មួយ​ចំនួន ក៏​នៅតែ​ទទួល​បាន​ការ​មិន​យកពន្ធ និង​ការ​មិន​កំណត់​កូតា​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ដដែល។

ការសម្រេច​យកពន្ធ​លើ​ទំនិញ​កម្ពុជា ២០% នេះ មិនទាន់​ចូល​ជា​ធរមាន​ភ្លាមៗ​នៅឡើយ​ទេ នា​ពេល​នេះ​។ គណៈកម្មការ​អឺរ៉ុប ត្រូវ​យក​សំណើ​គិត​ពន្ធ​ពី​កម្ពុជា​នេះ ទៅ​ឆ្លង​យោបល់​ពី​សភា​អឺរ៉ុប​ដែល​ជា​ស្ថាប័ន​អនុម័ត​ច្បាប់ និង​ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​ជា​ស្ថាប័ន​អនុម័ត​គោលនយោបាយ​អឺរ៉ុប ជា​បន្ត​ទៅ​ទៀត​។ ប្រសិនបើ​គ្មាន​ការជំទាស់​ណាមួយ​ពី​សំណាក់​ស្ថាប័ន​ទាំងពីរ​នេះ​ទេ នោះ​ការ​គិត​ពន្ធ​ផ្លូវការ​ពី​កម្ពុជា នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​សីហា តទៅ​។ ក៏ប៉ុន្តែ ប្រសិនបើ​មានការ​ជំទាស់​ណាមួយ​ពី​សំណាក់​ស្ថាប័ន​អឺរ៉ុប​ចុងក្រោយ​នេះ នោះ​ពេលវេលា​ត្រូវ​បង់ពន្ធ​ពិតប្រាកដ អាច​នឹង​ពន្យារ​ពេល​ពីរ (២) ខែ​បន្ថែម​ទៀត គឺ​រហូតដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ តទៅ​។ រយៈពេល​២​ខែ​បន្ថែម​ទៀត​នេះ គឺ​ដើម្បី​ទុក​ឱ្យ​ស្ថាប័ន​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប លើកឡើង​ពី​ការជំទាស់​របស់​ពួកគេ​ទៅនឹង​សំណើ​សម្រេច​យកពន្ធ​ដោយ​ផ្នែក​របស់​គណៈកម្មការ​អឺរ៉ុប​។ រដ្ឋ​សមាជិក​អឺរ៉ុប​តែមួយ ឬ​ពីរ នៃ​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​មាន​តំណាង​រដ្ឋ​សមាជិក​អឺរ៉ុប ២៧ ជា​សមាជិក​នោះ មិន​អាច​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​ខាងដើម​របស់​គណៈកម្មការ​អឺរ៉ុប​នេះ​ទេ​។ ការ​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​នេះ អាច​មាន​សុពលភាព​ទៅ​បាន លុះត្រាតែ​ទទួល​បាន​នូវ​សំឡេង​គាំទ្រ​ដោយ​មតិ​ភាគច្រើន​លើសលប់។

ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប យកពន្ធ​លើ​មុខទំនិញ​នាំចេញ​របស់​កម្ពុជា​ប្រមាណ ២០%​នេះ ជា​ការ​សម្រេច​មួយ ដែល​ទុក​ផ្លូវ​ឱ្យ​អ្នកនយោបាយ​ខ្មែរ ចរចា​គ្នា​លើ​ភាព​មិន​ចុះសម្រុង​នានា​ផ្នែក​នយោបាយ ដើម្បី​ជា​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​។ នេះ​មានន័យថា គ្មាន​ការកំណត់​ជាក់លាក់ ថា​តើ​ការ​គិត​ពន្ធ​ពី​កម្ពុជា​នេះ មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ ឬ​អាច​នឹង​បិទ​បញ្ចប់​ទៅវិញ​នៅ​ពេលណា​នោះ​ទេ​។ ការសម្រេច​នេះ ក៏​ទុក​ផ្លូវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប អាច​បន្ថែម​មុខទំនិញ​ដែល​ត្រូវ​យកពន្ធ​ពី​កម្ពុជា​នា​ពេល​ខាង​មុខ​ទៀត បង្កើន​លើស​ពី​ចំនួន​យកពន្ធ​លើ​មុខទំនិញ​២០%​នេះ ប្រសិនបើ​នៅតែ​មាន​ស្ថានភាព​រំលោភបំពាន​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដដែល​នោះ។

យ៉ាងណាក៏ដោយ គណៈកម្មការ​អឺរ៉ុប លើកឡើង​ថា ខ្លួន​នឹង​នៅតែ​បន្ត​កិច្ច​ពិគ្រោះ​យោបល់​បែប​កែ​លម្អ ជាមួយ​កម្ពុជា ហើយ​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​ស្ថានភាព​នៃ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ សិទ្ធិ​ការងារ សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​។ គណៈកម្មការ​អឺរ៉ុប ដាក់​លក្ខខណ្ឌ​សំខាន់ៗ​ចំនួន​៣ ឱ្យ​កម្ពុជា​កែ​លម្អ ប្រសិនបើ​កម្ពុជា មិន​ចង់​ឱ្យ​គណៈកម្មការ​អឺរ៉ុប​យកពន្ធ​លើ​មុខទំនិញ​នាំចេញ​ទាំង​២០%​នេះ​ទេ ឬ​ក្នុង​ន័យ​ម្យ៉ាងទៀត ចង់​ឱ្យ​គណៈកម្មការ​អឺរ៉ុប លុបចោល​ការ​យក​ពន្ធ​នេះ ហើយ​ផ្ដល់​ឱ្យ​កម្ពុជា​វិញ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពេញលេញ​ទាំងស្រុង ឬ​ការ​មិន​យកពន្ធ​ទាំងស្រុង​លើ​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ​នោះ​។ លក្ខខណ្ឌ​របស់​គណៈកម្មការ​អឺរ៉ុប នា​ពេល​នេះ ក៏​ពុំបាន​កំណត់​ពេលវេលា​ជាក់លាក់​ចំពោះ​ការ​ចរចា​នយោបាយ​នោះ​ដែរ​។ នេះ​មានន័យថា ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​ជា​គូរ​បដិបក្ខ អាច​ឈាន​ទៅ​ត្រូវរ៉ូវ​គ្នា​នៅ​ពេល​ណា​មួយ​នា​ពេល​អនាគត ហើយ​ធានា​ថា មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​នោះ នោះ​គណៈកម្មការ​អឺរ៉ុប អាច​នឹង​ពិចារណា​លុបចោល ឬ​កែប្រែ​ការសម្រេច​យកពន្ធ​ពី​កម្ពុជា​នេះ ឡើងវិញ​បាន​។ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​ត្រូវរ៉ូវ​គ្នា​នៅមុន​ថ្ងៃ​ទី​១២ សីហា ឬ ១២ តុលា ដែល​ជា​កាលបរិច្ឆេទ​ចាប់​ផ្តើម​យកពន្ធ នោះ​កម្ពុជា​ទំនងជា​អាច​ត្រូវ​បញ្ចៀស​ពី​ការ​បង់ពន្ធ​ទាំងស្រុង​លើ​មុខទំនិញ​ទាំង​២០%​នេះ សូម្បី​តែមួយ​សេន។

លក្ខខណ្ឌ​ទាំង​បី ដែល​គណៈកម្មការ​អឺរ៉ុប​នៅតែ​ចង់​ឃើញ​កម្ពុជា​កែប្រែ​ស្ថានភាព​នោះ គឺ ទីមួយ បើក​លំហ​នយោបាយ​ក្នុង​ប្រទេស​ឡើងវិញ និង​ទី​ពីរ បង្កើត​ឱ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​សម្រាប់​ការ​បង្កើត​ឱ្យ​មាន​ឡើងវិញ​នូវ​គណបក្ស​ជំទាស់​តាម​បែប​ប្រជាធិបតេយ្យ​មិន​ក្លែងក្លាយ ដែល​អាច​ជឿ​ទុកចិត្ត​បាន​។ លក្ខខណ្ឌ​ចុងក្រោយ គឺ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​នៃ​ការផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ច​សន្ទនា​នយោបាយ​ពិតប្រាកដ និង​ដែល​មាន​ការចូលរួម​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ចំណាត់​ការ​ទាំងនេះ គណៈកម្មការ​អឺរ៉ុប គូសបញ្ជាក់​ថា អាច​រួមមាន​ដូចជា​ការ​ផ្តល់​នីតិសម្បទា​សិទ្ធិ​នយោបាយ​ដល់​សមាជិក​គណបក្សប្រឆាំង និង​ការលុបចោល ឬ​កែប្រែ​ច្បាប់​មួយ​ចំនួន ជាពិសេស​គឺ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាដើម​។ ក៏ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប មិន​បាន​លើកឡើង​ពី​ការ​តម្រូវ​ឱ្យ​កម្ពុជា ត្រូវតែ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅមុន​អាណត្តិ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles