លោក ​សម ​រង្ស៊ី​៖ ​ត្រូវ​តែ​ធ្វើ​តេស្ត​វីរុស​កូរ៉ូណា​ តាម​រោង​ចក្រដើម្បីការ​ពារ​ទាំង​ជី​វិត​ និង​ការ​ងារ​របស់​កម្មករ​

កូវីដ១៩
22/03/2020 – 06:28
ដោយ៖ អ៊ឹង ប៊ុនថន
RFI

Garment Workers Cambodia
Garment Workers Cambodia © RFI

លោក សម រង្ស៊ី បានស្នើជាបន្ទាន់មួយ​ឲ្យ​មានការ​ធ្វើ​តេស្ត​រក​វីរ៉ុសកូរ៉ូណា​នៅតាម​រោង​ចក្រ​នីមួយ ដើម្បីការពារកម្មករ កម្មការិនី ប្រមាណ ១ លាននាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ នៅប្រទេសកម្ពុជា។ វិធានការបែបនេះ បើតាម លោក សម រង្ស៊ី គឺត្រូវបានអនុវត្តន៍ នៅក្នុងទីក្រុងតូចមួយនៅភាគខាងជើងប្រទេសអ៊ីតាលី តៃវ៉ាន់ និងនៅហុងកុង ហើយនឹងជួយឲ្យកម្មករ ភាគច្រើនលើសលប់ ដែលមិនមានផ្ទុកមេរោគ រួចផុតពីការឆ្លងជំងឺ ដែលជាការ​បង្កាបានយ៉ាងល្អបំផុត។

«នៅតាមរោងចក្រនីមួយៗ ដែលមានកម្មកររាប់រយ រាប់ពាននាក់ធ្វើការ ហើយរស់នៅជាសហគមន៍ នៅតាមផ្ទះជួលក្បែររោងចក្រ រដ្ឋអំណាច ត្រូវតែធ្វើតេស្តជំងឺ COVID-19 ចំពោះកម្មករ កម្មការិនីគ្រប់រូប»។ នេះជាការគូសបញ្ជាក់​នៅលើ​ហ្វេស​ប៊ុក​លោក សម រង្ស៊ី ​ថ្ងៃទី២១​មីនា។

បើតាម​លោក សម រង្ស៊ី មានតែអ្នកដែលផ្ទុកមេរោគ ដែលធ្វើតេស្តវិជ្ជមានទេ ដែលត្រូវដាក់ឲ្យនៅដោយឡែក។ វិធានការបែបនេះ ត្រូវបានអនុវត្តន៍ នៅក្នុងទីក្រុងតូចមួយឈ្មោះ វ៉ូ នៅភាគខាងជើងប្រទេសអ៊ីតាលី ដែលនឹងជួយឲ្យកម្មករ ភាគច្រើនលើសលប់ ដែលមិនមានផ្ទុកមេរោគ (តេស្តអវិជ្ជមាន) រួចផុតពីការឆ្លងជំងឺនេះ។ ចំណែក​នៅតៃវ៉ាន់ និងនៅហុងកុង ក៏រដ្ឋអំណាចធ្វើតេស្តបែបនេះដែរ សំដៅទៅការពារប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការ​ចម្លងជំងឺកូវីដ១៩នេះ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានឲ្យដឹងថា ក្រោយពីមានការ​កោះ​ប្រជុំ​ជាមួយ​តំណាង​សហជីព​ប្រចាំ​រោងចក្រ គឺពួកគេបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នេះ។ ប៉ុន្តែ​ដោយ​សារតែ​បញ្ហាសេដ្ឋកិច្ច​គ្រួសារពួកគេមិន​សុំ​ផ្អាកពីការងារបានឡើយ។​ ​ដំណោះស្រាយ​សម​រម្យ​គឺមានតែ​ធ្វើ​ការ​ត្រួតពនិត្យ​សុខភាពជាប្រចាំ​នៅតាម​រោង​ចក្រ​ និងអនុវត្តវិធានការ​អនាម័យ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ធ្លាប់អះអាងថា ​ក្រសួង​មិន​អាច​ធ្វើ​តេស្ត​ទៅលើ​មនុស្សទាំងអស់ដែល​​មិនមានការសង្ស័យពីករណី​ឆ្លង​កូវីដ១៩នោះឡើយ។ ការ​ធ្វើ​តេស្ត​គឺ​ទាល់​តែ​បុគ្គល​​នោះ​ស្ថិត​ក្នុង​ការ​សង្ស័យខ្ពស់ ​ដូចជាមានអាការៈក្តៅ​ខ្លួនខ្លាំង ឬអ្នកនោះ​ធ្លាប់​មានទំនាក់​ទំនងស្និទ​ជា​មួយ​អ្នក​កើត​ជំងឺនេះ៕

What Next?

Recent Articles

Leave a Reply

Submit Comment