សហជីព​កម្មករ​កាន់​តែ​ច្រើន​ស្នើ​ឱ្យ​ផ្អាក​រោងចក្រ​បណ្ដោះអាសន្ន ព្រោះ​មិន​ទុកចិត្ត​លើ​ប្រសិទ្ធភាព​បង្ការ​ជំងឺ

ដោយ មួង ណារ៉េត
2020-03-21
RFA

ទិដ្ឋភាព​ជួបជុំ​ពិសា​បាយ រាំច្រៀង រវាង​មេដឹកនាំ​រដ្ឋាភិបាល និង​កម្មករ​រោងចក្រ នៅកៀនស្វាយ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។

ទិដ្ឋភាព​ជួបជុំ​ពិសា​បាយ រាំច្រៀង រវាង​មេដឹកនាំ​រដ្ឋាភិបាល និង​កម្មករ​រោងចក្រ នៅកៀនស្វាយ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។ រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន


សហជីព​កម្មករ​កាន់​តែ​ច្រើន​ថែមទៀត ស្នើ​ឱ្យ​ផ្អាក​រោងចក្រ​ជា​បណ្ដោះអាសន្ន​សិន ព្រោះ​មិន​ទុកចិត្ត​លើ​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ-១៩ តាម​រោងចក្រ​។ សំណើ​នេះ​ធ្វើឡើង ក្រោយ​តំណាង​សហជីព​សង្កេតឃើញ​ការ​កើន​ឡើង​នៃ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី និង​ភាព​ឆក​ល្វែង​នៃ​ការអនុវត្ត​វិធានការ​បង្ការ​នៅ​តាម​បណ្ដា​រោច​ក្រ​សហគ្រាស​ជាច្រើន។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថា វិធាន​ការដែល​ក្រសួង​ការងារ​ដាក់​ចេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​តាម​រោងចក្រ សហគ្រាស​នោះ មិនបាន​ធ្វើ​ឱ្យ​កម្មករ​និយោជិក បាត់​ភ័យ​រឿង​ជំងឺ​នេះ​នោះទេ ព្រោះ​វិធានការ​នេះ អនុវត្ត​ដោយ​អន្លើ​ប៉ុណ្ណោះ មិនបាន​ធ្វើ​គ្រប់​រោងចក្រ​ទៅទៀត៖ «ឃើញ​មាន​រោងចក្រ​ខ្លះៗ ដែល​គេ​បាន​អនុវត្ត​។ ប៉ុន្តែ​រោងចក្រ​ជាច្រើន​ទៀត អត់​បានធ្វើ​ទេ​។ អត់​បាន​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ទៅតាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ទេ​។ យើង​ឃើញ​នៅ​មាន​រោងចក្រ​ច្រើន​ណាស់ ដែល​អត់​បាន​អនុវត្ត»។

ម្យ៉ាងវិញទៀត លោក ប៉ាវ ស៊ីណា បន្ថែម​ថា ទោះបីជា​រោងចក្រ​ខ្លះ​បាន​អនុវត្ត​វិធានការ​ទាំងនេះ​ក្តី ក៏​វា​គ្រាន់តែ​ជា​វិធានការ​មូលដ្ឋាន​ប៉ុណ្ណោះ មិន​មាន​អ្វី​ដែល​ប្រាកដប្រជា ដែល​ថា​វា​អាច​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺឆ្លង​នេះ បាន​នោះ​ទេ៖ «ត្រឹម​ការប្រើប្រាស់​ម៉ាស៊ីន​វាស់​កម្ដៅ ខ្ញុំ​គិត​ថា ពិបាក​ដែរ ព្រោះ​អី​គ្រាន់តែ វាស់​កម្ដៅ វា​មិន​អាច​បង្ហាញ​ថា គាត់​ហ្នឹង​ត្រូវ​កើត​ជំងឺឆ្លង​ហ្នឹង​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​យើង​ចង់​មាន​វិធានការ​ហ្នឹង​ជាក់លាក់ មាន​ភាព​ប្រាកដ​ប្រជា កុំ​ឱ្យ​ធ្វើ​គ្រាន់តែ​លំៗ ព្រោះ​អី​ខ្ញុំ​គិត​ថា វិធានការ​អ្នក​នៅ​រោងចក្រ​សហគ្រាស ភាគច្រើន​គាត់​មិន​មាន​ជំនាញ​ពេទ្យ​អី​ទេ គ្រាន់តែ​ធ្វើតាម​ការណែនាំ ត្រូវតែ​ទិញ​ម៉ាស៊ីនកំដៅ ទិញ​ឧបករណ៍​វាស់​កម្ដៅ​ប៉ុណ្ណោះ គាត់​គ្មាន​ជំនាញ​ពេទ្យ»។

លោក​បន្ត ថា​ស្ថានភាព​ពេល​នេះ កម្មករ​និយោជិត ក៏​មិន​ខុស​ពី​ពលរដ្ឋ​ដទៃ​ដែរ គឺ​ពួកគាត់​ពិតជា​មាន​ក្តី​បារម្ភ​ខ្លាំង​ណាស់ ចំពោះ​ការ​រីករាយ​ដាល​នៃ​ជំងឺ​កូវីដ-១៩​។ លោក​ថា បើ​សិន​ករណី​នេះ ត្រូវ​បាន​កើតឡើង​លើ​កម្មក​រណា​ម្នាក់​វិញ​នោះ ការ​រីក​រាលដាល​ប្រាកដ​ជា​មាន​ទំហំ​ធំធេង​ណាស់ ព្រោះ​រោងចក្រ គឺជា​កន្លែង​បណ្ដុំ​នៃ​កម្មករ​រាប់​រយ​រាប់​ពាន់​នាក់ ដូច្នេះ លោក​គិត​ថា ទាំង​រដ្ឋាភិបាល​និង​សមាគម​រោងចក្រ​កាត់ដេរ រួម​ទាំង​អ្នកបញ្ជា​ទិញ​ផង ត្រូវ​ពិចារណា​គិត​ពី​សុខភាព​និង​សុវត្ថិភាព​របស់​កម្មករ​ផង ព្រោះ​កម្មករ​គឺជា​ខឿនសេដ្ឋកិច្ច​ដូចគ្នា ខណៈ​នេះ​បងប្អូន​កម្មករ​ស្ទើរតែ​គ្មាន​អារម្មណ៍​ធ្វើការ​នោះ​ទេ៖ «ក្តីបារម្ភ​ខ្លាំង​ហើយ​ក្នុង​នោះ​ដែរ​កម្មករ​យើង ក៏បាន​បង្ហាញ​សារ​ជា​បន្តបន្ទាប់ ខ្លះ​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ហូរហែ​ជាច្រើន​ក្នុង​មួយ​ថ្ងៃៗ​។ គាត់​សួរ​អំពី​ដំណើរការ ថា​តើ​មាន​គោលការណ៍​ឱ្យ​ពួកគាត់​ឈប់សម្រាក​ទេ ដែល​ពួកគាត់​បារម្ភ»។

សំណើ​ចង់​ឱ្យ​បិទ​រោងចក្រ​មួយរយៈ ដើម្បី​កម្មករ​និយោជិក​ទាំងអស់ អាច​សម្រាក​នៅផ្ទះ ដើម្បី​នៅ​ឆ្ងាយ​ពី​ការ​ចម្លង​មេរោគ​នេះ ត្រូវ​បាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ទូច សើ ក៏បាន​សរសេរ​លិខិតស្នើ​ដោយ​ផ្ទាល់​ទៅ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី១៩ ខែ មីនា ដោយ​ស្នើសុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្ដោះអាសន្ន​នូវ​រោងចក្រ និង​សហគ្រាស រហូតដល់​លែង​មាន​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​នេះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ករណី​រោងចក្រ និង​សហគ្រាស​ទាំងនេះ​ផ្អាក​ដំណើរការ ដោយសារ​បញ្ហា​ជំងឺ​នេះ លោក ទូច សើ សុំ​ឱ្យ​រដ្ឋាភិបាល ជួយ​សម្រួល​បន្ទុក​ជីវភាព​កម្មករ​និយោជិក។

​​ចំណែក​ឯ​សហភាព​សហជីព​កម្ពុជា ដែល​មាន​លោក រ៉ុង ឈុន ជា​ប្រធាន កាលពី​ថ្ងៃ​ទី១៨ ខែ​មីនា ក៏បាន​ស្នើ​ជាច្រើន​ចំណុច សុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ ក្នុងចំណោម​ចំណុច​ទាំងនោះ សហភាព​សហជីព​កម្ពុ​ជា ដែល​តំណាង​កម្មករ​រាប់​សែន​នាក់​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​ឱ្យ​កម្មករ​និយោជិក​ បាន​ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ​ពេល ដោយ​រក្សា​ប្រាក់​ឈ្នួល បើ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ នេះ មិន​ថមថយ។

អាស៊ីសេរី នៅតែ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ​ទាំងនេះ បាន​នៅឡើយ​ទេ​។ ចំណែក​ឯ​មន្ត្រី​នាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ក៏​មិន​ឆ្លើយតប​នឹង​ការ​សុំ​បំភ្លឺ​របស់​អាស៊ីសេរី​នៅឡើយ​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី លោក ហេង សួរ បាន​ផ្តល់​បទសម្ភាសន៍​ឱ្យ​វិទ្យុ​បារាំង​អន្តរជាតិ RFI កាលពី​ថ្ងៃទី​១៩ ខែ មីនា ថា​ក្រសួង​ការងារ​គ្មាន​ការណែនាំ ឬ​គម្រោង​ផ្អាក​រោងចក្រ ដោយសារ​ការភ័យខ្លាច​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នេះ​ទេ​។ លោក ហេង ហួរ អះអាង​ថា លោក​ជឿជាក់​លើ​វិធានការ​បង្ការ ដែល​ដាក់​ចេញ​ដោយ​ក្រសួង​ការងារ ដែល​ត្រូវ​អនុវត្ត​តាម​រោងចក្រ សហគ្រាស​ទាំងនោះ៖ «យើង​ទទួល​ស្គាល់​ថា មានការ​បារម្ភ​។ តែ​យើង​ត្រូវតែ​ជឿ​លើ​លក្ខណៈ​បច្ចេកទេស និង​អ្នក​វេជ្ជសាស្ត្រ ដែល​គេ​បាន​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ អំពី​ហានិភ័យ​នៃ​វិស័យ​នីមួយៗ​។ ការ​មិន​បិទ​នូវ​វិស័យ​ណាមួយ​នោះ មិនមែន​មានន័យ​

ថា ដោយសារ​វិស័យ​នោះ​មាន​ហានិភ័យ ហើយ​យើង​មិន​បិទ​នោះ​ទេ​។ តាម​ការពិត​មកពី​គេ​វាយតម្លៃ​អំពី​កម្រិត​ហានិភ័យ»។

ទោះជា​លោក ហេង ហួរ អះអាង​ដោយ​ភាព​ជឿជាក់​ទៅលើ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ និង​វិធានការ​បង្ការ​របស់​ក្រសួង​នេះ​ក៏ដោយ ក៏​រោងចក្រ​គឺជា​កន្លែង​ប្រមូល​ផ្តុំ​កម្មករ​យ៉ាង​សម្បើម​។ ជាង​នេះ​ទៅ​ទៀត កម្មករ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត ដែល​ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ ដែល​ងាយ​ចម្លង​មេរោគ​នេះ​លឿន​ណាស់ ប្រសិនបើ​មាន​នរណា​ម្នាក់​មាន​ផ្ទុក​មេរោគ​នេះ។

ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក បាន​ចាត់វិធានការ​បន្ទាន់ ដោយ​ត្រូវ​អនុវត្ត​វិធានការ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន នៅ​ឱ្យ​ដាច់​ពី​គេឯង ដូចជា​សម្រាក​នៅផ្ទះ ឬ​ធ្វើការ​ពី​ផ្ទះ​ជាដើម​។ វិធី​បែបនេះ គឺជា​វិធី​ការពារ ប្រសើរ​ជាង​ព្យាបាល។

ដោយ​មិនទាន់​ឃើញ​ចំណាត់​ការ​ផ្អាក​រោងចក្រ​ជា​បណ្ដោះអាសន្ន​នេះ កម្មករ​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ក្នុង​រោងចក្រ ជជែក​គ្នា​អំពី​កង្វល់​របស់​ខ្លួន​។ ប្រធាន​សហជីព​ខ្មែរ​ប្រចាំ​ក្រុមហ៊ុន​ម៉េងយ៉ាន់ ឯណោះ​គឺ​លោក ភា ភាព នៅ​ថ្ងៃទី២០ ខែ មីនា​នេះ បាន​បង្ហោះ​រូបភាព​ពីរ​បីសន្លឹក នៃ​ក្រុម​កម្មករ​អង្គុយ​ជុំ​គ្នា ដោយ​លោក​បង្ហោះ​សារ​ថា ខ្ញុំបាទ​សូម​អធ្យាស្រ័យ​ផង ដោយមាន​កា​រឆ្លង​ត​គ្នា នៃ​មេរោគ​កូរ៉ូណា​កាន់តែ​ធ្ងន់ធ្ងរ បងប្អូន​កម្មករ​ស្នើ​សុំ​ឱ្យ​រោងចក្រ និង​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​មេត្តា​ជួយ​ដោះស្រាយ​ឱ្យ​កូនចៅ​ផង សូម​ធ្វើការ​ផ្អាក​មួយរយៈពេល​សិន​សូម​មេត្តា​ដល់​កម្មករ​ដូច​ពួកយើង​ខ្ញុំ​ផង​។ លោក​បន្ថែម​ថា អ្នកចេះ​ខ្លាច​លោក​ក៏​ចេះ​ខ្លាច អ្នក​ចង់​រស់​លោក​ក៏​ចង់​រស់​ដែរ។

អង្គការ​សុភាព​ពិភពលោក បាន​ប្រកាស​ថា ជំងឺ​កូវីដ​-១៩ គឺជា​ជំងឺឆ្លង​លក្ខណៈ​សាកល និង​ព្រមាន​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ ដូច​កម្ពុជា ថា​អាច​នឹង​ងាយ​រងគ្រោះ​បំផុត ដោយសារ​ជំងឺ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សហជីព​កម្មករ​កាន់​តែ​ច្រើន​ស្នើ​ឱ្យ​ផ្អាក​រោងចក្រ​បណ្ដោះអាសន្ន ព្រោះ​មិន​ទុកចិត្ត​លើ​ប្រសិទ្ធភាព​បង្ការ​ជំងឺ"

  1. Target says:

    សម្ដេចទុកអោយងាប់កន្លះលានសិនទើបគាត់ចាប់ផ្ដើមពិចារណា!! តើយើងចាំបានទេសម្ដេចលោកជាបុរសសង្ហាដើរវង្វេងទិស!! 🆘

  2. Anonymous says:

    all our young should really thing about this critical time . there will be a lot of time they can making money to get their living better . HUN SEN can not force them to do some thing that taking a big reis for all these young. we knew HUN SEN was not a smart leader but if he going wrong way all our you can fight again white him. I do not want to repeat some bad thing that HUN SEN done but he should knew it by now. the CHINA new said the handsome man walking again the traffic that word was so meaningful I’m kind of so sad that HUN SEN didn’t even knew what they mean. instated he still laughing smiling and say thank to CHINA without knowing nothing at all. at last I just want to tell our people I have no respect to HUN SEN can bring this nation in peace and full sovereignty for this poor nation. GOD bless Cambodia