ពលករ​ខ្លះ ជាប់​នៅ​ព្រំដែន​ប្រទេស​ថៃ ដោយ​សារ​ចូល​កម្ពុជា​មិន​ទាន់​ការ​កំណត់​បិទ​ព្រំដែន

ដោយ អូន ភាព
2020-03-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះតេជព្រះគុណ ស៊ុច ដែល​គេ​ហៅ​ថា លោកតា ស៊ុច ជា​ព្រះសង្ឃ​​នៅ​ខេត្ត​ប៊ុរីរ៉័ម (បុរីរម្យ) ប្រទេស​ថៃ ក្នុង​កម្មវិធី​ទេសនា​មួយ។

ព្រះតេជព្រះគុណ ស៊ុច ដែល​គេ​ហៅ​ថា លោកតា ស៊ុច ជា​ព្រះសង្ឃ​​នៅ​ខេត្ត​ប៊ុរីរ៉័ម (បុរីរម្យ) ប្រទេស​ថៃ ក្នុង​កម្មវិធី​ទេសនា​មួយ។

 រូប៖ Screenshot


ពលករ​ខ្លះ ត្រូវ​បាន​រាយការណ៍​ថា កំពុង​ជាប់​នៅ​​​ព្រំដែន​ ក្នុង​ប្រទេស​ថៃ ដោយសារ​តែ​ ពួកគាត់​វិល​ចូល​ប្រទេស​កម្ពុជា​មិន​ទាន់​ការ​កំណត់​បិទ​ព្រំដែន​របស់​អាជ្ញាធរ​ថៃ។ ព្រះ​សង្ឃ​​​ថៃ​ ជាប់​សែ​ស្រ​ឡាយ​ខ្មែរ​​​​ គង់​នៅ​ខេត្ត​បុរីរម្យ​ (Buriram) អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ គ្មាន​ទីសម្នាក់​ ទៅ​ស្នាក់​នៅ​វត្ត​បណ្ដោះ​អាសន្ន​សិន។

ព្រះ​សង្ឃ​សញ្ជាតិ​ថៃ ជាប់​សែស្រឡាយ​ខ្មែរ ដែល​គេ​ស្គាល់​ថា លោក​តា ស៊ុច បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ កំពុង​ជាប់​គាំង​ នៅ​ច្រក​ព្រំដែន​ប្រទេស​ថៃ ​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន ក្នុង​វត្ត​ព្រះ​អង្គ។ ព្រះ​អង្គ​ប្រាប់​អាស៊ី​សេរី​ថា ពលករ​ខ្មែរ​បាន​សុំ​ព្រះ​អង្គ​ស្នាក់​នៅ​ក្នុង​វត្ត​ជា​បន្ត​បន្ទាប់ ក្នុង​ខេត្ត​បុរីរម្យ ហើយ​ព្រះ​អង្គ បាន​ជួយ​រក​ការងារ​វត្ត​ឲ្យ​ធ្វើ​ក្នុង​ពេល​ស្នាក់​នៅ​ ដោយ​ទទួល​បាន​កម្រៃ​ម្នាក់ បី​រយ​បាត (៣០០) ឬ ១០ដុល្លារ​អាមេរិក​ ក្នុង​មួយ​ថ្ងៃ។ ព្រះ​អង្គ​ថា មាន​ពលករ​ខ្មែរ​ ចំនួន ៥នាក់ កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​បាន​មួយ​យប់​ហើយ គឺ​មក​កាល​ពី​ថ្ងៃ​ទី២២ មីនា។ ឯ​នៅ​ថ្ងៃ​ទី២៣ មីនា ព្រះ​អង្គ ​ឲ្យ​ដឹង​ថា ​ពលករ​ខ្មែរ​មួយ​ក្រុម​ធំ បាន​ទូរស័ព្ទ មក​សុំ​ព្រះ​អង្គ​ស្នាក់​នៅ។

ព្រះ​អង្គ​ឲ្យ​ដឹង​ថា ទីធ្លា​វត្ត​របស់​ព្រះ​អង្គ អាច​ឲ្យ​ពលករ​ខ្មែរ​ស្នាក់​នៅ​បាន​ច្រើន​រយ​នាក់ ហើយ​ព្រះ​អង្គ ពេញ​ព្រះ​ទ័យ​នឹង​ជួយ​អស់​លទ្ធភាព។ ព្រះ​អង្គ​ប្រាប់​ថា ពលករ​ ដែល​គ្មាន​លទ្ធភាព​សូម្បី​លុយ ជិះ​ឡាន​ពី​ព្រំដែន ទៅ​វត្ត​ក៏​មិន​បាច់​បារម្ភ​ដែរ គឺ​ព្រះអង្គ នឹង​ចេញ​ថ្លៃ​ឡាន​ឈ្នួល​ឲ្យ នៅ​ពេល​ទៅ​ដល់​វត្ត។ ព្រះ​អង្គ​បន្ត​ថា នៅ​វត្ត​មាន​បាយ​អង្ករ​គ្រប់​គ្រាន់​ឲ្យ​ពលករ​ខ្មែរ ច្រើន​រយ​នាក់​បរិភោគ ឯ​ម្ហូប​អាហារ​អាច​រក​បាន​នៅ​តាម​ស្រែ៖«មក​ដល់​តាំង​ពី​ម្សិលមិញ ឲ្យ​ធ្វើការ​ឲ្យ​មួយ​ថ្ងៃ ១០ដុល្លារ ម្នាក់ៗ ព្រោះ​ថា នៅ (ថៃក៏​មិន​បាន​លុយ ទៅ​ខ្មែរ​ក៏​មិន​បាន​លុយ ឲ្យ​នៅ​វត្ត​ទៅ។ ១ថ្ងៃ ១០ដុល្លារ ធ្វើ​ការ​វត្ត ហូប​បាយ​វត្ត​ទៅ។ មួយ​ក្រុម​ធំ (ទូរស័ព្ទគេ​សួរ​ថា វត្ត​ទទួល​បាន​ប៉ុន្មាន​រយ​នាក់ ត្មា​ប្រាប់​ថា ពីរ​ បី​រយ ក៏​បាន​ឲ្យ​តែ​មក​ក៏​មាន។ វត្ត​ប៉ុណ្ណា​ណី រីករាយ​ អង្ករ​មាន​ដាំ​ទៅ រក​កង្កែប រក​ក្ដាម ស៊ី​ទៅ»

ព្រះ​អង្គ បន្ត​ថា ការ​ជួយ​ពលរដ្ឋ​ខ្មែរ ក្នុង​គ្រា​អាសន្ន​នេះ ដោយ​សារ ព្រះអង្គ​ជំពាក់គុណ ពលរដ្ឋ​ខ្មែរ​ច្រើន​ ព្រោះ​ច្រើន​ឆ្នាំ​មក​នេះ ​ពលរដ្ឋ​ខ្មែរ តែង​និមន្ត​ព្រះ​អង្គ ទៅ​ទេសនា​នៅ​ប្រទេស​កម្ពុជា និង​នៅ​សហរដ្ឋ​អាមេរិក។ ព្រះ​អង្គ ក៏​មិន​ខ្លាច​នឹង​ការ​ឆ្លង​ជំងឺ​ ដោយសារ​ជួយ​ពលករ​ដែរ៖«ត្មា​ ជាប់​គុណ​ខ្មែរ​ច្រើន។ ត្មា​ បាន​ទៅ​ទេសនា​ប្រទេស​ខ្មែរ ​បាន​លុយ យក​មក​កសាង​វត្ត គឺ​ដោយសារ​​មក​ពី​ខ្មែរ​ហ្នឹង។ ទី​២ ត្មា​ បាន​ទៅ​អាមេរិកា សុទ្ធ​តែ​អ្នក​ខ្មែរ​ដូច​គ្នា និមន្ត។ អ៊ីចឹង​ណា ហើយ​ឥឡូវ​ត្មា នឹង​កសាង​វត្ត​ខ្មែរ ប្រហែល​ជា​៣​កន្លែង​ទៀត នៅ​តែ​ចាំ​ច្បាប់​​គេ​ឲ្យ។ ចំនួន​៥​ឆ្នាំ​មុន​នេះ ត្មា​ជួយ​ខ្មែរ​រហូត មិន​ថា ជា​អង្ករ ខោអាវ​មនុស្ស​ចាស់ ស្បង់​ ក្រមា ទៀន​ចូល​វស្សា ធ្វើ​បុណ្យ​រាល់​ឆ្នាំ។ តែ​ត្មា មិន​​ធ្លាប់​បាន​ថត​រូប​បង្ហាញ​គេ ចង់​​ឲ្យ​គេ​ឃើញ​ទេ។ អាយុ​​ប៉ិន​ហ្នឹង​ហើយ ​បួស​មក​ជា​សង្ឃ​ សិក្សា​ធម៌ វិន័យ​ អនិច្ចំ ទុក្ខំ អនត្តា ស្លាប់​ថ្ងៃ​ណា ក៏​ស្លាប់​ទៅ។ បើ​យើង​ខ្លាច​តែ​ជាប់​រោគ​ ជាប់​អ្វី អ៊ីចឹង យើង​​នឹង​ជួយ​ពុទ្ធបរិស័ទ​ណា​បាន។ ព្រះ​សង្ឃ ជា​ទី​ពឹង​ពុទ្ធ​បរិស័ទ បើ​ពឹង​មិន​បាន​ហើយ បួស​ធ្វើ​អ្វី បួស​មិន​ឲ្យ​គេ​ពឹង»

មក​ដល់​ពេល​នេះ អាជ្ញាធរ​កម្ពុជា មិន​ទាន់​បង្ហាញ​របាយការណ៍​តួលេខ​ពលករ​ខ្មែរ ដែល​សម្រុក​ចូល​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២២ មីនា និង​របាយការណ៍ ថា ​បាន​​​ត្រួត​ពិនិត្យ​សុខភាព​របស់​ពលករ​ទាំង​នោះ ឬ​អត់ ជា​ផ្លូវ​ការ​​ទេ។ ពលករ​ សម្រុក​ចូល​ប្រទេស​កម្ពុជា​វិញ​ ភ្លាមៗ​ ដោយសារ​ អាជ្ញាធរ​ថៃ កំណត់​ពេល​បិទ​ព្រំ​ដែន ទាំង​អស់ ចាប់​ពី​ថ្ងៃ​ទី២៣ មីនា ដល់​ថ្ងៃ​ទី៥ មេសា ដើម្បី​បង្ការ​ហានិភ័យ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ (Covid-19)។

អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ផ្សព្វ​ផ្សាយ​តាម​ហ្វេសប៊ុក​(facebook) បង្ហាញ​ថា គ្រប់​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា ថៃ​ទាំង​អស់ បាន​បិទ​អស់​ហើយ នៅ​ថ្ងៃ​ទី២៣ មីនា។ អភិបាល​ខេត្ត​ខ្លះ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ នៅ​ថ្ងៃ​ពេល​បិទ​ព្រំដែន និង​ទៅ​​ទទួល​យក​ពលរដ្ឋ​ខ្មែរ ដែល​ចូល​​​មក​កម្ពុជា មិន​ទាន់​ការ​កំណត់​។

នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ និង​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ ខេត្ត​ប៉ៃលិន​ អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បង្ហាញ​ថា អាជ្ញាធរ​ខេត្ត​ បាន​ទៅ​ទទួល​យក​ពលរដ្ឋ​ខ្មែរ ដែល​ជាប់​​ក្នុង​​ទឹក​ដី​​ថៃ មក​វិញ។ នៅ​ម៉ោង​ប្រមាណ​១២ ថ្ងៃ​ត្រង់ អាជ្ញាធរ​នៅ​ប៉ោយប៉ែត​បាន​ចែក​នំប៉័ង ទឹក​សុទ្ធ ដល់​ពលរដ្ឋ​ទាំង​នោះ ព្រម​ទាំង​អះអាង​ ថា បាន​ត្រួត​ពិនិត្យ​សុខភាព​ទៀត​ផង។

ចំណែក​នៅ​ច្រក​ដូង ច្រក​អូរ​ចាន់​គិរី ខេត្ត​បាត់​ដំបង អាជ្ញាធរ​ស្រុក​កំរៀង បាន​យក​រថយន្ត​ ទៅ​ដឹក​យក​ពលករ​ទាំង​អស់ ទៅ​ដាក់​នៅ​វិទ្យាល័យ​កំរៀង ដើម្បី​ត្រួត​ពិនិត្យ​សុខភាព និង​វាស់​កម្ដៅ។ នៅ​ច្រក​ចាំយាម ខេត្ត​កោះកុង អភិបាល​ខេត្ត​ លោកស្រី មិថុនា ភូថង បាន​ចុះ​ទៅ​ពិនិត្យ និង​នៅ​ច្រក​​ទ្វារ​ជាំ អាជ្ញាធរ​​ខេត្ត​​ឧត្តរ​មានជ័យ និង​ខេត្ត​ស៊ីសាកេត (Sisaket) បន្ត​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ថៃ ត្រលប់​ចូល​ប្រទេស​រៀងៗ ខ្លួន​វិញ តែ​មិន​ឲ្យ​បរទេស​ចូល​ទឹក​ដី​ខ្លួន​ឡើយ។

គ្រប់​ច្រក​ទាំង​ព្រំដែន​ខ្មែរ ថៃ ទាំង​អស់ អាជ្ញាធរ​​បង្ហាញ​ថា នៅ​តែ​ដោះដូរ​ទំនិញ​ជាមួយ​គ្នា បាន​ជា​ធម្មតា តែ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បរទេស​ចេញ​ចូល​ឡើយ។ ចំពោះ​ពលរដ្ឋ​ខ្មែរ មាន​ជំងឺ​ធ្ងន់ធ្ងរ អាច​ចូល​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​បាន តែ​ត្រូវ​​ត្រួត​ពិនិត្យ​រក​ជំងឺ​កូវីដ១៩ សិន។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ ពី​អាជ្ញាធរ​ថា ពលរដ្ឋ​ខ្មែរ នៅ​ជាប់​ក្នុង​ដី​ថៃ​មាន​ទៀត​ ឬ​អស់​នៅ​ឡើយ​ទេ ដោយសារ​តែ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ទាំង​ពីរ​នាក់​ មិន​ទទួល​ទូរស័ព្ទ។ ឯ​អភិបាល​ខេត្ត​បាត់ដំបង និង​កោះកុង ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ នៅ​ថ្ងៃ​ទី២៣ មីនា។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​ថា ពលករ​ខ្លះ​ ពិត​ជា​កំពុង​ជាប់​ក្នុង​ដី​ថៃ​មែន ហើយ​ការ​មក​យឺត​របស់​ពួកគេ ដោយ​សារ​តែ​ថៃ ជូន​ដំណឹង​​លឿន​ពេក ដោយ​ទុក​ពេល​មួយ​ថ្ងៃ ដើម្បី​បិទ​ច្រក​ព្រំដែន។ ដូច្នេះ ពលករ​ខ្លះ ចូល​មក​មិន​ទាន់។

លោក ឌិន ពុទ្ធិ បន្ត​ថា ពលរដ្ឋ​ខ្មែរ ដែល​សម្រុក​ចូល កាល​ពី​ថ្ងៃ​ទី២២ មីនា ភាគច្រើន ជា​អាជីវករ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​រុងក្លឿ ​​​អ្នក​រកស៊ី​នៅ​ម្ដុំ​ព្រំដែន និង​ពលករ​ធ្វើការ​នៅ​ខេត្ត​ជាប់ៗ​ព្រំដែន ដូច្នេះ​ពួកគាត់ ដឹង​ដំណឹង​​លឿន​ ថា ថៃ​បិទ​ផ្សារ និង​ព្រំដែន ហើយ​ត្រលប់​ចូល​មក​​ទាន់​ពេល​វេលា។ ឯ​ពលករ​ខ្មែរ​ ធ្វើ​ការ​នៅ​ទី​ឆ្ងាយ​ពី​ព្រំដែន​ ខ្លះ​ចូល​មិន​ទាន់ និង​ខ្លះ​ទៀត មិន​បាន​ចាកចេញ​ពី​ប្រទេស​ថៃ​ទេ៖ «ទុក​ពេល​តែ​មួយ​ថ្ងៃ​​ហ្នឹង ដែល​ប្រជាពលរដ្ឋ​ត្រូវ​សម្រុក​ចេញ​ណា។ អ្នក​ខ្លះ ចេញ​អត់​ទាន់​ទេ ចេញ​អត់​ទាន់។ និយាយ​ទៅ បើ​មាន​បញ្ហា​អ៊ីចឹង​មែន ចង់​ឲ្យ​រដ្ឋាភិបាល ក៏​ដូច​ជា​កុងស៊ុល មេត្តា​ជួយ​តាមដាន ជួយ​ការពារ​ពួកគាត់ ព្រោះ​ដោយសារ​ពួកគាត់​ចេញ​មក​អត់​ទាន់ មិន​មែន​ដោយសារ​ពួកគាត់​ទេ ដោយសារ​ការ​ជូន​ដំណឹង​ហ្នឹង វា​លឿន​ពេក»

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ព្រួយ​បារម្ភ​ ពី​ជំងឺ​កូវីដ១៩ អាច​ស្ថិត​ក្នុង​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ ដែល​សម្រុក​ចូល​ប្រទេស​កម្ពុជា ​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​​មន្ត្រី​សុខាភិបាល​ ក៏​មិន​បាន​បង្ហាញ​វិធានការ​ត្រួត​ពិនិត្យ​សុខភាព​របស់​ពួកគាត់ នៅ​ព្រំដែន​ខ្មែរ ​ថៃ​ដែរ ខណៈ​ពលរដ្ឋ​ទាំង​នោះ ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​រៀងៗ ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ពលករ​ខ្លះ ជាប់​នៅ​ព្រំដែន​ប្រទេស​ថៃ ដោយ​សារ​ចូល​កម្ពុជា​មិន​ទាន់​ការ​កំណត់​បិទ​ព្រំដែន"

  1. Anonymous says:

    Big thanks lok ta ‘ you are the real original khmer ‘ and thanks to thailand too’

Leave a Reply

Submit Comment