មេធាវី ជួង ជូងី ថា សាលដីកា​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​គ្រូ​បង្រៀន​១១​នាក់ មាន​ភាព​លំអៀង​ទៅ​ក្រសួង

ដោយ អាស៊ីសេរី
2020-03-25
អាស៊ីសេរី

លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។

លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។ រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី


មេធាវី​ការពារ​ក្ដី ឱ្យ​ក្រុម​អតីត​គ្រូបង្រៀន​ចំនួន ១១​នាក់​មិន​អស់ចិត្ត​នឹង​កា​រសម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍ ក្នុង​សំណុំរឿង​ប្ដឹង​ទាមទារ​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​មកវិញ កាល​ពី​ថ្ងៃ​ទី​១១ មីនា ដោយសារ​រកឃើញ​ថា ចៅក្រម​បាន​លំអៀង​ទៅ​រក​ខាង​មេធាវី​របស់​ក្រសួង​អប់រំ និង​បាន​កាត់ក្ដី​ឱ្យ​ក្រុម​អតីត​គ្រូបង្រៀន​បន្ត​ចាញ់ក្ដី​។ គ្រូ​បង្រៀន​១១​នាក់ នឹង​ពឹង​ពាក់​មេធាវី​ប្ដឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។

លោក​មេធាវី ជូង ជូងី បាន​ផ្ទៀងផ្ទាត់​មើល​សាលដីកា​របស់​សាលាឧទ្ធរណ៍​ឡើងវិញ​ច្រើនដង និង​រក​ឃើញ​ចំណុច​ជាច្រើន​បង្ហាញ​ថា ចៅក្រម​បាន​លំអៀង ទៅ​ខាង​ក្រសួង​អប់រំ​។ លោក​បញ្ជាក់​ថា លោក​បាន​ដាក់​សេចក្ដីថ្លែងការណ៍​កម្រាស់ ៨​ទំព័រ​មុន​សវនាការ​ហើយ​លោក​បាន​តតាំង​ក្នុង​សវនាការ​ប្រហែល​មួយ​ម៉ោង​តែ​ចៅក្រម​កត់ត្រា​ក្នុង​សាលដីកា​មិន​ចំ​ខ្លឹម​សារសំខាន់ បាន ១៥​បន្ទាត់​។ ឯ​មេធាវី​តំណាង​ឱ្យ​ក្រសួង​អប់រំ មិន​បាន​ដាក់​សេចក្ដីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​ទេ និង​ឡើង​ថ្លែងការណ៍​ផ្ទាល់មាត់​ក្នុង​សវនាការ​ប្រហែល​១០​នាទី តែ​ចៅក្រម​កត់ត្រា​បាន​ខ្លឹមសារ​ល្អៗ ប្រវែង ២​ទំព័រ​កន្លះ​។ លោក​មេធាវី ជូង ជូងី ប្រាប់​ថា ទង្វើ​របស់​ចៅក្រម​បែបនេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ចរិត​និង​តួនាទី​របស់​ចៅក្រម​កាត់​សេចក្ដី​លម្អៀង៖ «សាលាឧទ្ធរណ៍ បែរជា​កត់ត្រា​អ្វី​ដែល​ខ្ញុំ​លើក​ហ្នឹង បានតែ​១៥​បន្ទាត់ ហើយ​អត់​មាន​ខ្លឹមសារ​សំខាន់​។ ដល់​ពេល​ងាក​ទៅ​មេធាវី​តំណាង​ឱ្យ​ក្រសួង​អប់រំ​វិញ គេ​អត់​មាន​ធ្វើជា​លាយលក្ខណ៍អក្សរ​ដាក់​ទៅ​សាលាឧទ្ធរណ៍​ទេ​។ គេ​ថ្លែងការណ៍​ប្រហែលជា​១០​នាទី សាលាឧទ្ធរណ៍​គេ​កត់ត្រា​បាន​ដល់​ទៅ​២​ទំព័រ​កន្លះ សុទ្ធតែ​មានន័យ​ខ្លឹមសារ​ដើម្បី​ច្រាន​បណ្ដឹង​ឧទ្ធរណ៍​របស់​លោកគ្រូ អ្នកគ្រូ​១១​រូប​ចោល​។ ខ្ញុំ​ហួសចិត្ត​តែម្ដង​ហ្មង​។ នៅ​ពេល​ដែល​ខ្ញុំ​អាន​សេចក្ដី​សម្រេច​ដែល​ចៅក្រម​បាន​ចេញ​មក​ហ្នឹង គឺ​ខ្ញុំ​បាន​មើល​ឃើញ ពី​គំនិត​របស់​គាត់ ចរិតលក្ខណៈ​របស់​គាត់ ក្នុង​ការ​បំពេញ​តួនាទី​ជា​ចៅក្រម​ហ្នឹង​ណា​។ ដល់​អ៊ីចឹង​ទៅ ខ្ញុំ​វា​ហួសចិត្ត»។

ចៅក្រម​សាលាឧទ្ធរណ៍​ចំនួន​៣​នាក់ ដែល​កាត់សេចក្ដី ក្នុង​សំណុំរឿង​គ្រូបង្រៀន​១១​នាក់ ប្ដឹង​ទាមទារ​ក្របខ័ណ្ឌ​ការងារ​ក្រសួង​អប់រំ​មកវិញ គឺ លោក យូ ប៊ុនណា លោក លាង សំណាត់ និង​លោក សួស សំអាត​។ លោក​ចៅក្រម​ទាំង​៣​នាក់​បាន​ចេញ​សាលដីកា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​១១ មីនា អះអាង​ថា តាងនាម​ប្រជារាស្ត្រ​ខ្មែរ បដិសេធ​ផ្ដល់​ក្របខ័ណ្ឌ​គ្រូបង្រៀន ឱ្យ​ក្រុម​អតីត​គ្រូ​១១​នាក់​។ ការសម្រេច​នេះ គឺ​ដូចគ្នា​នឹង​ការសម្រេច​នៅ​ដំណាក់កាល​សាលាដំបូង និង​ការ​សេចក្ដី​សម្រេច​របស់​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ដែរ។

អតីត​គ្រូបង្រៀន​ចំនួន​១១​នាក់ ដែល​មាន​លោក រ៉ុង ឈុន ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​ផង​នេះ នៅតែ​មិន​សុខចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ ដែល​ឱ្យ​ពួក​លោក​ចាញ់ក្ដី នៅ​គ្រប់​ដំណាក់កាល​។ ក្រុម​អតីត​គ្រូបង្រៀន​ទាំង​១១​នាក់ បាន​ចោទប្រកាន់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា តាម​ធ្វើ​បាប និង​យាយី លើ​មន្ត្រី​ក្រុម​គ្រូបង្រៀន ជា​មន្ត្រី​ជាប់ឆ្នោត​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្គ្រោះជាតិ ដោយសារ​ក្រុម​អតីត​គ្រូ​ទាំង​១១​នាក់ មិន​ព្រម​ចុះចូល និង​ធ្វើតាម​គណបក្ស​កាន់អំណាច នៅ​ពេល​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​លុបឈ្មោះ​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន ចេញ​ពី​ក្របខ័ណ្ឌ​ជា​បន្តបន្ទាប់​ចំនួន ១៣​នាក់ ដោយ​លើក​ហេតុផល​ថា ពួកគេ​បោះបង់​ចោលការ​ងារ និង​មួយ​ចំនួន​ទៀត អវត្តមាន ដោយ​គ្មាន​ច្បាប់​អនុញ្ញាត កាល​ពី​ដើមឆ្នាំ​២០១៨​។ គ្រូបង្រៀន ១១​នាក់ ក្នុងចំណោម ១៣​នាក់ បាន​ប្ដឹងតវ៉ា ទៅ​ក្រសួង​អប់រំ ដោយ​ហៅ​ការ​លុបឈ្មោះ​នោះ​ថា​មាន​ចេតនា គុំកួន​នយោបាយ​។ អតីត​គ្រូបង្រៀន​ទាំង​១១​នាក់ អះអាង​ថា បាន​ដាក់​ច្បាប់​សុំ​ព្យួរ​ឈ្មោះ​ពី​ក្របខ័ណ្ឌ​ក្រសួង ទៅកាន់​តួនាទី​មន្ត្រី​នយោបាយ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​ដាក់ពាក្យ​ចូល​ធ្វើ​ការ​វិញ តាម​កំណត់ នៅ​ពេល​មាន​រំលាយ​បក្ស​ប្រឆាំង។

អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ពួក នៅ​ខេត្ត​សៀមរាប ដែល​រង​ការ​លុបឈ្មោះ​ម្នាក់ លោក ច័ន្ទ សុភា និយាយ​ថា ក្រុម​គ្រូបង្រៀន​នឹង​ពឹង​ពាក់​មេធាវី​ប្ដឹង​ទៅ​តុលាការ​កំពូល​ទៀត​។ អតីត​គ្រូបង្រៀន និង​ជា​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ស្រុក​ពួក​រូបនេះ និយាយ​ថា បើ​ទោះ​មិន​ឈ្នះក្ដី​ក៏ដោយ តែ​ការ​បន្ត​ប្ដឹងផ្ដល់​តាម​ផ្លូវ​តុលាការ ជា​ជម្រើស​មួយ​ក្នុង​ការ​បង្ហាញ​ប្រាប់​សាធារណជន​ពី​ចរិតលក្ខណៈ​និង​ការ​ធ្វើ​ការងារ​របស់​មន្ត្រី​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មេធាវី ជួង ជូងី ថា សាលដីកា​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​គ្រូ​បង្រៀន​១១​នាក់ មាន​ភាព​លំអៀង​ទៅ​ក្រសួង"

  1. so socheath says:

    ហាស ! ហាស
    ស៊ីប្រាក់ខែរដ្ឋ តែសកម្ម​ក្នុងការងារបំរើបក្សបំផ្លាញជាតិសង្គ្រោះផេះ
    មិនបំពេញតួនាទីរបស់ខ្លួនដែលរដ្ឋប្រគល់ឲ្យ អញ្ចឹងចង់បានក្របខណ្ឌរដ្ឋវិញផង ?
    បំរើអាណាទៅស៊ីបាយអាហ្នុងទៅ ពួកអាឡប់ មីឡប់ !
    អត់ចេះខ្មាស់ឆ្កែ​ ​! ធ្វើការតាំងពីសក់ខ្មៅ រហូតមមិស​ដុះស្កូវ អត់មានប្រាក់ចូលនិវត្តន៍ ?

  2. Anonymous says:

    ចុះរដ្ឋបានប្រាក់ពីណា មិនបានពិរប្រជាពលរដ្ឋទេអី

  3. so socheath says:

    ចុះពួកអស់ហ្នឹង ពលរដ្ឋឬអី ?

Leave a Reply

Submit Comment