ធនាគារ​ ANZ​ អូស្ត្រាលី​ព្រម​ផ្តល់​​ថវិកា​ដល់​គ្រួសារ​រងគ្រោះ​នៅ​កំពង់​ស្ពឺ​ដោយ​​ក្រុមហ៊ុន​ស្ករ​​អ្នក​មាន​អំណាច

សិទ្ធិ​មនុស្ស
27 កុម្ភៈ 2020
សុខ ខេមរា
វីអូអេខ្មែរ

រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

វ៉ាស៊ីនតោន — នៅ​ក្រោយ​ពេល​ដែល​មាន​ការ​តវ៉ា​ខ្លាំង​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចម្រុះ ​ធនាគារ ​ANZ អូស្ត្រាលី​យល់​ព្រម​ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​នៅ​ខេត្ត​កំពង់​ស្ពឺ ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​ក្រុមហ៊ុន​ស្ករ​ (Phnom Penh Sugar)​ របស់​លោក​ឧកញ៉ា ​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន កម្ពុជា។​ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ផ្ដល់​ប្រាក់​កម្ចី ​៤០​លាន​ដុល្លារ​ពី​ធនាគារ ​កាល​ពីឆ្នាំ ២០១១។​ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​ចុងក្រោយ​មួយ​របស់​ស្ថាប័ន​ទំនាក់​ទំនង​ជាតិ​ប្រទេសអូស្ត្រាលី Australian National Contact Point (AusNCP) ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃព្រហស្បតិ៍​នេះ


កិច្ច​ព្រម​ព្រៀង​នេះ​កើត​ឡើង​រយៈពេល​៥ឆ្នាំ ​ក្រោយ​អង្គការ​សមធម៌​កម្ពុជា​ (EC) ​និង​អង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរជាតិ ​(Inclusive ​Development International) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ដាក់​បណ្តឹង​មួយ​ក្នុង​នាម​ជា​តំណាង​របស់​គ្រួសារ ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ចំនួន​យ៉ាងតិច ​១២០០​គ្រួសារ ដាក់​ទៅ​កាន់​ស្ថាប័ន​ទំនាក់​ទំនង​ជាតិ​ប្រទេស​អូស្ត្រាលី​ សម្រាប់​គោល​ការណ៍​ណែនាំ​សម្រាប់​សហគ្រាស​ពហុជាតិ​នៃ​អង្គការ​អូអ៊ីស៊ីឌី​ OECD។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុង​ក្រោយ​កាលពី​ថ្ងៃទី​២៧ ​ខែកុម្ភៈ ​បាន​បញ្ជាក់​ឲ្យដឹង​អំពី​ការ​ចរចា​រវាង​ភាគី​ពាក់​ព័ន្ធ​នានា​កាល​ពី​ថ្ងៃទី​៧​ ខែ​កុម្ភៈ ​ដែល​បាន​ពិភាក្សា​និង​ព្រម​ព្រៀង​គ្នា​ថា​ នឹង​ទទួល​ដោះស្រាយ​បញ្ហា​លំបាក​របស់​ពលរដ្ឋ​ និង​កែតម្រូវ​បញ្ហា​សិទ្ធិ​មនុស្ស។

«ធនាគារ​ អេអែនហ្ស៊ិត​ (ANZ)​ ទទួល​ស្គាល់​ចំពោះ​ទុក្ខ​លំបាក​ដែល​សហគមន៍​រង​ផល​ប៉ះពាល់​បាន​ប្រឈម ​ហើយ​បាន​យល់​ព្រម​ថា​ នឹង​ចំណាយ​ផល​ចំណេញ​ដែល​ធនាគារ​បាន​ទទួល​ចំណូល​ពីការ​ផ្តល់​ប្រាក់​កម្ចី ​ទៅដល់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ទាំង​នោះ‍»។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា ​អង្គការ​សមធម៌​កម្ពុជា​ និង​អង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយា​ប័ន្ន​អន្តរជាតិ​ (Inclusive ​Development ​International) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ស្វាគមន៍​ចំពោះ​ធនាគារ​អេអែនហ្ស៊ិត ដែល​សម្រេច​បរិច្ចាគ​កញ្ចប់​ថវិកា​ចំពោះ​សហគមន៍​ទាំងនោះ​ ហើយនិង​ការ​ប្តេជ្ញា​របស់​ធនាគារ​ដើម្បី​ពង្រឹង​បទដ្ឋាន​នៃការ​គោរព​សិទ្ធិ​មនុស្ស។

រូបឯកសារ៖ អគារ​ទីស្នាក់ការ​កណ្តាលANZ Royal នៅ​តាម​បណ្តោយ​ផ្លូវ​ក្រមួន​ស កែង​នឹង​ផ្លូវ ៦៧ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ២០១៥។
រូបឯកសារ៖ អគារ​ទីស្នាក់ការ​កណ្តាលANZ Royal នៅ​តាម​បណ្តោយ​ផ្លូវ​ក្រមួន​ស កែង​នឹង​ផ្លូវ ៦៧ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ២០១៥។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម ​ដែល​បាន​ចេញ​ដោយ​ភាគី​ទាំងបី​ទៅ​លើ​សេចក្តី​សម្រេច​នេះ ​ធនាគារ​ ANZ ​ក៏បាន ​«ទទួល​ស្គាល់​ថា ​ការ​ត្រួត​ពិនិត្យ​ដ៏​ត្រឹម​ត្រូវ​ទៅ​លើ​គម្រោង​ដែល​ផ្តល់​មូលនិធិ​ដោយ​កម្ចី​របស់​ខ្លួន​នោះ​ មិនទាន់​មាន​ភាព​គ្រប់គ្រាន់​នៅឡើយ​ទេ និង​ទទួល​ស្គាល់​អំពី​ការ​លំបាក​នានា​ដែល​សហគមន៍​រង​ការ​ប៉ះពាល់​បាន​ប្រឈម‍»។

អង្គការ​សមធម៌​កម្ពុជា​ និង​អង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរជាតិ ​បាន​អំពាវ​នាវ​ជា​ប្រចាំ​ឲ្យ​ធនាគារ ​ANZ​ ដក​ប្រាក់​ចំណេញ​ពី​កម្ចី​នោះ ​ផ្តល់ទៅ​ឲ្យ​គ្រួសារ​ទាំង​ឡាយ​ជា​សំណង​សម្រាប់​ការ​បរាជ័យ​របស់​ខ្លួន ​ទាក់ទង​នឹង​ការ​ត្រួត​ពិនិត្យ​មិន​បាន​ត្រឹមត្រូវ​នេះ។​ ក្នុង​ខែតុលា ​ឆ្នាំ​២០១៨ ​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ស្សែនអ៊ែលលៀត​ (Shayne Elliot) បាន​ប្រាប់​គណៈ​កម្មការ​រដ្ឋសភា​អូស្ត្រាលី​ថា ​នេះ​គឺ​ជា «ស្ថានភាព​អាក្រក់​ខ្លាំង​បំផុត‍»​ ហើយ​ប្រាប់​ថា ​ធនាគារ​នឹង​ពិចារណា​ក្នុងការ​ផ្តល់​សំណង​ដល់​គ្រួសារ​ទាំង​នោះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ដដែល​លោក​ អៀង វុទ្ធី​ នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ថ្លែង​ថា៖

«យើង​សូម​អបអរ​សាទរ​ចំពោះ​លោក ​ស្សែន អ៊ែលលៀត ​និង​ធនាគារ ​ANZ ​សម្រាប់​ការធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​មួយ​នេះ ​ដោយ​បង្វែរ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពីកម្ចី​នោះ ទៅ​ឲ្យ​គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ។ ​នេះគឺ​ជាការ​ទទួល​ស្គាល់​ដ៏​សំខាន់​មួយ ​ទៅលើ​ការ​លំបាក​ដែល​កំពុង​កើត​ឡើង​ ដែល​សហគមន៍​បាន​ទទួល​រង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ​ហើយ​វា​នឹង​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដ៏ធំ​មួយ​សម្រាប់​ពួក​គាត់។​ ទោះ​យ៉ាងណា​ក៏ដោយ ​ក៏​វា​មិនអាច​ជំនួស​ឲ្យ​ការ​ទទួល​ខុសត្រូវ​ណា​មួយ​របស់​ក្រុមហ៊ុន​ស្ករ​ភ្នំពេញ ​ក្នុង​ការ​ផ្តល់​សំណង​ពេញ​លេញ​ដល់​សហគមន៍​សម្រាប់​ការ​ខូចខាត​ទាំងឡាយ​របស់​ពួក​គាត់​ឡើយ‍»។

លោក ​វុទ្ធី​ បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរសព្ទ​បន្ថែម​ថា៖

«តាម​រយៈ​ការ​ចរចា​និង​ការ​សម្រប​សម្រួល​ធនាគារ ​ANZ មាន​ការ​សម្រេច​ចិត្ត​ថា​បាន​ផ្តល់​មក​វិញ​នូវប្រាក់​ដែល​ខ្លួនបាន​ទទួល​ពីការ​ផ្តល់​កម្ចី​ហ្នឹង មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ទាំងអស់ ​បូក​ទាំង​ថ្លៃការ​ប្រាក់​ផ្សេងៗ​ទៀត។​ ហើយ​យើង​មាន​ការ​សាទរ​រីករាយ​មែន​ទែន ​ចំពោះ​ការ​សម្រេច​ចិត្តនេះ​ ដែល​ខាង​ប្រធាន​ធនាគារ ​ANZ ​លោក​ Shayne Elliot គឺ​គាត់​មាន​ការ​ប្តេជ្ញា​នៅក្នុង​ការ​ផ្តល់​នូវ​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ ដូចអ្វី​ដែល​គាត់​បាន​លើក​ឡើង​ទៅ​ខាង​គណៈកម្មការ​សភា​របស់​ប្រទេស​អូស្ត្រាលី​កន្លង​មក។ ហើយ​យើង​ឃើញ​ថា អ្វី​ដែល​គាត់​បាន​លើក​ឡើង​គឺ​សមិទ្ធផល​នេះ​ត្រូវ​បាន​សម្រេច ហើយ​យើង​សង្ឃឹម​ថា ​ការ​ផ្តល់​មូលនិធិ​នេះ​នឹង​អាច​ជួយស្តារ​ ក៏ដូច​ជា​បន្ធូរ​ភាព​លំបាក​របស់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ស្ពឺ‍»។

រូបឯកសារ៖ លោកឧកញ៉ា ​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ លោកឧកញ៉ា ​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។

គេមិន​ទាន់​ដឹង​ថា​ តើ​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​លាន​ដុល្លារ​ដែល​ធនាគារ ​អេអែនហ្ស៊ិត​ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា​នៅ​ឆ្នាំ​ថ្មីៗ​នេះ​ ដោយ​លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី J Trust ​Royal ​Bank ​ត្រូវ​ផ្តល់​ជា​កញ្ចប់​ថវិកា​ទេ។ ​ទោះជា​យ៉ាងណា​ក៏ដោយ គេ​ដឹង​ថា​ទឹកប្រាក់​ដែល​ធនាគារ​នេះ​បាន​ផ្តល់​កម្ចី​ឲ្យ​ក្រុមហ៊ុន​ស្ករ ​Phnom Penh ​Sugar ​គឺ​ចំនួន​៤០លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ អ្នក​ត្រួត​ពិនិត្យ​ឯករាជ្យ​នៃ​ស្ថាប័ន​ទំនាក់​ទំនង​ជាតិ​ប្រចាំ​ប្រទេស​អូស្ត្រាលី ​បាន​សម្រប​សម្រួល​កិច្ចប្រជុំ​ផ្សះផ្សា​មួយ​រវាង​ភាគី​ទាំង​ឡាយ​ដែល​ចេញ​លទ្ធផលជា​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ។

លោក ​សឹង សុខុម ​ដែល​ជា​តំណាង​ម្នាក់​នៃ​គ្រួសារ​ដែល​ទទួល​រង​ការ​ប៉ះពាល់ ​បាន​បង្ហាញ​ក្តីរីករាយ​ចំពោះ​ដំណោះ​ស្រាយ​នេះ​ ដោយ​បាន​ថ្លែង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​ដដែល​តាម​ខ្លឹមសារ​ដើម​ថា៖

«យើង​បាន​ទទួល​រងនូវ​ការ​លំបាក​យ៉ាង​សម្បើម​ ក្នុង​ជីវភាព​រស់​នៅ​របស់​យើង​ ចាប់​តាំងពី​ក្រុមហ៊ុន​ស្ករ​ បាន​យក​ដីធ្លី​របស់​យើង​ កាល​ពីជិត​១០ឆ្នាំ​មុន ​ហើយ​ការ​ផ្តល់​ការ​រួម​ចំណែក​មួយ​នេះ​ នឹង​ជួយ​ដល់​ស្ថានភាព​របស់​ពួក​យើង​បាន​ច្រើន​ណាស់។ សហគមន៍​ដែល​ទទួល​រង​ការ​ប៉ះពាល់​ទាំង​មូល​ រួមទាំង​រូបខ្ញុំ​ផង ​សូម​សម្តែង​នូវការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ធនាគារ​ ANZ ​ដែល​បាន​ដោះស្រាយ​បណ្តឹង​របស់​ពួក​យើង‍»។

ដោយ​ឡែក​ លោក​ស្រី​ ណាតាលី ​ប៊ូហ្កាល់ស្គី ​(Natalie ​Bugalski) ​នាយិកា​ទទួល​បន្ទុក​ផ្នែក​ច្បាប់​របស់​អង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរជាតិ​បាន​អះអាង​ថា៖

«កិច្ចព្រម​ព្រៀង​នេះ ​បង្កើត​ជា​ករណី​ផ្លូវច្បាប់ ​(យុត្តិសាស្ត្រ) ​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្ម​ធនាគារ​ ហើយ​យើង​សូម​ស្វាគមន៍​ភាព​ជា​អ្នក​ដឹកនាំ​របស់​ធនាគារ ​ANZ នៅក្នុង​ករណី​នេះ។ ​បន្ត​ទៅមុខ​ទៀត​ ធនាគារ​ទាំងអស់ ​គួរ​ទទួល​ស្គាល់​ថា​ពួកគេ​មិន​អាច​មើល​ទៅលើ​ផ្លូវណា​ផ្សេង​ទៀត​ឡើយ ​នៅ​ពេល​ដែល​ពួកគេ​ផ្តល់​លុយ​កម្ចី​ដល់​សាជីវកម្ម​នានា​ដែល​បំពាន​សិទ្ធិ​ទាំងឡាយ​របស់​មនុស្ស ​និង​បង្ក​ឲ្យមាន​ការ​ឈឺ​ចាប់។​ ប្រសិន​បើ​ធនាគារ​មួយ ​រួម​ចំណែក​ដល់​ការ​ប៉ះពាល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​តាមរយៈ​សកម្មភាព​ផ្តល់​កម្ចី​បែប​នេះ​ ធនាគារ​នោះ​ មាន​ទំនួល​ខុស​ត្រូវ​ក្នុងការ​រួម​ចំណែក​ផ្តល់​សំណង​ដែរ‍»។

លោក ​ដេវីដ ផ្រេដ ​(David Pred)​ នាយក​ប្រតិបត្តិ​នៃអង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរជាតិ ​បាន​ថ្លែងថា៖

«ករណី​នេះ​ទើប​តែជា​ករណី​លើក​ទីពីរ​គត់ ​ក្នុង​ចំណោម​ករណី​លើស​ពី​៣០០​ ដែល​បាន​បិទ​បញ្ចប់ ​នៅក្នុង​ប្រវត្តិសាស្ត្រ​២០ឆ្នាំ​របស់​ប្រព័ន្ធ​ស្ថាប័ន​ទំនាក់​ទំនង​ថ្នាក់​ជាតិ​របស់ ​OECD​ ដែល​ដំណើរ​ការ​បណ្តឹង ​ទទួល​បាន​លទ្ធផល​ជា​ការ​ផ្តល់​សំណង​ហិរញ្ញ​វត្ថុ​មាំទាំមួយ​សម្រាប់​អ្នក​ដាក់​បណ្តឹង។ ​នេះជា​កំណត់ត្រា​ដ៏អស្ចារ្យ​មួយ‍។​ យើង​សង្ឃឹម​ថា​លទ្ធផល​នេះ​ នឹង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យមាន​ពេល​អនាគត​កាន់​តែ​ភ្លឺ​ស្វាង សម្រាប់​យន្តការ​គណនេយ្យភាព​របស់​សាជីវកម្ម​ ដែល​ជន​រងគ្រោះ​ដោយសារ​តែ​ទង្វើ​ខុសឆ្គង​របស់​សាជីវកម្ម​ អាច​រំពឹង​ថា​មាន​ការ​ដាក់​បណ្តឹង​ត្រឹមត្រូវ​តាម​ច្បាប់​ដើម្បី​ទទួល​បាន​សំណង​ប្រកប​ដោយ​ប្រសិទ្ធភាព‍»។

ធនាគារ​ ANZ ​ក៏ព្រម​ព្រៀង​ក្នុងការ​ត្រួត​ពិនិត្យ​ឡើងវិញ​ និង​ពង្រឹង​គោល​នយោបាយ​សិទ្ធិមនុស្ស​របស់​ខ្លួន ​រួមទាំង​ដំណើរការ​ពិនិត្យ​ផ្នែក​សង្គម​និង​បរិស្ថាន​របស់​អតិថិជន​ខ្លួន​ និង​យន្តការ​ដោះ​ស្រាយ​បណ្តឹង​ផង​ដែរ។​

អង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរជាតិ​ និង​អង្គការ​សមធម៌​កម្ពុជា​ដែល​ស្វាគមន៍ការ​ប្តេជ្ញា​ចិត្តនេះ​ បាន​បញ្ជាក់​បន្ថែម​ថា ​នឹង​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​ធនាគារ​ ANZ ​ដើម្បី​បង្កើត​នូវ​យន្តការ​ដោះស្រាយ​បណ្តឹង​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ​សម្រាប់​សហគមន៍​ទទួល​រងការ​ប៉ះពាល់ ​ហើយ​យើង​សូម​ជំរុញ​ឲ្យ​ធនាគារ​ផ្សេងទៀត​ អនុវត្ត​តាម​ដូច្នេះ​ដែរ៕

What Next?

Recent Articles