អតីត ​CNRP ​អំពាវ​នាវ​ឲ្យ កម្មករ កសិករ ចូលរួម​សង្គ្រោះ​ពន្ធ​២០ភាគរយ​បន្ទាប់​ពី​អឺរ៉ុប​ព្យួរ​

កម្ពុជា-អឺរ៉ុប
14/02/2020 – 07:10
ដោយ៖ អេង គីមហុង
RFI

រូបថតៈកម្មការិនីខ្មែរ
រូបថតៈកម្មការិនីខ្មែរ @Internet

អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី១៣​កុម្ភៈ​បាន​បង្ហាញ​ការ​សោកស្ដាយ បន្ទាប់ពី​អឺរ៉ុប​ព្យួរពន្ធ​២០ភាគ​រយ​ពី​កម្ពុជាបណ្ដោះ​អាសន្ន។ អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​អះអាង​ថា មួយ​ផ្នែក​នៃ​ការ​ព្យួរ​ពន្ធ​២០​ភាគរយ​ដោយ​សារការ​រំលាយ​បក្ស​ប្រឆាំង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី និង​កសិករ​ចូលរួម​ជាមួយ​ខ្លួន ដើម្បី​ជម្រុញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សង្គ្រោះ​ពន្ធ​២០​ភាគ​ត្រឡប់​មក​វិញ មុន​សេចក្ដី​សម្រេច​ផ្លូវការ​ចូលជា​ធរមាន​នៅ​ខែ​សីហា។ផ្សាយពាណិជ្ជកម្ម

សេចក្ដី​ថ្លែង​ការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ចុះ​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ពន្ធ​ពី​កម្ពុជា​២០​ភាគរយ ក្នុង​ការ​នាំ​ចេញ​ទំនិញ​៤០​មុខ​ទៅ​សហភាព​អឺរ៉ុប​។ តាម​រយៈ​សេចក្ដី​សម្រេច​នេះ អតីត​គណបក្ស​ង្គ្រោះជាតិ​ចាត់​ទុក​ជា​លទ្ធផល​សោក​សង្រេង​នៃ​វិបត្តិ​នយោបាយ បង្ក​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឆ្នាំ​២០១៧ តាមរយៈ​យុទ្ធនាការ​បង្ក្រាប​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល សហជីព និង​អ្នក​សារព័ត៌​មាន​ជា​ដើម។

មុន​សេចក្ដី​សម្រេច​ចូល​ជា​ធរមាន​នៅ​រយៈ​ពេល​៦​ខែ​ខាង​មុខ អតីត​គណ​សង្គ្រោះជាតិ​យល់​ថា កម្ពុជា​នៅ​មាន​ឱកាស​បញ្ចៀស​ផលប៉ះពាល់​ត្រឹម​ខែ​សីហា​ឆ្នាំ​២០២០ ដោយ​គ្រាន់​តែ​កែ​ប្រែ​ស្ថានភាព​ឲ្យ​ប្រសើរ​ឡើង​វិញ​តាមសំណើរ​របស់​សហភាព​អឺរ៉ុប។ អឺរ៉ុប​ដែល​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ ​និងសិទ្ធិ​ការងារនៅ​កម្ពុជា​។ បន្ថែមលើនេះ ​អតីត​បក្ស​ប្រឆាំង​អំពាវ​ឲ្យពលរដ្ឋ​ខ្មែរ​មក​ពី​វិស័យ​កាត់​ដេរ កសិករ ចូលរួម​ជាមួយ​ខ្លួន​ ​ជម្រុញ​ឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​និង​តាម​បែប​ប្រជាធិបតេយ្យ ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​តាម​ការ​ចង់​បានរបស់​សហ​ភាព​អឺរ៉ុប។

ចំណែកក្រសួង​ការបរទេស ​ហៅ​ការ​សម្រេច​ព្យួរ EBA ផ្ដើមចេញពី​ការភាន់ច្រឡំ​ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្ដែង​នៅ​កម្ពុជា។ បន្ថែមលើនេះ កម្ពុជា​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់ បដិសេធ​រាល់​ការប៉ុន​ប៉ង​ពី ដៃ​គូ​ខាង​ក្រៅ ដោយ​យក​លេសពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ មក​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់កម្ពុជា។ តែ​ជា​ចុង​ក្រោយ រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្តេជ្ញាចិត្ត ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង ជាមួយ​សហភាព​អឺរ៉ុបបន្ថែម​ទៀត ដោយ​ឈរ​លើ​ស្មា​រតី​នៃ​ការ​គោរព និង​ការ​ទទួល​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។

ផ្អែក​តាម​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នៅថ្ងៃទី១២ខែកុម្ភៈ មុខ​ទំនិញ​៤០​មុខ​លែង​ទទួល​បាន​ការអនុ​គ្រោះ​ពន្ធ​ពី​អឺរ៉ុប​រួម​មាន៖ ផលិតផល​ខ្លះ​ក្នុង​ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​​ជើង ផលិតផល​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករ​។ ផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀង​រាល់​ឆ្នាំ​​​៕

What Next?

Recent Articles

One Response to "អតីត ​CNRP ​អំពាវ​នាវ​ឲ្យ កម្មករ កសិករ ចូលរួម​សង្គ្រោះ​ពន្ធ​២០ភាគរយ​បន្ទាប់​ពី​អឺរ៉ុប​ព្យួរ​"

  1. so socheath says:

    បើកម្មករ កសិករ ជឿតាមពួកអាក្បត់ជាតិសមរង្ស៊ី បានចម្លែក !
    ពួកអាក្បត់ជាតិវានៅតែថ្ងៃ កម្មករ កសិករបន់ឲ្យតេបានជួបមុខពួកវា
    នឹងអាលសំពងក្បាលពួកវា ឲ្យសំប៉ែតដូចចេកជៀនតែប៉ុណ្ណោះ !
    បើមិនជឿ ពួកអ្ហែងបោលក្បាលចូលស្រិកខ្មែរ ឲ្យលឿនម៉ោ !
    នោះនឹងដឹងថា រឿងនេះវាកើតមាន ឬអត់មាន ​ហើយ !

Leave a Reply

Submit Comment