ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ព្រម​ស្បថ​ជាមួយ​លោក ហ៊ុន សែន ករណី​សង្ស័យ​លាក់​ព័ត៌មាន​ជំងឺ​កូវីដ១៩

ដោយ ម៉ៅ សុធានី
2020-03-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​អ្នក​ដំណើរ​បរទេស ចុះ​ពី​លើ​កប៉ាល់ Westerdam ពេល​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​អ្នក​ដំណើរ​បរទេស ចុះ​ពី​លើ​កប៉ាល់ Westerdam ពេល​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ប្រជាពលរដ្ឋ​មួយ​ចំនួន​ប្រតិកម្ម​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​យល់ព្រម​ស្បថ​ដាក់​ជីវិត​ជាមួយ​លោក ដែល​បាន​អំពាវនាវ​ដល់​ជន​ទាំងឡាយ​ដែល​សង្ស័យ​ថា រដ្ឋាភិបាល​បិទបាំង​ព័ត៌មាន​អំពី​អ្នក​ឆ្លង​ជំងឺ ​កូវីដ-១៩ ​នៅ​កម្ពុជា​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា បញ្ហា​នេះ​ដោយសារតែ​ប្រជាពលរដ្ឋ​មិន​ទុកចិត្ត​ការ​ផ្ដល់​ព័ត៌មាន​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​មិនទាន់​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​។​

ភ្លាមៗ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ស្វែងរក​ឱ្យ​អ្នក​ចេញមុខ​ស្បថ​ជាមួយ​លោក​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ ​កូវីដ-១៩ ​នោះ ស្រាប់តែ​អ្នកលេង​ហ្វេសប៊ុក​ខ្លះ​បាន​បង្ហោះ​សារ​យល់ព្រម​ស្បថ​ជាមួយ​លោក ហ៊ុន សែន។

ប្រជាពលរដ្ឋ​ម្នាក់ ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស លោក សុន សីហា ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា​ថា បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ប្រកាស​បបួល​ស្បថស្បែ​យ៉ាង​នេះ​ក្ដី ក៏​លោក​នៅតែ​មិន​ជឿ​ព័ត៌មាន​របស់​រដ្ឋាភិបាល​ដែល​បង្ហាញ​អ្នក​ឆ្លង​ជំងឺ​ កូវីដ-១៩ ដដែល​។ ពលរដ្ឋ​រូប​នេះ បន្ថែម ថា លោក​ហ៊ាន​ស្បថ​ឱ្យ​រន្ទះបាញ់ ឬ​ដាក់​ជីវិត​ជាមួយ​លោក ហ៊ុន សែន ប្រសិនបើ​អ្នកជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ មានតែ ៧​ករណី​កើតឡើង​នៅ​កម្ពុជា​នោះ​។ ប៉ុន្តែ​លោក​ថា លោក​សំណូមពរ​ដល់​មេដឹកនាំ​រូប​នេះ​ថា ត្រូវតែ​យក​ឧបករណ៍​ការពារ​រន្ទះ​ចេញ​ពី​ផ្ទះ​នឹង​រថយន្ត​របស់​ខ្លួន ដើម្បី​ឱ្យ​ស្មើភាព​គ្នា​ផ្នែក​ខាង​អប្បិយ​ជំនឿ៖ «ប៉ុន្តែ​បើ​វត្ថុ​ស័ក្ដិសិទ្ធិ​មាន​មែន ខ្ញុំ​ជឿ​លោក ហ៊ុន សែន អាច​រន្ទះបាញ់​ឬក៏​ស្លាប់​យ៉ាង​វេទនា ដោយសារតែ​គាត់​មិន​គោរព​តាម​ពាក្យសន្យា ដែល​បាន​ស្បថ​បំពាន​។​ព្រោះ​ខ្ញុំ​ជឿ​ថា របប​ហ្នឹង​លាក់បាំង​ព័ត៌មាន​ពិតប្រាកដ​មែន អីចឹង​ខ្ញុំ​មិន​ខ្លាច​អីហ្នឹង​ការ​ស្បថ​ទេ ពី​ព្រោះ​លោក ហ៊ុន សែន មិនដែល​ធ្វើតាម​ពាក្យ​សម្បថ​និង​គោរព​ពាក្យសន្យា​ទេ ព្រោះ​កន្លង​មក​គាត់​បាន​ផឹក​ទឹក​សម្បថ​មុន​ពេល​ចូលកាន់​តំណែង​អីហ្នឹង តែ​គាត់​មិនដែល​ធ្វើតាម​ពាក្យ​ស្បថ​នោះ​ម្ដងណា​ទេ។ គាត់​ផឹក​ទឹក​សម្បថ​ហើយ ធ្វើបាប​ប្រជាពលរដ្ឋ​មិន​គោរព​សិទ្ធិមនុស្ស គ្មាន​ប្រជាធិបតេយ្យ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់ទៀត ថ្លែង​ថា លោក ហ៊ុន សែន អាច​នឹង​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រសិន​លោក​នៅតែ​ហ៊ាន​ស្បថ​ថា មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ កើត​នៅ​លើ​ទឹកដី​ខ្មែរ​ត្រឹមតែ​ចំនួន ៧​នាក់​នោះ​។ ពលរដ្ឋ​រូប​នេះ​ក៏​ស្បថ​ដាក់​អាយុជីវិត​ជាមួយ​លោក ហ៊ុន សែន ដែរ ហើយ​លោក​សុំ​ឱ្យ​វត្ថុ​ស័ក្ដិសិទ្ធិ ដូចជា លោកតា​ដំបង​ក្រញូង លោកតា​ឃ្លាំងមឿង និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​នៅ​កម្ពុជា​ជួយ​ធ្វើ​សាក្សី និង​ដាក់ទោស ចំពោះ​អ្នក​ដែល​ស្បថ​បំពាន​លើ​រឿង​នេះ៖ «ខ្ញុំ​ចង់​ឱ្យ​លោក​ ហ៊ុន សែន បង្ហាញ​ការពិត ព្រោះ​រឿង​អីចឹង​ប្រទេស​គេ​កើត​មួយ​គេ​បញ្ចេញ​មួយ ដូច​ថៃ​ជាដើម គេ​មួយ​បញ្ចេញ​មួយ​ហើយ​សាមី​ខ្លួន​គេ​ចេញ​មក​បកស្រាយ​ឱ្យ​យើង​ចេះ​ការពារ​ខ្លួន។ បើ​ប្រជាពលរដ្ឋ​ដឹង​ចេះតែ​ការពារ​ទៅ តែ​បើ​ចេះតែ​លាក់បាំង​ដល់ពេល​ឆ្លង​អី​ហើយ​បាត់​ស្ងាត់​ជ្រាប​ទៅ ដូច​តែ​កើតមក​ខ្យល់គរ តែ​ខ្យល់គរ​ចេញ​មក​វិញ​ឬ​មិន​ចេញ​អី​ក៏​មិន​ឃើញ​សាមីខ្លួន​ដែល​ដួល​ខ្យល់គរ​ហ្នឹង​ទៅដល់​ណា»។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​បបួល​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​របស់​លោក ព្យាយាម​លាក់បាំង​ព័ត៌មាន​អំពី​អ្នក​កើត​ជំងឺ​ កូវីដ​១៩ ដោយ​ស្បថ​ឱ្យ​រន្ទះបាញ់ កាលពី​ថ្ងៃ​ទី​១៤ មីនា។

ថ្លែង​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​នៅ​ទី​រួម​ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ថ្ងៃ​ទី​១៤ មីនា លោក ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​មិន​បាន​លាក់បាំង​ព័ត៌មាន​អ្នក​ឆ្លង​ជំងឺ​ កូវីដ​១៩ ​នោះ​ទេ។ លោក​បាន​ថ្លែង​ថា តើ​អ្នកឯង​ហ៊ាន​ស្បថ​ទេ បើ​ថា​កម្ពុជា​លាក់បាំង​ព័ត៌មាន​អំពី​ជំងឺ​ផ្លូវ​មេរោគ​ដង្ហើម​នេះ៖ «ហើយ​ខ្ញុំ​គិត​ថា​នៅ​ទីនេះ​ជា​តំបន់​ស័ក្ដិសិទ្ធិ​ៗ ច្បាប់​ជា​គេ​មិន​ហ៊ាន​ស្បថ​ទេ។ បើសិន​អ្នកណា​ហ៊ាន​ស្បថ​បង្ហោះ​តាម​ហ្វេ​សប៊ុកមក ដើម្បី​ស្បថ​ដាក់​ជីវិត​តែម្ដង បើ​គ្រាន់តែ​ផ្ចាញ់ផ្ចាល ខ្ញុំ​សូម​ជម្រាប​ដល់​អស់​លោក​អ្នក​ថា កម្ពុជា​ពេលនេះ​រាប់ទាំង​ការ​ព្យាបាល​ជា​ទើប​តែ​មាន​៧​ករណី​ទេ។ ប៉ុន្តែ​សម្រាប់​ពួក​អ្នក​ឯង​វិញ​បាន​ដើរ​ដល់​កាំជណ្ដើរ​ផ្ទះ​ទៅ​ហើយ ព្រោះ​ឆ្លង​រាប់​ពាន់​នាក់ ស្លាប់​រាប់​រយ​នាក់ ឬ​រាប់​សិប​នាក់​នៅ​ក្នុង​ប្រទេស​ដែល​អ្នកឯង​កំពុង​ស្នាក់​នៅ​ទៅ​ហើយ ដូច្នេះ​សូម​អ្នក​ឯង​គួរ​គិត​គួរ​ខ្លួន​អ្នកឯង​ជាជាង​បំពុល​ព័ត៌មាន»។

ហ្វេសប៊ុក​ឈ្មោះ រុន ចាន្ធី (Ron Chanthy) មាន​គ្នា ៦​នាក់ ឈរ​ថតរូប​ស្បថ​ជុំ​គ្នា​បង្ហោះ​ឌឺដង​ទៅលើ​ ហ៊ុន សែន ថា ពួកគេ​ជា​យុវជន​សង្គ្រោះ​ជាតិ រួមមាន​លោក នាង សុឃុន លោក រុន ចន្ធី លោក ករុណា ពៅ លោក រិន រដ្ឋ លោក វឿង សំណាង រស់ ដូនី សូម​ប្រកាស​ស្បថ​ជាមួយ​លោក ហ៊ុន សែន ទាក់ទង​ការ​លាក់បាំង​ព័ត៌មាន​រឿង​មេរោគ​ឆ្លង​កូរ៉ូណា Covid-១៩ ដែល​បណ្ដោយ​ឱ្យ​រីក​រាលដាល​ក្នុង​ប្រទេស​។ យុវជន​ទាំងនោះ​លើកឡើង​ថា លោក ហ៊ុន សែន បាន​លាក់បាំង​ព័ត៌មាន​យ៉ាង​ពិត​ប្រាកដ​មែន​។ ពួកគាត់​បួងសួង​ដល់​វត្ថុ​សក្ដិ​សិទ្ធិ​ក្នុង​លោក​យាង​ទៅ​កាច់​បំបាក់​ករ​អ្នក​ដែល​និយាយ​មិន​ពិត​ភូតភរ​បោកប្រាស់ សូម​ឱ្យ​ទេវតា​ដាក់ទោស​នៅ​ពេល​ធ្វើដំណើរ​សូម​ឱ្យ​ក្រឡាប់​ឡាន ហើយ​ពេល​ជិះ​យន្តហោះ​សូម​ឱ្យ​រន្ទះបាញ់​ធ្លាក់​ចុះ​ជាដើម​។ ប្រភព​ដដែល​អះអាង​ថា ហ៊ាន​ចេញមុខ​ដើម្បី​សេចក្ដី​សុខ​របស់​ពលរដ្ឋ​ខ្មែរ និង​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ការ​ស្បថ​នេះ​ទៀត​ផង។

ទាក់ទង​បញ្ហា​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់ថា ការ​ស្បថ​ស្បែ​នេះ គ្រាន់តែ​ជា​អប្បិយ​ជំនឿ គឺ​មិន​អាច​ជួយ​អ្វី​ដល់​ពលរដ្ឋ​ខ្មែរ​បានទេ​ពីព្រោះ​ជំងឺ ​កូ​វិត​១៩ កំពុង​រាតត្បាត​ខ្លាំង​នៅ​លើ​ពិភពលោក មិនទាន់​រក​ថ្នាំ​ព្យាបាល​នៅឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​មិន​ជឿជាក់​លើ​ការ​ផ្ដល់​របស់​រដ្ឋាភិបាល​កន្លងមក ទំនង​ដោយសារ​ពួកគេ​ឃើញ​មនុស្ស​ដួល​សន្លប់​ខុស​ប្រក្រតី​ជាច្រើន​កន្លែង ហើយ​អាជ្ញាធរ​ហាក់​ផ្ដល់​ព័ត៌មាន​មិន​ច្បាស់លាស់ ជុំវិញ​ពី​ការ​ឆ្លង​ជំងឺ​ កូវីដ-១៩៖ «វិធាន​របស់​រដ្ឋ​ដែល​ចាត់​ធ្វើឡើង​ព័ត៌មាន​នេះ​ជា​រឿង​សំខាន់ ប៉ុន្តែ​ជាទូទៅ​យើង​ឃើញ​ថា រដ្ឋ​ក៏បាន​ចាត់វិធានការ​ដែរ ដូចជា​បាន​បិទ​សាលារៀន​នៅ​ភ្នំពេញ​នេះ​ក៏​ជា​វិធានការ​មួយ​ដែរ។ ប៉ុន្តែ​ពាក់ព័ន្ធ​ព័ត៌មាន​ធ្វើ​បច្ចុប្បន្នភាព​ឧបមា​ថា ឈ្មោះ​មានផ្ទះ​មេរោគ​ហ្នឹង​ថា​តើ​គាត់​មាន​ទំនាក់​ទង​ជាមួយ​អ្នក​ណាខ្លះ​។ អីចឹង​យើង​ត្រូវតែ​បង្ហាញ​គាត់​ដែរ​បុរស​ហ្នឹង​ទៅ​កន្លែង​នេះ​កន្លែង​នោះ ឬ​គាត់​មាន​ទំនាក់ទំនង​ជាមួយ​អ្នកនេះ​អ្នកនោះ។ អីចឹង​ព័ត៌មាន​នៃ​ដំណើរ​របស់​គាត់​តាំងពី​ពេល​គាត់​មក​ដល់​កម្ពុជា​រហូត​ដល់​អាជ្ញាធរ​មានការ​ត្រួតពិនិត្យ​រោគសញ្ញា​ហ្នឹង​បាទ»។

លោក យង់ គិមអេង បន្ត​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​បាន​អំពី​រឿង​នេះ រដ្ឋាភិបាល​គួរតែ​ផ្ដល់​ព័ត៌មាន​ជំងឺ​កូវីដ១៩ ឱ្យ​ពលរដ្ឋ​អាច​ជឿ​ទុកចិត្ត ដូចជា មាន​មន្ត្រី​ប្រចាំការ​ត្រួតពិនិត្យ​កម្ដៅ​នៅ​ច្រក​ព្រំដែន​ប្រទេស​ជាប់​កម្ពុជា អាកាសយានដ្ឋាន​អន្តរជាតិ និង​តាមដាន​បរទេស​ទាំងឡាយ ដែល​ទើប​ចូល​មក​កម្ពុជា ក្នុង​អំឡុងពេល​ជំងឺ​នេះ​កំពុងតែ​រាតត្បាត ហើយ​ត្រូវ​ផ្ដល់​ព័ត៌មាន​រឿង​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដឹង និង​នាំគ្នា​មានការ​ប្រុង​ប្រយ័ត​កុំ​ឆ្លង​ជំងឺ​នេះ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles