ជន​ជាតិ​វៀត​ណាម​​ទទួល​​បា​ន​ការ​​បណ្តុះ​​បណ្តាល​​ភាសា​​និង​​វប្បធម៌​មុន​ចូល​សញ្ជាតិ​​ខ្មែរ

កម្ពុជា-សង្គម
23/02/2020 – 06:17
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ជនជាតិវៀតណាម​នៅកម្ពុជា
ជនជាតិវៀតណាម​នៅកម្ពុជា @RFI

វគ្គ​បណ្តុះ​បណ្តាល​មួយ​ត្រូវ​បាន​បើក​កាល​ពី​ម្សិលមិញ​​នៅ​ឯ​ខេត្ត​តា​កែវ​ជាប់​ព្រំ​ដែន​វៀត​ណាម​ដើម្បី​បង្រៀន​ដល់​ជន​ជាតិ​វៀត​ណាម​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា​មុន​ពួកគេ​ចូល​សញ្ជាតិ​ខ្មែរ​។​ វគ្គ​ដំបូង​ដែល​មាន​រយៈ ​ពេល​៣ខែ នេះ​គឺ​មាន​ជន​ជាតិ​វៀត​ណាម​ចំនួន​៣៦​នាក់ ​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នេះ​ដោយ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​និយាយ​ភាសា​ខ្មែរ យល់​ដឹង​ពី​វប្បធម៌ ប្រវត្តិ​សាស្ត្រ និង​ច្បាប់​របស់​កម្ពុជា​។

ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ពី​ភាសា ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ច្បាប់​ ដល់​ជន​ជាតិ​វៀត​ណាម​ដែល​រស់​នៅកម្ពុជា​នេះ ​គឺ​សម្រាប់​តែ​ជន​ជាតិ​វៀត​ណាម​ណា​ដែល​មាន​បំណង​ចង់​សុំ​ចូល​សញ្ជាតិ​​ខ្មែរ​​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​ទី​ភ្នាក់​សារ​ព័ត៌​មាន​វៀត​ណាម​ VNA​

វគ្គ​បណ្តុះ​បណ្តាល​ដែល​បើក​នៅ​ឯ​ខេត្ត​តាកែវ​ជាប់​ព្រំ​ដែន​វៀត​ណាម​នោះ គេ​សង្កេត​ឃើញ​ថា មាន​ជន​ជាតិ​វៀត​ណាម​ស្រី ប្រុស ​ចំនួន​៣៦​នាក់ ចូល​រួម​នឹង​ត្រូវ​រៀន​សូត្រ​រយៈ​ពេល​៣​ខែ។`

លោក សឺន ជុំជួន អគ្គលេខា​ធិ​ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ បាន​ស្វាគម​ន៍ចំពោះ​ការ​បើក​វគ្គ​បង្រៀន​ដល់​ជនជាតិ​វៀតណាម​​ដែល​រស់​នៅ​កម្ពុជានេះ​តែ​ជំរុញឲ្យ​អាជ្ញាធរ​វៀតណាម​ត្រូវ​បើក​លំហសេរីភាព​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​អាច​រៀន​សូត្រ​ពី​អក្សរសាស្ត្រ​ខ្មែរ និង​វប្បធម៌​ប្រពៃណីយ៍​របស់​​ខ្មែរ​ក្រោម​ដែល​ជាម្ចាស់​ស្រុកនេះផងដែរ។

បើតាម លោក សឺន ជុំជួន មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ទេ​ដែល​ពិបាក​ទទួល​បាន​ការ​អប់​រំ​អក្សរ​សាស្ត្រ​ខ្មែរ និង​វប្បធម៌​របស់​ខ្លួននោះ សូម្បីតែ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់​នៅកម្ពុជា​ភាគ​ច្រើន​មិន​ចេះ​អក្សរខ្មែរ​ឡើយ។ ហេតុ​ដូច្នេះលោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​វគ្គបង្រៀន​ដល់​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់​នៅលើទឹក​ដី​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ផង​ដែរ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ថ្លែងថា​​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ចង់​ចេះ​ភាសា​ខ្មែរ​គឺ​អាច​រៀន​បាន​នៅ​តាម​វត្ត​អារ៉ាម​នៅ​កម្ពុជា​។ ចំណែក​ការ​បើក​វគ្គបណ្តុះ​បណ្តាល​ទៅ​ដល់​ជនជាតិ​វៀតណាម​ដែល​ចង់​ចូល​សញ្ជាតិ​កម្ពុជា​គឺ​ជា​សមត្ថកិច្ច​របស់​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​។

យោង​តាម​ក្រសួង​មហាផ្ទៃ​ មាន​ជន​ជាតិ​វៀត​ណាម ​ប្រមាណ​១៦​ម៉ឺន​នាក់​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា ដែល​ភាគ​ច្រើន​នៅ​ទី​ក្រុង​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​សៀមរាប​៕

What Next?

Recent Articles