លោក ហ៊ុន សែន ស្នើសុំ​ចិន​ឲ្យ​ប្រញាប់​ដឹក​ក្រណាត់​តាម​កប៉ាល់​ហោះ និង​កប៉ាល់​ទឹក មក​កម្ពុជា ដើម្បី​ទប់ស្កាត់​វិបត្តិ​បិទ​រោងចក្រ

ដោយ អាស៊ីសេរី
2020-02-26
អាស៊ីសេរី

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ AFP Photo


លោក​ ហ៊ុន​ សែន​ ស្នើសុំ​ចិន​ដឹក​ក្រណាត់ឲ្យបាន​​ឆាប់​ដើម្បី​ទប់ស្កាត់​​ វិបត្តិ​បិទ​រោងចក្រ


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ស្នើសុំ​​​​​ រដ្ឋាភិបាល​ប្រទេស​ចិន ឲ្យ​ដឹក​សាច់​ក្រណាត់ តាម​យន្តហោះ និង​កប៉ាល់​ទឹក មក​កម្ពុជា ឲ្យ​បាន​លឿន​តាម ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ជួយ​ទប់​ស្កាត់​ស្ថានភាព​ ការ​បិទ​រោងចក្រ និង​កម្មករ​គ្មាន​ការ​ងារ​ធ្វើ។

លោក ហ៊ុន សែន ​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​សាច់​ក្រណាត់​ពី​ចិន​ជាង​ពាក់​កណ្ដាល (៦០ភាគ​រយ) ដូច្នេះ លោក​សង្ឃឹម​ថា ​ចិន នឹង​បញ្ចេញ​យន្ត​ហោះ​ឲ្យ​បាន​ច្រើន​គ្រឿង​​សម្រាប់​​​​ដឹក​សាច់​ក្រណាត់​មក​កម្ពុជា រួម​ទាំង​ការ​ដឹក​ជញ្ជូន​វត្ថុធាតុ​ដើម​ទាំង​នេះ តាម​ផ្លូវ​ទឹក​ដូច​ធម្មតា ដើម្បី​​ទប់​ទល់​នឹង​ស្ថានភាព​ខ្វះ​ខាត​សម្ភារៈ​នៅ​កម្ពុជា​ ពេល​នេះ។

លោក​ ហ៊ុន សែន ស្នើសុំ​ តាម​រយៈ​​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក​ វ៉ាង វិនធៀន (Wang Wentian) ថា រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ ក៏​នឹង​ជួយ​ជ្រោមជ្រែង ​ជួល​យន្ត​ហោះ​ពី​ភ្នំពេញ​ ទៅ​ជួយ​​ដឹក​ថែម​ទៀត​ដែរ បើ​សិន​ជា​ចិន ព្រម​​ទទួល​យក​សំណើ​លោក៖ «ខ្ញុំ​គិត​ថា ធ្វើ​បាន កប៉ាល់​ហោះ​ចិន​ច្រើន​ណាស់ ច្រើន​ណាស់ កប៉ាល់​ហោះ​ចិន​ច្រើន​ណាស់។ ដឹក​តាម​អាដែង​នែក យន្តហោះ ព្រោះ​មួយ​ចំនួន​ ក៏​​ធ្លាប់​បាន​ដឹក​តាម​យន្តហោះ​មក​ដែរ។ អ៊ីចឹង​ទេ វា​អាច​សង្គ្រោះ​ កុំ​ឲ្យ​កម្មករ​ កម្មការិនី​របស់​យើង ​ជួប​ប្រទះ នូវ​បញ្ហា​ខ្វះ​វត្ថុធាតុ​ដើម ហើយ​បិទ​រោងចក្រ។ អ៊ីចឹង អា​ដឹក​តាម​កប៉ាល់ ក៏​ចេះ​តែ​ដឹក​មក។ អា​កន្លែង​ណា ដឹក​តាម​យន្តហោះ​ណា យើង​ដឹក ហើយ​យើង​អាច​នឹង​ជួល​យន្តហោះ ពី​កម្ពុជា ​ទៅ​ដឹក​វត្ថុធាតុដើម ​ហ្នឹង​មក ព្រោះ​អា​ហ្នឹង​ប្រភេទ​ដឹក​កាហ្គោ កាហ្គោ។ អត់​មាន​ដឹក​ភ្ញៀវ​ទេ ដឹក​ហែង​តែ​សាច់​ក្រណាត់​មក​ម្ដង»

លោក ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ត​ភ្ជាប់​ពី​ខេត្ត​បន្ទាយ​មានជ័យ​ ទៅ​ខេត្ត​ឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ។ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក​ វ៉ាង វិនធៀន (Wang Wentian) ដែល​ស្ថិត​ក្នុង​​ពិធី​ជាមួយ លោក ហ៊ុន សែន ដែរ​ មិន​ទាន់​ឆ្លើយ​តប​បែប​ណា​ឡើយ ចំពោះ​សំណើ​នេះ។

លោក ហ៊ុន សែន ​បាន​រំលឹក​ម្ដង​ទៀត​ថា រដ្ឋាភិបាល​លោក នៅ​តែ​ធានា​ថា កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​សរុប​ចំនួន​៦០​ភាគរយ ស្មើ​ប្រមាណ​១២០​ដុល្លារ​អាមេរិក សម្រាប់​កំឡុង​ពេល​ព្យួរ​ការងារ​រយៈ​ពេល​ខ្លី។ តែ​យ៉ាង​ណា លោក​​នាយក​រដ្ឋ​មន្ត្រី ចង់​ឲ្យ​ចិន​ ដឹក​ក្រណាត់​មក​កម្ពុជា ទាន់​ពេល និង​ចង់​ឃើញ​​​ស្ថានភាព​កម្មករ នៅ​មាន​ការងារ​ធ្វើ​ដូច​ធម្មតា។​

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មិន​យល់​ទាស់​នឹង​ការ​លើក​ឡើង​របស់​ លោក​នាយក​រដ្ឋ​មន្ត្រី ដែល​ចង់​ឲ្យ​មាន​ការ​ដឹក​សាច់​ក្រណាត់​តាម​យន្ត​ហោះ​ទេ។​​ តែ​លោក ​ថា វា​មាន​តម្លៃ​ថ្លៃ​ខ្លាំង លើស​ច្រើន​ដង​ ជាង​​ការ​ដឹក​តាម​​ធម្មតា ​គឺ​ដឹក​តាម​​កប៉ាល់​ និង​​ឡាន​កុងតឺន័រ។ លោក អាត់ ធន់ ​​មិន​រំពឹង​ថា យន្ត​ហោះ មាន​លទ្ធភាព​​​ដឹក​ក្រណាត់​បាន​ច្រើន​ទេ។ លោក​ថា ​បើ​ចិន​យល់​ព្រម​​ពិត​មែន យន្តហោះ​គ្រាន់​តែ​អាច​ដឹក​ក្រណាត់​​បាន​ខ្លះ ដើម្បី​បំពេញ​តាម​រោង​ចក្រ​ កំពុង​ប្រឈម​ខ្លាំង​​ និង​រយៈ​ពេល​ខ្លី។

លោក អាត់ ធន់ ឲ្យ​ដឹង​ថា ក្រៅពី​កម្ពុជា ប្រទេស​នេប៉ាល់ ក៏​​​រង​​វិបត្តិ​ខ្វះ​វត្ថុ​ធាតុ​ដើម សម្រាប់​វិស័យ​កាត់​ដេរ ដោយ​សារ​ មិន​អាច​នាំ​ចូល​ពី​ប្រទេស​ចិន​​ដែរ​។ ប៉ុន្តែ លោក​ថា ​​វិស័យ​កាត់ដេរ​នៅ​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ ប្រទេស​វៀតណាម ជាដើម មិន​ទាន់​​មាន​ការ​បញ្ជាក់​ ពី​ហានិភ័យ​ ខ្វះ​វត្ថុធាតុ​ដើម នាំ​ចូល​ពី​ចិន​ទេ។​

លោក អាត់​ ធន់ ហាក់​ភ្ញាក់​ផ្អើល​ នៅ​ពេល​លឺ​​រដ្ឋាភិបាល​បង្ហើប​ដំណោះ​ស្រាយ សម្រាប់​ការ​​​ខ្វះ​វត្ថុ​ធាតុ​ដើម​រោងចក្រ​ គឺ​ការ​ដឹក​ជញ្ជូន​ឲ្យ​លឿន​​ ដោយសារ​ កាល​ពី​​ដំបូង​​រដ្ឋាភិបាល​ ប្រកាស​​ ថា វិបត្តិ​ខ្វះ​វត្ថុ​ធាតុ​ដើម ដោយសារ​ រោងចក្រ​ផលិត​វត្ថុ​ធាតុ​ដើម​​នៅ​​ក្នុង​​ប្រទេស​ចិន បិទ​ទ្វារ​​បង្ការ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី កូវីដ១៩ (Covid-19) តែ​ពេល​នេះ ​​មក​ជាស្នើឱ្យមាន​ការ​ដឹក​ជញ្ជូន​ទៅ​វិញ៖ «ដែល​យើង​ដឹង​ដំបូង​ថា នៅ​ស្រុក​ចិន វា​អត់​ផលិត​។ ឥឡូវ​ហ្នឹង គឺ​ទៅ​ជា​បញ្ហា​ដឹក​វិញ។ ចង់​ឆ្ងល់​ដែរ។ បើ​សិន​ជា​ផលិត​បាន​ហើយ​ បញ្ជូន​ដល់​ផែ អា​ដឹក​ហ្នឹង ដូច​ជា​មិន​សូវ​អ្វី​​ប៉ុន្មាន​ទេ ដោយសារ​កម្ពុជា​របស់​យើង មិន​បិទ​ជើង​ហោះហើរ មិន​បិទ​តាម​កប៉ាល់​អ្វី​ទេ។ អ៊ីចឹង ខ្ញុំ​គិត​ថា នៅ​ពី​ក្រោយ​ ឲ្យ​ប្រាកដ​ជា​អ្វី វា​មាន​ការ​ប្រែប្រួល​ច្រើន​ដែរ»

ខណៈ​​រោងចក្រ​ខ្លះ បាន​សម្រេច​ព្យួរ​ការងារ​កម្មករ​ រយៈ​ពេល​ខ្លី ដោយ​សំអាង​វិបត្តិ​វត្ថុធាតុ​ដើម ដោយ​សារ​ឥទ្ធិពល​​ជំងឺ​កូវីដ១៩ ​នៅ​ប្រទេស​ចិន​នេះ  គឺ​ស្រប​ពេល​ ជាមួយ​គ្នា ​ដែល​គណៈ​កម្មការ​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគ​រយ​ពី​កម្ពុជា។

លោក ហ៊ុន សែន បាន​ធានា​អះអាង​ថា នឹង​ផ្ដល់​ជូន​ប្រាក់​ឧបត្ថម្ភ​ ឲ្យ​កម្មករ​រយៈ​ពេល​ខ្លី ​សរុប​ចំនួន​៦០ភាគរយ​នៃ​ប្រាក់​ឈ្នួល តែ​ត្រូវ​បំពេញ​កាតព្វកិច្ច​​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​បន្ថែម​រយៈ​ពេល ៤ខែ។ តែ​ លោក អាត់ ធន់ បារម្ភ​ថា កម្មករ​​ពិបាក​ក្នុង​ការ​ចូលរួម​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​នោះ ព្រោះ​ ការ​រៀន​រយៈ​ពេល​វែង (៤ខែ) កម្មករ​ទទួល​បាន​តែ ​១២០​ដុល្លារ ក្នុង​មួយ​ខែ ហើយ​​​ត្រូវ​ចំណាយ​ប្រាក់​ធ្វើ​ដំណើរ និង​ជួល​ផ្ទះ ជាដើម។

លោក​ អាត់ ធន់​ យល់​ថា ដំណោះ​ស្រាយ​ពេល​នេះ រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​លទ្ធភាព​វត្ថុ​ធាតុ​ដើម នៅ​ក្នុង​ឃ្លាំង​ស្ដុក​ឲ្យ​អស់​លទ្ធភាព​សិន គួរ​កែប្រែ​វិស័យ​ផ្សេង​ទៀត ​ឲ្យ​កម្មករ​​រោងចក្រ​កាត់ដេរ​ចូល​ធ្វើ​ការ​​ជំនួស​ ឧទាហរណ៍ ដូចជា ​វិស័យ​កសិកម្ម ​ជាដើម។ លោក អាត់ ធន់ បន្ត​ថា រដ្ឋាភិបាល​ ក៏​គួរ​ពិនិត្យ​មើល​លទ្ធ​ភាព​បើក​រោងចក្រ​ផលិត​វត្ថុធាតុដើម សម្រាប់​វិស័យ​កាត់ដេរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ជំនួស​ឲ្យ​ការ​នាំ​ចូល​ ដែល​ជា​ការ​កាត់​បន្ថយ​ការ​​ពឹង​ផ្អែក​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles