មេធាវី៖ ការ​បន្ត​រឿង​ក្ដី​លោក កឹម សុខា បង្ហាញ​ការ​បែក​បាក់​ជាតិ និង​ជម្លោះ​នយោបាយ

ដោយ មួង ណារ៉េត
2020-02-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ចាន់ ចេន (ស្ដាំ) សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

លោក ចាន់ ចេន (ស្ដាំ) សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ ហ្វេសប៊ុក


សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា ការ​បន្ត​រឿង​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​បែក​បាក់​ជាតិ និង​ជម្លោះ​នយោបាយ ដែល​ខាត​ប្រយោជន៍​ជាតិ។

លោក ចាន់​ ចេន មេធាវី​លោក កឹម សុខា នៅតែ​ប្រកាន់​ជំហរ​ថា សំណុំរឿង​លោក កឹម សុខា គឺ​មាន​ចរិត​នយោបាយ ដែល​មាន​តែ​អ្នក​នយោបាយ​ប៉ុណ្ណោះ ដែល​អាច​រក​ដំណោះ​ស្រាយ​បញ្ចប់​រឿង​នេះ​បាន៖ «ជម្លោះ​នេះ គឺជា​ជម្លោះ​​របស់​អ្នក​នយោបាយ។ ខ្ញុំ​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​​ជជែក​គ្នា ដោះ​ស្រាយ​ជា​មួយ​គ្នា បង្រួប​បង្រួម​ជាតិ​ ផ្សះផ្សា​ជាតិ​ ដើម្បី​ឈាន​ទៅ​ជជែក​គ្នា​ អភិវឌ្ឍ​ប្រទេស​ជាមួយ​គ្នា​ ដែល​ជា​ឧត្ដម​ផល​ប្រយោជន៍​ប្រទេស​ជាតិ សម្រាប់​ជាតិ សម្រាប់​ប្រជាពលរដ្ឋ វា​ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា»។

លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន ចេញ​បញ្ជា​ផ្ទាល់ ឲ្យ​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ ដោយ​ចោទ​ពី​បទ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល បទ​ចោទ​ដែល​លោក កឹម សុខា បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ ជាង​ពីរ​ខែ​របប​លោក ហ៊ុន សែន តាម​រយៈ​តុលាការ​កំពូល ដែល​មាន​ចៅក្រម​ជំនុំ​ជម្រះ និង​តំណាង​មហា​អយ្យការ ដែល​សុទ្ធ​តែ​ជា​សមាជិក​ជាន់​ខ្ពស់​ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រម្លាយ​គណបក្ស​ប្រឆាំង​នេះ ចោល​ទាំង​ស្រុង។

ការ​ចាប់ខ្លួន​លោក កឹម សុខា និង​រម្លាយ​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន និង​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ ១១៨ រូប​ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ក្រោយ​គណបក្ស​កាន់​អំណាច បាន​ថយ​ប្រជាប្រិយ​យ៉ាង​គំហុក ដោយ​បាត់​បង់​អាសនៈ​សភា​ចំនួន ២២ ពោល​គឺ​ថយ​ពី ៩០កៅអី មក​នៅ​ត្រឹម ៦៨ កៅអី នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ២០១៣ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដណ្ដើម​បាន​អាសនៈ​ឃុំ​សង្កាត់​ ៤៨៩ ឬ​ជាប់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ៥.០០៧នាក់ ដែល​បាន​សំឡេង​បោះឆ្នោត​គាំទ្រ​ជាង ៣លាន​នាក់ ឬ​ស្មើនឹង​ពាក់​កណ្ដាល នៃ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត កាល​ពី​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០១៧។

ព្រឹត្តិការណ៍​នៃ​ការ​រម្លាយ​ដៃគូ​ប្រកួត​ចោល​ទាំង​ស្រុង ដោយសារ​តែ​ចាញ់​ប្រជាប្រិយ​គូ​ប្រកួត​នេះ ធ្វើ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៨ ដោយ​ផាត់​បក្ស​ប្រឆាំង​ទាំង​ស្រុង​ចោល។ ប្រការ​នេះ របប​ក្រុង​ភ្នំពេញ រង​ការ​រិះគន់ និង​ដាក់ទណ្ឌកម្ម​ជុំ​ទិស ពី​សហគមន៍​អន្តរជាតិ។ សហរដ្ឋ​អាមេរិក​បាន​កាត់​ផ្ដាច់​ជំនួយ​ទាំង​អស់​សម្រាប់​ប្រទេស​កម្ពុជា លើក​លែង​តែ​ជំនួយ​មនុស្សធម៌ និង​អនុវត្ត​ច្បាប់ ឌឹ គ្លូប៊ល ម៉ែកនីតស្គី អែក​ (the Global Magnitsky Act) ដោយ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​ជាន់​ទឹក​ដី​អាមេរិក ចំពោះ​មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន ចំនួន​បី​នាក់ រួមមាន​លោក ហ៊ីង ប៊ុនហៀង មេកង​អង្គរក្ស​របស់​លោក ហ៊ុន សែន លោក​ គន់ គីម មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​កងខេមរភូមិន្ទ និង​លោក ឧកញ៉ា ទ្រី ភាព ដែល​ជា​ឈ្មួញ​រក​ស៊ី​កាប់​ឈើ​ដ៏​ល្បី និង​ក្រុម​គ្រួសារ​របស់​មន្ត្រី​ពាក់ព័ន្ធ​ទាំង​នេះ មួយ​ចំនួន​ទៀត ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ និង​អំពើ​ពុករលួយ។

ចំណែក​ឯ​សហភាព​អឺរ៉ុប ក៏បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​ ២០% ពី​កម្ពុជា ដោយសារ​តែ​របប​ក្រុងភ្នំពេញ មិន​ព្រម​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ មិន​ត្រឹម​តែ​​មិន​ស្តារ​ស្ថានការណ៍​នេះ​ឡើង​វិញ​ទេ លោក​ ហ៊ុន សែន កាល​ក្នុង​កំឡុង​ពេល​គណៈកម្មការ​អឺរ៉ុប​ទុក​ពេល​ឲ្យ​កែ​ខ្លួន ធ្លាប់​ទាំង​គំរាម​សហភាព​អឺរ៉ុប ថា​បើ​ហ៊ាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា នោះ​លោក​នឹង​បញ្ចប់​ជីវិត​នយោបាយ របស់​ក្រុម​ប្រឆាំង​ឲ្យ​អស់​តែ​ម្ដង៖ «ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​កម្ពុជា មាន​តម្លៃ​ស្មើនឹង​សម្លាប់​បក្ស​ប្រឆាំង​ ខ្ញុំ​មិន​លើកលែង​ឲ្យ​ទេ។ បាន​ជា​ជ្រុល​លេង​គ្នា​ហើយ គឺ​ត្រូវ​តែ​លេង​អ៊‍ីចឹងល្បែង​វា​មាន​ទៅ​មាន​មកបើ​ចង់​ឲ្យ​ពួក​ប្រឆាំង​ងាប់​ អា​ហ្នឹង​កាត់​ទៅ​។ បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់ អា​ហ្នឹង​កុំ​ធ្វើ»

ក៏​ប៉ុន្តែ​សហភាព​អឺរ៉ុប មិន​ធ្វើ​តាម​ការ​សម្លុត​របស់​​លោក ហ៊ុន សែន​ ទេ គឺ​នៅ​តែ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដោយ​សម្អាង​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ ក្នុង​រយៈ​ពេល​ជាង ២ ឆ្នាំ​កន្លង​មក​នេះ នៅ​តែ​មិន​ឃើញ​ស្ដារ​ឲ្យ​ប្រសើរ​ឡើង​វិញ។ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ  ទំនង​​ជា​​ក្រេវ​ក្រោធ​នឹង​​ការ​​ដាក់​ទណ្ឌកម្ម​ របស់​​សហភាព​អឺរ៉ុប​នេះ ទើប​បញ្ជាក់​ការ​សងសឹក ដោយ​ប្ដេជ្ញា​កាត់​ទោស កឹម សុខា ឲ្យ​ខាង​តែ​បាន «ថ្ងៃ​នេះ​ជូន​សារ​ជាក់លាក់​ច្បាស់​លាស់​ ថា​កម្ពុជា​មិន​ថយ​ក្រោយ​លើ​ការ​កាត់​ក្តី ចំពោះ​ជន​ក្បត់​ជាតិ​ ឬ​អ្នក​ដែល​ទទួល​នូវ​ទណ្ឌកម្ម​ទេ។ អ្នក​ឯង​ត្រូវ​តែ​ច្បាស់​ អ្វី​ដែល​អ្នក​ឯង​បាន​ធ្វើ​ អ្នក​ឯង​ត្រូវ​ចាំ​ អ្នក​ឯង​យក​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៣ គឺ​ជា​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ការ​ផ្ដួល​រំលំ។ អ្នក​ឯង​ត្រូវ​តែ​ទទួល​នូវ​ទណ្ឌកម្ម​បែប​នេះ។ គឺ​មិន​អាច​លើក​លែង​ឲ្យ​បាន​ទេ»

សារ​របស់​មេ​ដឹក​នាំ​របប​ឯក​បក្ស ដែល​ហៅ​លោក កឹម សុខា ដែល​ជា​ជន​ជាប់​ចោទ និង​កំពុង​ស្ថិត​ក្នុង​កិច្ច​ដំណើរ​ការ​នីតិវិធី​តុលាការ​ ថា​ជា​ជន​ក្បត់​ជាតិ និង​មិន​អាច​អត់​ឱន​ឲ្យ​បាន​បែបនេះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​អាច​ជម្រះ​មន្ទិល និង​ការ​រិះគន់ ដែល​ថា​តុលាការ​កម្ពុជា​គ្មាន​ឯករាជ្យ និង​ជា​ឧបករណ៍​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បក្ស​ប្រឆាំង​នោះ​ទេ។

មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការ អាដហុក ដែល​តាម​ដំណើរ​ការ​ក្តី​លោក កឹម សុខា និង​សំណុំរឿង​នយោបាយ​ដទៃ​ទៀត គឺ​លោក ស៊ឹង សែនករុណ សង្កេត​ឃើញ​ថា សារ​នយោបាយ​របស់​លោក ហ៊ុន សែន បែប​ម៉េច សេចក្ដី​សម្រេច​របស់​តុលាការ​ តែងតែ​ចេញ​បែប​នោះ​ដែរ។ លោក​យល់​ថា ករណី​លោក កឹម សុខា គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​ការ​យក​ប្រព័ន្ធ​តុលាការ​ ទៅកាត់​ទោស​ករណី​នយោបាយ គឺ​ជា​រឿង​មិន​គប្បី​មួយ ដែល​គួរ​ចៀសវាង។ លោក​បន្ថែម​ថា កន្លង​មក​ជម្លោះ​នយោបាយ មិន​ថា​មាន​ទំហំ​ធំ​ប៉ុន​ណា គឺ​មាន​តែ​អ្នក​នយោបាយ​ ជជែក​គ្នា​ប៉ុណ្ណោះ​ ដែល​អា​ចរក​ដំណោះស្រាយ​បាន។ លោក ស៊ឹង សែន​ករុណ ថា ការ​កាត់​ក្ដី​អ្នក​នយោបាយ ដូច​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​បែប​នេះ គួរ​តែ​ទុកឲ្យ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត ជា​អ្នក​កាត់​ក្ដី តាម​រយៈ​ការ​បោះ​ឆ្នោត​វិញ ទើប​ត្រឹមត្រូវ៖ «អ្នក​ណា​ក៏​ដឹង​ដែរ ថា​តុលាការ​យើង​ ត្រូវ​បាន​រិះគន់​ជាច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​អំពី​ភាព​ឯករាជ្យ​របស់​តុលាការ​ហ្នឹង។ អ៊‍ីចឹងខ្ញុំ​នៅ​តែ​ទទូច​​ឲ្យ​អ្នក​នយោបាយ ធ្វើ​យ៉ាង​ណា​សម្រប​សម្រួល​ផ្នែក​នយោបាយ​ ដើម្បី​ផល​ប្រយោជន៍​ជាតិ ជាជាង​ការ​បន្ត​សវនាការ​ ឬ​បើ​បន្ត​ក៏​បន្ត​ទៅចុះ តែ​អាច​ពន្លឿន​ឲ្យ​ឆាប់ ដោយ​ធ្វើ​យ៉ាង​ណា​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​កម្ពុជា​យើង​ កុំ​ឲ្យ​មាន​ស្ថានភាព​តាន​តឹង​បែប​ហ្នឹង​ទៀត»

ចំណែក​លោក កឹម សុខា វិញ​ នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ​ថា លោក​ នៅតែ​ប្រកាន់​គោលការណ៍​អហិង្សា និង​មិន​ធ្វើ​បដិវត្តន៍​នោះ​ទេ។ លោក​ថា ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ដែល​លោក​ចង់​បាន គឺ​ការ​ផ្លាស់​ប្ដូរ​ដោយ​សន្តិវិធី តាម​រយៈ​ការ​បោះ​ឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ដំណើរ​ការ​ក្ដី​ក្នុង​សំណុំ​រឿង​លោក កឹម សុខា នេះ រំកិល​លឿន​ទៅ​មុខ​ភ្លាមៗ យ៉ាង​តក់ក្រហល់ នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​គណៈកម្មការ​អឺរ៉ុប ចេញ​សម្រេច​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ នៅ​មុន​នេះ សំណុំ​រឿង​នេះ នៅ​គាំង​ទ្រឹង​អស់​រយៈ​ពេល​ជាង ២ ឆ្នាំ​ដោយ​គ្មាន​ចំណាត់​ការ​អ្វី ជា​ដុំ​កំភួន​នោះ​ឡើយ។

ឥឡូវ​នេះ គណៈកម្មការ​អឺរ៉ុប ទុក​ឱកាស​ឲ្យ​របប​ក្រុង​ភ្នំពេញ រហូត​ដល់​ខែ​សីហា ឆ្នាំ២០២០ ដើម្បី​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ រួម​ទាំង​ករណី​លោក កឹម សុខា នេះ​ផង ដើម្បី​ជា​ថ្នូរ​នឹង​ការ​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំង​ស្រុង​ឡើង​វិញ។

លោក ស៊ឹង សែនករុណ ថា របប​ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ ក្នុង​ការ​ស្ដារ​ស្ថានភាព​អាក្រក់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles