ចៅក្រម៖​ ការ​មិន​ហៅ​ជន​បរទេស​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា ​ដោយ​សារ​អនុវត្ត​តាម​អនុសញ្ញា​ទីក្រុង​វីយែន

នយោបាយ
27 កុម្ភៈ 2020
កាន់ វិច្ឆិកា
វីអូអេខ្មែរ

រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ភ្នំពេញ —&nbspក្នុង​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​លោក​ កឹម សុខា ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ប្រកាស​ថា​ មូលហេតុ​ដែល​តុលាការ​មិន​កោះ​ហៅ​ជន​បរទេស​ណា​ម្នាក់​មក​សួរនាំ​ គឺ​ដោយ​សារ​តុលាការ​អនុវត្ត​តាម​សន្ធិ​សញ្ញា​ទីក្រុង​វីយែន​ស្តីពី​ទំនាក់​ទំនង​ការទូត។​

ការ​ប្រកាស​របស់​លោក​ចៅក្រម​ កូយ សៅ ​ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​របស់​លោក កឹម សុខា​ បាន​ស្នើ​ជាច្រើន​ដង​ឲ្យ​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​កោះ​ហៅ​ជន​បរទេស ​ឬ​រដ្ឋ​បរទេស​មក​បំភ្លឺពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក​ កឹម សុខា​ ពី​បទ ​«សន្ទិដ្ឋិភាព​ជាមួយ​បរទេស»។​

លោក​ កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ថា បាន​ឃុប​ឃិត​ជាមួយ​សហរដ្ឋ​អាមេរិក ​រៀប​ចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជាដែល​ស្មើ​នឹង​បទ​ក្បត់ជាតិ។​

ក្នុង​សវនាការ​ដែលធ្វើ​ឡើង​អស់​រយៈពេល​៧​សប្តាហ៍​កន្លង​មក​នេះ​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ ជាច្រើន​រូប​តែង​ស្នើ​ឲ្យ​តុលាការ​កោះ​ហៅ​ជន​បរទេសមក​សាក​សួរ ដោយ​បញ្ជាក់​ថា ​លោក ​កឹម សុខា ​ត្រូវ​បាន​ចោទ​ថា​ ឃុប​ឃិត​ជាមួយ​បរទេស​ ដូច្នេះ​ត្រូវ​ហៅ​ជន​បរទេស​មក​សួរ​នាំ​ដើម្បី​បញ្ជាក់​ការណ៍​ពិត។

ក្នុង​សវនាការ​ថ្ងៃ​ព្រហស្បតិ៍​នេះ មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ គឺ​លោក​ អាង ឧត្តម​ បាន​ស្នើ​សុំ​ទៅ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ជាថ្មី​ទៀត​ ឲ្យ​ស្វែង​រក​ភ្នាក់ងារ​បរទេស ​ឬ​រដ្ឋ​បរទេសដែល​ចោទ​ប្រកាន់​លោក ​កឹម សុខា​ ថា បាន​ត្រូវ​រ៉ូវ​គ្នា ​ដើម្បី​បញ្ជាក់​ការណ៍​ពិត។​

លោក​ អាង ឧត្តម ​ថ្លែង​ក្នុង​សវនាការ​នោះ​ថា៖ «ខ្ញុំ​ស្នើ​សុំ​តុលាការ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ឯកឧត្តម​ កឹម សុខា ​រួច​ផុត​ពី​បទ​ចោទ​ ហើយ​បើ​តុលាការ​មិន​បាន​ជ្រាប​ច្បាស់​ថា ​រដ្ឋ​បរទេស​ណាខ្លះ​ ភ្នាក់​ងារ​បរទេស​ណា​ខ្លះ​ ខ្ញុំ​ជឿ​ថា​ ​សហភាតាមេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​អាច​ជួយ​បាន»។​

លោក​មេធាវី អាង ឧត្តម​ ថ្លែង​ដោយលើក​យក​ក្រដាស​មួយ​ច្បាប់​ដែល​មាន​រៀប​រាប់​ឈ្មោះ​ប្រទេស ​អង្គការ ​និង​ជន​បរទេសជាច្រើន ​ដែល​ក្រដាស​នោះ​ជា​ការ​រៀបរាប់​ឈ្មោះ​បរទេស​ក្នុង​សំណុំ​រឿង​ផ្តល់​ដោយ​ក្រុម​មេធាវី​តំណាង​រដ្ឋាភិបាល។​

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មេធាវី​ លោក​ចៅក្រម ​កូយ សៅ ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះឆ្លើយ​តប​វិញ​ថា​ មូលហេតុ​ដែល​តុលាការ​មិន​កោះ​ហៅ​ជន​បរទេស​ណាមួយ​មក​សួរ​នាំ​ក្នុង​សំណុំ​រឿង​នេះ​គឺ​ដោយ​សារ​តុលាការ​អនុវត្ត​តាម​អនុ​សញ្ញា​ទី​ក្រុង​វីយែន​ឆ្នាំ​ ១៩៦១ ​ត្រង់​ប្រការ​២៨ដល់​៣២។​

លោក​ កូយ សៅ​ ប្រកាស​ថា៖ «កុំ​ថា​ឡើយ​ចោទ​ប្រកាន់ ​កុំ​ថា​ឡើយ​សង្ស័យ​ សូម្បី​កោះ​អញ្ជើញ​ឲ្យ​គាត់​ចូល​បំភ្លឺ​ក៏​ខុស​ច្បាប់​ដែរ […] គេ​អត់​ជាប់​កាតព្វកិច្ច​យុត្តាធិការ​ប្រទេស​ណា​មួយ​ទេ»។​

លោក​ចៅក្រម កូយ សៅ​ បន្ថែម​ថា​ តុលាការ​អាច​អនុវត្ត​នីតិវិធី​លើ​ជន​បរទេស​ទាំង​នោះ​បាន លុះ​ត្រា​តែ​ពួកគេ​ចង់​ចូល​រួម ​ប៉ុន្តែ​លោក​ថា​ ជន​បរទេស​ទាំង​នោះ​ត្រូវ​តែ​ទទួល​ស្គាល់​យុត្តាធិការ​តុលាការ​កម្ពុជា​ និង​ស្បថ​ទៅ​តាម​នីតិវិធី​ជា​មុន​សិន។​

ក្រោយ​ការ​បញ្ជាក់​របស់​ចៅក្រម​ លោក​មេធាវី អាង ឧត្តម​ ក៏​បាន​តវ៉ា​ដោយ​លើក​យក​មាត្រា​៣​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​ចែង​ថា​ «បណ្តឹង​អាជ្ញា​អនុវត្ត​លើ​បុគ្គល​គ្រប់​រូប ​និង​គ្រប់​ជាតិ​សាសន៍»។​

យ៉ាង​ណាក្តី​លោក​ចៅ​ក្រម ​កូយ សៅ បាន​ប្រាប់​ឲ្យ​លោក​មេធាវី​ អាង ឧត្តម​ សិក្សា​ច្បាប់​ ឬ​សួរ​អ្នក​ជំនាញ​បន្ថែម។​

សវនាការ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះផ្តោត​សំខាន់​លើ​ការ​ដាក់​ភស្តុតាង​ថ្មី​របស់​តំណាង​អយ្យការ ​ខណៈ​ដែល​លោក ​កឹម សុខា ​អង្គុយ​លើ​កៅ​អី​ក្នុង​រង្វង់​ក្រចកសេះពេញ​មួយ​ព្រឹក​ ដោយ​មិន​បាន​និយាយ​អ្វី​នោះ​ទេ។​

តំណាង​អយ្យការ​មួយ​រូប​គឺ​លោក​ វង្ស ប៊ុនវិសុទ្ធ​ បាន​ស្នើ​ឲ្យ​មាន​ការ​ជជែក​លើ​ភស្តុតាង​ថ្មី​នោះ​ ដោយ​មាន​ការ​គាំទ្រ​ពី​មេធាវី​តំណាង​រដ្ឋាភិបាល​ ​ឲ្យ​តុលាការ​ទទួល​យក តែ​មាន​ការ​ជំទាស់​ដាច់​ខាតពី​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា។​

លោក ​អាង ​ឧត្តម​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ និយាយ​ថា តំណាង​អយ្យការ​ជា​ម្ចាស់​បណ្តឹង​អាជ្ញា​បាន​បញ្ជាក់​ថា​ ​សំណុំ​រឿង​នេះ​ពេញ​លេញ​ចប់​សព្វ​គ្រប់​ និងបញ្ជូន​រឿង​ទៅ​ជម្រះ។ ​លោក​បន្ត​ថា​ យោង​តាម​មាត្រា ​៣២១​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ លុះត្រា​តែ​មេធាវី​ទាំង​ពីរ​ភាគី​ព្រមព្រៀងគ្នា ទើប​អាចដាក់​ភស្តុតាង​បន្ថែម​ក្នុង​អំឡុង​សវនាការ។​

លោក​ អាង ឧត្តម​ លើក​ឡើង​ថា៖ «ដើម្បី​ធានា​ពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ​ខ្ញុំ​សុំតុលាការ​ច្រាន​ចោល​ភស្តុតាង​ដាក់​ថ្មី​ម្សិល​មិញ ​និង​ភស្តុតាង​បន្ត​បន្ទាប់​ដែល​តំណាង​អយ្យការនឹង​ដាក់​នា​ពេល​អនាគត»។​

ចំណែក​មេធាវី​ការពារ​លោក​ កឹម សុខា ​មួយ​រូប​ទៀត​គឺ​លោក ​ផែង ហេង​ លើក​ឡើង​ដែរ​ថា ការ​បន្ថែម​ភស្តុតាង​ពី​សំណាក់​តំណាង​អយ្យការ​គឺ​មាន​ន័យ​ថា​ សំណុំ​រឿង​កូន​ក្តី​របស់​លោក​មិន​ទាន់​មូល ​តែ​បញ្ជូន​ទៅ​ជម្រះ។ ​លោក​បន្ត​ថា​ ការណ៍​នេះ​បង្ហាញ​ថា ​ជា​ការ​អនុវត្ត​ដែល​មិន​ត្រឹម​ត្រូវ។​

លោក​ ផេង ហេង បញ្ជាក់​ថា៖ «បើ​តាម​វិមតិ​សង្ស័យ​ គួរ​តែ​លោក​ចៅក្រម​លើក​លែង​ការ​ចោទ​ប្រកាន់»។​

លោក ​លី​ ចាន់តុលា​ មេធាវី​តំណាង​រដ្ឋាភិបាល​មួយ​រូប​ដែល​គាំទ្រ​ការ​ដាក់​ភស្តុតាង​ថ្មី​របស់​តំណាង​អយ្យការ​ ​លើក​ឡើង​ថា ​ក្នុង​មាត្រា​៣២១ ​ភាគី​គឺ​សំដៅ​លើ​ភាគី​ទាំង​បី ដែល​មាន​តំណាង​អយ្យការ​ មេធាវី​ដើម​បណ្តឹង​ និង​មេធាវី​ចុង​ចោទ។​

តំណាង​អយ្យការ​មួយ​រូប​ទៀត​គឺ​លោក ​ប្លង់ សុផល​ បាន​ឡើង​ការ​ការពារ​ការ​ដាក់​ភស្តុតាង​ថា៖ «ភស្តុតាង​ដែល​តំណាង​អយ្យការ​ដាក់​នេះ ​ជា​ការ​ឆ្លើយ​តប​នឹង​ភស្តុតាង​ថ្មី​ដែល​មេធាវី​ជនជាប់​ចោទ​បាន​ដាក់»។

យ៉ាងណាក្តី​ ក្រុមមេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា ​នៅ​តែ​បន្ត​ជំទាស់​ការ​ដាក់​ភស្តុតាង​នេះ ​ដោយ​អះអាងថា ​តំណាង​អយ្យការ​មាន​តួនាទី​ការ​ពារ​សេចក្តី​សន្និដ្ឋាន​ស្ថាពររបស់​ខ្លួន​ដែល​បញ្ជូន​រឿងទៅ​ជម្រះ ​មិនមែន​តាម​ដាក់​ភស្តុតាង​អំឡុង​សវនាការ​នោះ​ទេ។​

ភស្តុតាង​ថ្មី​ដែល​ដាក់​ដោយ​តំណាង​អយ្យការ​គឺជា​វីដេអូ​ដែល​បង្ហាញ​អំពី​របាយ​ការណ៍​ព័ត៌មាន​របស់ ​VOA ​ពាក់ព័ន្ធ​នឹងការ​ជួប​គ្នា​រវាង​លោក កឹម សុខា ​និង​លោក​ សម រង្ស៊ី​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វី​លីពីន​ អំពី​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ​និង​វីដេអូដែល​បង្ហាញ​អំពី​លោក​ កឹម សុខា ​និង​លោក ​សម រង្ស៊ី ​ថ្លែង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ឆ្នាំ​ ២០១៣​ ដោយ​កៀរគរ​កម្លាំង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

​ក្រោយ​ការជជែក​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ភស្តុតាង​ថ្មី​របស់​តំណាង​អយ្យការ ដោយ​មាន​ទាំង​ការ​ដំឡើង​សំឡេង​ម្តងៗ​ផង​ លោក​ចៅក្រម​ កូយ សៅ​ ក៏បាន​សម្រេច​បិទ​សវនាការ​នៅ​ម៉ោង​១១​និង​៣០​នាទី ​ដោយ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​លើ​ភស្តុតាង​ថ្មី​នោះ។​

ចៅក្រម​ក៏​បាន​ប្រកាស​បន្ត​សវនាការ​ទៅ​ថ្ងៃ​ទី​១១​ ខែ​មីនា​ ដោយ​លុបចោល​គម្រោង​សវនាការ​នៅ​សប្តាហ៍​ក្រោយ។ ​ការ​ប្រកាស​នេះ​មិនមានបញ្ជាក់​អំពី​មូលហេតុ​ទេ៕

What Next?

Recent Articles