តំណាង​អយ្យការ សួរ​បេក្ខនារី​សិស្ស​ចៅក្រម​អំពី​ទំនាក់ទំនង និង​សកម្មភាព​ចូលរួម​បង្ហោះ​វីដេអូ បង្ហាញ​អំពើ​ពុក​រលួយ​ក្នុង​ការ​ប្រឡង

ដោយ អាស៊ីសេរី
2020-02-27
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា សើ ស្រីម៉ៅ បេក្ខនារី​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ដែល​តវ៉ា​លទ្ធផល​ប្រឡង ចូល​បំភ្លឺ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ ទាក់ទង​នឹង​វីដេអូ​ឃ្លិប បង្ហាញ​អំពើ​ពុក​រលួយ​នៃ​ការ​ប្រឡង។

កញ្ញា សើ ស្រីម៉ៅ បេក្ខនារី​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ដែល​តវ៉ា​លទ្ធផល​ប្រឡង ចូល​បំភ្លឺ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ ទាក់ទង​នឹង​វីដេអូ​ឃ្លិប បង្ហាញ​អំពើ​ពុក​រលួយ​នៃ​ការ​ប្រឡង។

 រូប៖ ពលរដ្ឋ


បេក្ខនារី ដែល​តវ៉ា​លទ្ធផល​ប្រឡង​ចូល​សិស្ស​ចៅក្រម ឲ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សួរ​នាំ​កញ្ញា​ ពី​ទំនាក់​ទំនង និង​សកម្មភាព នៃ​ការ​ចូលរួម​បង្ហោះ​វីដេអូ​ឃ្លិប បង្ហាញ​​ ថា មាន​អំពើ​ពុក​រលួយ​នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០។ ក្រោយ​ការ​បំភ្លឺ តំណាង​អយ្យការ​បាន​​ឲ្យ​កញ្ញា​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ប្រាប់​ថា ​នឹង​​កោះហៅ​អ្នក​ចូលរួម​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ផ្សេង​ទៀត ដើម្បី​បំភ្លឺ​បទ​បរិហារ​កេរ្តិ៍ បង្កាច់​កេរ្តិ៍ និង​ញុះញង់។

កញ្ញា សើ ស្រីម៉ៅ ឲ្យ​ដឹង​ថា តំណាង​អយ្យការ​មិន​បាន​បញ្ជាក់​ថា នឹង​បន្ត​នីតិវិធី ឬ​កោះហៅ​កញ្ញា​បន្ត​ទៀត ឬ​អត់​ទេ។ កញ្ញា​ថា ព្រះ​រាជ​អាជ្ញា​រង លោក សាយ ណូរ៉ា បាន​ប្រើ​ពេល​មួយ​កំណាត់​ថ្ងៃ សាកសួរ ដោយ​សង្កត់​ធ្ងន់​លើ​សំណួរ​ថា តើ​កញ្ញា​បាន​ចូលរួម​ធ្វើ​សកម្ម​ភាព ឬ​មាន​ដឹង​ពី​សារ​របស់​បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម លោក គង់ ប៊ុនរិទ្ធិ បាន​ធ្វើ​ជា​វីដេអូ​ឃ្លិប​ថា មាន​អំពើ​ពុក​រលួយ​នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម​នោះ​ឬ​ទេ។

កញ្ញា​បដិសេធ​ថា មិន​បាន​ដឹង​រឿង​នេះ​ទេ ដោយ​កញ្ញា​ចូលរួម​តែ​សកម្មភាព​ស្នើសុំ​ឲ្យ​បង្ហាញ​តម្លាភាព នៃ​ការ​ប្រឡង​ប៉ុណ្ណោះ។ កញ្ញា​អះអាង​ថា កញ្ញា​បាន​សំណូមពរ​ឲ្យ​តំណាង​អយ្យការ រក​យុត្តិធម៌​លើ​បទ​ចោទ​ប្រឆាំង​រូប​នាង៖ «គេ​បញ្ជក់​ណា​បង គេ​ដាក់​ពាក្យ​ប្ដឹង​លោក គង់ ប៊ុនរិទ្ធិ និង​បក្ខ​ពួក។ អ៊ីចឹង​ហើយ​ បក្ខពួក​ហ្នឹង ដែល​ធ្វើ​ឲ្យ​គាត់​ស៊ើប​បន្ត។ អ៊ីចឹង​ទៅ បាន​គាត់​កោះ​ហៅ​ខ្ញុំ​ហ្នឹង ដើម្បី​សាកសួរ​បន្ថែម​ថា បាន​ចូល​រួម​ដែរ ឬ​អត់អ៊ីចឹង ខ្ញុំ​ក៏​ឆ្លើយ​ថា មិន​បាន​ចូលរួម​នូវ​សកម្មភាព (បង្ហោះ​សារ​វីដេអូ បង្ហាញ​ថា មាន​អំពើ​ពុក​រលួយ​នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម)ទាំង​ហ្នឹង​ទេ»

កញ្ញា សើ ស្រីម៉ៅ ជា​បេក្ខនារី​ម្នាក់ ក្នុង​ចំណោម​បេក្ខជន​ យ៉ាង​ហោច​ណាស់ ៥នាក់ ដែល​បាន​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០ និង​ជា​មនុស្ស​ទី២ រង​ការ​កោះហៅ​ពី​តំណាង​អយ្យការ បន្ទាប់​ពី​ បេក្ខជន គង់ ប៊ុនរិទ្ធិ ដែល​ជា​ចុង​ចោទ នៃ​បណ្ដឹង​បរិហារ​កេរ្តិ៍ និង​បរិហារ​បង្កាច់​កេរ្តិ៍ មន្ត្រី​ក្រសួង​យុត្តិធម៌ ៣នាក់។

ក្នុង​ការ​សាកសួរ​មួយ​កំណាត់​ថ្ងៃ នៅ​ថ្ងៃ​ទី២៧ កុម្ភៈ តំណាង​អយ្យការ​មិន​បាន​ស្នើសុំ​ដក​ហូត​ទូរស័ព្ទ​ដៃ ឬ​សម្ភារៈ​ផ្សេង​ទៀត​របស់​កញ្ញា សើ ស្រីម៉ៅ ដូច​ករណី​លោក គង់ ប៊ុនរិទ្ធិ ឡើយ។ កញ្ញា សើ ស្រីម៉ៅ បន្ត​ថា ព្រះ​រាជ​អាជ្ញា​រង​កាន់​សំណុំ​រឿង​នេះ​ប្រាប់​ថា នឹង​បន្ត​កោះហៅ​បេក្ខជន​​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ផ្សេង​ទៀត ដែល​ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​លោក គង់ ប៊ុនរិទ្ធិ ព្រោះ​តាម​បណ្ដឹង​ប្រឆាំង​លោក គង់ ប៊ុនរិទ្ធិ គឺ​ដើម​បណ្ដឹង បាន​ប្ដឹង​លោក គង់ ប៊ុនរិទ្ធិ និង​បក្ខ​ពួក។

ទោះ​យ៉ាង​ណា​ក្ដី បេក្ខនារី​រូប​នេះ​អះអាង​ថា បើ​ទោះ​ជា​កញ្ញា​មិន​បាន​ដឹង​ពី​ឫស​គល់​ព័ត៌មាន​​នៃ​ការ​បង្ហោះ​សារ​របស់​លោក គង់ ប៊ុនរិទ្ធិ តែ​កញ្ញា​នឹង​នៅ​តែ​បន្ត​សកម្មភាព​ជា​ក្រុម​ជាមួយ​លោក គង់ ប៊ុនរិទ្ធិ ដដែល ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បង្ហាញ​តម្លាភាព ក្នុង​ដំណើរ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម។

ដើម​ហេតុ​នៃ​សំណុំ​រឿង​នេះ ផ្ដើម​ចេញ​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​ដំណើរ​ការ​ប្រកាស​លទ្ធផល​សិស្ស​ចៅ​ក្រម ដោយ​គ្មាន​ការ​បង្ហាញ​ពិន្ទុ និង​ការ​ទទួល​បាន​ព័ត៌មាន​ថា មាន​ភាព​មិន​ប្រក្រតី​ការ​ប្រឡង​ចូល​​សិស្ស​ចៅក្រម​ជំនាន់​ទី១០។ លោក គង់ ប៊ុនរិទ្ធិ ជា​បេក្ខជន​តវ៉ា​ម្នាក់ បាន​បង្ហោះ​វីដេអូ នៅ​ថ្ងៃ​ទី២៦ មករា​ថា អំពើ​ពុក​រលួយ​កើត​ជា​ប្រព័ន្ធ​នៃ​ដំណើរ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជា​អ្នក​នៅ​ពី​ក្រោយ ក្នុង​ការ​ទទួល​សំណូក​ក្នុង​តម្លៃ​ចាប់​ពី ៦ម៉ឺន (៦០.០០០) ដុល្លារ​អាមេរិក ​ដល់​ដប់​ប្រាំ​ម៉ឺន (១៥០.០០០) ដុល្លារ។

សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ករណី​នេះ ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត និង​បង្ហាញ​ពិន្ទុ នៃ​ការ​ប្រឡង​តាម​វិញ្ញាសា​នីមួយៗ ជា​សាធារណៈ​តាម​ការ​ស្នើសុំ ជា​ជាង​ការ​ប្រើ​វិធានការ​ផ្លូវ​ច្បាប់ ប្រឆាំង​បេក្ខជន​តវ៉ា​ទាំង​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ចេញ​ដីកា​កោះ​ហៅ​ក្រុម​អ្នក​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ជា​បន្ត​បន្ទាប់ ជា​រឿង​ផ្ទុយ​ពី​កម្មវត្ថុ​នៃ​ការ​ទាមទារ​របស់​ពួក​គេ។ លោក​ថា ដើម្បី​លាង​ជម្រះ​មន្ទិល​សង្ស័យ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ខិតខំ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ភាព​ត្រឹមត្រូវ មក​បង្ហាញ​ជា​សាធារណៈ ទើប​ជា​ការ​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles