អ្នក​ដំណើរ​ជនជាតិ​អាមេរិក​ម្នាក់​ពី​កប៉ាល់ Westerdam ត្រូវ​បាន​រក​ឃើញ​ថា មាន​វីរុស​កូរ៉ូណា​​ពេល​ទៅ​ដល់​ម៉ាឡេស៊ី

ដោយ មួង ណារ៉េត
2020-02-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


អ្នក​ដំណើរ​ម្នាក់ ដែល​ជិះ​លើ​កប៉ាល់ វ៉េសស្ទើរដាម (Westerdam) ហើយ​ដែល​លោក ហ៊ុន សែន ទៅ​ទទួល​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​នោះ ឥឡូវ​នេះ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​​ផ្ទុក​​ជំងឺ​​រលាក​​ផ្លូវ​ដង្ហើម កូវិត-១៩ (Covid-19)។

ក្រសួងសុខាភិបាលកម្ពុជា មិនទាន់ជឿលើលទ្ធផលពិនិត្យរបស់ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​លើ​អ្នកដំណើរចុះកប៉ាល់ នៅក្រុងព្រះសីហនុ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត-១៩ នោះ ពេលគាត់ទៅដល់ប្រទេសម៉ាឡេស៊ី​នោះ​ទេ។ កាល​ពី​រាត្រី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ គឺ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ដំណឹង​ពី​ការ​រក​ឃើញ​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ពិនិត្យ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​ម្តង​ទៀត ដែល​ក្រសួង​សុខាភិបាល​កម្ពុជា ប្រើ​ពាក្យ​ថា “ឲ្យ​មាន​សុក្រឹត​ឡើង​វិញ។”

ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ បាន​រក​ឃើញ​រោគ​សញ្ញា ជំងឺ​​រលាក​​ផ្លូវ​​ដង្ហើម កូវិត១៩ (Covid-19) នេះ នៅ​លើ​ស្រ្តី​ជន​ជាតិ​អាមេរិក វ័យ ៨៣ឆ្នាំ ដែល​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​អ្នក​ដំណើរ​ ១៤៤ នាក់​ផ្សេង​ទៀត តាម​ជើង​​យន្តហោះ​​ពី​​ភ្នំពេញ​​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ។ មនុស្ស​ទាំង ១៤៥ នាក់​នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ ១.៤៥៥នាក់ និង​បុគ្គលិក ៨០២ នាក់​នៅ​លើ​កប៉ាល់ វ៉េសស្ទើរដាម (Westerdam) ដែល​របប​ក្រុងភ្នំពេញ​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ និង​បន្ត​ដំណើរ​តាម​ជើង​យន្តហោះ ទៅ​កាន់​ប្រទេស​រៀងៗ ខ្លួន។

នៅ​មុន​ពេល​លោក ហ៊ុន សែន ចុះ​ទៅ​ទទួល​ស្វាគមន៍​ដល់​កប៉ាល់ ដោយ​ចាប់​ដៃ ឱប​ ថើប និង​ថត​រូប​ជាមួយ​អ្នក​ដំណើរ​ទាំង​នោះ​ម្នាក់​ម្តងៗ អម​ដោយ​ការ​ហុច​បាច់​ផ្កា​ផង​នោះ  អាជ្ញាធរ​កម្ពុជា រាយការណ៍​ថា គ្មាន​នរណា​ម្នាក់​នៅ​កប៉ាល់​នោះ មាន​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី នេះ​មិន​មែន​ជា​ករណី​ទី​មួយ​ទេ ដែល​អ្នក​ធ្វើ​ដំណើរ​មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ​កូវិត-១៩ នេះ ត្រូវ​បាន​រក​ឃើញ​ ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ កាល​ពី​ចុង​ខែ មករា មាន​ជន​ជាតិ ៣នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​នេះ ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដែរ។

ក្នុង​ចំណោម​អ្នក​ដំណើរ​លើ​កប៉ាល់​ជាង ២ពាន់​នាក់​នោះ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា បាន​ពិនិត្យ​សំណាក​ទៅ​លើ​អ្នក​ដំណើរ​តែ​ចំនួន ២០នាក់​ទេ។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រទេស​កម្ពុជា ដោយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD តាំង​ពី​មាន​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីត-១៩នេះ មក​កម្ពុជា​ពិនិត្យ​រក​វីរុស​បង្ក​ជំងឺ​កូរ៉ូណា​នេះ ទៅ​លើ​មនុស្ស​ប្រមាណ​តែ​ពី ៧០ ទៅ ៨០នាក់តែប៉ុណ្ណោះ។ ចំនួន​នេះ​បូក​បញ្ចូល​អ្នក​ដំណើរ ២០នាក់ ដែល​ទើប​ចុះ​ពី​កប៉ាល់​នោះ​ផង។ ប្រការ​នេះ ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ពី​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ថា វីរុស​នេះ អាច​ឆ្លង​រាលដាល ដោយ​គេ​មិន​បាន​ដឹង។

ប៉ុន្តែ អ្នក​វិភាគ​នយោបាយ​ និង​សង្គម មើល​ឃើញ​ការ​យក​ព្រឹត្តិការណ៍​អនុញ្ញាត​ឲ្យ​កប៉ាល់​ទេសចរ​ចូល​ចត និង​អ្នក​ដំណើរ​ឆ្លង​កាត់​កម្ពុជា​នេះ​ថា គ្រាន់​តែ​ជា​ចេតនា និង​ល្បិច​ឃោសនា​នយោបាយ​របស់​របប​ក្រុង​ភ្នំពេញ ក្នុង​ការប៉ុនប៉ង​​បន្សាប​ភាពអាម៉ាស់រឿងទណ្ឌកម្ម EBA និង​ការ​រិះគន់​រឿង​មិន​យក​ចិត្ត​ទុក្ខ​ដាក់​និស្សិត​ខ្មែរ​នៅ វូហាន (Wuhan) ប៉ុណ្ណោះ មិន​មែន​ជា​ចេតនា​គោរព​សិទ្ធិ​មនុស្ស ដោយ​ស្មោះ​ស​នោះ​ទេ។

​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី បាន​រក​ឃើញ​រោគសញ្ញា​នេះ នៅ​លើ​ស្ត្រី​ជនជាតិ​អាមេរិក វ័យ ៨៣ ឆ្នាំ ដែល​ធ្វើ​ដំណើរ​រួមគ្នា​ជាមួយ​អ្នកដំណើរ ១៤៤នាក់​ផ្សេងទៀត តាម​ជើង​យន្តហោះ​ពី​ភ្នំពេញ ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​។ មនុស្ស​ទាំង ១៤៥នាក់​នេះ ស្ថិត​ក្នុងចំណោម​អ្នកដំណើរ ១.៤៥៥ នាក់ ដែល​ចុះ​ពី​កប៉ាល់ Westerdam នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ដដែល​នោះ។

នៅ​មុន​នេះ អាជ្ញាធរ​កម្ពុជា រាយការណ៍​ថា គ្មាន​នរណា​ម្នាក់​នៅ​កប៉ាល់​នោះ មាន​ផ្ទុក​មេរោគ មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីត​-១៩​នេះ​ទេ។

នេះ​ជា​ករណី​ទីពីរ​ហើយ ដែល​អ្នក​ធ្វើ​ដំណើរ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូ​វីត​-១៩​នេះ។

សូម​ទស្សនា​ព័ត៌មាន​លម្អិត ជុំវិញ​រឿង​នេះ ក្នុង​ការ​ផ្សាយ​របស់​អាស៊ីសេរី​ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles