លោក​ កឹម​ សុខា​ នឹង​មិន​ធ្វើការ​ជាមួយ​បុគ្គល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​បដិវត្តន៍​

តុលាការ និងច្បាប់ | នយោបាយ | សង្គម
លោក សូត សុខប្រាថ្នា | ២៧ កុម្ភៈ ២០២០ | ម៉ោង ១១:៤០ ព្រឹក
VOD

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)


អតីតប្រធានគណបក្សសង្រ្គោះជាតិ​តាមរយៈមេធាវីការពារក្តីរបស់ខ្លួន​បានអះអាងថា លោកនៅតែប្រកាន់គោលការណ៍អហិង្សា មិនធ្វើបដិវត្តន៍ ហើយការផ្លាស់ប្តូរដែលលោកចង់បានគឺតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌។

​តាមរយៈមេធាវីការពាររបស់លោក កឹម សុខា មួយរូបគឺលោកស្រី ម៉េង សុភារី ​បានបង្ហោះនៅលើគណនីហ្វេសប៊ុក​របស់ខ្លួនកាលពីថ្ងៃម្សិលមិញថា កូនក្តីរបស់អ្នកស្រីរូបនេះ បញ្ជាក់ថា ការផ្លាស់ប្តូរខុសពីការផ្តួលរំលំ ហើយនរណាដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលតាមរយៈការប្រើហិង្សា ឬបដិវត្តន៍ពណ៌ត្រូវចេញឱ្យឆ្ងាយពីលោក ហើយលោកក៏មិនសេពគប់ទេ។

លោក កឹម សុខា បានឱ្យដឹងតាមរយៈមេធាវីដដែលថា ប្រសិនបើលោកមានសិទ្ធិធ្វើនយោបាយ លោកនឹងមិនធ្វើការងារជាមួយបុគ្គលណាដែលដើរផ្លូវហិង្សា ឬធ្វើបដិវត្តន៍​ផ្តួលរំលំរដ្ឋាភិបាល​នោះដែរ។ ​

អ្នកស្រី សរសេរថា៖ «បើបុគ្គលណាដែលដើរផ្លូវនេះ ខ្ញុំមិនធ្វើការជាមួយទេ បើសិនខ្ញុំមានសិទ្ធិធ្វើនយោបាយ»។

អ្នកស្រី ម៉េង សុភារី អះអាងថា ការលើកឡើងរបស់កូនក្តីខ្លួនទាំងនេះ ជាការឆ្លើយតបរបស់លោក កឹម សុខា ទៅនឹងសំនួររបស់មេធាវីដើមបណ្តឹងក្នុងសវនាការ កាលពីរសៀលថ្ងៃពុធម្សិលមិញ។

កាលពីថ្ងៃចន្ទក្នុងពិធីថ្លែងសារពិសេសមួយពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ លោកនាយករដ្ឋមន្ត្រីអះអាង​ថា​នឹងមិនយកអធិបតេយ្យភាពរបស់កម្ពុជាទៅដោះដូរភាពអនុគ្រោះពន្ធ EBA ២០ភាគរយ ហើយក៏គ្មានការចរចាដោះដូរអ្នកនយោបាយកំពុងកាត់ក្តី ដោយទំនងសំដៅលើលោក កឹម សុខា ដើម្បីឱ្យអឺរ៉ុបផ្តល់ភាពអនុគ្រោះពន្ធឱ្យកម្ពុជាវិញនោះដែរ។ ​

​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​ចាប់​ខ្លួន​ដាក់​ឃុំ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​ មុន​នឹង​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ចុង​ឆ្នាំ​មុន​នោះ កំពុង​ស្ថិត​ក្រោម​ដំណើរការ​ជំនុំ​ជម្រះ​ពី​សំណាក់​តុលាការ​រាជ​ធានី​ភ្នំពេញ​ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​កន្លង​មក។

ដំណើរការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​«សន្ទិដ្ឋិភាពជាមួយបរទេស ឬបទត្រូវរ៉ូវជាសម្ងាត់ជាមួយបរទេស»​ ដែល​ត្រូវ​បាន​ចោទ​ទៅ​លើអតីត​មេ​បក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​មន្ត្រី​តុលាការ​រាជ​ធានី​ភ្នំពេញ​ បញ្ជាក់​កាល​ពី​ខែ​មករា​កន្លង​មក​ថា អាច​មាន​រយៈ​ពេល​ដល់​ទៅ ៣​ខែ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក​ កឹម​ សុខា​ នឹង​មិន​ធ្វើការ​ជាមួយ​បុគ្គល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​បដិវត្តន៍​"

  1. Anonymous says:

    Mr so-kha’ you live in the cage of Veitcong mafia dictator ‘you must follow mafia law’ When you popular ‘you are scare mafia dictator and his groups that why they accused you without anything wrong ‘ .Hope you get out from this mafia law’ and bring peace to khmer people’ God bless you mr So kha’