លោក ហ៊ុន សែន បន្ត​​សង្ស័យ​​លើ​​​លទ្ធផល​តេស្ត​របស់​ម៉ាឡេស៊ី​លើ​អ្នក​ដំណើរ​ម្នាក់​ចាក​ចេញ​ពី​នាវា Westerdam

សង្គម
លោក វណ្ណ វិចារ | ១៨ កុម្ភៈ ២០២០ | ម៉ោង ១២:០១ ល្ងាច
https://vodkhmer.news

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​មាន​មន្ទិលសង្ស័យ​ជុំ​វិញ​ស្ត្រី​ជា​អ្នក​ដំណើរ​ម្នាក់​ដែល​ចាក​ចេញ​ពី​នាវា MS Westerdam ហើយ​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​រក​ឃើញ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី នៅ​ពេល​ស្ត្រី​រូប​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​ទីក្រុង​គួឡាឡំពួរ។

លោក​នាយករដ្ឋ​មន្ត្រី​បាន​បង្ហាញ​មន្ទិល​សង្ស័យ​របស់​លោក​បែប​នេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​គរុ​សិស្ស និង​គរុ​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ករណីកើតឡើងនៅម៉ាឡេស៊ី វាប្រាកដហើយ​ ឬនៅ ប្រាកដ​ ឬនៅ?​ បញ្ហា​ដែល​​​ត្រូវ​ចោទ​សួរនៅត្រង់ថា មនុស្សរាប់រយនាក់បានទៅដល់ស្រុក​កំណើត​ហើយ។ បញ្ហា​ដែល​​ត្រូវចោទសួរនៅ​ត្រង់​ថា មនុស្ស​រាប់​រយនាក់ដែល​ស្នាក់នៅ​កម្ពុជា និងនៅលើនាវា មនុស្ស​រាប់រយនាក់ទៅដល់ប្រទេសផ្ទះរបស់​ពួកគេហើយ អត់ទាន់​មានអ្នកណាមួយ​មានរោគ​សញ្ញា​ទេ»

អាជ្ញាធរ​សុខាភិបាល​​ម៉ាឡេស៊ី​ ប្រកាស​ពី​ការ​រក​ឃើញ​មេរោគ​កូរ៉ូណាថ្មី​នៅ​លើ​ស្ត្រី​ជា​ពលរដ្ឋ​អាមេរិក​ម្នាក់​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នៅ​ពេល​ស្ត្រី​រូប​នោះបាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​គួឡាឡំពួរ ​បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​នាវា MS Westerdam ដែល​កំពុង​សំចត​នៅ​កម្ពុជា។

ក្រសួង​សុខាភិបាល​កម្ពុជា​ក៏​បាន​ចោទ​សួរ​អំពី​សុក្រឹត្យភាពនៃ​ការ​ធ្វើ​តេស្ត​របស់​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​ផង​ដែរ ហើយ​ក៏​បាន​ទាមទារ​ទៅ​ម៉ាឡេស៊ី ឱ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បញ្ជាក់​ឡើង​វិញ​ថា ការ​ធ្វើ​តេស្ត​ដល់​ទៅ​ពីរ​លើក នៅ​តែ​បង្ហាញពី​សញ្ញា​«វិជ្ជមាន» ដែល​បញ្ជាក់​ថា អ្នក​ដំណើរ​ជា​ពលរដ្ឋ​អាមេរិក​រូប​នោះ ពិត​ជា​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី។

ទោះជាយ៉ាងណា មេដឹកនាំ​កម្ពុជា​ចោទ​សួរ​ពី​ករណី​នេះ​ម្ដង​ទៀត ដោយ​ចង់​ឃើញ​អាជ្ញាធរ​ម៉ាឡេស៊ី​សហការ​ពេញ​លេញ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ច្បាស់ណាស់ថា បើសិន​ជា WHO និងអាជ្ញាធរ​ម៉ាឡេស៊ី​ មានកិច្ច​សហ​ការពេញលេញ នោះនឹងឃើញ​បញ្ហា​ពិតប្រាកដ? តើជាកូរ៉ូណាពិត ឬយ៉ាងម៉េច?»

លោក ហ៊ុន សែន បានស្នើឱ្យម្ចាស់កប៉ាល់ និងអង្គការ​សុខភាពពិភពលោក និងក្រសួងសុខា​ភិបាល​កម្ពុជា និងម៉ាឡេស៊ី ត្រូវសហការគ្នាពិនិត្យករណីនេះមើលអោយច្បាស់។ លោក​សម្រេច​​ឱ្យក្រសួងសុខាភិបាលយក​សំណាកពីមនុស្សទាំងអស់នៅលើនាវានោះ ទៅពិនិត្យរក​មេរោគ​កូរ៉ូណាថ្មីនេះ។

​ទាក់ទងនឹងតេស្តនេះ រដ្ឋ​មន្ត្រី​​ក្រសួង​កិច្ចការ​នារី​​ម៉ាឡេស៊ី អ្នកស្រី​វេជ្ជបណ្ឌិត Wan Azizah Wan​ Ismail ដែល​ថ្លែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ បានថ្លែងទាក់ទងនឹងស្ត្រី​​ជនជាតិ​អាមេរិកមាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី ដែលធ្វើដំណើរពីកម្ពុជា។ រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​រូប​នេះ បាន​ថ្លែង​ការពារ​ដំណើរការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​ថា ត្រូវ​បាន​ធ្វើ​ឡើង​តាម​​ស្តង់ដារ «កម្រិត​ពិភព​លោក»

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា មាន​អ្នកដំណើរនៅសល់ ២៣៣នាក់ និងអ្នកបម្រើការលើនាវានៅសល់ ៧៤៧នាក់ ​កំពុងស្ថិតនៅលើនាវា MS Westerdam ចតនៅកំពង់ផែខេត្តព្រះសីហនុ។

ចំណែក​ឯអ្នកដំណើរស្នាក់នៅសណ្ឋាគារ​ភ្នំពេញមានចំនួនប្រមាណជាង ៥០០នាក់។ នេះបើតាមការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជាតិ AKP។

នាវា MS Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។

នាវាមួយនេះ បានចំណាយពេល ២សប្ដាហ៍នៅលើផ្ទៃសមុទ្រ បន្ទាប់ពីវាត្រូវបានបដិសេធមិនឱ្យចូលចតពីសំណាក់ប្រទេស និងដែនដីកោះចំនួន៥ មានជប៉ុន តៃវ៉ាន់ កោះហ្គាំ ហ្វីលីពីន និងថៃ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles