សង្គម​ស៊ីវិល​ថា គម្រោង​មេគង្គ​ឡានឆាង​អាច​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់នៅ​របស់​ពលរដ្ឋ​តាម​ដង​ទន្លេ

ដោយ អូន ភាព
2020-02-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេដឹកនាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨។

មេដឹកនាំ​មកពី​ប្រទេស​ចំនួន​៦ នៃ​តំបន់​ទន្លេ​មេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ឬ​ភូមា និង​ចិន បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ នៅ ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨។ Photo of SPM Page


សង្គម​ស៊ីវិល​ព្រួយបារម្ភ​អំពី​ការអភិវឌ្ឍន៍​ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិការ​មេគង្គ ឡានឆាង (Lancang) ហើយ​ថា ការ​អភិវឌ្ឍ​នេះ អាច​នឹង​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពល​រដ្ឋ​។ ក្តី​បារម្ភ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​លើកឡើង​ថា កម្ពុជា​និង​ចិន​មាន​គោលការណ៍​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​ក្នុង​ការ​លើកកម្ពស់​ផលប្រយោជន៍​រួម​សម្រាប់​អនុ​តំបន់។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​លោក យង់ គឹមអេង បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២១ ខែ​កុម្ភ: ថា កម្ពុជា​ត្រូវតែ​ឈរ​នៅ​លើ​ផលប្រយោជន៍​បរិស្ថាន និង​សង្គម​ក្នុង​ការ​ធានា​ឱ្យ​បាន​ការ​អភិវឌ្ឍន៍​មួយ ដែល​មាន​និរន្តរភាព ហើយ​កម្ពុជា​មិន​គួរ​ចង់​បាន​ការអភិវឌ្ឍន៍​ណាមួយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ហូរ​ទឹកភ្នែក យំ​រហេមរហាម ព្រោះតែ​ការ​អភិវឌ្ឍ​នោះ​ទេ​។​

លោក​បារម្ភ​ថា ការ​វិនិយោគ​រួមគ្នា​រវាង​កម្ពុជា​និង​ចិន អាច​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ទទួលរង​គ្រោះ ព្រោះ​ចិន​បាន​បណ្តាក់​ទុន​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​អ្នកវិនិយោគទុន​ចិន​អាច​នឹង​ប្រើ​សិទ្ធិ​គ្រប់​បែប​យ៉ាង​ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​ពេល​អនាគត៖ «បើសិនជា​យើង​ផ្ដល់​សិទ្ធិ​អំណាច​ទៅដល់​អ្នក​វិនិយោគទុន​ចិន​ខ្លាំង​ពេក អាហ្នឹង​គឺ​អាច​នឹង​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​។ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា មិនមែន​ជា​ការ​សំខាន់​ដែល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​អ្នក​វិនិយោគ​ទុន​ចិន​ពេក​ទៅ​ចុះ»។

លោក យង់ គិមអេង បាន​លើក​ជា​ឧទាហរណ៍​ចំពោះ​ការអភិវឌ្ឍន៍​នេះ​ថា បើ​ការ​វិនិយោគ​ទៅ​លើ​អគ្គិសនី វា​អាច​ប៉ះពាល់​ទៅដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឬ​ជីវចម្រុះ ហើយ​បើ​ការអភិវឌ្ឍន៍​នៅ​តាម​ដីគោក គឺ​អាច​នឹង​ប៉ះពាល់​ទៅដល់​លំនៅឋាន​និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​។ លោក​ថា​ការអភិវឌ្ឍន៍​នេះ ក័៏​នឹង​អាច​ប៉ះពាល់​ទៅដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ បើសិនជា​មានការ​សាងសង់​រោងចក្រ ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិការ​មេគង្គ ឡាន​ឆាង​នេះ៖ «អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នេះ ថា តើ​គម្រោង​វិនិយោគ​ទាំងអស់​ហ្នឹង​ផ្សា​ភ្ជាប់​ជាមួយ​នឹង​កម្ពុជា ថា​តើ​ផល​ចំណេញ​ហ្នឹង​បាន​មក​កម្ពុជា​ប៉ុន្មាន ហើយ​ប៉ះពាល់​ខាង​បរិស្ថាន​វា​អាច​នឹង​ប៉ះពាល់​យ៉ាងម៉េច»។

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ – ឡាន​ឆាង​លើក​ទី ៥ ត្រូវ​បាន​រៀបចំឡើង​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ។

រដ្ឋមន្ត្រី​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួមមាន​កម្ពុជា វៀតណាម ឡាវ ចិន មីយ៉ាន់ម៉ា ថៃ​បាន​រក្សា​នូវ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដោយមាន​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​កាន់តែ​ស៊ីជម្រៅ​នៅ​ទូទាំង​ក្រុមប្រឹក្សា បង្កើន​ការ​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​ខាង​នយោបាយ​ក្នុងចំណោម​ប្រទេស​ទាំង ៦ ពង្រីក​ផលប្រយោជន៍​រួម​និង​ពង្រឹង​ភាពជា​អ្នកជិតខាង​ល្អ​ថែមទៀត។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន ស៊ីនហួរ (Xinhua) ថា ទំនាក់ទំនង​ជិតស្និទ្ធ​និង​ឯកសិទ្ធិ​រវាង​កម្ពុជា​និង​ចិន​មាន​សារៈសំខាន់​ណាស់ ហើយ​ថា ប្រទេស​ទាំងពីរ​មាន​គោលការណ៍​រួមគ្នា ដើម្បី​អភិវឌ្ឍន៍​សន្តិភាព​និង​វិបុលភាព និង​លើកកម្ពស់​ផលប្រយោជន៍​រួម​សម្រាប់​អនុតំបន់​។ លោក​ថា ការ​គោរព​អធិបតេយ្យភាព​និង​ការ​មិន​ជ្រៀតជ្រែក​គឺជា​គោលការណ៍​សំខាន់​នៃ​ទំនាក់ទំនង​អន្តរជាតិ និង​គ្រឹះ​នៃ​សន្តិភាព​និង​ស្ថិរភាព​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles