អ្នកវិភាគ​ថា នយោបាយ​ឱកាសនិយម​របស់​លោក ហ៊ុន សែន កំពុង​នាំ​ទុក្ខ​ដល់​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក

ដោយ មួង ណារ៉េត
2020-02-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។ រូប​ហ្វេសប៊ុក លោក ហ៊ុន សែន


អ្នកវិភាគ​គោល​នយោបាយ និង​ជា​សាស្ត្រា​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក ថា នយោបាយ​ឱកាសនិយម​របស់​លោក ហ៊ុន សែន ជុំវិញ​ការអនុញ្ញាត​ឱ្យ​នាវា​ទេសចរ Westerdam ចូល​ចត​នៅ​កម្ពុជា កំពុង​នាំ​ទុក្ខ​ដល់​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ទាំងមូល ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត-១៩ (Covid 19)។

លោក​បណ្ឌិត អៀ សុផល ថា ទុក្ខ​ដែល​លោក ហ៊ុន សែន នាំមក​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ពិភពលោក​ទាំងមូល​នោះ គឺ​ការណ៍​ដែល​អ្នកដំណើរ​លើ​កប៉ាល់ Westerdam ដែល​ឥឡូវនេះ អ្នក​ទាំងនោះ អាច​កំពុងតែ​ចម្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ កូវីត​-១៩ (Covid-19)នៅ​ទូទាំង​ពិភពលោក។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បាន​សម្រេច​ចិត្ត​ដោយ​អត្តនោម័ត ដោយ​មិន​ចាំបាច់​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ណា​ទាំងអស់ រឿង​ព្រម​ទទួល​ឱ្យ​កប៉ាល់​ដឹក​ទេសចរ​ខ្នាត​ធំ Westerdam ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​នោះ៖ «ខ្ញុំ​អត់​មានការ​ចាំបាច់​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​អ្នកណា​ទេ​ទូត​អាមេរិក​បាន​ស្នើ​ទៅ​ក្រសួង​ការបរទេស ហើយក៏​បាន​ស្នើ​ទៅ​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ បន្ទាប់ពី​គាត់​រាយការណ៍​ឱ្យ​ខ្ញុំ ខ្ញុំ​ប្រើ​ពាក្យ​ថា Welcome! ខ្ញុំ​ស្វាគមន៍​ឱ្យ​អ្នកឯង​ចូល»។

កប៉ាល់​នោះ​មាន​ផ្ទុក​មនុស្ស​ជាង ២​ពាន់​នាក់ ដោយមាន​អ្នកទេសចរ ១.៤៥៥ នាក់ និង​បុគ្គលិក​កប៉ាល់ ៨០២ នាក់ ដែល​មាន ៤១ សញ្ជាតិ​។ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ទាំងនោះ ភាគច្រើន​ជា​ជនជាតិ​អាមេរិក អង់គ្លេស និង​កាណាដា​។ ចំណែក​ឯ​បុគ្គលិក​លើ​កប៉ាល់​វិញ ភាគច្រើន​ជា​ជនជាតិ​ហ្វីលីពីន។

ការ​ស្វាគមន៍​បែប​អត្តនោម័តិ​របស់​លោក ហ៊ុន សែន ឱ្យ​កប៉ាល់​នេះ​ចូល គឺជា​ជំហរ​មួយ​ដែល​ផ្ទុយគ្នា​ស្រឡះ ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ដែល​កំពុង​ព្រួយបារម្ភ​ខ្លាំង អំពី​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ​។ ប្រទេស ៥ មាន​ជប៉ុន ថៃ ហ្វីលីពីន តៃវ៉ាន់ និង​កោះ​ហ្គាំម (Guam) ដែល​ជា​ដែនដី​របស់​សហរដ្ឋអាមេរិក​ផង ដោយសារ​ព្រួយបារម្ភ ខ្លាច​អ្នក​នៅ​លើ​នាវា​នោះ មាន​ផ្ទុក​មេរោគ កូវីត​-១៩ និង​អាច​ចម្លង​ដល់​ពលរដ្ឋ​ខ្លួន​នោះ ទើប​មិន​អនុញ្ញាត​ឱ្យ​កប៉ាល់​នេះ​ចូល​ចត​នៅ​ប្រទេស​ពួកគេ​នោះ​ឡើយ។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផលRFA


ប៉ុន្តែ លោក ហ៊ុន សែន ថា​លោក​មិន​ខ្វល់​ថា​មាន​អ្នក​នៅ​លើ​កប៉ាល់​នោះ ប៉ុន្មាន​នាក់​កើត​ជំងឺ​នេះ​ទេ គឺ​លោក​ស្វាគមន៍​ឱ្យ​ចូល​ទាំងអស់ ហើយ​ឱ្យ​ចូល​យ៉ាង​ប្រញាប់​ទៀត​ផង បើ​មាន​កើតរោគ​នេះ​មែន​នោះ ព្រោះ​លោក​អះអាង​ថា ដើម្បី​យក​មក​ព្យាបាល​ផង និង​ដើម្បី​បង្ហាញ​អំពី​ការទទួលខុសត្រូវ​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​ផង ៖ «ពេលនោះ​គេ​ថា មាន​បួន​ប្រាំ​ករណី មាន​កើត​ករណី​វីរុស​កូរ៉ូណា តើ​អ្នក​ឱ្យ​ចូល​ឬ​អត់​ខ្ញុំ​នឹង​ឱ្យ​ចូល ហើយ​ចូល​លឿន​បំផុត​ខ្ញុំ​យក​ការទទួលខុសត្រូវ ក្នុង​ឋានៈ​ជា​អ្នក​អនុវត្ត​នូវ​គោលការណ៍​មនុស្សធម៌​មួយ ចំពោះ​ពលរដ្ឋ​នៃ​ប្រទេស​ដទៃ ដែល​យើង​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ និង​ជា​សមាជិក​នៃ​អង្គការ​សុខភាព​ពិភពលោក និង​ជា​បណ្ដាញ​នៃ​ការ​ទទួលខុសត្រូវ​។ នេះ​ជា​កិច្ច​ដែល​យើង​ត្រូវតែ​ធ្វើ មិន​គួរ​ទេ យើង​បាន​ធ្វើ​រួចហើយ»។

មិន​ត្រឹមតែ​ប៉ុណ្ណឹង លោក ហ៊ុន សែន ថែមទាំង​ហ៊ាន​ប្ដេជ្ញា​ថា បើ​មាន​នរណា​ម្នាក់​មាន​ជំងឺ​នេះ ហើយ​ឆ្លង​មក​លោក លោក​សុខចិត្ត​ពលិកម្ម ឬ​ស្លាប់​ដើម្បី​បុព្វ​ហេតុនេះ​។ ប៉ុន្តែ លោក​បណ្ឌិត អៀ សុផល ថា​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា​ហ៊ាន​ស្លាប់​ដើម្បី​មនុស្សធម៌ និង​សិទ្ធិមនុស្ស​នេះ គឺ​គ្រាន់តែ​ជា​នយោបាយ​ប្រជាភិថុតិ និង​ឱកាសនិយម​សុទ្ធសាធ ព្រោះ​បើសិនជា​អ្នកដំណើរ​លើ​កប៉ាល់​នោះ ជា​ជនជាតិ​អ៊ុយហ្គ័រ (Uyghur) ច្បាស់​ណាស់​លោក ហ៊ុន សែន ច្បាស់​ជា​ចាប់​បញ្ជូន​ពួកគេ​ទៅ​ចិន​វិញ និង​ឱ្យ​ទៅ​បាត់​ខ្លួន​នៅ​ចិន​នោះ​បាត់​ទៅ​ហើយ។

កាលពី​ចុង​ឆ្នាំ ២០០៩ របប​លោក ហ៊ុន សែន បាន​ចាប់​បញ្ជូន​ជនជាតិ​អ៊ុយហ្គ័រ ២០ នាក់ ដោយ​បង្ខំ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ទោះបី​អ្នក​ទាំងនោះ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ ដើម្បី​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​បាប​របស់​អាជ្ញាធរ​ចិន​ក៏ដោយ។

អាជ្ញាធរ​កម្ពុជា កាល​ពី​ឆ្នាំ ២០១៧ ក៏បាន​ចាប់​បញ្ជូន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ជាច្រើន​នាក់ ទៅ​ប្រទេស​វៀតណាម​វិញ ក្រោយ​អ្នក​ទាំងនោះ រត់​មក​សុំ​សិទ្ធិ​ជ្រកកោន នៅ​កម្ពុជា ដោយសារ​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម។

នេះ​នៅ​មិនទាន់​គិត​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​លើ​ប្រជាពលរដ្ឋ​ខ្លួនឯង​នៅ​ប្រទេស​កម្ពុជា ដែល​រង​ទណ្ឌកម្ម​ពី​អន្តរជាតិ​ជុំ​ទិស​នោះ​ផង​ទេ។

លោក ហ៊ុន សែន រង​ការរិះគន់​ជុំ​ទិស ថា​ឆ្លៀតឱកាស​កេង​ចំណេញ​នយោបាយ​ពី​ការ​ទទួល​កប៉ាល់​ទេសចរ Westerdam ទាំង​ប្រថុយប្រថាន​គ្រោះថ្នាក់​ខ្លាំង ដែល​គ្រោះថ្នាក់​ខ្លាំង​នេះ គឺ​មិនមែន​ចំពោះតែ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​របប​នេះ ដែល​ទ​ទៅ​ទទួល​អ្នកដំណើរ​ទាំងនោះ​ទេ គឺ​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ទូ​ទាំ​ពិភពលោក ដោយសារតែ​អ្នកដំណើរ​ទាំងនោះ ត្រូវ​ធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី ក្រោយ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​ចូល​ចត និង​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​កម្ពុ​ជា។

អ្នកវិភាគ​គោល​នយោបាយ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ការទូត និង​ពិភពលោក នៃ​សាកលវិទ្យាល័យ អុកស៊ីដិនថ​ល (Occidental College) នៅ​ទីក្រុង ឡូសអែនជីឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក​លោក​បណ្ឌិត អៀ សុផល បន្ថែម​ថា ទង្វើ​របស់​លោក ហ៊ុន សែន បែបនេះ គឺជា​ឥរិយាបថ​ឱកាសនិយម បែប​ជ្រុលនិយម​ទៅ​ទៀត ព្រោះ​ពេលនេះ​ករណី​អ្នកដំណើរ​លើ​កប៉ាល់​ឆ្លង​មេរោគ​នេះ បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​លើ​ពិភពលោក​អស់​ទៅ​ហើយ។

ទង្វើ​របស់​លោក ហ៊ុន សែន ក្នុងពេលដែល​កម្ពុជា​រង​ទណ្ឌកម្ម EBA ពី​សហភាព​អឺរ៉ុប និង​ការ​លែង​អាច​ពឹង​ពាក់​លើ​វិស័យ​ទេសចរ​បាន ដោយសារតែ​ការ​ធ្លាក់ចុះ​ភ្ញៀវ​ស្ទើរ ៩០ % ដោយសារតែ​ការ​ផ្ទុះ​ជំងឺ​កូវីត​-១៩ នេះ អាច​ជា​ចេតនា​របស់​លោក ហ៊ុន សែន ចង់​ទប់ និង​ស្ដារ​ស្ថានភាព​ដុនដាប​នេះ។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ វិញ​យល់​ថា ដោយសារតែ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ខ្សោយ និង​មិន​អាច​រក​ឃើញ​មេរោគ​ កូវីត​-១៩ នេះ​នៅ​លើ​អ្នកដំណើរ​លើ​កប៉ាល់ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ក្រោយ​អ្នក​ដំណើរ​នោះ ចាក​ចេញពី​កម្ពុជា​ទៅដល់​ទីនោះ គឺជា​រឿង​អាក្រក់​បន្ថែម ដល់​វិស័យ​ទេសចរ​នៅ​កម្ពុជា ដែល​កំពុងតែ​អាក្រក់​ខ្លាំង​ស្រាប់​នេះ​ទៅវិញ​ទេ៖ «ចំណាត់ការ​របៀប​លោក ហ៊ុន សែន​នេះ យើង​ចាំ​មើល​នៅ​ពេល​ដែល​ប្រទេស​នានា ដែល​មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​សព្វថ្ងៃ ថ្ងៃក្រោយ​ពួកគេ​នាំគ្នា​ប្រកាស​ថា ប្រទេស​របស់​ពួកគេ​អស់​មេរោគ​កូរ៉ូណា​ហើយ ក៏​ពេល​នោះ​ប្រទេស​កម្ពុជា នៅតែ​ធ្វើ​អ្នកទេសចរ​សង្ស័យ​ដែរ ព្រោះ​លោក ហ៊ុន សែន អត់​មាន​ចំណាត់​ការ​ត្រឹមត្រូវ​តាំងពី​ដំបូង។ ដូច្នេះ​អ្នកទេសចរ​អាច​យល់ថា កម្ពុជា​បោស​សម្អាត​កូរ៉ូណា​យឺត​ជាងគេ​ហើយ​។ ហើយ​បើ​ធ្វើ​ឱ្យ​អ្នកទេសចរ​សង្ស័យ​បែបនេះ តើ​អាច​និយាយ​បាន ថា​ទាក់ទាញ​ទេសចរ​បានទេ​តើ​មាន​ផ្លូវ​ឯណា​និយាយ​ទៅដ​ល់​ការ​ចំណេញ​ដល់​វិស័យ​ទេសចរណ៍​?»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​អ្នក​ដំណើរ​បរទេស ចុះ​ពី​លើ​កប៉ាល់ Westerdam ពេល​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​អ្នក​ដំណើរ​បរទេស ចុះ​ពី​លើ​កប៉ាល់ Westerdam ពេល​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន បានទេ កាលពី​ថ្ងៃទី​១៩ ខែ កុម្ភៈ ដោយសារ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​គ្មាន​អ្នកទទួល។

អាជ្ញាធរ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ សម្រេច​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បទេស​ចុងក្រោយ​គេ​ពី​កប៉ាល់ Westerdam សរុប ២៣៣​នាក់ ដែល​នៅសល់​នោះ អាច​ធ្វើ​ពី​ដំណើរ​តាម​រថយន្តក្រុង ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ដំណើរ​តាម​ជើង​យន្តហោះ​ទៅ​ប្រទេស​រៀង​ៗ​ខ្លួន នៅ​ថ្ងៃ​នេះ។

ចំណាត់ការ​នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​សុខាភិបាល ពិនិត្យ​សំណាក​ភ្ញៀវ​ចេញពី​កប៉ាល់​វេស្ទើដាម (Westerdam) ទាំង​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​រាជធានី​ភ្នំពេញ សរុប​ជិត​៨០០​នាក់ ដោយ​លទ្ធផល​បង្ហាញ​ថា ពួកគេ​គ្មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី ឬ​មេរោគ​បង្ក​ជំងឺ​កូវីត​-១៩​នោះ​ទេ។

​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ថា មេរោគ​នេះ អាច​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់​ទៅ ១៤ ថ្ងៃ​ទើប​អាច​រក​ឃើញ​វា។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ចិន បាន​រក​ឃើញ​បន្ថែម​ថា រយៈពេល​សម្ងំ​នេះ អាច​មាន​រហូតដល់ ២៤ ថ្ងៃ​ឯណោះ​។ កប៉ាល់Westerdam ចេញពី​កំពង់ផែ​ហុងកុង នៅ​ថ្ងៃទី១ ខែ កុម្ភៈ និង​មក​ចត​នៅ​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ។

ក្រោយ​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរ Westerdam ចូល​ចត​នៅ​កម្ពុជា របប​ក្រុងភ្នំពេញ​ក៏​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរ​ធំៗ​ពីរ​ទៀត ចូល​ចត​ដែរ ក្នុង​នោះ​មាន​កប៉ាល់ Costa Fortuna របស់​ប្រទេស​អ៊ីតាលី ដែល​ដឹក​ភ្ញៀវ​ជាង ២​ពាន់​នាក់ មាន ៥១​សញ្ជាតិ ដែល​អ្នកដំណើរ​ទាំងនោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទស្សនា​ក្រុងព្រះសីហនុ​មួយ​ថ្ងៃ មុន​ចាក​ចេញពី​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles