សហគមន៍​ព្រៃ​ឡង់​ស្នើ​ក្រសួង​បរិស្ថាន​អនុវត្ត​ច្បាប់​លើ​ពលរដ្ឋ​ជិត​១០​គ្រួសារ​លក់​ដើម​ច្បោះ​ជិត ១​ម៉ឺន​ដើម​ក្នុង​ព្រៃ​ឡង់

ដោយ វ៉ែន សុមេធ
2020-02-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដើម​ឈើ​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង ដែលល​ត្រូវ​គេ​កាប់​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក នៅ​ថ្ងៃ​ទី៨ កុម្ភៈ ២០២០។

ដើម​ឈើ​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង ដែលល​ត្រូវ​គេ​កាប់​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក នៅ​ថ្ងៃ​ទី៨ កុម្ភៈ ២០២០។ រូបភាព៖ សហគមន៍​ព្រៃឡង់


សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន ស៊ើបអង្កេត​លើ​ពលរដ្ឋ​ជិត ១០​គ្រួសារ រស់នៅ​ភូមិ​អូរ​ឡង់ ឃុំ​សៀម​បូក ខេត្ត​ស្ទឹងត្រែង ទាក់ទិន​ករណី លក់​ដើម​ច្បោះ​ជ័រ​ជិត ១​ម៉ឺន​ដើម ក្នុង​តំបន់​ព្រៃ​ឡង់​ទៅ​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក (THINK BIOTECH CAMBODIA)​។ សហគមន៍​ថា ពលរដ្ឋ​ខ្លះ​បាន​ទទួល​ប្រាក់​កក់​រួចហើយ ក៏ប៉ុន្តែ​នៅ​មិនទាន់​កាប់​រំលំ ដើម​ច្បោះ​នៅ​ឡើយ​ទេ។

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង បង្ហាញ​ការ​សោកស្ដាយ ចំពោះ​ការបាត់បង់​ដើម​ច្បោះ​ជ័រទឹក រាប់​ម៉ឺន​ដើម ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​អស់​ជា​បន្តបន្ទាប់​។ សហគមន៍​ថា បច្ចុប្បន្ន​មាន​ឈ្មួញ ចាំ​ទទួល​ទិញ​ច្បោះ​ជ័រទឹក ពី​ក្រុម​ពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​លក់​បន្ត​ឱ្យ​ក្រុមហ៊ុន ស៊ីងបាអូថេក (THINK BIOTECH CAMBODIA) ដែល​មាន​ទីតាំង​ស្តុក​ឈើ​ខ្នាត​ធំ​ជាប់​ព្រៃ​ឡង់ ក្នុង​ខេត្ត​ក្រចេះ។

ក្រុម​ស្នូល​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ កុម្ភៈ ថា ថ្មីៗ​នេះ មាន​ពលរដ្ឋ ៧​គ្រួសារ រស់នៅ​ភូមិ​អូរឡង់ ឃុំ​សៀមបូក បាន​លក់​ដើម​ច្បោះ​សរុប​ជិត ១​ម៉ឺន​ដើម ទៅ​ឱ្យ​ឈ្មួញ​នៅ​មូលដ្ឋាន ហើយ​ក្រុម​ឈ្មួញ​កណ្តាល​ទាំងនោះ ជា​អ្នក​ដឹកជញ្ជូន លក់​បន្ត​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក។ លោក​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​ទទួល​ប្រាក់​កក់​ជាង ២០០០​ដុល្លារ​ពី​ឈ្មួញ​រួចហើយ ប៉ុន្តែ​ដើម​ច្បោះ​ដែល​ពួកគេ​ធ្លាប់​អាស្រ័យ​ផល ឋិត​នៅ​ចំណុច អូរ​ចំមាស់ ចំណុច​ពាមអូរខ្សាច់ អូរពណ៌ អូរឡា និង​អូរ​ទួលខ្សាច់ នៅ​មិនទាន់​កាប់​រំលំ​នៅ​ឡើយ​ទេ​។ រីឯ​ក្រុម​ឈ្មួញ កំពុង​យក​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ តម្រង់​ចូល ទៅ​តំបន់​ដែល​សំបូរ​ដើម​ច្បោះ​ជ័រ​ទាំងនោះ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន ចូល​ក្នុង​ក្រុមហ៊ុន​ស៊ីងបាយអូថេក៖ «អ្នក​ដែល​មាន​ដើម​ច្បោះ​នៅ​ខាងក្រៅ​ក្រុមហ៊ុន គាត់​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន គាត់​លក់​ឱ្យ​មេការ​អ្នកទិញ ឈ្មួញ​កណ្ដាល​ដែល​ជា​អ្នកទិញ​។ តំបន់​ចំណុច​អូរឡា តំបន់​ចំណុច​អូរ​ចំ​ម៉ាស់ និង​តំបន់​ចំណុច​អូរ​សំ​ពណ៌ គឺ​តំបន់​ព្រៃ​នៅ​កណ្ដាល​ព្រៃ​ឡង់​តែម្ដង ហើយ​ជា​ព្រៃ​ដែល​មាន​សក្ដានុពល​ខ្លាំង​មែនទែន​។ អ៊ីចឹង​សូម​ខាង​ក្រសួង​ហ្នឹង​ចុះ​ធ្វើការ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​ខ្លួនឯង ហើយ​បញ្ឈប់​រាល់​សកម្មភាព​ក្រុមហ៊ុន​ស៊ីងបាយអូថេក យើង​យល់ថា ជា​សកម្មភាព​មួយ​ខុសច្បាប់ អ៊ីចឹង​គួរតែ​បញ្ឈប់»។

ដើម​ឈើ​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង ដែលល​ត្រូវ​គេ​កាប់​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក នៅ​ថ្ងៃ​ទី៨ កុម្ភៈ ២០២០។

ដើម​ឈើ​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង ដែលល​ត្រូវ​គេ​កាប់​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក នៅ​ថ្ងៃ​ទី៨ កុម្ភៈ ២០២០។ រូបភាព៖ សហគមន៍​ព្រៃឡង់


សហគមន៍​ព្រៃ​ឡង់​រូប​នេះ បន្ថែម​ថា ដើម​ច្បោះ​ជ័រទឹក ដែល​អ្នកស្រុក​លក់​ឱ្យ​ឈ្មួញ មានតម្លៃ​ចាប់ពី ២​ម៉ឺន​រៀល​ឡើង​ទៅ ដែល​ក្រុម​ឈ្មួញ​ទំនងជា​ឃុបឃិត​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​មួយ​ចំនួន ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។ លោក​បញ្ជាក់​ថា មេភូមិ និង​មេឃុំ​សៀម​បូក ក៏​បាន​ចុះហត្ថលេខា​លើ​លិខិត​ទិញ​លក់ ដើម​ច្បោះ​ជ័រ​នេះ​ដែរ។លោក យឹម សុភ័ក្ត្រ ឱ្យ​ដឹង​ដែរ​ថា កាលពី​អំឡុង​ខែ​មករា មាន​ពលរដ្ឋ ៣​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង បាន​លក់​ដើម​ច្បោះ​ជ័រ​ចំនួន ២​ពាន់ ៥០០​ដើម (២៥០០)​ទៅ​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក ហើយ​កម្មករ​របស់​ក្រុមហ៊ុន​ទើបតែ​កាប់​ផ្ដួល​អស់ នៅ​ដើមខែ​កុម្ភៈ នេះ «ប្រហែលជា​ត្រូវរ៉ូវ​គ្នា​រវាង​ឈ្មួញ ទាយ​ធុន​ធំៗ​ដែល រកស៊ី​នៅ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ជាមួយ​នឹង​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​ថ្នាក់​ណាមួយ​មិន​ខាន​ទេ បាន​ជា​មិន​មាន​ចំណាត់​ការ​ចំពោះ​ការ​លក់ ទិញ​កាប់​ដើមឈើ និង​ការ​ឈូសឆាយ​ដី​ព្រៃ ដើម្បី​ធ្វើ​ផ្លូវ​សម្រាប់​ដឹកជញ្ជូន​ឈើ​។ ឈូស​ដល់​ត្រឹមណា ដឹកជញ្ជូន​ឈើ​ចេញ​បណ្ដើរ»។

ពលរដ្ឋ​រស់នៅ​ភូមិ​អូរឡង់ ឃុំ​សៀមបូក ម្នាក់​គឺ​លោក ទុំ ឆាន បញ្ជាក់​ថា ពិត​ជា​មាន​ពលរដ្ឋ​៧​គ្រួសារ​បាន​លក់​ដើម​ច្បោះ​ឱ្យ​ឈ្មួញ​ក្នុង​ព្រៃ​ឡង់​មែន ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ នៅ​មិនទាន់​កាប់​រំលំ​នៅឡើយ​ទេ​។ លោក​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច គួរតែ​ចាត់វិធានការ​ទប់ស្កាត់​មុន​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​មានការ​កាប់​រំលំ​ដើម​ច្បោះ​ជ័រ​ទាំងនោះ​។ លោក​ថា​អ្វី​ដែល​ជា​ការ​បារម្ភ​ខ្លាំង​នោះ គឺ​ក្រុម​ឈ្មួញ​នៅតែ​បន្ត​ញុះញង់ អ្នកភូមិ​ឱ្យ​លក់​ដើម​ច្បោះ​ឱ្យ​ខ្លួន ដោយ​គំរាម​ថា បើ​មិន​លក់​ទេ​នឹង​ត្រូវ​គេ​កាប់​យក​ដដែល​។ លោក​បន្ថែម​ថា គ្រួសារ​លោក​មាន​ដើម​ច្បោះ​ជ័រ​ជាង ៣០០​ដើម កំពុង​ទទួលរង​ការ​គំរាម​កាប់​បំផ្លាញ ពី​ក្រុម​ឈ្មួញ៖ «៧​គ្រួសារ​ទិញ​ច្រើន ម្ចាស់​នេះ​គ្រាន់តែ​លក់​ទេ ប៉ុន្តែ​សកម្មភាព​ចូល​កាប់​មិន​ទាន់​ចូល​ដល់​ទេ។ ឈ្មួញ​កណ្តាល​ហ្នឹង​វា​ដើរ​គំរាម បើ​លក់​ក៏​កាប់ មិន​លក់​ក៏​កាប់​។ អ៊ីចឹង​ទេ អា​ខ្លះ​បាន​តែ​លក់ តែ​អត់​ទាន់​មាន​សកម្មភាព​ដំណើរការ​កាប់​ទេ»។

មេឃុំ​សៀម​បូក លោក ទុំ សារុំ បដិសេធ​ថា លោក​មិន​បាន​ចុះហត្ថលេខា​លើ​លិខិត​ទិញ ឬ​លក់ ដើម​ច្បោះ​ជ័រ​ទាំង​នោះ​ទេ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​លក់​ដើម​ច្បោះ ដោយសារ​ទទួលរង​ការ​គំរាម​កាប់​បំផ្លាញ ពី​ក្រុម​ឈ្មួញ។ លោក​ថា អាជ្ញាធរ​ឃុំ បាន​បង្កើត​ក្រុមការងារ ចុះ​ស្រាវជ្រាវ ដោះស្រាយ​រឿង​នេះ​។ លោក​ចាត់​ទុក ការ​លក់​ដើម​ច្បោះ​ជ័រទឹក ដែល​ជា​ឆ្នាំងបាយ​របស់​ពលរដ្ឋ ក្នុង​ព្រៃ​អភិរក្ស ជា​ទង្វើ​ល្មើស​ច្បាប់៖ «អត់​មាន​ទេ​លោកគ្រូ ពី​ណា​ទៅ​ស៊ីញ៉េ​អី មាន​សិទ្ធិ​អី សូម្បីតែ​ពលរដ្ឋ​ក៏​អត់​មាន​សិទ្ធិ​ដែរ មាន​សិទ្ធិ​តែ​យក​ជ័រទឹក ច្បាប់​តែ​រក្សា​ការពារ​យូរ​ខែ​ឆ្នាំ​ហើយ​។ ខ្ញុំ​អត់​ដឹង​អត់​យល់​ដែរ ប៉ុន្តែ​គេ​គំរាមកំហែង​ពួកគាត់ លួច​កាប់​ខ្លះ គេ​គំរាម​ថា លក់​ឬ​មិន​លក់ បើ​មិន​លក់​ក៏​នៅតែ​កាប់​។ គាត់​ព្រួយបារម្ភ​យ៉ាងម៉េច​ខ្ញុំ​ក៏​មិន​ដឹង​ដែរ»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មានប្រសាសន៍ថា ពលរដ្ឋ​មាន​សិទ្ធិ​ប្រមូល​ផល និង​អាស្រ័យ​ផល អនុផល​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ ក៏ប៉ុន្តែ​ពួកគេ​គ្មាន​សិទ្ធិ​លក់​ដើម​ច្បោះ​ជ័រ ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​បាន​នោះ​ទេ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ក្រសួង​ទទួល​បាន​ព័ត៌មាន និង​មាន​ភស្តុតាង​ច្បាស់លាស់ ទាក់ទិន​ករណី​នេះ អ្នក​ដែល​លក់​ដើម​ច្បោះ​ជ័រ​ទាំងនោះ នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់​៖ «ពួកគាត់​មិន​មាន​សិទ្ធិ​លក់ដូរ​ណាមួយ ទៅ​ឱ្យ​ឈ្មួញ​ឬមួយ​នរណា​ដែល​ឋិត ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទេ ព្រោះ​ដើម​ច្បោះ​ជា​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​យើង​ត្រូវ​ការពារ ហើយ​ការ​លួច​លក់ដូរ​ជា​សម្ងាត់ កាលណា​ដែល​ក្រសួង​ទទួល​បាន​ព័ត៌មាន និង​មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​នឹង​ចាប់​បាន​ច្បាស់ អាហ្នឹង​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ហើយ»។

ដើម​ឈើ​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង ដែលល​ត្រូវ​គេ​កាប់​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក នៅ​ថ្ងៃ​ទី៨ កុម្ភៈ ២០២០។

ដើម​ឈើ​ផលិត​ជ័រទឹក​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង ដែលល​ត្រូវ​គេ​កាប់​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីងបាយអូថេក នៅ​ថ្ងៃ​ទី៨ កុម្ភៈ ២០២០។ រូបភាព៖ សហគមន៍​ព្រៃឡង់


តែ​ទោះយ៉ាងណា សហគមន៍​ព្រៃ​ឡង់ រកឃើញ​ថា ការលក់ដូរ​ដើម​ច្បោះ​ជ័រទឹក ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់ ពុំ​មែន​កើតមាន​ឡើងជា​លើកទីមួយ​នោះ​ទេ ហើយ​កន្លងទៅ​មាន​ដើម​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​រាប់​ម៉ឺន​ដើម ឋិត​ក្នុង​ព្រៃ​ឡង់​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​ក្រុមហ៊ុន​ស៊ីងបាយអូថេក លួច​កាប់​បំផ្លាញ ធ្វើ​អាជីវកម្ម​។ រហូត​មក​ទល់​ពេលនេះ មាន​ពលរដ្ឋ​មិន​ដល់ ១០​គ្រួសារ​ទេ នៅ​ខេត្ត​ក្រចេះ​ដែល​ទទួល​បាន​សំណង​តិចតួច ជា​ថ្នូរ​បញ្ចប់​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ការ​លក់​ដើម​ច្បោះ​ជ័រ ក្នុង​ព្រៃ​អភិរក្ស ទាំង​អ្នកលក់ និង​អ្នកទិញ ត្រូវ​មាន​ទោស​ឧក្រិដ្ឋ​។ លោក​ថា បញ្ហា​នេះ ក្រសួង​បរិស្ថាន​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​។ លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​ការ​លក់​នេះ មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ឧទ្យានុរក្ស របស់​ក្រសួង​បរិស្ថាន ទទួល​សំណូក ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់ មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងនេះ ក៏​ត្រូវ​មានទោស​ឧក្រិដ្ឋ​ដែរ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ៖ «វា​ត្រូវ​ភាគី​សងខាង​ទាំង​អ្នកលក់​ទិញ ត្រូវ​ជាប់ទោស​ឧក្រិដ្ឋ ត្រូវ​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំ ដល់ ១០​ឆ្នាំ ។ ប្រសិន​មាន​សំណូក ជាមួយ​មន្ត្រី​ជំនាញ​ទៀត អ៊ីចឹង​មន្ត្រី​ជំនាញ​ត្រូវ​មានទោស ឧក្រិដ្ឋ​ពី​បទ​ពុករលួយ ពី​៧​ឆ្នាំទៅ ១៥​ឆ្នាំ​។ សហគមន៍​ត្រូវតែ​ដាក់​បណ្ដឹង​បរិហារ​ទៅ ក្រសួង​បរិស្ថាន​ក៏​បាន ឬមួយ​ទៅកាន់​សាលាដំបូង​គ្រប់​ខេត្ត​ពាក់ព័ន្ធ​ក្នុង​តំបន់​ព្រៃ​ឡង់​ហ្នឹង»។

ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ មាត្រា ៦៦ និង​មាត្រា ៦០ ចែងថា ត្រូវ​ផ្ដន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​២ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ដែល​បំផ្លាញ​រុក្ខជាតិ​នៅ​តំបន់​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ​។ បុគ្គល​ដែល​ព្រឹ​ត្ត​បទល្មើស​ថ្នាក់​ទី​២​នេះ ត្រូវ​ដាក់​ពន្ធនាគារ ចាប់ពី ១ ខែ ទៅ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ១​លាន ៥ សែន​រៀល ដល់ ១៥​លាន​រៀល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles