តុលាការ​សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា ដោយសារ​កូវីដ-១៩

ដោយ សេក បណ្ឌិត
2020-03-24
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​កម្លាំង​សន្តិសុខ​យាម​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ជម្រះ​ក្ដី​លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ ដែល​​ស្ងាត់​មនុស្ស​ជាង​ពេល​ចាប់​ផ្ដើម​សវនាការ​នៅ​សប្ដាហ៍​ទី១។

ទិដ្ឋភាព​កម្លាំង​សន្តិសុខ​យាម​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ជម្រះ​ក្ដី​លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ ដែល​​ស្ងាត់​មនុស្ស​ជាង​ពេល​ចាប់​ផ្ដើម​សវនាការ​នៅ​សប្ដាហ៍​ទី១។

 រូប៖ ពលរដ្ឋ


តុលាការ​ក្រុង​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​លើ​សំណុំ​រឿង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ពេល​ក្រោយ​ដោយ​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់។ ការ​លើក​ពេល​នេះ ដោយ​សារ​បារម្ភ​ពី​ជំងឺ​កូវីដ-១៩។ មន្ត្រី​សង្គម​ស៊ីវិល គាំទ្រ​ការ​ សម្រេច​ចិត្ត​នេះ និង​ជំរុញ​ឲ្យ​ឈាន​ទៅ​បញ្ចប់​វិបត្តិ​នយោបាយ​តែ​ម្ដង ហើយ​រួម​កម្លាំង​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ ដើម្បី​ការពារ​អាយុ​ជីវិត​ប្រជាជន។

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក កូយ សៅ នៅ​ថ្ងៃ​ទី២៤ ខែ​មីនា​ ឯកភាព​ចំពោះ​ការ​លើក​ពេល​សវនាការ​កាត់ក្ដី​លើ​សំណុំរឿង​ តាម​ការ​ស្នើសុំ​របស់​មេធាវី​ទាំង សងខាង ចាប់​ពី​សប្ដាហ៍​នេះ ​ រហូតដល់​មានការ​ជូនដំណឹង​អំពី​កាល​បរិច្ឆេទ​សវនាការ​ជា​ថ្មី។

កាលពីថ្ងៃទី២៣​ ខែ​មីនា ក្រុម​មេធាវី​លោក កឹម សុខា និង​ក្រុម​មេធាវី​តំណាង​រដ្ឋាភិបាល បាន​ដាក់​ លិខិត​ផ្សេងៗ គ្នា​ស្នើសុំ​ដល់​លោក កូយ សៅ ឲ្យ​ជួយ​លើកពេល​សវនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២៥ និង​ថ្ងៃ​ទី២៦ ខែ​មីនា ទៅ​ពេល​ក្រោយ​វិញ​ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​សម្រាប់​ទាំង​អស់​គ្នា។

ក្រុម​មេធាវី​តំណាង​រដ្ឋាភិបាល ​លើក​ឡើង​ថា ​បន្ទប់​សវនាការ​នោះ មាន​ទំហំ​តូច​ចង្អៀត ​ដែល​មិន​អាច​អង្គុយ​ឲ្យ​ឃ្លាត​គ្នា​ក្នុង​ចម្ងាយ ២ម៉ែត្រ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​ទេ ខណៈ​អ្នក​ ចូលរួម​ស្ដាប់​សវនាការ​ភាគច្រើន​ គឺជា​មន្ត្រី​ស្ថានទូត​បរទេស​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ព្រមទាំង​អ្នក​មាន​ទំនាក់​ទំនង​ជិត​ស្និត​ជាមួយ​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា គាំទ្រ​ចំពោះ​ ការសម្រេច​ពន្យារ​ពេល​សវនាការ​លើ​សំណុំ​រឿង​មេ​បក្ស​ប្រឆាំង ​ព្រោះថា ​ដំណាក់កាល​នេះ​ អ្នកណា ​ក៏​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​ដែរ។ ម្យ៉ាង​វិញ លោក​ក៏​ចង់​ឃើញ​អ្នកនយោបាយ​ ខ្មែរ​គ្រប់​និន្នាការ ទុក​បញ្ហា​នយោបាយ​មួយ​អន្លើ ​ហើយ​ចូលរួម​ទាំង​អស់​គ្នា ក្នុង​ផ្សព្វផ្សាយ​អប់រំ​ដល់ ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន​និង​ការពារ​ខ្លួន​កុំឲ្យ​ជំងឺ​កូវីដ-១៩៖ «ទុក​រឿង​នយោបាយ​មួយ​អន្លើ​សិន ​ឬ​ក៏​យើង​អាច​ថា ​ចាប់​ផ្ដើម​ធ្វើ​ យ៉ាងណា​បញ្ចប់​វិបត្តិនយោបាយ​តែ​ម្ដង​ ដោយ​ការ​ជជែក​រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា​ទៅ ​ប្រសើរ ជាង​យើង​បន្ត​នីតិវិធី​ទៅតាម​ប្រព័ន្ធ​តុលាការ​បន្ត​ទៀត ​ទាំង​ការ​ទទូច​ជា​បន្តបន្ទាប់​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ ​ដែល​គេ​យល់​ថា ​ការ​ប្រើ​វិធានការ​តុលាការ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ នៅ​កម្ពុជា ​គឺ​អត់​មាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ​។ដូចដែល​យើង​បាន​ដឹង​កន្លងមក​ហើយ»

ដំណើរ​ការ​កាត់​ក្ដី​លើ​សំណុំ​រឿង​លោក កឹម សុខា នេះ បាន​ប្រព្រឹត្ត​ទៅ​ចំនួន១៦ថ្ងៃ​ឬ៨សប្តាហ៍ហើយ​ ដោយ​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១៥ ​ខែ​មករា ​ឆ្នាំ២០២០​ មក។ ទោះ​ជា​យ៉ាង​ណា​ក្ដី ដំណើរ​ការ​ជំនុំជម្រះ​ នេះ ​ក៏​ធ្លាប់​លើក​ពេល​នៅ​ក្នុង​សប្ដាហ៍​ខ្លះ​ជា​បន្តបន្ទាប់​ដែរ ​ដោយសារតែ​មាន​ភាព​ចម្រូងចម្រាស នៃ​ការ​ដាក់​ភស្តុតាង​ថ្មីៗ របស់​តំណាង​អយ្យការ​នៅ​ក្នុង​ដំណាក់​ជំនុំជម្រះ​ ដែល​មេធាវី​លោក កឹម សុខា ​ចាត់ទុកថា ​មិន​ត្រឹមត្រូវ​តាមច្បាប់។ លើស​ពី​នេះ​ទៀត​ សវនាការ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ ទី១២ ខែ​មីនា​កន្លង​ទៅ ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​លោក​ចូល​ស្ដាប់​សវនាការ​រឿង​ក្ដី​លោក កឹម សុខា ​ថា ដំណើរការ​ក្តី​នេះ​ នឹង​ប៉ះពាល់​ខ្លាំង​ដល់​​នីតិរដ្ឋ និង​​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ព្រម​ទាំង​ប៉ះពាល់​ដល់​​​ទំនាក់​ទំនង​រវាង​​កម្ពុជា និង​សហរដ្ឋ​អាមេរិក ​ និង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។ លោក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ឃើញ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើង វិញ ហើយ​ក៏​សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​អាច​ចូល​រួម​បាន​​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ។ មន្ត្រី​ការ​ទូត​អាមេរិក​រូប​នេះ ក៏​បាន​សម្ដែង​ការ​​​មិន​ពេញ​​ចិត្ត​ផង​ដែរ ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ជា​ការ​​ការ​ប្រឌិត​រឿង​ចោទ​សហរដ្ឋ​អាមេរិក​ថា ​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក កឹម សុខា ត្រូវ​​បាន​​សមត្ថកិច្ច​​របប​ក្រុង​​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ២០១៧ ដោយ​​ចោទ​​ប្រកាន់​ពី​​បទ​ត្រូវ​រ៉ូវ​គ្នា​​​ជាមួយ​​បរទេស​ ដើម្បី​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​អង្គការ​​ជាតិ​និង​អន្តរជាតិ ដែល​ឃ្លាំ​មើល​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា មើល​ឃើញ​ថា ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​នេះ ជា​រឿង​នយោបាយ​ ដោយសារ​​លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​​កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ​ បន្ទាប់​ពី​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ មាន​កម្លាំង​គាំទ្រ​ប្រកៀកប្រកិត​ជាមួយ​គណបក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "តុលាការ​សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា ដោយសារ​កូវីដ-១៩"

  1. Anonymous says:

    This veitcong court try to get mistake and accused mr So kha without any base ‘

  2. Anonymous says:

    WELL .it is not just without any base another big problem is they are involve white their enemy witch they used to call CHAK KROPORTH AMERICKANG.

  3. so socheath says:

    មនុស្សស្លាប់កើនលើស១,០០០នាក់នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជិត៦៩,០០០ករណី!
    (វ៉ាស៊ីនតោន)៖ តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១,០០០នាក់ហើយ ស្របពេលដែលអ្នកឆ្លងមានច្រើនជិត ៦៩,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

    យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហូបឃីន (Johns Hopkins) បានធ្វើការតាមដានជាប់លើស្ថានការណ៍ COVID-19 នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងចំនួន ៦៨,៩៦០នាក់ គឺជាប្រទេសទី ៣ លើសកលលោក ដែលមានអ្នកឆ្លងច្រើនជាងគេ ហើយក្នុងចំណោមនោះអ្នកជំងឺ ១,០៤១នាក់បានស្លាប់ ដែលភាគច្រើននៅរដ្ឋញូយ៉ក និងរដ្ឋវ៉ាស៊ីនតោន។

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានលើកឡើង ការឆ្លងរាតត្បាតនៃជំងឺ COVID-19 កំពុងតែមានសន្ទុះខ្លាំងឡើងនៅ សហរដ្ឋអាមេរិក ដែលវាគឺជាគួរឲ្យបារម្ភជាទីបំផុត។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតអាមេរិកមួយចំនួន ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់ នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរទប់លែងចង់ជាប់ហើយ៕

Leave a Reply

Submit Comment