ក្រសួង​យុត្តិធម៌​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ត្រូវ​បន្ធូរបន្ថយ និង​លើកលែង​ទោស​នា​បុណ្យ​ចូលឆ្នាំ

ដោយ អូន ភាព
2020-03-25
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទណ្ឌិត​ជា​ស្ត្រី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១០។

ទណ្ឌិត​ជា​ស្ត្រី​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី៩៩ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃ​ស ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១០។

 រូប៖ RFA


គណៈកម្មការ​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស និង​លើកលែងទោស​នៃ​ក្រសួង​យុត្តិធម៌​កំពុង​ពិនិត្យ​បញ្ជី​ទណ្ឌិត​ជិត​៤០០​នាក់ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខនេះ​។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌​ក្នុង​ការ​វាយតម្លៃ​ត្រូវ​មាន​តម្លាភាព​និង​យុត្តិធម៌។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៤ ខែ​មីនា ថា ទណ្ឌិត​ដែល​ទទួល​បាន​លើកលែង​និង​បន្ធូរ​បន្ថយ​ទោស​គឺ​ផ្អែកលើ​លក្ខខណ្ឌ​ដែល​តម្រូវ​ដោយ​ច្បាប់​គួបផ្សំ​និង​គោលការណ៍​មនុស្សធម៌​ជាពិសេស​ជន​ងាយ​រងគ្រោះ​ដូចជា​ស្ត្រី កុមារ ជន​ចាស់ជរា និង​ជន​មាន​ជំងឺ​ជាដើម​។ លោក ជិន ម៉ាលីន បន្ត​ទៀត​ថា ក្នុងចំណោម​ទណ្ឌិត​ជិត​៤០០​នាក់​នេះ​អាច​នឹង​ប្រែប្រួល ឬ​ថយ​ចុះ​ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​សម្រេច​ចុងក្រោយ​មុននឹង​​សម្រេច​ទូល​ថ្វាយ​ព្រះមហាក្សត្រ៖«សម្រាប់​ការ​លើកលែង​ទោស​បន្ធូរ​បន្ថយ​ក្នុង​ឧកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​គឺ​គណៈកម្មការ​ថ្នាក់​ជាតិ​បាន​ប្រជុំ​ពិនិត្យ​ទៅលើ​សំណើ​សុំ​ចំនួន​៣៩៩ អ៊ីចឹង​ទេ​ចំពោះ​លទ្ធផល​មិនទាន់​អាច​ផ្សព្វផ្សាយ​បាន​ទេ គឺ​រង់ចាំ​ព្រះរាជ​ក្រឹត្យ​ចេញ​គឺ​នឹង​ដឹង​ហើយ»។

គណៈកម្មការ​រាជធានី​-​ខេត្ត​ដែល​ក្នុង​នោះ​មាន​ពន្ធនាគារ​ចំនួន ២២ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​ដែល​មាន​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​បាន​បញ្ជូន​សំណើ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ចំនួន​៣៩៩​នាក់ ក្នុង​នោះ​មាន​ទណ្ឌិត​ជា​ស្ត្រី​ចំនួន​៤៣​នាក់​ផ្ដល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​។ ជា​គោលការណ៍​ទណ្ឌិត​ក្នុង​ករណី​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ដែល​មាន​ភាព​សាហាវ​ឃោរឃៅ​ព្រៃផ្សៃ​គឺ​គណៈកម្មការ​មិនបាន​យក​មក​ពិនិត្យ​ផ្ដល់​ភាព​អនុគ្រោះ​នោះ​ឡើយ។

ក្រៅ​ពី​នេះ លោក ជិន ម៉ាលីន ឱ្យ​ដឹង​ថា គណៈកម្មការ​មិនបាន​ពិចារណា​បន្ធូរបន្ថយ​និង​លើកលែងទោស​លើ​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី​នោះ​ទេ មិន​បាន​កំណត់​ក្នុង​ច្បាប់។នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ(LICADHO) លោក អំ សំអាត សង្កេត​ឃើញ​​ថា ការអនុវត្ត​ច្បាប់​បែបនេះ​ធ្វើ​ឱ្យ​មាន​ការ​ចន្លោះប្រហោង​គឺ​មិន​បាន​ផ្ដល់​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី​ទទួល​បាន​ការលើកលែង និង​បន្ធូរ​បន្ថយ​ទោស​។ លោក​សង្កេត​ឃើញ​ថា ករណី​នេះ​មួយ​ទៀត​គឺ​ចំនួន​ទណ្ឌិត​ដែល​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​និង​លើកលែងទោស​គឺ​មាន​ចំនួន​តិច បើ​ធៀប​ទៅ​នឹង​ចំនួន​នៃ​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ៖ «ជា​គោលការណ៍ ហើយ​ជា​នីតិវិធី និង​ផ្លូវច្បាប់​គឺ​អ៊ីចឹង ក៏​ប៉ុន្តែ​ការអនុវត្ត​គឺ​អត់​បាន​មួយ​រយ​ភាគរយ​ទេ អ៊ីចឹង​ហើយ​បាន​ជា​សង្គម​ស៊ីវិល​យើង ចង់​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​នីតិវិធី​តាម​ច្បាប់​ហើយ​មាន​តម្លាភាព និង​យុត្តិធម៌​ចំពោះ​ទណ្ឌិត​ទាំងអស់»។

មន្ត្រី​សង្គម​ស៊ីវិល​ដដែល គាំទ្រ​ការ​ផ្តល់​អាទិភាព​ដល់​ទណ្ឌិត​ស្ត្រី កុមារ ជន​ចាស់ជរា ប៉ុន្តែ​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព​និង​យុត្តិធម៌​ចំពោះ​ទណ្ឌិត​​ក្នុង​ការ​បន្ធូរ​បន្ថយ​ទោស​និង​លើកលែងទោស​។ ជា​ទូទៅ​ព្រះមហាក្សត្រ​តែង​ធ្វើការ​លើកលែង និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ក្នុង ១​ឆ្នាំ​ចំនួន ៣​ដង គឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា និង​បុណ្យអុំទូក​តាម​សំណើ​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles