អ្នកវិភាគ​ថា ការ​បន្ត​លាក់​ព័ត៌មាន អំពី​មន្ត្រី​ខ្មែរ​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​លំបាក​ដល់​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ

ដោយ មួង​ ណារ៉េត
2020-03-22
RFA

ស្ដាប់ ឬ ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ


អ្នកវិភាគ​ថា ការ​បន្ត​លាក់​ព័ត៌មាន​អំពី​មន្ត្រី​ខ្មែរ​មាន​ផ្ទុក​កូវីដ​-១៩ ធ្វើ​ឱ្យ​លំបាក​ខ្លាំង​ដល់​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ​។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​បែក​ការណ៍​សំងាត់​នេះ ពី​កូនប្រុស​ទី​ពីរ​លោក ហ៊ុន សែន ដែល​និយាយ​អំពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រសួងការបរទេស កំពុង​ផ្ទុក​ជំងឺ​នេះ ហើយ​ក្រោយមក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក៏​ទទួល​ស្គាល់​ដែរ​ថា ព័ត៌មាន​នេះ​ពិត​។

ប៉ុន្តែ ក្រសួងសុខាភិបាល នៅតែ​មិនបាន​ដាក់​បញ្ចូល​ករណី​របស់​មន្ត្រី​នោះ ទៅ​ក្នុង​បញ្ជី​សរុប​នៃ​ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា​។

អ្នកវិភាគ​នយោបាយ និង​សង្គម ដែល​ហ៊ាន​និយាយ​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​លោក គឹម សុខ ថា​ការ​បន្ត​លាក់​ព័ត៌មាន​បែបនេះ ធ្វើ​ឱ្យ​ប្រទេសជាតិ​ខាត​ធ្ងន់ធ្ងរ គឺ​ដោយសារ​ទី​មួយ ពលរដ្ឋ​អត់​ដឹង​ព័ត៌មាន​ពិត មិនដឹង​ថា​ទំហំ​នៃ​ការ​ឆ្លង​រាលដាល​នោះ​ប៉ុនណា​។ ដូច្នេះ​នាំ​ឱ្យ​ពលរដ្ឋ​មានការ​ធ្វេសប្រហែស​នៅ​ក្នុង​ការ​បង្ការ និង​ការពារ​ខ្លួន​ពី​ជំងឺ​នេះ។ លោក​ថា ចំណុច​ធ្វេស​ប្រហែស​នេះ ហើយ​ដែល​ជា​កត្តា​មាន​ឥទ្ធិពល​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា។

ទី​ពីរ លោក​ថា ក្រសួង​ស្ថាប័ន​ទាំងអស់ កាលណា​លាក់​ព័ត៌មាន គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​កម្លាំង​មេរោគ​កូរ៉ូណា​សកម្ម​ជាង​កម្លាំង​ទប់ស្កាត់ និង​ទី​បី​ដោយសារតែ​ក្រសួងការបរទេស​ប្រឹង​លាក់បាំង​ព័ត៌មាន​នៃ​ការ​ឆ្លង​នេះ ប៉ុន្តែ​នៅ​ទីបំផុត​គេ​ដឹង វា​ធ្វើ​ឱ្យ​មុខមាត់​ខ្មែរ​នៅ​ឆាក​អន្តរជាតិ នឹង​ត្រូវ​អ្នកការទូត​នៅ​លើ​សាកលលោក​ចំអក​មន្ត្រី​ខ្មែរ ដែល​មិន​ស្មោះត្រង់ គ្មាន​តម្លាភាព​ក្នុង​ការ​រាយការណ៍​អំពី​ករណី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ អង្គការ​ពិភពលោក ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទាំងអស់ បង្ហាញ​តម្លាភាព​ក្នុង​ការ​រាយការណ៍​ករណី​រាតត្បាត​នៃ​មេរោគ​នេះ​ដែរ​។ លោក គឹម សុខ ថា​ប្រការ​នេះ ធ្វើ​ឱ្យ​ពិភពលោក​មិន​ទុកចិត្ត​កម្ពុជា ដែល​អ្នក​ខាត​ប្រយោជន៍ គឺ​ពលរដ្ឋ​កម្ពុជា​ទាំងមូល។

ការ​សំងាត់​ដែល​របប​ក្រុងភ្នំពេញ​ប្រឹង​លាក់​នេះ ត្រូវ​បាន​បែក​ធ្លាយ​ក្រោយ​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន និង​ជា​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ​គឺ​លោក ហ៊ុន ម៉ានិត កាលពីដើម​សប្ដាហ៍​នេះ បាន​និយាយ​អំពី​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួងការបរទេស​ម្នាក់ ដែល​មាន​ផ្ទុក​ជំងឺ​នេះ ប៉ុន្តែ​គ្មាន​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ចុះ​ក្នុង​បញ្ជី​នៃ​អ្នក​ដែល​ផ្ទុក​ជំងឺ​នេះ៖ «អគ្គនាយក​ម្នាក់​នៅ​ក្រសួងការបរទេស​បាន​ឆ្លង ហើយ​មុន​គាត់​មក​ហ្នឹង គាត់​ជួប​ជាមួយ​ទូត​យើង​និង​បាយ​ជាមួយគ្នា បន្ទាប់​មក​គាត់​ជួយ​ជាមួយ​នឹង​ក្រសួងការពារជាតិ​ម្នាក់​ដែល​គាត់​ការងារ​សកម្ម​ដែរ​។ ដូច្នេះ​ការ​រាលដាល​ច្រើន​ដែរ​។ ការ​រាលដាល​ច្រើន»។

ក្រោយ​សារ​បែក​ធ្លាយ​នេះ អាស៊ីសេរី​បាន​ទាក់ទង​លោក ហ៊ុន ម៉ានិត និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន ដើម្បី​បញ្ជាក់​ការពិត។ លោក ហ៊ុន ម៉ានិត ថា សារ​នោះ​គឺជា​សម្ដី​លោក​ពិតប្រាកដ​មែន​។ ចំណែក​លោក ប្រាក់ សុខុន ក៏​ទទួល​ស្គាល់​ថា មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ម្នាក់​នោះ ពិតជា​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ នេះ​មែន ដោយ​លោក​អះអាង​ថា ក្រសួងការបរទេស ជា​ក្រសួង​ដែល​អាច​ទទួលរង​ហានិភ័យ​ខ្ពស់​ជាងគេ​មួយ ក្នុងចំណោម​ក្រសួង​នានា ដោយសារតែ​មន្ត្រី​ក្រសួង​នេះ ទៅ​បំពេញបេសកកម្ម​ក្រៅ​ប្រទេស​ញឹកញាប់ ចូលរួម​ប្រជុំ សិក្ខាសាលា បំពេញ​ទស្សនកិច្ច ។ល។ ហើយ​ទោះ​នៅ​ក្នុង​ស្រុក ក៏​មន្ត្រី​ក្រសួង​នេះ​ជួប​ប្រាស្រ័យ​ការងារ​ច្រើន​ជាមួយ​បរទេស​ដែរ​។ ដោយហេតុ​នេះ​ហើយ ទើប​មាន​មន្ត្រី​ឆ្លង​រោគ​បែបនេះ​។ លោក ប្រាក់ សុខុន ថា​លោក​មិន​បង្ហាញ​ឈ្មោះ​មន្ត្រី​នោះ​ទេ ដើម្បី​គោរព​ការសម្ងាត់​ខាង​វិជ្ជាជីវៈពេទ្យ និង​ដើម្បី​រក្សា​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​មន្ត្រី​នោះ​។ តែ​លោក​អះអាង​ថា មន្ត្រី​នោះ​បាន​ទទួល​ការថែទាំ តាមដាន​ពិនិត្យ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​កម្ពុជា យ៉ាង​ដិតដល់ ហើយ​ស្ថានភាព​គាត់​ល្អ នឹង​នរ ឯ​អារម្មណ៍​ក៏​ល្អ រឹងមាំ​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី លោក ប្រាក់ សុខុន មិន​បាន​បញ្ជាក់​ទេ ថា តើ​មនុស្ស​ប៉ុន្មាន​នាក់ ដែល​មន្ត្រី​រូប​នោះ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង ត្រូវ​បាន​ធ្វើតេស្ត​រក​ជំងឺ​នេះ ឬ​យ៉ាងណា​នោះ​ទេ​។ លោក​ក៏​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​អ្វី ដែល​មន្ត្រី​រូប​នោះ មិន​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា ដែល​ក្រសួងសុខាភិបាល​ប្រកាស​ជាប្រចាំ​នោះ​ដែរ។

រហូតមកដល់​ពេលនេះ ក៏​នៅ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណាមួយ បញ្ជាក់​អំពី​ស្ថានភាព​របស់​មន្ត្រី​ក្រសួង​ការពារជាតិ ដែល​មន្ត្រី​ក្រសួងការបរទេស​ដែល​ផ្ទុក​មេរោគ​នេះ បាន​ជួប​ប្រាស្រ័យ​ទាក់ទង​នោះ​ដែរ​។ លោក គឹម សុខ ថា​ការ​លាក់​ព័ត៌មាន​អំពី​មន្ត្រី​ក្រសួងការពារជាតិ ប៉ះពាល់​យ៉ាង​សម្បើម​ទៅ​បញ្ហា​សន្តិសុខ​ជាតិ៖ «បើ​លាក់​ព័ត៌មាន អំពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ក្រសួងការពារជាតិ ហើយ​នាំ​ឱ្យ​មានការ​រាលដាល កាន់តែ​ខ្លាំង​ឆ្លង​ដល់​ទាហាន​ខ្មែរ គឺ​ដូច​សម្លាប់​កម្លាំង​ការពារ​ជាតិខ្មែរ​ដូច្នេះ​ដែរ ពីព្រោះ​រក​វិធី​ព្យាបាល​មិនទាន់​ពេល​។ នេះ​ជា​ការ​ប៉ះពាល់​ធំ​ណាស់ ទៅដល់​សន្តិសុខ​ជាតិ​។ បើ​កម្លាំង​ប្រដាប់​អាវុធ​កាន់តែ​ច្រើន​មាន​ឆ្លង​មេរោគ​កូរ៉ូណា កុំភ្លេច​ថា កម្លាំង​ចារកម្ម​បរទេស គេ​ចង់​ធ្វើ​អាក្រក់​ដាក់​កម្ពុជា​ក៏បាន​ដែរ​។ ដូច្នេះ​ហើយ​ការ​លាក់បាំង​ព័ត៌មាន នៅ​ក្រសួងការពារជាតិ គឺ​ដូច​សម្លាប់​កម្លាំង​សន្តិសុខ​ជាតិ​អ៊ីចឹង!»។

អាស៊ីសេរី បា​នព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង ជុំវិញ​ការ​លាក់​ព័ត៌មាន​មន្ត្រី​នេះ ដែល​មិន​ឱ្យ​ក្រសួងសុខាភិបាល ចុះ​ក្នុង​បញ្ជី​អ្នក​ផ្ទុក​មេរោគ​នេះ​ដែរ​។ ប៉ុន្តែ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ត្រឹម​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​ល្អ​ធម្មតា​របស់​មន្ត្រី​នេះ​ប៉ុណ្ណោះ។

អាស៊ីសេរី ក៏បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ជុំវិញ​ការ​លាក់​ព័ត៌មាន​មន្ត្រី​រដ្ឋាភិបាល ដែល​ផ្ទុក​មេរោគ​នេះ​ដែរ ប៉ុន្តែ​អ្នកស្រី​ថា​ជាប់រវល់។

លោក គឹម សុខ ថា​ករណី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​នេះ មិនមែន​ក្រសួង​ការបរទេស ក្រសួង​សុខាភិបាល និង​ក្រសួង​ផ្សេងៗ​ទៀត ដូចជា​ក្រសួង​ការពារ​ជាតិ​ជាដើម ចង់​លាក់បាំង​ព័ត៌មាន​ពិត​ទេ ប៉ុន្តែ​ពួកគេ​មិន​មាន​អំណាច​ប្រើ​ជំនាញ​បង្ហាញ​ព័ត៌មាន​ពិត ដែល​វីរុស​នេះ​កំពុងតែ​រាតត្បាត។

លោក​ថា ព័ត៌មាន​ឆ្លង​ទាំងអស់ មុន​នឹង​បញ្ចេញ ដាច់ខាត​ត្រូវ​សួរ​លោក ហ៊ុន សែន សិន គឺ​ទាល់តែ​លោក ហ៊ុន សែន ផ្ដល់​ភ្លើង​ខៀវ​ឱ្យ​បញ្ចេញ​ជា​សាធារណៈ ទើប​ក្រុម​មន្ត្រី​តាម​ក្រសួង​នីមួយៗ​ហ៊ាន​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ បើ​លោក ហ៊ុន សែន ថា​លាក់​ទុក ស្ថាប័ន​នីមួយ​ច្បាស់​ជា​នាំគ្នា​សម្ងំ​បិទបាំង​ហើយ ទោះបី​ក្រសួង​សុខាភិបាល​ក៏ដោយ។

ម្យ៉ាងទៀត លោក គឹម សុខ បន្ថែម​ថា ទស្សនៈ​៣១​កុម្ភៈ របស់​លោក ហ៊ុន សែន ដែល​គាត់​អះអាង​ថា កម្ពុជា​ពុំ​មាន​ទេ ការ​ឆ្លង​វីរុស​កូរ៉ូណា​នោះ បាន​ធ្វើ​ឱ្យ​គាត់​បាក់មុខ​ខ្លាំង​ណាស់ ម្ល៉ោះហើយ វា​ពិតជា​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ក្រពុលមុខ​។ ស្ថានភាព​បែបនេះ តើ​មាន​មន្ត្រី​ណា ទោះ​ពី​ក្រសួង​ណា​ក៏ដោយ ហ៊ាន​ទៅ​សុំ​យោបល់ ថា​តើ​បញ្ចេញ​ព័ត៌មាន​ពិត​ឬ​អត់​នោះ​? បើ​អ្នកណា​ហ៊ាន​សួរ​លោក ហ៊ុន សែន ច្បាស់​ណាស់ លោកនាយក​រដ្ឋមន្ត្រី​ចាំផ្ទះ នឹង​ចោទ​ថា ព្រហើន ផ្ចាញ់ផ្ចាល​គាត់ ហើយ​នឹង​រហូត​អស់​បុណ្យ​សក្ដិ​ឆាប់​ផង​។ ហេតុដូច្នេះ ក្រុម​មន្ត្រី​ពុំ​មាន​ជម្រើស​អ្វី ក្រៅ​តែ​ត្រូវ​លាក់​ត​គ្នា ហើយ​លាក់​ទាំង​លោក ហ៊ុន សែន ផង។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ គឺ​លោក ផៃ ស៊ីផាន បាន​ទេ​ជុំវិញ​រឿង​នេះ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ និង​មិន​ឆ្លើយ​សារ​របស់​អាស៊ីសេរី។

ទោះជា​យ៉ាង​នេះ​ក្តី លោក គឹម សុខ ថា ការ​លាក់​ព័ត៌មាន​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ជួរ​មន្ត្រី​របប​ក្រុង​ភ្នំពេញ​នេះ ក៏​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​លោក ហ៊ុន សែន និង​ក្រុម​របស់​លោក​នោះ​ដែរ ព្រោះ​បើ​របប​នេះ​ខំ​លាក់​ព័ត៌មាន ក៏​មេរោគ​កូរ៉ូណា​ថ្មី​នេះ មិន​ឈប់​ឆ្លង​នោះ​ឡើយ៖ «សម្រាប់​មុខមាត់​លោក ហ៊ុន សែន ខ្ញុំ​គិត​ថា បើ​គាត់​កាន់តែ​លាក់ ថ្ងៃក្រោយ​គាត់​កាន់តែ​បាក់មុខ​មាត់ អាម៉ាស់​ខ្លាំង​។ យើង​ពិចារណា​បែបនេះ ថាបើ​លោក ហ៊ុន សែន ខំ​លាក់ សួរ​ថា​ពេល​ដែល​គាត់​លាក់​នោះ មេរោគ​ឈប់​ឆ្លង​ទេ​ហើយ​ពេល​ដែល​មេរោគ​កាន់តែ​ឆ្លង​រាលដាល​។ វា​គង់​តែ​មាន​ព័ត៌មាន​លេច​ធ្លាយ​ដដែល​ហ្នឹង ពីព្រោះ​ឆ្លង​ទៅ​មនុស្ស មិនមែន​ឆ្លង​ទៅ​វត្ថុ​ឥត​វិញ្ញាណ ដែល​មិន​មាន​មាត់​និយាយ​ឯណា​។ យើង​សភាព​ប៉ុន​ចិន​ផង នូវ​តែ​លាក់​ព័ត៌មាន​មិនបាន ហើយ​ទីបំផុត​បែក​ខ្ចាយ​ព័ត៌មាន រហូត​ដល់​ចិន ជាប់​ឈ្មោះថា​ជា​អ្នក​លាក់​ព័ត៌មាន យក​ប្រជាជន​ឯង​ជា​ល្បែង​ពិសោធន៍​មុខមាត់​ន​យោ​យ​បាយ​របស់​ខ្លួន»។

ប្រទេស​ចិន រង​ការរិះគន់​ជា​សាកល ថា​លាក់​ព័ត៌មាន​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ដែល​ធ្វើ​ឱ្យ​ពិភពលោក​ពិបាក​ទប់ស្កាត់​ឱ្យ​ទាន់​ពេល​វេលា រហូតដល់​ជំងឺ​ក្លាយ​ជា​ជំងឺឆ្លង​ពាសពេញ​ពិភពលោក ដែល​មក​ដល់​ពេលនេះ អ្នក​ផ្ទុក​មេរោគ​នេះ នៅ​ទូទាំង​ពិភពលោក គិត​មក​ត្រឹម​ម៉ោង ១២ យប់​ថ្ងៃ​ទី២១ ខែ មីនា បាន​កើន​ឡើង​ដល់​ជិត​បី​សែន​នាក់​ហើយ (290,322) ដែល​ក្នុង​នោះ​អ្នក​ស្លាប់​មាន​ជិត ១២.០០០ នាក់(11,962) និង​អ្នកជា​សះស្បើយ​ជិត ជាង ៩ ម៉ឺន​នាក់ (93,618)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នកវិភាគ​ថា ការ​បន្ត​លាក់​ព័ត៌មាន អំពី​មន្ត្រី​ខ្មែរ​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​លំបាក​ដល់​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ"

  1. Anonymous says:

    I wonder why a 100% Cambodian like this guy always KBOTH his own nation. Cambodia is three time smaller then one province that I living in, the problem is this leader always fighting white their opposition party trying to kill them all and I knew the population less then neighboring country 75% what did they think ?? to kill all their country men and let the neighboring country take over?? please let me know your majesty PRAK SOKHON

  2. Anonymous says:

    What ever hun family said you must followed and accepted ‘otherwise you will be out of groups of mafia haha’