ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា នៅ​មិន​ទាន់​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ កូវីដ-១៩ ថ្មី​នៅ​ឡើយ​ទេ

ដោយ អាស៊ីសេរី
2020-02-18
អាស៊ីសេរី

មេរោគ​​វីរុស កូរ៉ូណា (Coonavirus)

មេរោគ​​វីរុស កូរ៉ូណា (Coonavirus)

Photo: RFA


នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​តាម​ហ្វេសប៊ុក​នៅ​ល្ងាច​ថ្ងៃ​ទី១៨ កុម្ភៈ​ថា កម្ពុជា​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​ទេសចរ​ណា​ម្នាក់​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩ (Covid-19) នៅ​ឡើយ​ទេ ទោះ​បី​នាយកដ្ឋាន​នេះ​បាន​យក​វត្ថុ​វិភាគ​រាប់​រយ​ករណី​ទៅ​វិភាគ​ក្ដី។ រីឯ​ករណី​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ ក៏​នៅ​មិន​ទាន់​រក​ឃើញ​មាន​ដែរ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បញ្ជាក់​លើ​ការ​អះអាង​នេះ​​ថា នាយកដ្ឋាន​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រុម​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក (USCDC) និង​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា (Pasteur CAMBODIA) ប្រកប​ដោយ​សមត្ថភាព និង​ភាព​ជឿ​ជាក់​ ក្នុង​ការ​បង្ការ​ និង​ឆ្លើយ​តប​ជំងឺ កូវីដ-១៩ និង​គាំទ្រ​ដោយ​មន្ទីរ​ពិសោធន៍​ស្តង់ដារ​អន្តរជាតិ។

ប្រទេស​កម្ពុជា​ធ្លាប់​រក​ឃើញ​ជន​ជាតិ​ចិន​ម្នាក់ មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ ប៉ុន្តែ​ក្រសួង​សុខាភិបាល​អះអាង​ថា បាន​ព្យាបាល​ជា ដោយ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ហើយ។ កាល​ពី​សប្ដាហ៍​មុន ម៉ាឡេស៊ី រក​ឃើញ​ជន​ជាតិ​អាមេរិក​ម្នាក់ មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 បន្ទាប់​ពី​ចាក​ចេញ​ពី​កម្ពុជា​ពី​កប៉ាល់​ទេសចរ។ លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​ទៅ​ទទួល​អ្នក​ទេសចរណ៍​ចេញ​ពី​កប៉ាល់​ទេសចរ (Westerdam)

សម្រាប់​តួលេខ​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ ទូទាំង​ពិភព​លោក ក្នុង​រយៈ​ពេល ២៤ម៉ោង​កន្លង​មក​នេះ មាន​ល្បឿន​ថយ​ចុះ​ជាង​ថ្ងៃ​ម្សិល​មិញ​ជិត​ពាក់​កណ្ដាល។

គិត​ត្រឹម​ម៉ោង ៦ល្ងាច ថ្ងៃ​ទី១៨ ខែ​កុម្ភៈ​នេះ ចំនួន​អ្នក​ឆ្លង​សរុប​នៅ​​ទូទាំង​ពិភព​លោក ឡើង​ដល់​ជាង ៧ម៉ឺន ៣ពាន់​នាក់ (៧៣.៣៣៦) គឺ​លើស​ម្សិលមិញ​ចំនួន​ជាង ១ពាន់ ៤រយ​នាក់ (១.៤៣៤នាក់)។ ទន្ទឹម​គ្នា​នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង ១ពាន់ ៨រយ​នាក់ (១.៨៧៤​នាក់)។ អ្នក​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​ជាង ១ពាន់ ៣រយ​នាក់ (១៣.០៤៩​នាក់)៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles