ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ខេត្ត​កំពង់ធំ ហាម​ក្រុម​និស្សិត និង​ព្រះសង្ឃ​ជាង ៣០នាក់ មិន​ឱ្យ​ចូល​ព្រៃ​ឡង់

ដោយ ទីន ហ្សាការីយ៉ា
2020-03-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​និស្សិត ព្រះសង្ឃ និង​ពលរដ្ឋ​ជាង ៣០នាក់ ត្រូវ​បាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ខេត្ត​កំពង់ធំ រារាំង​មិន​ឱ្យ​ចុះ​សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ២០២០។

ក្រុម​និស្សិត ព្រះសង្ឃ និង​ពលរដ្ឋ​ជាង ៣០នាក់ ត្រូវ​បាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ខេត្ត​កំពង់ធំ រារាំង​មិន​ឱ្យ​ចុះ​សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ២០២០។

 រូប៖ សកម្មជន​បរិស្ថាន


ក្រុម​និស្សិត ព្រះសង្ឃ និង​ពលរដ្ឋ​ជាង ៣០នាក់ ខក​ចិត្ត​ចំពោះ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ខេត្ត​កំពង់ធំ​ថា បាន​រារាំង​ពួក​គេ​មិន​ឱ្យ​ចុះ​សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​ព្រៃ​ឡង់។ ពួក​គេ​ចាត់​ទុក​ការ​រាំង​នេះ​ថា ឆ្លុះ​បញ្ចាំង​ថា ក្រសួង​បរិស្ថាន​មិន​បាន​ផ្ដល់​តម្លៃ និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​និស្សិត និង​យុវជន ចូលរួម​អភិរក្ស​ព្រៃ​ឈើ និង​សិក្សា​ស្វែងយល់ ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ 

ក្រុម​និស្សិត ព្រះសង្ឃ និង​ពលរដ្ឋ​ខេត្ត​កំពង់ធំ បង្ហាញ​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួក​គេ​មិន​ឱ្យ​ចូល​ព្រៃ​ឡង់ ពី​សំណាក់​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន។ ពួក​គេ​ចាត់​ទុក​ការ​រារាំង​នេះ ជា​ចេតនា​ចង់​លាក់​បាំង​ព័ត៌មាន និង​បង្ហាញ​ពី​ភាព​អសកម្ម​របស់​ឆ្មាំ​អភិរក្ស​នៃ​ក្រសួង​បរិស្ថាន ក្នុង​បេសកកម្ម​ការពារ​ព្រៃ​អភិរក្ស​មួយ​នេះ។ 

កាល​ពី​ថ្ងៃ​ទី២០ ខែ​មីនា ក្រុម​និស្សិត ព្រះសង្ឃ និង​សហគមន៍​មូលដ្ឋាន​ជាង ៣០នាក់ បាន​រួម​គ្នា​ចុះ​ល្បាត​ព្រៃ​ឡង់ ក្នុង​បំណង​ស្វែង​យល់​ពី​ស្ថានភាព​ព្រៃ​ឈើ និង​កត់ត្រា​ក្នុង​ឯកសារ​ស្រាវជ្រាវ ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា កិច្ចការ​សាលា ក៏​ប៉ុន្តែ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ខេត្ត​កំពង់ធំ ៤នាក់ បាន​ហាម​ឃាត់​ពួក​គេ​នៅ​ចំណុច​ព្រៃ​លោក​ដោយ​លើក​ហេតុផល​ថា ជា​បញ្ជា​ពី​ថ្នាក់​លើ។ 

ពួក​គេ​អះអាង​ថា មុន​ពេល​ចូល​ព្រៃ​ឡង់ មាន​នគរបាល​ខេត្ត​កំពង់ធំ​ជិត ១០នាក់ បាន​សួរ​នាំ​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ និង​កត់​ឈ្មោះ​អ្នក​ចូលរួម​ទាំង​អស់ ហើយ​តម្រូវ​ឱ្យ​ពួក​គេ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក​ជា​មុន​សិន ទើប​មាន​សិទ្ធិ​ចូល​ព្រៃ​ឡង់​បាន។ ពួក​គេ​ក៏​ធ្វើ​ដំណើរ​សុំ​ការ​អនុញ្ញាត ពី​អាជ្ញាធរ​ស្រុក​សណ្ដាន់ ដោយ​បង្ហាញ​ពី​មូលហេតុ និង​គោល​បំណង​ចូល​ព្រៃ​ឡង់ ទើប​អាជ្ញាធរ​ស្រុក​អនុញ្ញាត។ 

និស្សិត​ម្នាក់​មក​ពី​រាជធានី​ភ្នំពេញ កញ្ញា សុ ផាន្នី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ មីនា​ថា ការ​រារាំង​ពួក​គេ​មិន​ឱ្យ​ចូល​ព្រៃ​ឡង់ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល មិន​បាន​លើក​ទឹក​ចិត្ត​ក្រុម​យុវជន ចូល​រួម​ការពារ​ព្រៃ​ឈើ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ កញ្ញា​ថា គ្រាន់​តែ​ពួក​គេ​ចូល​ព្រៃ​ឡង់​បាន​តែ​មួយ​ជ្រុង នៅ​ចំណុច​ព្រៃ​លោក ឋិត​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ឮ​សំឡេង​ម៉ាស៊ីន​ត្រង់សឺន័រ​អារ​ឈើ ៣ទីតាំង​ផ្សេង​គ្នា ដែល​គេ​អារ​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន នៅ​ជាប់​ព្រៃ​ឡង់៖ «ព្រៃ​ឡង់​ជា​ព្រៃ​មួយ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល បញ្ឈប់​រាល់​ការ​កាប់​ឈើ​ទាំង​អស់ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​ខ្ញុំ​ទៅ​ដល់ ត្រឹម​តែ ២ភាគ​រយ​នៃ​ព្រៃ​ឡង់​ទេ ឮ​សំឡេង​អារ​ឈើ​មក​ពី​ក្នុង​ហើយ ចុះ​ទម្រាំ​ដល់​កន្លែង​អារ​ឈើ​កន្លែង​ជ្រៅ មាន​រឿង​អី​ខ្លះ​ទៅ ហើយ​ទម្រាំ​តែ​ពេល​យប់​ទៀត។ អ៊ីចឹង​វា​មិន​កាន់​តែ​ច្រើន​ជាង​ហ្នឹង ហើយ​ពួក​គាត់​ថា មិន​ទាន់​បែងចែក​តំបន់​ស្នូល តែ​ពួក​ខ្ញុំ​ទៅ​ដល់ គឺ​ទៅ​ដល់​តំបន់​ការពារ​រួចរាល់​ហើយ ប៉ុន្តែ​តំបន់​ការពារ នៅ​មាន​គេ​កាប់​ឈើ នៅ​មាន​គេ​ដឹក​ឈើ ពី​ក្នុង​ព្រៃ​ឡង់ ២ទៅ ៣គោយន្ត​ដែរ ថ្ងៃ​ដែល​ពួក​ខ្ញុំ​ទៅ​ហ្នឹង»។ 

និស្សិត​ម្នាក់​ទៀត លោក មឿន សុខណា បង្ហាញ​អារម្មណ៍​សោក​ស្ដាយ ដែល​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ អនុវត្ត​បទបញ្ជា ធំ​ជាង​រដ្ឋធម្មនុញ្ញ។ លោក​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​រឹត​បណ្ដឹង​សកម្មភាព​ការពារ​ព្រៃ​ឈើ​របស់​ពលរដ្ឋ និង​ក្រុម​យុវជន ច្រើន​ជាង​ពង្រឹង​គោល​នយោបាយ​អភិរក្ស​ព្រៃ​ឈើ និង​អនុវត្តន៍​ច្បាប់​ព្រៃ​ឈើ ។ លោក​ថា ព្រៃ​ឡង់​នៅ​តែ​ទទួល​រង​គ្រោះ​ជា​បន្ត​បន្ទាប់ ព្រោះ​សកម្មភាព​កាប់​ឈើ និង​ដឹក​ជញ្ជូន​នៅ​តែ​កើត​មាន​ច្រើន៖ «ច្បាប់​ដូច​ជា​មាន​ការ​រឹត​បណ្ដឹង​ខ្លាំង​ណាស់ ដូច​ជា អាជ្ញាធរ​បែរ​ជា​មិន​យក​ច្បាប់​ហ្នឹង​មក​គោរព គាត់​បែរ​ជា​យក​បទ​បញ្ជា​ទៅ​ប្រើ​វិញ។ នៅ​ពេល​ដែល​ពួក​គាត់​រារាំង​អ៊ីចឹង ពួក​ខ្ញុំ​គិត​ថា អាច​មាន​បទ​ល្មើស​កាប់​ព្រៃ ក្នុង​ព្រៃ​ឡង់ លក្ខណៈ​ធំ​ទូលាយ​ហ្មង​បង ប្រហែល​ជា​មាន​ក្រុមហ៊ុន​ធ្វើ​ការ កាប់​ព្រៃ​ក្នុង​ហ្នឹង ឬ​មួយ​បង្កើត​ជា​រោងចក្រ​ឈើ​ក្នុង​ហ្នឹង បាន​ជា​ពួក​គាត់​ខិតខំ​រារាំង​ពួក​ខ្ញុំ»

និស្សិត​ម្នាក់​ទៀត កញ្ញា ជា គន្ធីន ប្រាប់​ថា គោល​បំណង​រួម​របស់​ពួក​គេ ចង់​សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​ព្រៃ​ឡង់ និង​ត្រូវ​រក​មធ្យោបាយ​ជាក់លាក់ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ព្រៃ​ឈើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ។ កញ្ញា​បន្ថែម​ថា ពួក​គេ​ចង់​ថត​វីដេអូ និង រូបភាព លាត​ត្រដាង​ពី​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ដើម្បី​ធ្វើ​វេទិកា​សាធារណៈ សម្ដែង​មតិ បំណង​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន និង​រដ្ឋាភិបាល បង្ហាញ​ភាព​ច្បាស់លាស់​ក្នុង​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឱ្យ​ម៉ឺងម៉ាត់៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​គាត់​នៅ​រាំងស្ទះ មិន​ឱ្យ​មាន​ការ​ចុះ​មើល​ស្ថានភាព​ព្រៃ​ឡង់ បែប​ហ្នឹង​ទៀត ខ្ញុំ​គិត​ថា ព្រៃ​ឡង់​មិន​អាច​គង់​ទេ​បង ព្រោះ​អី​យើង​ចុះ​ទៅ​មួយ​ជ្រុង​តូច​ទៀត មាន​ការ​កាប់​បំផ្លាញ​ប៉ុណ្ណឹង​ហើយ ទម្រាំ​ចុះ​ទៅ​ខាង​ក្នុងៗ ទៀត តើ​វា​កាប់​បំផ្លាញ​ប៉ុណ្ណា​ទៅ។ ចុះ​ទៅ​គេ​កំពុង​តែ​អារ​ឈើ សំឡេង​រណា ៣កន្លែង»។ 

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ថ្លែង​ថា ការ​រាំង​នេះ ជា​ការ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ព្រោះ​ការ​ចេញ​ចូល​តំបន់​ការពារ​ធម្មជាតិ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​ក្រសួង​បរិស្ថាន​ជា​មុន​សិន។ លោក​ថា ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ចូល​ព្រៃ​ឡង់​បាន ត្រូវ​ស្នើសុំ​មក​ក្រសួង​បរិស្ថាន ឬ​សមត្ថកិច្ច​នៅ​តាម​ទីតាំង​ផ្ទាល់។ លោក​បញ្ជាក់​ថា ក្រសួង​បរិស្ថាន ព្រមាន​ថា ប្រសិន​បើ​ការ​ចូល​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​គោល​បំណង​ទុច្ចរិត ឬ​ធ្វើ​សកម្មភាព​ប្រាស​ចាក​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់៖ «បាទ​ទី១ គឺ​យើង​អនុវត្ត​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដែល​ការ​ចេញ​ចូល ក្នុង​តំបន់​ការពារ​ធម្មជាតិ​ត្រូវ​មាន​ការ​អនុញ្ញាត​ជា​មុន​សិន ពី​មន្ត្រី​ក្រសួង​បរិស្ថាន ពី​ព្រោះ​ថា តំបន់​ទាំង​នោះ គឺ​ជា​តំបន់​អភិរក្ស ដែល​មិន​អាច​អនុញ្ញាត​ឱ្យ​មាន​ការ​ចេញ​ចូល​ដោយ​សេរី​ទេ។ នេះ​ជា​ការ​អនុវត្ត​តាម​ច្បាប់ ស្ដីពី​តំបន់​ការពារ​ធម្មជាតិ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ពន្យល់​ថា ប្រសិន​បើ​ក្រុម​និស្សិត ព្រះសង្ឃ និង​យុវជន​ចូល​ព្រៃ​ឡង់ ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ព្រៃ​ឈើ គឺ​ជា​សិទ្ធិ​សេរីភាព​ដើរហើរ របស់​ពលរដ្ឋ ផ្អែក​ទៅ​តាម​រដ្ឋធម្មនុញ្ញ ក៏​ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​រារាំង​ពួក​គេ​ក្នុង​ទម្រង់​ណា​មួយ​នោះ គឺ​ជា​ទង្វើ​ល្មើស​ច្បាប់។ លោក​ថា ការ​រារាំង​នេះ ក៏​ជា​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ ផ្ទុយ​ពី​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​ច្បាប់​អន្តរជាតិ ខណៈ​ព្រៃ​ឡង់​នៅ​មិន​ទាន់​មាន​ការ​បែងចែក​តំបន់​ណា ជា​តំបន់​ស្នូល ដែល​ត្រូវ​ហាម​ឃាត់​នៅ​ឡើយ​ទេ៖ «យើង​ម្នាក់ៗ នាំ​គ្នា​ការពារ គឺ​អត់​មាន​រឿង​អី​ខុស​ទេ ពីព្រោះ​យើង​គិត​ថា ព្រៃ​ឈើ​ជា​របស់​យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​ច្បាប់​ចែង​ថា អាជ្ញាធរ​ណា​គ្រប់គ្រង ឬ​សមត្ថកិច្ច​អ្នក​នេះ អ្នក​នោះ​គ្រប់គ្រង​ក៏​ដោយ តែ​ពលរដ្ឋ​ទាំង​អស់ មាន​សិទ្ធិ​រួម​ចំណែក​ទប់​ស្កាត់​បទ​ល្មើស​ទាំង​អស់​ហ្នឹង អ៊ីចឹង​គេ​ប្រើ​ពាក្យ​មួយ​ថា ព្រៃ​ឈើ​ជា​របស់​យើង​ទាំង​អស់​គ្នា»

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ក៏​បាន​រារាំង និង​គំរាម​កំហែង សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់​ដែរ។ សហគមន៍​ព្រៃ​ឡង់​ថា ក្រោយ​ពី​អាជ្ញាធរ​រារាំង​សហគមន៍​ព្រៃ​ឡង់ ៤ខេត្ត មិន​ឱ្យ​ចុះល្បាតព្រៃនៅរយៈពេល ៣ខែ​​ចុង​ក្រោយ​នេះ បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​កើន​ឡើង​ច្រើន ហើយ​ឈើ​ហ៊ុប​ធំៗ ជា​ពិសេស ដើម​ឈើ​ផលិត​ជ័រ​ទឹក កំពុង​ទទួល​រង​ការ​កាប់​ផ្ដួល ធ្វើអាជីវកម្ម​ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់។ ពួក​គេ​អះអាង​ថា ការ​រាំង​នេះ ក៏​ជា​ការ​រួម​ចំណែក​បំផ្លាញ​ទំហំ​ព្រៃ​ឈើ​ក្នុង​អភិរក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ខេត្ត​កំពង់ធំ ហាម​ក្រុម​និស្សិត និង​ព្រះសង្ឃ​ជាង ៣០នាក់ មិន​ឱ្យ​ចូល​ព្រៃ​ឡង់"

  1. Anonymous says:

    ពួកគាត់ចូលទៅជួយថែរក្សា​ ប៉ុន្តែពេលពួកគាត់ចេញមកវិញខាងឆ្មាំអភិរក្សត្រូវពិនិត្យនោះទើបត្រឹមត្រូវ ព្រោះខ្លាចពួកគាត់លួចដាក់ឈើហ៊ុបដាក់ហ៊ោប៉ៅ។ល៕

  2. Anonymous says:

    Cambodian should know every thing about this group of nation traitor . the policy of Khmer Rue killer the brain washed communist UNITED ENDOCHEN from Vietcong

Leave a Reply

Submit Comment