វិភាគ៖ តើ​​កម្ពុជា​​អាច​​​បង្ការ​កុំ​​ឱ្យ​​កូវីដ​-​១៩​ឆ្លង​​ក្នុង​​សហគមន៍​​បាន​​ដោយ​​របៀប​​ណា​?​

បទវិភាគ
លោក ហ៊ុន សិរីវឌ្ឍន៍ | ២៣ មីនា ២០២០ | ម៉ោង ២:០៨ ល្ងាច
VOD

សាលា​បឋម​សិក្សា​យុគន្ធរ

ទិដ្ឋភាពតំបន់រស់នៅរបស់ប្រជាសហគមន៍មួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ រូបភាព៖ ឃុត សុគន្ធ


នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ អង្គការ​សុខភាព​ពិភព​លោក ​បាន​ប្រកាស​ដាក់​ពិភព​លោក​ក្នុង​ភាព​អាសន្ន​សុខភាព នៅពេល​ដែល​កូវីដ-១៩​ បាន​រីករាល​ដាលដល់​ប្រទេស​ចំនួន​៧៧​ក្នុង​ពិភពលោក។

ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​នេះ​ដំបូង​លើ​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​កាល​ចុង​ខែ​មករាកន្លង​ទៅ ហើយ​សរុប​មក​ដល់​ពេល​នេះ​ កម្ពុជា​បាន​រក​ឃើញអ្នក​ផ្ទុក​ជំងឺ​នេះចំនួន៨៦​នាក់​ហើយ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ៣៣​នាក់។ ទោះ​ជា​យ៉ាង​ណា ​ជំងឺនេះ​នៅ​មិន​ទាន់​មាន​ការ​រាយការណ៍​ថា​ បាន​ឆ្លង​ចូល​ក្នុង​សហគមនៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​២២ ខែមីនា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​បើ​ទោះ​បី​កម្ពុជា​នៅ​មិន​ទាន់​រក​ឃើញ​ភស្តុតា​ង​បញ្ហាក់​ថាមានការឆ្លងក្នុងសហគមន៍ តែលទ្ធភាពនៃ​ការ​ឆ្លង​ក្នុង​សហគមន៍​គឺ​អាច​កើត​មាន​ឡើង​។


មាតិកា


តើ​កម្ពុជា​គួរ​មាន​វិធាន​ការ​បង្ការ​កុំ​ឱ្យ​កូវីដ-១៩ឆ្លង​ក្នុង​សហគមន៍​បាន​ដោយ​របៀប​ណា?

ជំងឺរលាក​ផ្លូវ​ដង្ហើមថ្មីដែល​បង្ក​ដោយ​វីរុស​កូរ៉ូណាថ្មី​

ជំងឺរលាក​ផ្លូវ​ដង្ហើម​ថ្មី​ដែល​បង្ក​ដោយ​វីរុ​សកូរ៉ូណា ដែល​ហៅថា ​កូវីដ-១៩ មក​ពី​ពាក្យ​ Coronavirus disease 2019 (ជំងឺ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណាឆ្នាំ​២០១៩) ផ្ទុះ​ឡើង​ដំបូងកាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ​នៅ​ក្នុង​ខេត្ត​ហ៊ើប៉ី ប្រទេស​ចិន។ រហូត​មក​ដល់ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ពីប្រភព​នៃ​វីរុស​នេះ​នៅ​ឡើយ​ទេ តែត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​​​សត្វ​ព្រៃ​ ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​ទើប​ប្រទេស​ចិន​ចេញ​សេចក្តី​ប្រកាស​ហាម​ការ​ទិញ​លក់​សត្វ​ព្រៃ​ទាំង​អស់​ក្នុង​ប្រទេស​ខ្លួន​។

យោងតាម​គេហទំព័រ​ worldometers.info រហូត​មក​ដល់​ពេល​នេះ ​ជំងឺ​កូវីដ-១៩ បាន​រីកសាយ​ភាយ​ទៅ​លើ​ប្រទេស​ និង​តំបន់​ចំនួន​១៨០​ហើយ ខណៈ​ចំនួន​នៃ​ការ​រក​ឃើញ​មាន​ជាង​៣៣​ម៉ឺន​ករណី និងបាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង​១ម៉ឺន៤ពាន់​​នាក់​។

ការ​ចម្លង​នៃ​កូវីដ-១៩

ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ កូវីដ-១៩ ចម្លង​តាម​រយៈ​ការ​ប៉ះទៅ​នឹង​ដំណក់​ទឹក​របស់​អ្នក​ជំងឺ អាច​ជា​សំបោរ ឬ​ទឹក​មាត់។ វីរុស​នេះ​អាច​ចូល​ក្នុង​ខ្លួន​មនុស្ស​បាន​តាម​រយៈ​ច្រមុះ ភ្នែក និង​មាត់។

ការ​ចម្លង​នៃ​វីរុស​កូរ៉ូណា​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​​មនុស្ស និង​ឆ្លង​ពី​តាម​ការ​ប៉ះពាល់​ទៅ​នឹង​វត្ថុ​ដែល​វីរុស​នេះ​ទំនៅ។​

ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស

វីរុស​កូរ៉ូណា​អាចចេញ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​​តាមរយៈ​ការ​ប្រាស្រ័យ​ទាក់ទង​​ជិតដិត​ជាមួយអ្នក​ជំងឺ​ក្នុង​រង្វង់ប្រមាណ១ម៉ែត្រ ឬ​សាយ​ភាយ​ពេល​អ្នក​ជំងឺ​កណ្ដាស់​ ឬ​ក្អក។

ដំណក់​ទឹក​ដែល​ចេញ​ពី​មាត់ ឬ​ច្រមុះ​របស់​អ្នក​ឈឺ​ អាច​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​នៅ​ក្បែរ​ខ្លួន​បាន​នៅពេល​មាន​ការ​ប្រាស្រ័យ​ទាក់ទង និង​ដក​ដង្ហើម​ស្រូប​ចូល​ខ្លួន​។

ការ​ចម្លង​តាម​រយៈ​ការ​ប៉ះពាល់​នឹង​វត្ថុ​ដែល​វីរុស​នេះ​ទំនៅ

នៅពេល​ដែល​អ្នក​មាន​សុខភាព​ល្អធម្មតាយក​ដៃ​របស់​ខ្លួន​ប៉ះ​ចំ​វត្ថុ ឬទីតាំង​ដែល​​វីរុស​នេះ​ទំនៅដែល​បន្សល់​ដោយ​អ្នក​មាន​ជំងឺ​កូវីដ-១៩ វីរុសនេះ​អាច​តោង​ជាប់​​ដៃ​របស់​អ្នក​ដែល​ប៉ះនោះ ហើយ​អាច​ឆ្លង​ចូល​ក្នុង​ខ្លួនបាន​តាម​រយៈ​ការ​យក​ដៃ​ទៅប៉ះមាត់ ច្រមុះ ឬ​ភ្នែក​របស់​ពួកគេ។

យោង​តាម​គេ​ហទំព័រមជ្ឈមណ្ឌល​ការ​ពារ​ និង​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋអាមេរិក បាន​ឱ្យ​ដឹង​ថា មេរោគ​កូរ៉ូណា​អាចឆ្លង​រាល​ដាល​ខ្លាំង ​ប្រសិន​ជា​វា​ចូល​ដល់​សហគមន៍​ហើយ​នោះ។

មជ្ឈមណ្ឌល​ការ​ពារ​ និង​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋអាមេរិក បាន​សរសេរ​ថា៖ «វីរុស​ដែល​បង្ក​ជំងឺកូវីដ-១៩ អាច​រាលដាល​ងាយ​ស្រួល និង​មាន​និរន្តរភាព​នៅពេល​ដែល​វា​ឆ្លង​ដល់​សហគមន៍»

អ្វី​ជាការ​ចម្លង​ក្នុង​សហគមន៍​?

ការ​ចម្លង​ក្នុង​សហគមន៍​មាន​ន័យ​ថា មាន​មនុស្ស​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​ជំងឺនៅ​ក្នុង​តំបន់​មួយ​​ តែ​មិន​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ដឹង​ថា​បាន​ឆ្លង​ពី​កន្លែង​ណា ឬ​ដោយ​របៀប​ណា​នោះ​ទេ។ ការ​ចម្លង​ចូល​សហគមន៍​នេះ​ហើយ​ជា​បញ្ហា​ដែល​ពិបាក​ដោះស្រាយ​ និង​សាយ​ភាយ​ខ្លាំង ដែល​ត្រូវ​ចំណាយ​ទាំង​ថវិកា និង​កម្លាំង​ច្រើន​ក្នុង​ការ​ទប់ស្កាត់ ដោយ​សារ​តែ​មិន​ដឹង​ប្រភព​កើត​ និង​កន្លែង​កើត​ច្បាស់​លាស់​។ ប្រទេស​ជា​ច្រើន​បាន​បិទ​​មិន​ឱ្យ​ប្រជាជន​ធ្វើ​ដំណើរ​ដោយ​សារ​ការ​ចម្លង​ក្នុង​សហគមន៍​នេះ។ ​

វិធាន​ការ​ទប់​ស្កាត់​ការ​ចម្លង​ចូល​ក្នុង​សហគមន៍

កាល​ពី​ថ្ងៃ​ទី​៧ ខែមីនា អង្គការ​សុខភាព​ពិភព​លោក​បាន​ចេញសេចក្តី​ណែ​នាំ​មួយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីករាល​ដាល​នៃ​កូវីដ-១៩ក្នុង​សហគមន៍ ដោយ​ជំរុញ​ដល់​ប្រទេស​ទាំង​អស់​ឱ្យ​រៀប​ចំ និង​ឆ្លើយ​តប​ ដោយមាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់​ចាប់​ពី​ផ្នែក​សុខាភិបាល រហូត​ដល់​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្មជាដើម។ សេចក្តី​ណែ​នាំ​នោះ​ក៏​ជំរុញ​ឱ្យ​រដ្ឋនីមួយៗ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នានា​ទាក់ទង​នឹង​វីរុស ជាពិសេស​ជំរុញ​​ដល់​សាធារណជន​ឱ្យ​ដឹង​ពីតួនាទី​របស់​ពួកគេ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស​ ក្នុង​នោះ​ក៏​​មាន​ការ​រៀប​ចំ​ផែន​ការ​ត្រៀម​ជា​មុនចំពោះ​ការ​រីករាល​ដាល​ ដូច​ជា ត្រៀម​​ទីកន្លែង​ និង​សម្ភារ​សម្រាប់​ឆ្លើយ​តប​ពេល​មាន​ការ​ឆ្លង​កើត​ឡើង​ផង​ដែរ។

ក្នុង​សេចក្តី​ណែនាំ​នោះ​លើក​ឡើង​ថា៖ «ការត្រៀម​ខ្លួន​របស់​រដ្ឋាភិបាល និង​ប្រព័ន្ធ​គ្រប់គ្រង​សុខភាព​សាធារណៈ ​គួរ​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ ចំពោះ​ការ​ផែន​ការ​ត្រៀម​បង្ការ​ការ​រាតត្បាត​គឺជា​ចំណុច​ចាប់​ផ្ដើម​ដែល​ល្អបំផុត។ ក្នុង​ពេល​ដែល​មិន​ទាន់​មាន​ថ្នាំ​ការពារ​កូវីដ-១៩ ការ​ប្រើយុទ្ធសាស្ត្រ​បង្ការ និង​គ្រប់គ្រងគឺ​ត្រូវ​​ពឹង​ផ្អែក​លើ​វិធាន​ការ​សុខភាព​សាធារណៈ​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង»។

វិធាន​ការ​របស់​កម្ពុជា​ក្នុង​ការទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​ចម្លង​ចូល​ក្នុង​សហគមន៍

ក្រោយ​រក​ឃើញពលរដ្ឋ​ខ្លួន​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​វិធាន​ការ​ជា​បន្តបន្ទាប់​ដែល​មាន​ដូច​ជា​​ បិទ​សាលា​រៀន បិទ​ក្លិប​ រង្គសាល ខារ៉ាអូខេ និង​ពិធី​ជួប​ជុំ​នានា​ក៏​ត្រូវ​រំសាយ​ផង​ដែរ ដែល​ជា​វិធាន​ការ​ទប់​ស្កាត់​កុំ​ឱ្យ​ជំងីកូវីដ-១៩ ឆ្លង​ចូល​សហគមន៍​បាន​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពីថ្ងៃ​ពុធ​សប្ដាហ៍​មុន ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ លោក​ស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មាន​ប្រសាសន៍ថា​ សុំ​ឱ្យ​ពលរដ្ឋ​ជឿទុក​ចិត្ត​លើ​វិធាន​ការ​របស់​រដ្ឋាភិបាល លើស​ពី​នេះ ​រដ្ឋាភិបាល​ក៏​នឹង​មាន​វិធាន​ការ​ឆ្លើយ​តប​ជា​បន្តបន្ទាប់​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោកស្រី ឱ វណ្ណឌីន៖ «សុំ​បង​ប្អូន​ជឿជាក់​នូវ​វិធាន​ការ​ដែល​បាន​ដាក់​ចេញ»។ ​

សម្រាប់​ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍គាំទ្រ​ចំពោះ​វិធាន​ការ​ជាបន្តបន្ទាប់រ​ដ្ឋាភិបាល​នេះ តែ​ថា ​រដ្ឋាភិបាល​ដូច​ជា​ឆក​ល្វែង​រឿង​ដួល​សន្លប់​តាម​ផ្លូវ​មួយ​ ដែល​លោក​ថា​មិន​គួរមើល​រំលង​នោះ​ទេ ​ក្នុង​ពេល​ដែល​កម្ពុជា​រកឃើញ​ជំងឺ​នេះ​បន្តបន្ទាប់នោះ។

លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី៖ «ជំងឺ​ហ្នឹង​វាធ្វើ​ឱ្យ​ស្ទះ​ផ្លូវដង្ហើម​ វា​ប៉ះពាល់​ទៅ​នឹង​ខ្យល់​បិទ​បើកទងសួត​យើង​​ដែល​វា​អាច​ធ្វើ​ឱ្យ​ស្ទះ​ដួល​បាន។ ហើយ​យើង​ចេះ​តែ​ថា​ខ្យល់​គរៗ​ ហើយ​មិន​យក​ទៅ​ពិនិត្យ​មើល​តាម​ដាន​មើល ​ចេះ​តែ​ប្រហែស។ ទោះ​ជា​អត់ទោះ​ជា​មាន​យ៉ាង​ម៉េច​ក៏​ដោយ​ យើង​ត្រូវ​យកគាត់​ទៅ​ពិនិត្យ​មើល​ ហើយ​យើង​ចេញ​ជា​ព័ត៌មាន​មួយ​ប្រកាស​ឱ្យ​ពលរដ្ឋ​ទូទៅ​កុំ​ឱ្យ​គាត់​ភ័យ​ខ្លាច ដល់​យើង​មិន​បាន​មើល​ ហើយ​បែរ​ជា​ថា​ គាត់​ខ្យល់​គ​រ អាហ្នឹង​គឺ​ជា​កំហុស​ធ្ងន់ណាស់»​។

សម្រាប់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍសង្គម​ លោកបណ្ឌិត​ ប៉ា ចន្ទរឿន វិញ​ យល់​ថា ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍​បាន ​រដ្ឋាភិបាល​គួរ​បញ្ចេញ​ព័ត៌មាន​ទាំង​អស់​ពី​ការ​វិវត្តជំងឺ​នេះ​នៅ​ក្នុង​ប្រទេស រួមជា​មួយ​សារ​អប់រំ​ពលរដ្ឋ បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ជន​បរទេស​ដែល​ចូល​មក​កម្ពុជា និងជនជាតិ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ដែល​ផ្ទុះ​ជំងឺ។ ជាង​​នេះ​ទៅ​ទៀត ​ត្រូវ​បាន​មាន​ប្រព័ន្ធ​តាមដាន​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​នីមួយ​ៗ​ និង​ចាត់​វិធាន​ការ​ភ្លាមៗ​នៅពេល​មាន​ការ​សង្ស័យ​ពី​ជំងឺ​នេះនៅ​តំបន់​ទាំង​នោះ។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត ប៉ា ច័ន្ទរឿន

លោក​មាន​ប្រសាសន៍​ថា៖ «បើ​យើង​មើល​ទៅ​ប្រទេស​ដែល​គេ​អាច​គ្រប់គ្រង​បាន​ ដែល​មាន​ដូច​ជា ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន នៅ​ក្បែរ​យើង​មាន​ប្រទេស​សឹង្ហបុរី ដែល​អ្វី​ដែល​គេ​ធ្វើ​ គឺ​រដ្ឋាភិបាល​បញ្ចេញ​ព័ត៌មាន​ ហើយ​បង្កើន​ការ​អប់រំ​ ដាស់តើន​ក្រើន​រំលឹកប្រជាជន​ គ្រប់​មធ្យោបាយ ឱ្យ​ប្រជាជន​ចេះ​អនាម័យ​ខ្លួន​ឯង និង​ការទប់​ស្កាត់​ការ​ឆ្លង​ពី​ម្នាក់ទៅ​ម្នាក់ត្រលប់​ចូល​មក​ប្រទេស ដែល​ជា​ប្រទេស​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​នេះជា​ដើម»។​

ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​ការ​ទប់​ស្កាត់​ការ​រាតត្បាត​កូវីដ-១៩

ការ​ប្រយុទ្ធ​ទៅ​នឹង​ជំងឺ​កូវីដ-១៩ មិន​មែន​ត្រឹម​តែ​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ​ក្នុង​សង្គម​ផង​ដែរ។ ពលរដ្ឋ​គ្រប់គ្នា​អាច​ចូល​រួម​តាម​រយៈ​វិធាន​ការ​អនាម័យ​ ចេះ​តាមដាន និង​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​។

យើង​ដឹង​ហើយ​ថា ​វីរុស​កូរ៉ូណា​អាច​ឆ្លង​ចូល​ខ្លួន​មនុស្ស​បាន​តាម​រយៈ​ដំណក់​ទឹក​ដែល​ចេញ​ពី​ខ្លួន​អ្នក​ជំងឺ​តាម​រយៈ​ទំនាក់ទំនងជិតស្និទ្ធ និង​ការ​ចាប់​កាន់​វត្ថុ ​ឬ​ទី​តាំង​ដែល​វីរុស​នេះ​ទំនៅ ហើយ​យក​ដៃ​ដែល​មិន​ស្អាត​នោះ​ទៅ​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់​របស់ខ្លួន។

ពលរដ្ឋ​អាច​ការពារ​ខ្លួនឯង និង​អ្នក​ដទៃ​បាន ដោយឧស្សាហ៍​លាង​ដៃ​នឹង​សាប៊ូ ឬ​ទឹក​លាង​ដៃ​ដែល​ត្រឹមត្រូវ​បន្ទាប់​ពី​ចូល​ក្នុង​ទី​កន្លែង​សាធារណៈ ឬ​បន្ទាប់​ពីក្អក ​កណ្ដាស់ ជាពិសេស​ជៀស​វាង​យក​ដៃ​មិន​ស្អាត​ទៅ​ប៉ះភ្នែក​ ច្រមុះ ឬ​មាត់។ សម្រាក​នៅ​ផ្ទះ និង​ពាក់​ម៉ាស់​​នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ឈឺដែល​មាន​រោគ​សញ្ញា​ដូច​ជំងឺ​កូវីដ-១៩ ត្រូវ​ឧស្សាហ៍​សម្អាត​សម្លាប់​មេរោគ​នៅ​កន្លែង​ដែល​មាន​ការ​ប៉ះពាល់​ច្រើនដូច​ជា​តុ កៅអី បង្ហាន់​ដៃ ទ្វារ ទាំង​នៅ​កន្លែង​ធ្វើ​ការ​ កន្លែង​សាធារណៈ ឬ​ក្នុង​ផ្ទះ។

អនុសាសន៍

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មាន​ប្រសាសន៍​ថា វិធាន​ការ​អនាម័យ​គឺ​ជា​ជំរើស​ដំបូង​គេ​ត្រូវ​អនុវត្ត កាត់​បន្ថយ​ការ​ចាប់​ដៃ ខណៈ​រាល់​ការ​​ជួប​ជុំមនុស្ស​ច្រើន​គួរ​ត្រូវ​ផ្អាកមួយរយៈក្នុង​ពេល​ដែល​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​នេះ។

លោក​ថា៖ «វា​នឹង​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​ពិធី​ជប់លៀង ឬ​ពិធី​ការ​ហ្នឹង​ វា​អាច​តាម​រយៈ​អ្នក​ជំងឺ​អាច​ទៅ​ចម្លង​កន្លែង​ហូប​ការ​ហូប​អី​ហ្នឹង ព្រោះ​ទៅ​ជិត​គ្នា​ តុ​អង្គុយ​ហូប​ជា​មួយ​គ្នា តែ​ក្អក​ ឬ​ក៏​ការ​និយាយ​គឺ​ទឹក​មាត់​សាយ​ភាយ​ពេញ​ហ្នឹង។ អ៊ីចឹង​សូម​កាត់​បន្ថយ​ ហើយ​សុំ​ឱ្យ​បង​ប្អូន​​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ទាំង​ចាស់​ទាំង​ក្មេង​ មាន​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​មាន​អនាម័យ​ល្អ ត្រូវ​លាង​ដៃ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​កាន់​អី​ហូប ពេល​ចេញ​ទៅ​ណា​អី​ជា​ដើម ហើយ​កាត់​បន្ថយ​នូវ​ការ​ចាប់ដៃ»។  

បន្ថែម​ពី​នេះ បណ្ឌិត​ ប៉ា ចន្ទរឿន មាន​ប្រសាសន៍​ថា ​ជាមួយ​នឹងវិធាន​​ការ​ត្រៀម​ខ្លួន រដ្ឋាភិបាល​គួរ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ណា​មួយ​ក្នុង​ស្រុក ឬ​ក្រុម​ហ៊ុន​រដ្ឋ​​ផ្ទាល់​ធ្វើ​ការ​ផលិត​ម៉ាស់ និង​ទឹក​លាង​ដៃ​ចែក​ជូន​ពលរដ្ឋ ដើម្បី​ការ​ពារ​ខ្លួន​ក៏​ដូច​ជា​ទប់ស្កាត់​ការ​រាតត្បាតនេះ។ ខណៈ​ពលរដ្ឋ​ក្នុង​ប្រទេស​ ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​នេះ​ ជៀសវាង​ការ​កេង​ប្រវ័ញ្ច ឬ​រើស​អើង​គ្នា​​ ដែល​នឹង​អាច​ធ្វើ​ឱ្យ​រឿង​នេះ​កាន់​តែ​គ្រោះថ្នាក់​ធំ។

លោក​បណ្ឌិត ប៉ា ចន្ទរឿន៖ «គួរ​តែ​បើក​ចិត្ត​បើក​បេះ​ដូង​ឱ្យ​ទូលាយ​ ចាត់​ទុក​ជា​ការ​ជួយ​គ្នានៅ​ក្នុង​គ្រា​ស្លាប់​រស់ បើសិន​ជា​យើង​ជា​អ្នក​លក់​ដូរ​មាន​អីវ៉ាន់ មាន​ទំនិញ​លក់​ ហើយ​យើង​កេង​ប្រវ័ញ្ចខ្លាំង​ពេក​ ពេល​ដែល​អ្នក​ក្រ​ ឬ​អ្នក​ដែល​គ្មាន​លទ្ធភាព​ទិញ​ហ្នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​នេះ ចុះបើ​ឆ្លង​ដល់​អ្នក​ដែរ​នោះ អនាគត​ទៅ អ្នក​យក​លុយ​ទៅ​ធ្វើ​អី​កើត។ ដូច្នេះ​ សូម​ប្រកាន់​នូវធម៌​មេត្តាករុណា ស្រលាញ់​គ្នា​ក្នុង​គ្រា​លំបាក​ហ្នឹង ហើយ​សុំ​កុំ​មាន​ការ​រើស​អើង​ចំពោះ​ជន​ដែល​សង្ស័យ​ថា​ ឆ្លង​មេរោគ​ហ្នឹង ឬ​ក៏​ញាតិមិត្ត​គាត់​អី​ គឺ​សុទ្ធ​តែ​ជាជន​រងគ្រោះ​ដូចគ្នា​ទេ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "វិភាគ៖ តើ​​កម្ពុជា​​អាច​​​បង្ការ​កុំ​​ឱ្យ​​កូវីដ​-​១៩​ឆ្លង​​ក្នុង​​សហគមន៍​​បាន​​ដោយ​​របៀប​​ណា​?​"

  1. Anonymous says:

    I really want SO SOCHEATH come to comment in this article . I want him to take a look at these pitchers how Cambodian are living. the pitcher is telling every one the true and the situation is very true as we have been there. so sad for some HUN NAL supporters some of them took Chinese’s Casino to tell me that how Cambodia improvement in his boss leadership. how do I believe them as said . I’m the person always wanted to find out the truth is not that easy to believe them. I admitted there are some improvement but those are not transparency. believing me be for I said yes I believing you as long as I’m there seeing with my own eyes . for the future of this nation I myself can find out who was this nation’s treason . who was KBOTH CHEATH I knew them . talking about KIM SOKHA or SAM RANSY some bodies said they are KBOTH CHEATH my question is how can they . I knew they are the democracy people every thing people is the boss if they not doing right people have the right to vote them out. democratic is not only one party lead the nation for so many decade . how about dictatorship they are at first form a high ragging officers into one families and the top guy will stay in powers till he die then transfer to son or gran son to take over . for example North KORIA. how about communist leadership they form a party and policy for the nation with among their group to how the way to leaded their nation just like communist CHINA. please do not acting to be AH CHESSTU if you are not . GOD bless Cambodia

Leave a Reply

Submit Comment