កម្មករ​រោងចក្រ Canteran Apparel នៅ​ភ្នំពេញ បន្ត​ការ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​​​បើក​ប្រាក់​ឈ្នួល​គ្រប់​ចំនួន

ដោយ អាស៊ីសេរី
2020-03-25
អាស៊ីសេរី

កម្មករ​រោងចក្រ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel) នៅ​ក្រុង​ភ្នំពេញ អង្គុយ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​គ្រប់​ចំនួន នៅ​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ២០២០។

កម្មករ​រោងចក្រ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel) នៅ​ក្រុង​ភ្នំពេញ អង្គុយ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ចិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​គ្រប់​ចំនួន នៅ​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ២០២០។

 រូប៖ កម្មករ


ក្រុម​កម្មករ​កាត់​ដេរ​ជិត​មួយ​ពាន់​នាក់ បន្ត​ធ្វើ​កូដកម្ម​ក្នុង​រោងចក្រ ឃេនធឹរ៉េន (Canteran Apparel Cambodia) ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​ថៅកែ​ម៉ាឡេស៊ី​កាត់​ចិន ទូរ​ទាត់​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ឲ្យ​គ្រប់​ចំនួន ​តាម​ច្បាប់​ការងារ​ដែល​មាន​ចែង។ មន្ត្រី​សហជីព​យល់​ថា​ទង្វើ​របស់​និយោជក​ ដែល​ពន្យារ​ពេល​ ហើយ​បើក​ផ្ដល់​ប្រាក់​ឲ្យ​កម្មករ​មិន​គ្រប់​ចំនួន​បែប​នេះ គឺ​ធ្វើ​ផ្ទុយ​នឹង​ច្បាប់។

កម្មករ​កាត់​ដេរ​នៃ​រោងចក្រ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel Cambodia Co., Ltd.) ប្រមាណ ៩៩០នាក់ ផ្ទុះ​ការ​តវ៉ា​រឿង​នេះ ២ថ្ងៃ​មក​ហើយ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​រដ្ឋបាល​រោងចក្រ​ថា ថៅកែ​នឹង​បើក​ប្រាក់​ត្រឹម ២៥% នៃ​ប្រាក់​ឈ្នួល​លើក​ទី១ ឲ្យ​ពួក​គេ ឯ​ប្រាក់​នៅ​សល់ ២៥% ទៀត​នឹង​បើក​ឲ្យ​នៅ​ខែ​បន្ទាប់។

កម្មការិនី​ផ្នែក​ដេរ​ម្នាក់​ ដែល​ធ្វើ​ការ​នៅ​រោងចក្រ​នេះ ៦ឆ្នាំ លោកស្រី ស៊ម វត្ថា រៀបរាប់​ថា តាម​តាម​ច្បាប់​ការងារ គឺ​តម្រូវ​ថៅកែ​បើក​ឲ្យ​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ឲ្យ​ទៀងទាត់ ក្នុង ១ខែ ២ដង។ លើក​ទី១ នៅ​ថ្ងៃ​ទី១៩ ខែ​មីនា និង​លើក​ទី២ នៅ​ថ្ងៃ​ទី៧ ខែ​មេសា ប៉ុន្តែ​ថៅកែ​សុំ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី២៣ មីនា ហើយ​ថែម​ទាំង​បើកប្រាក់​ឲ្យ​មិន​គ្រប់​ចំនួន​ទៀត។

លោកស្រី​ឲ្យ​ដឹង​ថា ប្រាក់​ខែ​គោល​កម្មករ​ក្នុង ១ខែ គឺ​បាន ១៩៤ដុល្លារ ដោយ​ត្រូវ​បើក ២ដង ហើយ​ម្ដង​ទទួល​បាន ៩៧ដុល្លារ ប៉ុន្តែ​លើក​នេះ ថៅកែ​បើក​ឲ្យ​ពួកគាត់​បាន​តែ ៤៥ដុល្លារ​សម្រាប់​កម្មករ​ម្នាក់ៗ។ លោកស្រី​បន្ត​ថា កម្មករ​ភាគ​ច្រើន រំពឹង​លើ​ប្រាក់​ខែ​នេះ ដើម្បី​យក​ដោះស្រាយ​បញ្ហា​ជីវភាព និង​សង​ថ្លៃ​ជំពាក់​គេ ខណៈ​ដែល​ប្រទេស​មាន​ឆ្លង​ជំងឺ​កូវីដ១៩ ធ្វើ​ទំនិញ​គ្រប់​មុខ​ឡើង​ថ្លៃ​មួយ​ជា​ពីរ៖ «ជីវភាព​ខ្វះខាត​ចំពោះ​កម្មករ គឺ​ទី១​គាត់​ត្រូវ​បង់​រដ្ឋ​ ដល់​ពេល​មាន​ជំងឺ​កូរ៉ូណា​ហ្នឹង ទំនិញ​ក៏​ឡើង​ថ្លៃ​ ទី​២​ថ្លៃ​ផ្ទះ​ជួល​គេ​អត់​មាន​អនុគ្រោះ​ឲ្យ​ ថ្លៃ​ទឹក​ភ្លើង ហើយ​ខាង​ធនាគារ​ ក៏​មិន​ដឹង​ថា គេ​អនុគ្រោះ​ឲ្យ​ដែរ​អត់​ទេ តែ​កម្មករ​មាន​ទុក្ខ​លំបាក​ច្រើន​តែ​ម្ដង។ បើ​សិន​ជា​ ក្រុមហ៊ុន​នៅ​តែ​មិន​បើក​លុយ​អ៊ីចឹង គឺ​ប៉ះពាល់​ជីវភាព​ខ្លាំង​តែម្ដង។ ជំពាក់​គេ​អីចឹង សង​តែ​គេ ដល់​ពេល​អស់​លុយ​ខ្ចី​គេ​បន្ថែម​ទៀត ដល់​ពេល​បើក​មក​បាន​តិចតួច​មក​សង​តែ​គេ។ អ៊ីចឹង​គឺ​ប៉ះពាល់​ខ្លាំង​ណាស់​។ ភាគ​តិច ចំពោះ​អ្នក​មាន​ តែ​ចំពោះ​អ្នក​អត់​គឺ​ស្លាប់​តែ​ម្ដង»។

កម្មការិនី​វ័យ ២៦ឆ្នាំ​រូប​នេះ ស្នើ​ដល់​ក្រសួង​ការងារ​ចុះ​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ​ ដាក់​ចេញ​​ការ​សន្យា​ជាមួយ​កម្មករ​ឲ្យ​ច្បាស់លាស់​ ថា​​ខាង​រោងចក្រ​នឹង​បើក​ប្រាក់​ឈ្នួល​ដែល​សេសសល់​ទាំង​អស់​ឲ្យ​កម្មករ ត្រឹម​ថ្ងៃ​ទី៧ ខែ​មេសា៖ «ពួក​ខ្ញុំ​នេះ ឯកភាព​គ្នា​ថា លុយ​ដែល​សល់ ២៥%ហ្នឹង ទាំង​គ្នា​ហ្នឹង​ថា​បើក​នៅ​ថ្ងៃ​ទី៧ តែ​សូម​ឲ្យ​ក្រុមហ៊ុន​ ថៅកែ​ហ្នឹង​ សូម​សន្យា​បញ្ជាក់​ជាមួយ​កម្មករ​ទាំង​អស់​ហ្នឹង​ ឲ្យ​ជាក់លាក់​ ថា​ថ្ងៃ​ទី៧ កុំ​ឲ្យ​លើស​ពួក​ខ្ញុំ​អ៊ីចឹង​ណា៎ ត្រូវ​ឲ្យ​គោរព​តាម​ច្បាប់​ក្រសួង តែ​ថៅកែ​ក្រុមហ៊ុន អត់​មាន​សន្យា​ទេ។ ឥឡូវ​ ពួក​ខ្ញុំ​ធ្វើ​កូដកម្ម ចូល ២ថ្ងៃ ថ្ងៃ​ហ្នឹង​ហើយ។ ពួក​ខ្ញុំ​សុខ​ចិត្ត​ដាក់​លុយ​ទាំងអស់​គ្នា​ទៀត​ថា កូដកម្ម​ហ្នឹង តាម​ច្បាប់​របស់​ក្រសួង​ គឺ​ដាច់​លុយ​ហើយ។ តែ​ពួក​ខ្ញុំ​ចង់​ឲ្យ​ថៅកែ​ក្រុមហ៊ុន​សន្យា​ជាមួយ​ពួក​ខ្ញុំ លាយលក្ខណ៍​ជា​អក្សរ​មាន​ក្រសួង មាន​តំណាង​អ៊ីចឹង»។

អាស៊ី​សេរី​ព្យាយាម​ទាក់​ទង​ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ​មួយ​នេះ លោក លាវ គីមប៊ូ ដើម្បី​បក​ស្រាយ​រឿង​នេះ ប៉ុន្តែ​លោក​មិន​លើក​ទទួល​ទូរស័ព្ទ។ ចំណែក អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះ​ស្រាយ​កូដកម្ម បាតុកម្ម​គ្រប់​មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក វង្ស សុវណ្ណ ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​ថា ខាង​មន្ត្រី​លោក បាន​ចុះ​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទ​ការងារ​​ហើយ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត។

កម្មករ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២៤ មីនា មាន​មន្ត្រី​ដោះស្រាយ​វិវាទ​ការងារ​មក​ពី​ក្រសួង​ការងារ ចុះ​ទៅ​ដល់​រោងចក្រ ដោយ​សម្រប​សម្រួល​ឲ្យ​កម្មករ​ព្រម​ទួល​យក​ប្រាក់ ២៥% ពី​ថៅកែ​សិន ហើយ​រង់​ចាំ​បើក​ប្រាក់​នៅ​ពេល​បន្ត​បន្ទាប់ ដោយ​គ្មាន​ដាក់​ចេញ​វិធានការ​ជាក់​ថា ថៅកែ​នឹង​ត្រូវ​បើក​ប្រាក់​នៅ​សល់​ឲ្យ​កម្មករ​នៅ​ពេល​នោះ​ទេ។

ក្រុម​កម្មករ​បញ្ជាក់​ថា បើ​មិន​មាន​កិច្ច​សន្យា​លាយលក្ខណ៍អក្សរ​ជាក់លាក់​ពី​ថៅកែ​រោងចក្រ​ទេ ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​ក្នុង​រោងចក្រ​ត​ទៅ​ទៀត។

រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel Cambodia) គឺ​មាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ វេង ស្រេង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​មាន​កម្មករ​ធ្វើការ​សរុប​ជិត ១ពាន់​នាក់ (៩៩៥​នាក់)។

ប្រធាន​​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ដែល​និយោជក​ពន្យារ​ពេល​ ហើយ​បើក​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​មិន​គ្រប់​ចំនួន​បែប​នេះ គឺ​ជា​ទង្វើ​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ការងារ​ ព្រោះ​ការ​ពន្យារ​ពេល​បើក​ប្រាក់​ឈ្នួល គឺ​ជា​កំហុស​ផ្នែក​ច្បាប់​មួយ ហើយ​​ការ​បើក​ប្រាក់​មិន​គ្រប់​ចំនួន​ឲ្យ​កម្មករ គឺ​ជា​កំហុស​មួយ​ទៀត។ លោក​លើក​ឡើង​ថា ក្នុង​ស្ថានភាព​បែប​នេះ គឺ​ធ្វើ​ឲ្យ​កម្មករ​រឹត​ជួប​ការ​លំបាក​ខ្លាំង​ឡើងៗ ដោយ​សារ​តែ​ថៅកែ​មិន​គោរព​តាម​ច្បាប់​ការងារ​របស់​កម្ពុជា៖ «ការ​ដោះស្រាយ​ទី១​ គឺ​អនុវត្ត​តាម​ច្បាប់ គឺ​មាន​ន័យ​ថា​គាត់​អាច​ជូន​ដំណឹង​ឈប់​សម្រាប់​ពីរ​ខែ​ទៅ​ ហើយ​ផ្ដល់​ឲ្យ​កម្មករ ៥០បើ​សិន​ជា​គាត់​គ្មាន​លទ្ធភាព។ បើ​គាត់​ទៅ​មិន​រួច​ទៀត​ទេ គឺ​គាត់​អាច​ប្រកាស​បិទ​ក្រុមហ៊ុន​ហ្នឹង ឬ​ក៏​គាត់​សុំ​ពន្យារ ១ខែ ២ខែ​ទៅ កម្មករ​ក៏​មិន​យល់​ទាស់​អ្វី​ដែរ​ចំពោះ​បញ្ហា​ហ្នឹង។ នៅ​ពេល​ស្ថានភាព​ល្អ​មក​វិញ​ យើង​អាច​ដោះស្រាយ​បាន​ហើយ។ ប្រសិន​បើ​អត់​មាន​អ្វី​ឲ្យ​គាត់​ ហើយ​គាត់​នៅ​តែ​ពិបាក​អ៊ីចឹង ខ្ញុំ​គិត​ថា វា​ជា​រឿង​មិន​ល្អ​ទេ»។

លោក អាត់ ធន់ ស្នើ​ដល់​រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា​បម្រុង​ណា​មួយ​ ដើម្បី​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ភ្លាមៗ​ដល់​កម្មករ ដែល​ត្រូវ​ថៅកែ​មិន​ប្រាក់​ខែ​ឲ្យ ក្រោម​ហេតុ​ផ្សេង​ៗ​ ដោយ​យក​លេស​ថា​ប្រាក់​គ្រប់​គ្រាន់ ហើយ​រត់​គេច​ពី​ការ​ទទួលខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment