បណ្ឌិត ឌុក​ រ៉ាស៊ី​ អ្នក​នយោបាយ​ខ្មែរជើងចាស់​ ទទួល​មរណភាព​ នៅជន្មាយុ​ ៩៥ឆ្នាំ

កម្ពុជា
25/03/2020 – 22:47
ដោយ៖ ហេង ឧត្តម
RFI

បណ្ឌិតច្បាប់ លោក ឌុក រ៉ាស៊ី អតីតឯកអគ្គរដ្ឋទូតខ្មែរប្រចាំទីក្រុងឡុងដ៍ និងជាអតីតអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង សម័យ​សង្គមរាស្ត្រនិយមនិងសាធារណរដ្ឋខ្មែរ។
បណ្ឌិតច្បាប់ លោក ឌុក រ៉ាស៊ី អតីតឯកអគ្គរដ្ឋទូតខ្មែរប្រចាំទីក្រុងឡុងដ៍ និងជាអតីតអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង សម័យ​សង្គមរាស្ត្រនិយមនិងសាធារណរដ្ឋខ្មែរ។ © HengOudom

បណ្ឌិតច្បាប់ លោក ឌុក​ រ៉ាស៊ី​ អតីត​ឯកអគ្គរដ្ឋទូតខ្មែរ​ប្រចាំទីក្រុងឡុងដ៍  បាន​ទទួល​មរណភាព​ ថ្ងៃពុធ ទី​២៥ មីនា នៅរដ្ឋធានីប៉ារីស។  លោកគឺជា​អ្នកនយោបាយជើងចាស់ មាន​កិត្តិនាម​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅក្នុង​​សម័យសង្គមរាស្ត្រនិយម​ ​និងសម័យសាធារណរដ្ឋខ្មែរ។ ជំនាន់នោះ ​លោក​មាន​តួនាទី​ជាអ្នកតំណាងរាស្ត្រ​ មណ្ឌលកំពង់ឆ្នាំង។  លោក ឌុក រ៉ាស៊ី ​បាន​ទទួលអនិច្ចកម្ម ​ដោយជរាពាធ ក្នុង​ជន្មាយុ ៩៥ឆ្នាំ។ តើ​ព្រឹទ្ធាចារ្យ​បណ្ឌិត​នីតិសាស្ត្រ​រូបនេះ មាន​ជីវប្រវត្តិ​ យ៉ាង​ដូច​ម្តេច​ខ្លះ?

«ចេះច្បាប់  គេបោកមិនបាន ធ្វើអ្វីត្រឹមត្រូវ និងដឹងខុសដឹងត្រូវ​» នេះជា​គំនិត​ដែល​លោក ឌុក រ៉ាស៊ី យល់ឃើញ​តាំងតែ​ពីក្មេងវ័យ​ម្ល៉េះ។ ឈរ​លើ​ទស្សនៈ​​នេះហើយ ដែលលោក​បាន​ប្រឹង​ប្រែង​បន្តវិជ្ជាវិស័យច្បាប់​ រហូត​បញ្ចប់​ថ្នាក់​បណ្ឌិត​នីតិសាស្ត្រ​សាធារណៈ ពី​ប្រទេស​បារាំង នៅឆ្នាំ​១៩៥៧។ បណ្ឌិត​រូប​នេះ ចូល​​​បំពេញការងារ​ នៅ​​អង្គការ​សហប្រជាជាតិ ចំនួន២ឆ្នាំ​ ក្នុង​គណៈកម្មការនីតិកម្ម​ នៅ​បុរី​ញូវយក សហរដ្ឋអាមេរិក​ ហើយ​បន្ទាប់មកទៀត​ បម្រើ​ការងារ​​​នៅស្ថានទូតខ្មែរ​នៅ​ប្រទេស​ថៃ​ ចំនួន​១ឆ្នាំ រួចត្រឡប់ មកធ្វើការនៅក្រសួងការបរទេសវិញ ដល់១៩៦២។

ក្រោយជម្លោះរឿង​ប្រាសាទ​ព្រះវិហារ លោក ឌុក រ៉ាស៊ី ចាក​ចេញ​ពី​ក្រសួងការបរទេស និង​ផ្តើម​ប្រលូក​​ជីវិត​នយោបាយ ហើយ​ក្លាយ​ជាអ្នក​តំណាងរាស្ត្រ។ លោកយល់ថា «ធ្វើ​ជាអ្នក​នយោបាយនិង​​សមាជិកសភា​ មានសិទ្ធនិយាយស្តី​បានច្រើន ទាក់ទងជិតស្និទ្ធជាមួយប្រជា​​ពលរដ្ឋ  និងអាច​បង្រៀនបុរីជន​​​ឱ្យក្លាហាន ​យល់ចេះដឹង​ពីសិទ្ធ​របស់ខ្លួន​។» ក្នុង​ពេល​ដំណាលគ្នា អ្នកតំណាងរាស្ត្ររូបនេះបាន​បង្កើត​កាសែត​ជា​ភាសា​បារាំង​ ឈ្មោះថា Phnom Penh Presse។ នៅ​លើ​សង្វៀន​នយោបាយ លោក​មាន​ការ​ខ្វែង​គំនិត​ទស្សនៈ​នយោបាយ​មួយ​ចំនួន ជាមួយ​សម្តេច​ នរោត្តម សីហនុ រហូត​ដល់​ព្រះអង្គ​​បិទកាសែតភាសាបរទេស​ទាំងអស់ ​នៅ​ឆ្នាំ​១៩៦៧។ សម្តេច សីហនុ ក៏ធ្លាប់​​មាន​បន្ទូល​គំរាម ​តាម​វិទ្យុ​ជាតិទៀតផង​ថា«ចង់​​បញ្ជូន ឌុក រ៉ាស៊ី ទៅបរលោក»។

នៅ​សម័យ​សាធារណរដ្ឋខ្មែរ ដោយ​ឈរលើគោលការណ៍​ប្រជាធិបតេយ្យ​និង​យុត្តិធម៌​សង្គម​​ បណ្ឌិត​ ឌុក រ៉ាស៊ី បាន សរសេរ​រិះគន់ស្ថាបនា​​របប​ លន់ នល់ ជា​រៀងរាល់ថ្ងៃ តាម​ទំព័រសារព័ត៌មាន​។ អត្ថបទ​វិចារណកថាទាំង​នោះ បាន​ធ្វើ​ឱ្យ​របបថ្មី ក្តៅ​ស្លឹកត្រចៀក​មិនតិចទេ​​។

មុនពេល​ ​ខ្មែរក្រហម លេបត្របាក់​រដ្ឋធានីភ្នំពេញ លោក ឌុក រ៉ាស៊ី បានត្រូវ​តែង​តាំង​ជា​​ឯកអគ្គរដ្ឋទូត វិសាមញ្ញ​និងពេញសមត្ថភាព​​ ប្រចាំ​ចក្រភព​អង់គ្លេស បែលហ្សិក ដាណឺម៉ាក និងហូឡង់ដ៍។ ដើម​ទសវត្សរ៍​១៩៩០ លោក​ជា​សាស្ត្រាចារ្យ​នីតិសាស្ត្រ​ បង្រៀន​នៅ​សកលវិទ្យាល័យ Amiens ប្រទេសបារាំង​។  ​​ពេល​ចូលនិវត្តន៍ លោកបង្កើត​ព្រឹត្តិបត្រ​ Le Salut Khmer និង ​បង្កើត​សមាគមសិទ្ធមនុស្ស​ឈ្មោះថា «សម្ព័ន្ធខ្មែរការពារ​សិទ្ធមនុស្ស​និង​សិទ្ធបុរីជន»។ ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីសរួចមក លោក​ ឌុក រ៉ាស៊ី​ បាន​រៀបចំ​សន្និសីទ​និងសិក្ខាសាសា​​ជាច្រើន​ដែល​ទាក់ទង​នឹង​សិទ្ធ សេរីភាព និង​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា។ ពេញ​មួយ​ជីវិតនេះ លោក​បាន​និពន្ធសៀវភៅ ​អត្ថបទវិភាគ​ច្បាប់​ ​និង​វិចារណាក​ជាច្រើន ជាភាសា​ខ្មែរ​និង​បារាំង។

ជីវិត​របស់​លោក ឌុក រ៉ាស៊ី ហាក់​ជាប់ប្រទាក់​ក្រឡារដឹក​ទៅនឹង​នៅ​ស្ថានការណ៍​ប្រទេស​កម្ពុជា​។​ ក្នុង​មជ្ឃិមវ័យនិងជរា​ភាព​ លោក ឌុក រ៉ាស៊ី តែងតែរញ្ជួល​​ចិត្ត និងបង្ហូរទឹកភ្នែក​ជាញឹកញយ​ ​កាលណា​គេ​និយាយ​លើកឡើងពីរឿង​ខ្មែរ លោក​ស្រណោះស្រុកទេស​ ដែលមិន​គួរ​ធ្លាក់គ្រោះថ្នាក់​​លំបាក​វេទនា ដូច​សម័យ​ខ្មែរក្រហម​សោះ​។​

សព្វថ្ងៃ ភរិយានិង​បុត្រាបុត្រីរបស់លោក ​ចំនួន​៥នាក់ រស់​នៅប្រទេស​បារាំង​។ ភរិយារបស់លោក ឌុក រ៉ាស៊ី គឺ​លោកស្រី​បណ្ឌិត មាស សេដ្ឋា សោកស្តាយ​ និងរន្ធត់ជាពន់ពេក​​ចំពោះការ​បាត់បង់​ស្វាមី ដែលជា​ឥស្សរជន​មួយ​រូប​របស់ខ្មែរ។ លោកស្រីបានរម្លឹកប្រាប់វិទ្យុបារាំង​អន្តរជាតិ​ RFI ពីពាក្យសម្តី​របស់​ស្វាមី ដែល​តែងតែពោល​ និងសរសេរថ្លែងជាញឹកញយ គឺ ៖ «Une paix juste et durable ne peut être fondée que sur les Droits, l’Education et la Morale» (សន្តិភាពសង្គម ពិតប្រាកដនិងគង់វង្ស តែងសំអាងទៅលើច្បាប់, ការអប់រំ និងសីលធម៌៕​

វណ្ណកម្ម​មួយចំនួន​របស់​អ្នក​និពន្ធ ឌុក រ៉ាស៊ី

-«វិចារណកថា ឌុក រ៉ាស៊ី» បោះពុម្ពឆ្នាំ​២០១៨ ដោយ​ គ្រឹះស្ថាន​បោះពុម្ពឯកសារខ្មែរ នៅភ្នំពេញ​

-«វាសនាខេមរៈបុត្រ» បោះពុម្ពឆ្នាំ​២០១២ ដោយ​បណ្ណាគារអង្គរ នៅភ្នំពេញ​

-«វាសនាប្រទេសជាតិ » បោះពុម្ពឆ្នាំ​២០១២ ដោយ​បណ្ណាគារអង្គរ នៅភ្នំពេញ​

-«Cambodge, Déclin et résurrection», 2012, Société des Ecrivains, Paris

-«La Question de la Représentation khmère à l’ONU, Droit ou Politique», 1974, ed. PEDONE, Paris

-«Les Frontière de la faute personnelle et de la faute de service dans le droit administratif français», 1963, collection Bibliothèque de droit public, Tome XLIII, Paris

What Next?

Recent Articles

Leave a Reply

Submit Comment