អតីតសកម្មជនបក្សប្រឆាំង​បន្តរស់នៅក្នុងភាពភ័យខ្លាច​ក្រោយ​រង​អំពើ​ហិង្សា​ពី​ជន​មិន​ស្គាល់​មុខ

តុលាការ និងច្បាប់ | សិទ្ធិមនុស្ស
លោក យាង សុជាមេត្តា | ១៧ កុម្ភៈ ២០២០ | ម៉ោង ៤:១៣ ល្ងាច
https://vodkhmer.news

អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កាកាប​១ លោក ខៀវ ឌីន រងការវាយប្រហារពីសំណាក់ជនអនាមិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ (បណ្ដាញសង្គម)

អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កាកាប​១ លោក ខៀវ ឌីន រងការវាយប្រហារពីសំណាក់ជនអនាមិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ (បណ្ដាញសង្គម)


ក្រុម​សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែល​រង​ការ​វាយ​ប្រហារ​ពី​មនុស្ស​មិន​ស្គាល់​មុខជា​បន្ត​បន្ទាប់​នោះ បាន​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​ ក្រោយ​ពេល​សមត្ថកិច្ច​នៅតែមិនអាច​ស្វែង​រកជន​ដៃ​ដល់មក​ផ្តន្ទាទោស ដើម្បី​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

លោក ស៊ិន បូណា អតីតចៅសង្កាត់កោះដាច់​របស់​គណបក្សសង្រ្គោះជាតិ ដែល​ត្រូវជនដៃដល់វាយ​ឱ្យបាក់ដៃ​ឆ្វេង បាន​ប្រាប់​វីអូឌី​កាល​​ពី​ថ្ងៃទី១៤ ខែ​កុម្ភៈ​ថា សមត្ថកិច្ច​មូលដ្ឋានមិន​ដែល​បាន​ប្រាប់​លោក​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើសំណុំ​រឿង​អំពើ​ហិង្សា​លើ​រូប​លោក​នៅ​ឡើយ​ទេ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ខណៈ​ដែល​ករណី​ហិង្សា​នេះ បាន​រំលង​ទៅ​អស់​រយៈ​ពេល​ជិត ៥​ខែ​មក​ហើយ​នោះ។

លោក បូណា ប្រាប់​ថា លោក​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​រាល់ពេល​ធ្វើដំណើរ​ទៅណាមកណា ហើយ​លោក​នៅតែ​ទទូច​ឱ្យ​សមត្ថកិច្ច​​​ជួយស្វែងរកជនដៃដល់មកផ្តន្ទាទោស។

លោក ស៊ិន បូណា និយាយ​ថា៖ «វាដូចជាមិនពិបាកទេ ដោយសារតែមានភស្តុតាងខ្លះៗ ​នឹងអាច​បង្ហាញ​ឃើញ​នៅ​ក្នុង​រូបភាព​ដូចជា​ស្លាក​លេខម៉ូតូ ដូចជារូបរាង ដូចជាការស្លៀកពាក់ ភិនភាគ វាដូចជាមានខ្លះៗហើយ វាមិនមែនថាអត់ទេ ក៏​ប៉ុន្តែ គេ​មិន​ទាន់​វែក​មុខ​រក​ឃើញ។​ ខ្ញុំមិនដឹងថា ជំនាញគេហ្នឹងវាយ៉ាងម៉េច គេ​ខ្សោយ ឬគេ​ខ្លាំង ឬក៏​គេបិទ​បាំង​យ៉ាង​ម៉េច ខ្ញុំ​មិន​ដឹង​ច្បាស់​ដែរ»

លោក ស៊ិន បូណា ត្រូវបានជនមិនស្គាល់មុខ ២នាក់ ធាក់​ផ្ដួល​ម៉ូតូ និង​យក​ដំបង​ដែក​ដេញ​វាយ​សំពង​រហូត​បាក់​ដៃ​ឆ្វេង​កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ ឆ្នាំ២០១៩ ពេលលោកកំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាតិលេខ​៦A ម្តុំ​វត្ត​គៀនឃ្លាំង ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាមរូបភាពដែលគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា ជនដៃដល់មានពាក់មួក​ការពារកញ្ចក់បាំងមុខ និង​មាន​កាំ​ភ្លើងខ្លី​នៅជាប់​ចង្កេះ​ទៀត​ផង ក្នុងពេលកំពុងដេញវាយលោក ស៊ិន បូណា។

រយៈ​ពេលជាង ១​ខែ​ក្រោយ​មក អតីតក្រុមប្រឹក្សាសង្កាត់អូរឫស្សី២ អ្នកស្រី ហែម ស៊ីនួន បាន​ក្លាយ​ជា​សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​រូប​ទៀត ដែល​ត្រូវបានជនមិនស្គាល់​មុខ ២នាក់​ ធាក់​ម៉ូតូ​ពី​ក្រោយ​ឱ្យ​ដួលបោកក្បាលរងរបួសដៃ ជើង និងដងខ្លួន​ នៅ​ចំ​ថ្ងៃដែលលោក សម រង្សី ប្រកាស​ចូល​ស្រុក។

អ្នកស្រី ស៊ីនួន បាន​ប្រាប់​ថា​ ក្រោយ​ហេតុការណ៍ធាក់ម៉ូតូនោះ អ្នកស្រីមិនបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះខ្លាចជន​ដៃដល់​គុំ​កួន​វិល​មក​សងសឹកនឹងគ្រួសារអ្នកស្រីវិញ។

អ្នកស្រី ហែម ស៊ីនួន ប្រាប់ថា៖ «និយាយតាមត្រង់ ដល់ពេលអ៊ីចឹង ខ្ញុំខ្លាចណាស់។ ខ្ញុំអត់ចង់​ធ្វើអី​ទាំង​អស់​ ព្រោះ​ខ្ញុំ​អត់ដែលធ្វើអីផង គ្រាន់តែនៅផ្ទះសោះ បើថា ខ្ញុំចេញប្រតិបត្តិការ​ទៅនេះទៅនោះ ខ្ញុំអត់ថាអីទេ តែខ្ញុំ​នៅ​តែ​ផ្ទះ​សោះ​ ហើយ​ខ្ញុំពោះធំទៀត»

ស្ត្រីដែលកំពុង​មានផ្ទៃពោះ ៦ខែផង​នោះ រៀបរាប់ថា ករណី​នេះ​បានកើតឡើង​ប្រហែល ៨ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​ម្តាយ​អ្នក​ស្រី​ ឈ្មោះ យក់ នាង សមាជិកក្រុមប្រឹក្សារាជធានី​ភ្នំពេញនៃអតីតបក្សប្រឆាំង​ដែរ​នោះ ត្រូវបានជន​មិន​ស្គាល់មុខ ២នាក់ ជិះ​ម៉ូតូ​គប់​ដុំ​ថ្ម​ពីក្រោយ​ បណ្តាល​ឱ្យរងរបួសត្រង់ត្រចៀកស្តាំ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅពេល​ម្តាយ​អ្នកស្រី​ចុះ​ពី​រ៉ឺម៉ក់​ដើរ​សំដៅ​ចូលផ្ទះសាច់​ញាតិ​ ស្ថិត​​ក្នុងខណ្ឌឫស្សីកែវ។

អ្នកស្រី ហែម ស៊ីនួន ចាត់ទុកការបង្កគ្រោះថ្នាក់លើអ្នកស្រី និងម្តាយថា ជាការគំរាមកំហែងមិនឱ្យធ្វើសកម្មភាពផ្សេងៗ។

ហេតុការណ៍វាយប្រហារចុងក្រោយបង្អស់ គឺកើតឡើងលើលោក ខៀវ ឌីន អតីតក្រុមប្រឹក្សា​សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

លោកត្រូវបាន​ជនដៃដល់២នាក់ពាក់មួកការពារបិទកញ្ចក់មុខ ជិះម៉ូតូគ្មានស្លាកលេខតាមពីក្រោយវាយឱ្យរងរបួសក្បាល​ធ្ងន់​ធ្ងរ​ដេរចំនួន ១០ថ្នេរ។

រូបភាពនៃការវាយប្រហារលើរូបលោក ខៀវ ឌីន ត្រូវ​បាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​បង្ហោះ​ព្រោងព្រាត​ ដែលកាល​ណោះ​ គេ​ឃើញ​ក្បាលលោក ខៀវ ឌីន ហូរឈាមស្រោចពេញអាវ។

ទោះជាយ៉ាងណា មកទល់ពេលនេះ សមត្ថកិច្ចនៅតែមិនទាន់អាច​វែក​មុខ​ជន​ប្រព្រឹត្ត​ណា​ម្នាក់​មក​ផ្តន្ទាទោស​តាមច្បាប់​នោះ​ទេ។  

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានថ្លែងប្រាប់​វីអូឌី​កាលពីថ្ងៃទី១៤​ ខែកុម្ភៈ​ថា លោក​មិន​ដែល​មានព័ត៌មានទាក់ទងនឹងអតីតសកម្មជន​បក្ស​ដែលត្រូវគេវាយនោះទេ។

លោក ឆាយ គឹមឃឿន ថ្លែងបន្ថែមថា៖ «ខ្ញុំសូមជម្រាបថា ខ្ញុំម៉េចចាំរឿងអស់លោកណាគេវាយ​ម៉ោងម៉ាន លោកណាត្រូវ​គេរំលោភម៉ោងម៉ាន។ បើមានឈ្មោះ ឱ្យពេលវេលាថ្ងៃខែមក បើលោក​ចង់ឆែក។  ទី២ បើលោកចាំ​ច្បាស់​ លោក​ដឹង​ថា ភូមិសាស្រ្តដែលគាត់រងគ្រោះនៅទីណា ប៉ូលិសនៅ​ទីនោះអាចសួរបាន បើចង់ច្បាស់។ បើ​សួរ​ខ្ញុំ ខ្ញុំ​​ត្រូវ​ការ​ពេល​ដើម្បី​ឆែក​សំណុំ​រឿង​ឡើងវិញ។ តើរឿងហ្នឹងវាមានមែនអត់ នៅទីណា»

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី អះអាងប្រាប់វីអូឌីនៅថ្ងៃទី១៦ ខែកុម្ភៈ​ថា សមត្ថកិច្ច​ខណ្ឌ​កំពុង​ខិត​ខំ​តាម​ដានស៊ើបអង្កេតរកអ្នកប្រព្រឹត្ត ដោយមានកិច្ចសហការជាមួយ​សមត្ថកិច្ចក្រុង និងថ្នាក់ក្រសួងផងដែរ។

មន្ត្រី​នគរបាល​រូប​នេះ ប្រាប់​ថា ជនដៃដល់អាចលួចគេចខ្លួនទៅ​ក្រៅប្រទេសក៏ថាបាន​ បន្ទាប់​ពី​រូបភាព​របស់​ពួកគេ​ត្រូវបាន​បង្ហោះ​ព្រោងព្រាតលើបណ្តាញសង្គម ដែលនេះលោកថា ជាការពិបាកមួយ​ដែរសម្រាប់​សមត្ថកិច្ចវែកមុខ​ជន​ប្រព្រឹត្ត។

លោក ម៉ន វុធី ប្រាប់ថា៖ «យើងអង្កេតឃើញកាម៉េរ៉ាឃើញអីដែរ គ្រាន់(តែ)អាកន្ទុយ​ម៉ូតូ វាមិនទាន់ច្បាស់។ ថ្ងៃ​មុន​ទៅហៅ​គេ​មួយ ​ខុស យើងឆែកទៅ វាខុស។ ឥឡូវយើងបញ្ជូនសំណុំ​រឿងទៅតុលាការ ដើម្បីឱ្យគាត់ចេញដីកាតាមរកម៉ូតូរកអីចឹង កំពុង​តែ​តាមរាល់ថ្ងៃ»

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានប្រាប់​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ​។

អ្នកនាំពាក្យ​សមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់ថា អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់​ទៅ​​លើ​សកម្មជនអតីតបក្សប្រឆាំង បាន​​បង្កើត​ជា​​មន្ទិល​សង្ស័យថា ករណី​ទាំង​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​មាន​លក្ខណៈជាប្រព័ន្ធ ដោយហេតុថា ជន​ដៃ​ដល់ភាគ​ច្រើន ​ជិះម៉ូតូ​មាន​គ្នាពីរ​នាក់ ពាក់​មួក​ការពារ​បិទ​មុខ ប្រើប្រាស់ដំបង ដែល​មានលក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។

លោកថា បើទោះជាករណីខ្លះ មាន​លេច​នូវភស្តុតាងមួយចំនួន ដូចជា ស្លាកលេខម៉ូតូ និង​មានរូបភាពជន​បង្កថត​បាន​ដោយ​កាម៉េរ៉ា​សុវត្ថិភាពក៏ដោយ ក៏សមត្ថកិច្ចនៅតែគ្មានចំណាត់ការលើអ្នកប្រព្រឹត្ត។

លោកយល់ថា ព្រោះតែកត្តានេះហើយទើបធ្វើឱ្យមានការចោទប្រកាន់ថា វាជាការរៀបចំជា​ប្រព័ន្ធ​បែប​ណា​មួយ ដើម្បីធ្វើ​ទុក្ខ​បុក​ម្នេញ បំភិតបំភ័យ បំបាក់ស្មារតីសកម្មជនអតីតគណបក្សសង្រ្គោះ​ជាតិ ​កុំ​ឱ្យ​បន្ត​ធ្វើសកម្មភាពគាំទ្រ​លើបក្សប្រឆាំង​មួយនេះ។

លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «ការប្រព្រឹត្តនេះ ប្រសិនជាអាជ្ញាធរមានសមត្ថ​កិច្ចមិនចាត់វិធានការឱ្យបានត្រឹមត្រូវ​វែក​មុខជនប្រព្រឹត្តមកផ្តន្ទាទោសតាមច្បាប់ទេ ការចោទប្រកាន់ទាំងឡាយទៅលើអំពើ​ប្រព្រឹត្ត​ដែលធ្វើឡើងជាប្រព័ន្ធដោយ​មាន​ការរៀបចំ ហើយសមត្ថ​កិច្ចមិនអើពើចាត់វិធានការបែបនេះ ធ្វើឱ្យសាធារណជនកាន់តែមានមន្ទិលសង្ស័យ ហើយមានការ​ចោទប្រកាន់ទៅខាងគណបក្សកាន់អំណាចមិនខានទេ ប្រសិនជាបណ្តែតបណ្តោយឱ្យរឿងអស់ហ្នឹង​កើតឡើង​បន្ត​ទៀត​»

មន្រ្តីនាំពាក្យសមាគមអាដហុករូបនេះ ប្រាប់​ថា កង្វះឆន្ទៈក្នុងការអនុវត្តច្បាប់ កំពុងធ្វើ​ឱ្យប៉ះពាល់ដល់តម្លៃ​ប្រព័ន្ធ​យុត្តិធម៌​​កម្ពុជា​ដែល​កំពុងរងការរិះគន់ស្រាប់ និង​ធ្វើ​ឱ្យ​មហាជន​​​កាន់​តែបាត់បង់ជំនឿផងដែរ។

ឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងប្រាប់វីអូឌី​នៅថ្ងៃទី១៥ ខែកុម្ភៈ​ថា រឿង​ស៊ើប​​អង្កេតប្រព្រឹត្តទៅបែបណានោះ វាជាតួនាទីរបស់សមត្ថកិច្ច។ ប៉ុន្តែ លោកថា ករណីខ្លះ​មានភាពស្មុគស្មាញ​ដែល​អាច​ទាមទារឱ្យមានការស៊ើបអង្កេតយូរ។

មន្រ្តីនាំពាក្យរូបនេះ ក៏បានបដិសេធចំពោះការចោទប្រកាន់ដែលថា ប្រព័ន្ធយុត្តិធម៌កម្ពុជាមានស្តង់ដាពីរ ដោយ​លោកថា ទោះរឿងរ៉ាវកើតឡើងចំពោះជនណាក៏ដោយ អ្វីៗទាំងអស់ត្រូវអនុវត្តទៅតាមនីតិវិធីរបស់តុលាការ និងច្បាប់។

ចាប់តាំងពីដើមឆ្នាំ២០១៩មក មានមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិសរុប​ចំនួន ១៤នាក់​ហើយ​ដែល​ត្រូវ​បាន​ជនដៃដល់​វាយប្រហារ ធ្វើឱ្យអ្នកខ្លះរងរបួសបែកក្បាល​ធ្ងន់ធ្ងរ អ្នកខ្លះបាក់ដៃ របួសជើង ដងខ្លួន ត្រចៀក និង​កញ្ចឹង​ក​ជាដើម។

កាលពីខែតុលា ឆ្នាំ២០១៥ អតីតសមាជិកសភានៃអតីតគណបក្សសង្រ្គោះជាតិពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានជនដៃដល់មួយក្រុមដែលក្រោយមកគេដឹងថា ជាកង​អង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រួត​គ្នាវាយទាត់ធាក់រហូតដល់បាក់ខ្ទង់ច្រមុះ និងបែកភ្នែកខាងស្តាំ ខណៈ​ដែល​អ្នកទាំងពីរ​កំពុង​ធ្វើដំណើរ​តាម​រថយន្ត​ចាក​ចេញ​ពី​ប្រជុំ​នៅ​ឯ​មន្ទីរ​រដ្ឋសភា​ជាតិ​។

ក្រោយហេតុការណ៍ហិង្សានោះ បុរស ៣នាក់ឈ្មោះ សុត វណ្ណី ម៉ៅ ហឿន និង ចាយ សារិទ្ធ ត្រូវបានតុលាការឃុំខ្លួន ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​ក្រុម​តំណាងរាស្ត្រ​។​ ក្រោយមកពួកគេត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ ប៉ុន្តែ​ អនុវត្ត​ទោស​រយៈពេលតែ​ ១​ឆ្នាំ​ប៉ុណ្ណោះ។ ពួកគេ​ត្រូវ​បាន​ដោះលែង​នៅថ្ងៃទី៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោយ​តុលាការ​សម្រេច​ព្យួរទោស​ដែល​នៅសល់​ចំនួន ៣​ឆ្នាំ​ទៀត។

ប្រហែល ២សប្តាហ៍ក្រោយចេញពី​ពន្ធនាគារ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​ដំឡើង​ឋានន្តរសក្ដិ​ដល់​លោក សុត វណ្ណី និង​លោក ម៉ៅ ហឿន ពី​វរសេនីយ៍ទោ​ទៅជា​វរសេនីយ៍ឯក ចំណែក​លោក ចាយ សារិទ្ធ ត្រូវ​បាន​ដំឡើង​ពី​វរសេនីយ៍ឯក​ទៅជា​ឧត្ដមសេនីយ៍​ផ្កាយ១៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles