អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៤ ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​សកម្មជន​ព្រៃឈើ​លោក អ៊ូច ឡេង

ដោយ ហេង រស្មី
2020-03-15
RFA

​លោក អ៊ូច ឡេង (ឆ្វេង) ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ជាមួយ​សកម្មជនការពារព្រៃឈើ។

​លោក អ៊ូច ឡេង (ឆ្វេង) ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ជាមួយ​សកម្មជនការពារព្រៃឈើ។ Photo Provided


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​២៤ បាន​ថ្កោលទោស​ចំពោះ​កង​កំលាំង​សន្តិសុខ​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Co.,Ltd) បាន​ចាប់​ឃាត់ខ្លួន​លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize។ អង្គការ​ទាំងនោះ​យល់​ថា ជា​ទង្វើ​របស់​ក្រុមហ៊ុន ជា​ទង្វើ​ខុសច្បាប់ និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​សកម្មជន​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ទាំង​នោះ​បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក អ៊ូច ឡេង និង សកម្មជន​បរិស្ថាន​ចំនួន​៣ នាក់​ផ្សេងទៀត​គឺ​ផ្ទុយ​ទៅ​នឹង​នីតិវិធី​ក្រមព្រហ្មទណ្ឌ​ហើយ​ក្រុមហ៊ុន ស៊ីង បាយអូថេក ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើតមានឡើង​ពី​សំណាក់​កម្មករ​របស់​ក្រុមហ៊ុន​មក​លើ​លោក មេន ម៉ាក់ នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន នៅ​មុន​ពេល​បញ្ជូន​ពួកគេ​ទៅ​នគរបាល​នៃ​អធិការដ្ឋាន ស្រុក​សំបូរ ខេត្ត​ក្រចេះ។

លោក អ៊ូច ឡេង និង​សកម្មជន​បរិស្ថាន​ចំនួន ៣​នាក់ ផ្សេងទៀត​ត្រូវ​បាន​សន្តិសុខ​របស់ ក្រុមហ៊ុន ស៊ីង បាអូថេក ឃាត់ខ្លួន និង​នាំចូល​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​នៅ​ចំណុច​ដំបូក​ស ភូមិ​រមួល ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ នៅ​វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក នា​ថ្ងៃ​ទី​១៣ ខែ​មីនា។

ពួកគេ​ត្រូវ​បាន​ក្រុមហ៊ុន​សាកសួរ និង​មិន​អនុញ្ញាត​ឱ្យ​ចេញពី​ទីតាំង​ក្រុមហ៊ុន ចាប់​តាំង​ពី​ម៉ោង ៩​ព្រឹក ដោយ​មិន​ទទួល​បាន​ដំណឹង​អ្វី​ទាល់តែសោះ រហូតដល់​ម៉ោង​ប្រមាណ ៤ រសៀល​ល្ងាច​ថ្ងៃ​ដដែល ទើប​មាន​ដំណឹង​ថា ពួកគេ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រគល់​ជូន​នគរបាល​ស្រុក​សំបូរ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​២៤ បាន​ទទួល​ស្គាល់​នឹង​កោត​សរសើរ​ចំពោះ​លោក អ៊ូច ឡេង និង​សកម្មជន​បរិស្ថាន​បី​នាក់​ផ្សេង​ទៀត​ថា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​បុព្វហេតុ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ជា​សកល និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព។

អាស៊ីសេរី​មិនអាច​ទាក់ទង​លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ទេ កាលពី​ថ្ងៃ​ទី​១៤ មីនា។

​សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ចុះ​ឃ្លាំមើល​រឿង​នេះ ឱ្យ​ដឹង​ថា លោក អ៊ូច ឡេង និង សហគមន៍​ព្រៃឡង់ ៣​នាក់​ទៀត គឺ​លោក ខេម សុឃី លោក ស្រី ថី និង​លោក មេន ម៉ាត់ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ក្រចេះ លោក ជា សុ័ភក្ត្រ ធ្វើការ​សាកសួរ​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃ​ទី ១៤ ខែ​មីនា នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ខេត្ត​ក្រចេះ។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) ដែល​ចុះ​ឃ្លាំមើល​រឿង​នេះ គឺ​លោក លោក សឹង សែនករុណា យល់ថា សកម្មភាព​អ្នក​ទាំង ៤​នាក់​នោះ គឺ​ក្នុង​បំណង​បុព្វហេតុ​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ។ លោក​ថា សកម្ម​របស់​សកម្មជន​ទាំងនោះ ពុំ​មាន​អ្វី​ខុសច្បាប់​ទេ ហើយ​ការ​ឃាត់ខ្លួន​ពួកគេ ពី​សំណាក់​កង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក គឺជា​រឿង​មិន​ត្រឹមត្រូវ​តាមច្បាប់​។ លោក​ថា ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន ស៊ីង បាយអូថេក បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​មាន​វិធានការ​ច្បាប់ និង​ត្រូវ​ស៊ើបអង្កេត​រកមុខ​កង​សន្តិសុខ​ក្រុមហ៊ុន ដែល​ប្រើ​ហិង្សា​លើ​សហគមន៍​ព្រៃ​ឡង់​ម្នាក់ ឱ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់​៖ «ពួកគាត់​ខិតខំ​ប្រមូល​ព័ត៌មាន អំពី​ការបំផ្លាញ​ព្រៃឈើ​បែរជា​មិន​មាន​ការ​យក​ចិត្តទុកដាក់ និង​លើកទឹកចិត្ត​ទេ ហើយ​បែរជា​មានការ​ចាត់​វិធានការ​បែប​ហ្នឹង ហើយ​យើង​ដឹង​ហើយ​ថា ឆន្ទៈ​របស់​ប្រមុខ​រដ្ឋាភិបាល តែងតែ​លើកឡើង​ថា មាន​ឆន្ទៈ​ការពារ​បរិស្ថាន និង​មាន​ឆន្ទៈ មិន​ចង់​ឱ្យ​មាន​ការបំផ្លាញ​ព្រៃឈើ​ទេ ប៉ុន្តែ​យើង​មិន​យល់​ដែរ ចំពោះ​សកម្មភាព​អ្នក​ទាំងអស់​នេះ គាត់​បាន​ធ្វើឡើង​ក្នុង​ន័យ​បុព្វហេតុ ការពារ​នូវ​ព្រៃឈើ​ដែល​ជា​សម្បត្តិ​របស់​ប្រទេសជាតិ​យើង​ហ្នឹង ហើយ​បែរជា​មានការ​ចាត់​វិធានការ​អ៊ីចឹង​ទៅវិញ»។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា (CYN) ដែល​ចុះ​អង្កេត​រឿងនេះ គឺ​លោក ទឹម ម៉ាឡៃ មានប្រសាសន៍ថា បើ​អ្នកការពារ​ព្រៃឈើ ត្រូវ​បាន​ចាប់ខ្លួន ធ្វើទុក្ខបុកម្នេញ​ដូច្នេះ ក្នុងនាម​ជា​ពលរដ្ឋ យុវជន និង អង្គការ​សង្គម​ស៊ីវិល ចាំបាច់​ត្រូវ​តាមដាន និង​ឃ្លាំមើល ដើម្បី​ជំរុញឱ្យមាន​យុត្តិធម៌​ក្នុង​រឿងនេះ​។ លោក​សង្កេតឃើញថា អ្នក​ទាំង​បួន​នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន​នោះ មិនបាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ​។ ផ្ទុយទៅវិញ ពួកគេ​បាន​លះបង់​ពេលវេលា និង​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ គួរតែ​ត្រូវ​បាន​ទទួល​ការ​លើកទឹកចិត្ត​៖ «នៅ​ក្នុង​ចលនា​សង្គម ដែល​ជា​សង្គម​ប្រជាធិបតេយ្យ​យើង​ឃើញ​ថា អ្នក​ដែល​ស្រឡាញ់​សង្គម យើង​ត្រូវ​មាន​ការ​គាំទ្រ និង​លើកទឹកចិត្ត​បន្ត​ធ្វើ​ការងារ​ជាមួយ​ពួកគាត់ ដើម្បី​ជួយ​កំណែ​ប្រទេសជាតិ​នេះ ឱ្យ​កាន់តែ​ល្អ​ប្រសើរ ហើយ​ប្រសិនជា អ្នកការពារ​សិទ្ធិមនុស្ស ការពារ​ធនធានធម្មជាតិ​ត្រូវ​បាន​ចាប់ខ្លួន យើង​ត្រូវតែ​បន្ត​ការ​លើកទឹកចិត្ត ចូលរួម​ឃ្លាំមើល និង​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​ចំពោះ ករណី​របស់​ពួកគាត់»។

អធិការ​នគរបាល​ស្រុក​សំបូរ លោក ប៊ុន ឈឿន ប្រាប់​អាស៊ីសេរី​ថា ការ​ឃាត់ខ្លួន​អ្នក​ទាំង ៤​នាក់​នោះ ធ្វើឡើង​ទៅតាម​បញ្ជា​ព្រះរាជអាជ្ញា​ខេត្ត​ក្រចេះ បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន​ឯកជន​មួយ​។ លោក​បញ្ជាក់​ថា ពួកគេ​ទាំងនោះ​រង​ការ​ចោទ​ថា ចូល​ក្នុង​បរិវេណ​ដី​របស់​ក្រុមហ៊ុន ដោយ​គ្មាន​ការអនុញ្ញាត​៖ «បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ព្រះរាជអាជ្ញា និង​លោកស្នងការ បាន​ឱ្យ​ខ្ញុំ​ដឹកនាំ​ចាត់ចែង​កម្លាំង ទៅ​យក​មនុស្ស ៤​នាក់ ពី​ក្រុមហ៊ុន​ស៊ីងបាយអូថេក ដើម្បី​យក​មក​អធិការដ្ឋាន ដើម្បី​សាកសួរ ពាក់ព័ន្ធ​លើ​ការ​ចូល​ក្នុង​ក្រុមហ៊ុន​របស់​គេ​។ មកដល់ពេលនេះ ព្រះរាជអាជ្ញា​កំពុងតែ​សួរនាំ លើ​អ្នក​ទាំង ៤​នាក់​នោះ​បង»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ក្រចេះ លោក ជា សុភ័ក្ត្រ ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ កាលពី​ថ្ងៃ​ទី​១៤ មីនា​នេះ។

ក្រុមហ៊ុន​ស៊ីងបាយអូថេក វិនិយោគ​លើ​ដំណាំ​ឧស្សាហកម្ម អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ ដែល​វិនិយោគ​លើ​ផ្ទៃដី​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ ( ៣៤.០០៧ ) កាលពី​ខែ​មិថុនា ឆ្នាំ​២០១២ ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​។ ក៏ប៉ុន្តែ​ពលរដ្ឋ សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃ​ឡង់​ចោទ​ថា ក្រុមហ៊ុន​នេះ ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខុសច្បាប់ និង​មាន​ដេប៉ូ​អារ​ច្រៀក​ឈើ​ដឹក​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ។

កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៩ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ដើម្បី​សហការ​គ្នា​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន ស៊ីង បាយអូថេក និង​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ដែល​ជាប់​សង្ស័យ​រឿង​កាប់​ឈើ​ខុសច្បាប់​នៅ​តំបន់​ព្រៃ​ឡង់​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ថា អ្នក​ដែល​គួរ​ចាប់ខ្លួន គឺ​អ្នក​ដែល​បំផ្លាញ និង​លួច​ព្រៃឈើ មិនមែន​ជា​អ្នកស៊ើប​អង្កេត​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នោះ​ទេ ហើយ​ពួកគេ​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​ទាំង ៤​នាក់​នោះ​ជាបន្ទាន់ ដើម្បី​ផលប្រយោជន៍​សង្គមជាតិ ក្នុង​បេសកកម្ម​លាតត្រដាង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៤ ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​សកម្មជន​ព្រៃឈើ​លោក អ៊ូច ឡេង"

  1. Anonymous says:

    under HUN NAL regime they only caught the people who protected the forest. who destroy the forest was HUN NAL company joint white his high ragging officers. there was so may problem they murder many people . some time put them as their extremist from CNRP then prosecute them as KBOTH CHEATH