លោក អ៊ូច ឡេង និង​សកម្មជន​បរិស្ថាន​៣​នាក់​ទៀត ​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ​

កម្ពុជា ព្រៃឈើ
15/03/2020 – 08:53
ដោយ៖ សឿង ភារៈ
RFI

​លោក អ៊ូច ឡេង ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា
​លោក អ៊ូច ឡេង ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា @សហការី

លោក​ អ៊ូច ឡេង ដែល​ជា​ម្ចាស់​ពាន​រង្វាន់​វីរៈជន​បរិស្ថាន និង​សកម្មជន​បរិស្ថាន និង​ព្រៃ​ឈើ​៣​នាក់​ទៀត ត្រូវ​បាន​នគរបាល​ខេត្ត​ក្រចេះ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​។ ការ​បញ្ជូន​ខ្លួន​លោក​ទៅ​កាន់​សាលា​ដំបូង​ ធ្វើ​ឡើង​បន្ទាប់​ពី​រួប​លោក​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​ឯក​ជន​មួយ​ធ្វើ​ការ​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​កាន់​សមត្ថកិច្ច​​។

លោក ទឹម ម៉ាឡៃ ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN)​ បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ខេត្ត​ក្រចេះ​មក​ថា លោក អ៊ូច ឡេង និង​សកម្មជន​បរិស្ថាន​៣នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​នៅ​ម៉ោង​៨ព្រឹក ថ្ងៃទី១៥ ខែ​មីនា​នេះ។ លោក​បន្ថែម​ថា គិត​ត្រឹម​ថ្ងៃ​ត្រង់​នេះ​ មិន​ទាន់​ឃើញ​មាន​ការ​ចោទ​ប្រកាន់​មក​លើ​សកម្មជន​បរិស្ថាន និង​ព្រៃ​ឈើ​ទាំង​៤នាក់​នេះ​នៅ​ឡើយ​ទេ​។

ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​រូប​នេះ​មាន​សុទិដ្ឋិនិយម​ថា​អ្នក​ទាំង​៤​មិន​មាន​កំហុស ហើយ​លោក​ជឿង​ថា​នឹង​មាន​ការ​ដោះលែង​ពួក​គាត់​នៅ​ពេល​នេះ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ ដែល​នីតិវិធី​សាកសួរ​ពួក​គាត់​ត្រូវ​បញ្ចប់​។

នៅ​ព្រឹក​ថ្ងៃទី១៥ ខែ​មីនា​ នេះ​ដែរ  ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន ប្រមាណ​១៥​នាក់ ក៏​បាន​ជួប​ជុំ​នៅ​មុខ​សាលាដំបូង​ខេត្ត​ក្រចេះ ដើម្បី​ទាមទារ​អោយ​តុលាការ​ខេត្ត​នេះ​ធ្វើ​ការ​ដោះ​លែង​លោក អ៊ូច ឡេង រួម​និង​សកម្មជន​បរិស្ថាន និង​ព្រៃ​ឈើ៣ រូប​ផ្សេង​ទៀត​។


វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាច​ទាក់ទង​សុំការ​បំភ្លឺ ពី​សាលា​ដំបូង​ និង​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ​បាន​ទេ​នៅ​ថ្ងៃទី​១៥ ខែ​មីនា​នេះ​។

កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែ​មីនា លោក អ៊ូច ឡេង ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស​សិទិ្ធ​មនុស្ស​កម្ពុជា និង​ជាម្ចាស់​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និង​លោក ស្រី ថី ដែល​ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់, និង​លោក មេន ម៉ាត់ សកម្មជន​បរិស្ថាន ត្រូវ​បាន​សន្តិសុខ​ របស់​ ក្រុមហ៊ុន​ស៊ីង​បាយ​អូថេក ឃាត់​ខ្លួន​និង នាំ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​នៅ​ចំណុច​ដំបូក​ស ភូមិ​រមួល ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ មុន​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​សំបូរ និង​ស្នង​ការ​ខេត្ត​។ នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​កាល​ពីថ្ងៃទី​១៤ ខែ​មីនា របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម ២៤​ស្ថាប័ន​។

មុន​ពេល​កើត​ហេតុ ​គឺ​នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២០ អ្នក​ទាំង​៤ នាក់​ខាង​លើ​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ទៅ​ឃ្លាំ​មើល ​និង​ស៊ើប​អង្កេត​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​ក្រចេះ។​ លុះ​ដល់​ពេល​ល្ងាច ពួក​គេ​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​ផ្ទះ​របស់​ពលរដ្ឋ ដែល​ស្ថិត​នៅ​ចំនុច​ដំបូក​ស ភូមិ​រមួល ឃុំ​កំពង់ចាម ​ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​ជាប់​របង​ក្រុម​ហ៊ុន​ស៊ីង​បាយ​អូថេក​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម ២៤ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​ថ្កោល​ទោស​ចំពោះ ក្រុម​ហ៊ុនស៊ីង​បាយ​អូថេក (ខេមបូឌា) ខូអិលធីឌី (Think Biotech Co., Ltd) ដែល​បាន​ប្រើ​កង​កម្លាំង​សន្តិសុខ​ដោយ​មិន​សម​ហេតុ​ផល​ក្នុង​​ការ​ឃាត់​ខ្លួន​សកម្មជន​បរិស្ថាន​និង​ព្រៃ​ឈើ​ចំនួន​៤​នាក់​៕

What Next?

Recent Articles

Leave a Reply

Submit Comment