អង្គការ​អន្តរជាតិ​ថា អាជ្ញាធរ​ប្រើ​ច្បាប់​អង្គការ សមាគម ​ដើម្បី​បំបិទ​សិទ្ធិ​សហគមន៍​មូលដ្ឋាន

ដោយ ខែ សុណង
2020-03-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​សញ្ញា​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) លោក អ៊ូច ឡេង (ឈរ​ឱប​ដៃ) ប្រធាន​អង្គការ​កិច្ច​ការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) និង​សមាជិក​សហគមន៍​ព្រៃ​ឡង់ ៣នាក់​ទៀត គឺ​លោក ស្រី ថី លោក ខេម សុឃី និង​លោក ម៉ាន ម៉ាត់ ពេល​ចុះ​ល្បាត​ព្រៃ នៅ​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ២០២០។

រូប​សញ្ញា​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) លោក អ៊ូច ឡេង (ឈរ​ឱប​ដៃ) ប្រធាន​អង្គការ​កិច្ច​ការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) និង​សមាជិក​សហគមន៍​ព្រៃ​ឡង់ ៣នាក់​ទៀត គឺ​លោក ស្រី ថី លោក ខេម សុឃី និង​លោក ម៉ាន ម៉ាត់ ពេល​ចុះ​ល្បាត​ព្រៃ នៅ​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ២០២០។

 រូប៖ សកម្មជន​បរិស្ថាន


អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ពិនិត្យ​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​បាន​យក​ច្បាប់​អង្គការ សមាគម​ មក​ប្រើប្រាស់ ដើម្បី​រាំង​ខ្ទប់​សកម្មភាព​ការពារ​បរិស្ថាន​របស់​សហគមន៍​មូលដ្ឋាន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ការ​អះអាង​បែបនេះ គឺ​នៅ​ក្រោយ​ពេល​សហគមន៍​ព្រៃ​ឡង់​បាន​រង​ការ​ហាម​ប្រាម​មិន​ឱ្យ​ចូល​ព្រៃ​ប្រារព្ធ​ពិធី​ក្រោម​ហេតុ​ផល​ថា ពួក​គេ​មិន​បាន​ចុះ​បញ្ជី ហើយ​ករណី​មួយ​ទៀត គឺ​អាជ្ញាធរ​ចង់​យក​ច្បាប់​អង្គការសមាគម​មក​ប្រើ​ក្នុង​ការ​ចោទ​ប្រកាន់​អ្នក​ការពារ​បរិស្ថាន លោក អ៊ូច ឡេង និង​សហការី ៣នាក់​ទៀត។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) អំពាវនាវ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​​លុប​ចោល ឬ​កែ​ប្រែ​ច្បាប់​អង្គការ​សមាគម​ឱ្យ​បាន​ច្រើន​ចំណុច ដោយ​គ្មាន​ការ​ពន្យារ​ពេល ​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ ម្យ៉ាង​វិញ​ទៀត ការ​លុប​ចោល ឬ​កែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព និង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន ឱ្យ​ពួក​គេ​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ដោយ​មិន​ភ័យ​ខ្លាច​ការ​សងសឹក។

ការ​អំពាវ​នាវ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃទី២០ មីនា​កន្លងទៅ​ នៅ​ចំ​ថ្ងៃ​ទិវា​ព្រៃ​ឈើ​អន្តរជាតិ។ សេចក្ដី​ថ្លែង​ការណ៍​នេះ ផ្ដោត​ជា​សំខាន់​​លើ​ការ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​យាយី​លើ​អ្នក​ការពារ​ព្រៃឈើ ដែល​ជា​ទង្វើ​ប៉ះពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ អាជ្ញាធរ​ចម្រុះ​បាន​រារាំង​ក្រុម​ប្រជា​សហគមន៍​ព្រៃ​ឡង់ ព្រះសង្ឃ និស្សិត និង​យុវជន​ប្រមាណ ៦០០នាក់ មិន​ឱ្យ​​ចូល​ទៅ​ធ្វើ​បុណ្យ​សុំ​សេចក្ដី​សុខ និង​បំបួស​ដើម​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ឡើយ ក្រោម​ហេតុ​ផល​ថា សហគមន៍​មិន​បាន​ចុះ​បញ្ជី​តាម​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ ហើយ​ការ​ចូល​ទៅ​ក្នុង​ព្រៃ​អភិរក្ស​ចាំ​បាច់​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន​សិន។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​គំរាម​​ចាប់​ខ្លួន​តំណាង​សហគមន៍​ព្រៃ​ឡង់​ថែម​ទៀត​ ប្រសិន​បើ​ពួក​គាត់​មិន​ព្រម​ផ្អាក​សកម្មភាព​ចូល​ធ្វើ​បុណ្យ​ក្នុង​ព្រៃ​ឡង់​ទេ​នោះ។

ប្រមាណ ៣សប្តាហ៍​ក្រោយ​មក​ ហេតុ​ការណ៍​យាយី​លើ​សកម្មជន​ព្រៃ​ឈើ ដែល​បាន​ចុះ​ទៅ​ល្បាត​តំបន់​ព្រៃ​ឡង់​បាន​កើត​ឡើង​ជាថ្មី​ម្ដង​ទៀត។ ប្រធាន​អង្គការ​កិច្ច​ការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) លោក អ៊ូច ឡេង និង​សមាជិក​សហគមន៍​ព្រៃ​ឡង់ ៣នាក់​ទៀត រួម​មាន លោក ស្រី ថី លោក ខេម សុឃី និង​លោក ម៉ាន ម៉ាត់ ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ចាប់​ឃាត់​ខ្លួន នៅ​ពេល​ពួក​គេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ។ ក្នុង​ពេល​ឃាត់​ខ្លួននេះ សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​ប្រើ​ហិង្សា​លើ​លោក ម៉ាន ម៉ាត់ និង​បាន​បង្ខាំង​ទុក​អ្នក​ទាំង ៤រូប ជា​ច្រើន​ម៉ោង មុន​ពេល​ប្រគល់​ជូន​សមត្ថកិច្ច។

ក្រោយ​ការ​សាកសួរ​អស់​រយៈ​ពេល ៣ថ្ងៃ និង​មាន​​ការ​តវ៉ា​ឥត​ឈប់​ពី​សំណាក់​ព្រះសង្ឃ សកម្មជន​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ តំណាង​​អយ្យការ​ខេត្ត​ក្រចេះ​បានសម្រេច​ដោះលែង​អ្នក​​ទាំង ៤រូប​វិញ ក៏​ប៉ុន្តែ​បាន​តម្រូវ​ឱ្យ​ពួក​គេ​ធ្វើ​កិច្ច​សន្យា​ទទួល​ស្គាល់​កំហុស។ តំណាង​អយ្យការ​ក៏​បាន​តម្រូវ​ឱ្យ​ពួក​គេ​បញ្ឈប់​សកម្មភាព​ការពារ​ព្រៃឈើ​នេះ​ផង​ដែរ រហូត​ដល់​ពេល​ស្នើសុំ​ចុះ​បញ្ជី​រួច​រាល់​នៅ​ក្រសួង​មហាផ្ទៃ ហើយ​ប្រសិន​បើ​ពួក​គេ​មិន​គោរព​តាម​កិច្ច​សន្យា​នេះ​ទេ នោះ​ព្រះរាជអាជ្ញា​នឹង​ចោទ​ប្រកាន់​ពួក​គេ​តាម​ច្បាប់។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា ដែល​ចុះ​អង្កេត​រឿង​នេះ មាន​ប្រសាសន៍​ថា ពី​ដំបូង​ឡើយ​ខាង​តំណាង​អយ្យការ​ប្រុង​នឹង​យក​ច្បាប់​អង្គការ​សមាគម មក​​ចោទ​ប្រកាន់​លោក អ៊ូច ឡេង ថា ធ្វើ​សកម្មភាព​​ខុស​ច្បាប់ ​ក្នុង​នាម​ជា​ប្រធាន​អង្គការ​កិច្ច​ការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF)។ ក៏​ប៉ុន្តែ នៅ​ពេល​លោក អ៊ូច ឡេង បង្ហាញ​​​ឯកសារ​ភស្តុតាង​ថា អង្គការ​របស់​លោក​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៅ​ក្រសួង​មហាផ្ទៃ ហើយ​លោក​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ពី​ប្រធាន​មុន ទើប​តំណាង​អយ្យការ​មិន​ចោទ​ប្រកាន់​លោក គ្រាន់តែ​តម្រូវ​ឱ្យ​​បំពេញ​​ទៅ​តាម​នីតិវិធី​របស់​ក្រសួង​មហាផ្ទៃ។

ថ្វី​ដ្បិត​តែ​តំណាង​អយ្យការ​មិន​បាន​ចោទ​ប្រកាន់​សកម្មជន​លោក អ៊ូច ឡេង និង​សកម្មជន ​៣នាក់​ទៀត​អំពី​បទល្មើស​ណាមួយ​ក៏​ដោយ​ចុះ ក៏​តំណាង​អយ្យការ​នៅ​តែ​​ដាក់​ពួក​គេ​ក្រោម​ការ​ស៊ើប​អង្កេត​​ដដែល ដែល​មានន័យ​ថា ពួក​គេ​ងាយ​នឹង​រង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​ដំណាក់​កាល​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី២០ មីនា​ថា ការ​ស៊ើបអង្កេត​គ្មាន​កាល​កំណត់​ និង​ការ​គំរាម​ចាត់​វិធាន​ការ​រដ្ឋបាល​លើ​អង្គការ​កិច្ច​ការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) នេះ គឺ​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​សកម្មជន​ទាំង ៤រូប ដែល​កំពុង​​បំពេញ​ការងារ និង​ធ្វើ​សកម្មភាព​ដោយ​មិន​ភ័យ​ខ្លាច​ការ​យាយី។ Human Rights Watchថា ករណី​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​ប្រើប្រាស់​ច្បាប់​អង្គការ​សមាគម​ក្នុង​ន័យ​ស្រពេចស្រពិល និង​ទូលំទូលាយ​ប្រឆាំង​នឹង​ក្រុម​សហគមន៍​មូលដ្ឋាន ដូច​ជា​ក្រុម​លោក អ៊ូច ឡេង នេះ​ផ្ទាល់​តែ​ម្ដង។ អង្គការ Human Rights Watch បន្ថែម​ថា អាជ្ញាធរ​​កម្ពុជា​គួរ​តែ​ដឹង​គុណ​ក្រុម​​សកម្មជន​បរិស្ថាន ដែល​បាន​​​ព្យាយាម​ការពារ​ព្រៃឈើ​នៅ​សេសសល់​ចុងក្រោយ​របស់​កម្ពុជា ជំនួស​ឱ្យ​ការ​រាំង​ខ្ទប់​សកម្មភាព​របស់​ពួកគេ។

ចំណែក អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ពិនិត្យ​ឃើញ​ថា ករណី​​គំរាម​កំហែង​ចុងក្រោយ​ប្រឆាំង​នឹង​សហគមន៍​ព្រៃ​ឡង់​នេះ គឺ​ជា​ឧទាហរណ៍​ច្បាស់​នឹង​ភ្នែក​នៃ​ការ​យក​ច្បាប់​អង្គការ-សមាគម​ជា​អាវុធ​រាំង​ខ្ទប់ និង​គាប​សង្កត់​លើ​សកម្មភាព​របស់​ពល​រដ្ឋ​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ឯករាជ្យ។ អង្គការ​ដដែល​នេះ​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ច្បាប់​នេះ ជា​ច្បាប់​ការពារ​សិទ្ធិ​សេរីភាព​ខាង​សមាគម​ ក៏​ប៉ុន្តែ​លើ​សាច់​ការ​ជាក់​ស្ដែង ច្បាប់​អង្គការ-សមាគម ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ច្រើន​លើស​លប់​ដើម្បី​​រឹតត្បិត​ និង​ដាក់​ទណ្ឌកម្ម​លើ​ការ​ងារ​របស់​តួអង្គ​សង្គម​ស៊ីវិល​​ឯក​រាជ្យ និង​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​ទៅវិញ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ប្រតិកម្ម​រឿង​នេះ​ពី​រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ដោះ​ស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល លោក ប៊ុន ហុន ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ឡើយ នៅ​ថ្ងៃ​ទី២៣ មីនា។

ទោះ​ជា​យ៉ាង​ណា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា រដ្ឋាភិបាល​មិន​អាច​លុប​ចោល​ច្បាប់​អង្គការសមាគម តាម​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល​នោះ​ទេ ព្រោះ​លោក​ថា លោក​បាន​ប្រឹង​ប្រែង​អស់​ពេល ២០ឆ្នាំ ដើម្បី​បង្កើត​ច្បាប់​នេះ។ លោក​នៅ​តែ​អះអាង កម្ពុជា​គឺជា​ឋាន​សួគ៌​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​និន្នាការ​ចម្រុះ និង​ធ្វើការ​លើ​វិស័យ​ផ្សេងៗ គ្នា។ ជាមួយ​គ្នា​នេះ លោក ស ខេង បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​តែ​ចាត់​ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ និង​ស្នើ​ឱ្យ​អង្គការ​ទាំង​ឡាយ​អត់​ធ្មត់​ និង​ចូល​រួម​ក្នុង​ការ​ពិភាក្សា​កែ​លម្អ​ច្បាប់​អង្គការ​សមាគម​នេះ៖ «ដើម្បី​សិក្សា​ធ្វើ​វិសោធនកម្ម​ហ្នឹង យើង​មិន​ត្រូវ​តក់ក្រហល់​ទេ ពីព្រោះច្បាប់​នេះ​ខ្ញុំ​អ្នក​ចាប់​ផ្ដើម​​រៀប​ចំ​ធ្វើ​ក្នុង​ឆ្នាំ១៩៩៥ រហូត​ដល់២០១៥ បាន​ច្បាប់​ហ្នឹង​ត្រូវ​បាន​សភា​អនុម័ត​ចូល​ជា​ធរមាន ប្រកាស​ឱ្យ​ប្រើ។ ដល់​ពេល​មក​ជំនុំ​គ្នា​កែ គ្រាន់​តែ៤ លើក​សោះ គាត់​ថា​យូរ​ពេក​ទៅ​ហើយ។ ឥឡូវ​បើ​ទោះ​បី​ថា ១ឆ្នាំ ក៏​វា​មិន​ទាន់​ស្មើ​នឹង ២០ឆ្នាំ​ដែរ។ ២ឆ្នាំ ក៏​វា​មិន​ទាន់​ស្មើ​ដែរ ៥ឆ្នាំ ក៏​អត់​ទាន់​ស្មើ​ដែរ ព្រោះ ២០ឆ្នាំ​ឯណោះ ជជែក​គ្នា។ ជជែក​គ្នា​មិន​ត្រូវ ដោយសារ​ពួកគាត់​ហ្នឹង​ហើយ និយាយ​ឱ្យ​មែន​ទែន​ទៅ។ ខ្ញុំ​និយាយ​ឱ្យ​ច្បាស់​តែ​ម្ដង​ទៅ ពួក​គាត់​ហ្នឹង​ហើយ (ថា) អា​នេះ​អ៊ីចេះ អា​នោះ​អ៊ីចុះ។ ជជែក​គ្នា យើង​ក៏​អនុលោម​ទៅតាម​ហ្នឹង។ មិន​ដឹង​ថា ធ្វើ​យ៉ាង​ម៉េច​ទៀត​ឥឡូវ​ហ្នឹង»។

គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​មីនា ក្រសួង​មហាផ្ទៃ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ បាន​ជួប​ប្រជុំ​គ្នា​ចំនួន​៥ លើក​រួច​មក​ហើយ ដើម្បី​ជជែក​ពី​រឿង​កែប្រែ​ច្បាប់​អង្គការ​សមាគម ក៏​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា លោក​ហាក់​មិន​សូវ​មាន​ជំនឿ​ទេ​ថា ច្បាប់​នេះ​​នឹង​ត្រូវ​បាន​កែ​លម្អ​ទៅ​តាម​សំណើ​របស់​សង្គម​ស៊ីវិល ព្រោះ​ការ​ជជែក​គ្នា​កន្លងមក​ជាមួយ​ក្រសួង​មហាផ្ទៃ មាន​ដំណើរ​ការ​យឺតយ៉ាវ​ ហើយ​ការ​ប្រែ​ច្បាប់​នេះ​ត្រូវ​ឆ្លង​កាត់​នីតិវិធី​ច្រើន​ទៀត។

អ្នក​ការ​ពារ​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ទៀត​ថា លោក​គាំទ្រ​សំណើ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ដែល​ចង់​ឱ្យ​រដ្ឋាភិបាល​លុប​ចោល ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឱ្យ​ស្រប​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​។ ជាមួយ​គ្នា​នេះ លោក​ថា ​ច្បាប់​នេះ​នៅ​ប្រទាំង​ប្រទើស​លើ​ចំណុច​មួយ​ចំនួន​​នៅ​ឡើយ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​កុំ​ទាន់​អនុវត្ត​នូវ​ចំណុច​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល៖ «តាំង​ពី​នៅ​ជា​សេចក្ដី​ព្រាង​ម្ល៉េះ យើង​បាន​ស្នើ​ជាមួយ​អង្គការ​ដៃគូ​ផ្សេងៗ ទៀត គឺ​មិន​ចង់​ឱ្យ​មាន​ច្បាប់​នេះ​ទេ ព្រោះ​យើង​បារម្ភ​ថា ពេល​មាន​ច្បាប់​នេះ​នឹង​មាន​ការអនុវត្ត​ទៅ ធ្វើ​ឱ្យ​​ប៉ះពាល់​ទៅដល់​ សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សេរី​ហ្នឹង​ហើយ។ អ៊ីចឹង​ហើយ យើង​ឃើញ​ហើយ​ នេះ​ជា​ការ​អនុវត្ត​មួយ​​ដែល​ធ្វើ​ឱ្យ​មាន​ភាព​​ប្រទាំង​ប្រទើស និង​បន្ទច់បង្អាក់​ទៅ​លើ​ទឹក​ចិត្ត​របស់​សកម្មជន​ អង្គការ​សង្គម​ស៊ីវិល ដែល​គាត់​បាន​ធ្វើ​កិច្ច​ការងារ​បម្រើ​សង្គម​ជាតិ​ហ្នឹងឯង»

កាល​ពី​ដើម​​ខែ​កុម្ភៈ​កន្លង​ទៅ ក្រុម​អង្គការ សមាគម និង​សហគមន៍​ចំនួន​ ១០០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​អង្គការ-សមាគម​ នេះ​ម្ដង​រួច​ទៅ​ហើយ ក្រោយ​ប្រជុំ ៤​លើក​ជាមួយ​ក្រសួង​មហាផ្ទៃ តែ​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។ ក្រុម​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​ថា លោក ហ៊ុន សែន ខ្វះ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សំណើ​វិសោធនកម្ម​ច្បាប់​ដែល​មាន​ចរិត​គាប​សង្កត់​សិទ្ធិ​មនុស្ស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អង្គការ​អន្តរជាតិ​ថា អាជ្ញាធរ​ប្រើ​ច្បាប់​អង្គការ សមាគម ​ដើម្បី​បំបិទ​សិទ្ធិ​សហគមន៍​មូលដ្ឋាន"

  1. so socheath says:

    Cambodia doesn’t People live Outlaw !
    Democratic human rights must go alongIn legal terms !