សកម្មជន​និង​សហគមន៍​ថា មាន​ការ​កាប់​ឈើ​ធំៗ​នៅ​ព្រៃ​ឡង់ លក់​ឱ្យ​ក្រុមហ៊ុន​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩

ដោយ ជាតិ ចំណាន
2020-03-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រទឹក ក្នុង​ព្រៃឡង់​ខេត្ត​ក្រចេះ ត្រូវ​គេ​កាប់​រំលំ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។

ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រទឹក ក្នុង​ព្រៃឡង់​ខេត្ត​ក្រចេះ ត្រូវ​គេ​កាប់​រំលំ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។

 រូបភាព៖ សកម្មជន​បរិស្ថាន


សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ឡង់​ខេត្ត​ក្រចេះ នៅតែ​បន្ត​កើតមាន​ច្រើន ស្រប​ពេល​កម្ពុជា​កំពុង រង​ការ​រាតត្បាត​ដោយសារតែ​ជំងឺ​កូវីដ (covid-19)។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនេះ ត្រូវ​បាន​ក្រុម​សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា ជា​ដំណើរ​ឈាន​ទៅ​រក​ការបាត់បង់​ដើមឈើ​ធំៗ​សល់​ចុងក្រោយ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។

សហគមន៍​ព្រៃឡង់ និង​សកម្មជន​បរិស្ថាន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥ មីនា​ថា ដើមឈើ​ធំៗ និង​ដើមឈើ​ផលិត​ជ័រទឹក ក្នុង​តំបន់​ព្រៃ​ការពារ​ធនធានធម្មជាតិ គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន កំពុង​ទទួល​រង​កាប់​ចោះ​យក​ឈើ​ធំៗ ដោយ​គ្មាន​ការអនុវត្ត​ច្បាប់។

កាលពី​ដើមខែ​មីនា​កន្លង​ទៅ សហគមន៍​ព្រៃឡង់ និង​សកម្មជន​បរិស្ថាន បាន​ចុះ​ល្បាត​ព្រៃ​ឡង់ ហើយ​ប្រទះឃើញ​ដើមឈើ​ទាល​មួយ​ដើម មានមុខ​កាត់​ជាង ៣​ម៉ែត្រ ប្រវែង ៦០ម៉ែត្រ និង​មាន​អាយុ​កាល​​រាប់រយ​ឆ្នាំ ត្រូវ​បាន​គេ​អារ​ផ្តួល មិនទាន់​ដឹក​ចេញ​ក្រៅ​។ ពួកគេ​បាន​ថត​រួប​ភាព និង​វីដេអូ ទុកជា​ភស្តុតាង ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​មន្ត្រី​បរិស្ថាន វែកមុខ​ជនល្មើស​មក​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​គ្មាន​លទ្ធផល។ រីឯ​ដើមឈើ​ដ៏​ធំ​នោះ ត្រូវ​បាន​គេ​អារ​ច្រៀក​ដឹកជញ្ជូន​ចូល​ក្រុមហ៊ុន ​ស៊ីង បាយអូថេក កាល​ពី​ពេល​ថ្មីៗ​ នេះ​។​

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ អះអាង​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​កែច្នៃ​ជាង ១០​គ្រឿង បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ក្នុង​ព្រៃ​ឡង់ ចូល​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​ ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA) និង​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood) ឋិត​ក្នុងស្រុក​សំបូរ​ខេត្ត​ក្រចេះ​។ លោក​ថា ក្រុមហ៊ុន​បាន​ប្រើប្រាស់​កម្លាំង​កម្មករ​រាប់​រយ​នាក់ ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ជាប់​ព្រៃ​អភិរក្ស ដើម្បី​ដឹកជញ្ជូន​ទៅ​លក់​ទៅ​ក្រៅ​ប្រទេស​។ លោក​បន្ថែម​ថា អំឡុង​ពេល​ដែល​ជំងឺ​កូវីដ១៩ វាយលុក គឺជា​ឱកាស​ក្រុម​ឈ្មួញ និង​អ្នក​អារ​ឈើ សម្រុក​កាប់​បំផ្លាញ​ព្រៃ​ឡង់ បែប​អនាធិបតេយ្យ​៖ «ក្រុមហ៊ុន​បញ្ជា​ឱ្យ​កម្មករ​ហ្នឹង​ចូល​ទៅ​កាប់ និង​ដឹកជញ្ជូន​ឈើ ក្នុង​តំបន់​ព្រៃ​ឡង់ ចូល​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​។ រថយន្ត​ប៉ា​កុង​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង មិន​ក្រោម​ពី ១០​ទៅ ២០​គ្រឿង​ទេ ដែល​មាន​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ និង​ក្រុមហ៊ុន​ស៊ីងបាយអូថេក មាន​ទីតាំងនៅ​ជាមួយគ្នា​។ ក្នុង​មួយថ្ងៃ គឺ​ក្រុមហ៊ុន​ដឹក​ឈើ​ចេញពី​ក្រុមហ៊ុន​របស់​គេ ទៅ​លក់​នៅ​ក្រៅ​ប្រទេស ឱ្យ​បាន ២០យី​ឌុប»។

លោក ហេង ស្រស់ សង្ស័យ​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​ឈរជើង​ការពារ​ព្រៃ​ឡង់ នៅ​តំបន់​នោះ បាន​ទទួល​សំណូក​ពី​ក្រុម​អ្នក​ដឹកឈើ​ខុសច្បាប់ បានជា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ច្រើន ក្នុង​ព្រៃ​អភិរក្ស​៖ «ក្រុមហ៊ុន​ស៊ីងបាយអូថេក និង ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ​ទាំង ៣​កំពុង​សស្រាក់សស្រាំ ស្រក់ទឹកមាត់​ដែល​ក្រសួងបរិស្ថាន​ថា ព្រៃ​ឡង់​ជា​ព្រៃ​ស្នូល​។ ស្នូល​ហើយ ស្នូល​សម្រាប់​ក្រុមហ៊ុន មិនមែន​ស្នូល​សម្រាប់​ពលរដ្ឋ ជា​ព្រៃ​ការពារ របស់​ក្រសួងបរិស្ថាន សម្រាប់​ឱ្យ​ក្រុមហ៊ុន​កាប់ ប៉ុន្តែ​មិនមែន​ការពារ​ទុក​ឱ្យ​ពលរដ្ឋ​អាស្រ័យ​ផល​ទេ»។

ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រទឹក ក្នុង​ព្រៃឡង់​ខេត្ត​ក្រចេះ ត្រូវ​គេ​កាប់​រំលំ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។

ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រទឹក ក្នុង​ព្រៃឡង់​ខេត្ត​ក្រចេះ ត្រូវ​គេ​កាប់​រំលំ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។ រូបភាព៖ សកម្មជន​បរិស្ថាន


សហគមន៍​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យ​ដឹង​ថា មាន​មនុស្ស​ជាច្រើន​ប្រដាប់​ដោយ​រណា​យន្ត និង​គោយន្ត ចូល​ទៅ​កាប់ និង​ដឹកជញ្ជូន​ឈើ ក្នុង​ព្រៃ​ឡង់​លក់ អំឡុង​ពេល​ដែល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ កំពុង​រង​សម្ពាធ​ពី​ក្រសួងបរិស្ថាន មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ល្បាត​ព្រៃ​។ លោក​ថា ស្ទើរ​រាល់ថ្ងៃ​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ម៉ូតូ និង​គោយន្ត នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​យ៉ាង​សស្រាក់សស្រាំ​។ រីឯ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​ឈរជើង​ការពារ​ព្រៃ មិនបាន​បំពេញ​តួនាទី​ការពារ​ព្រៃ​នោះ​ទេ៖ «យើង​នៅតែ​ឃើញ មានការ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ នៅ​តាម​​ដង​​ផ្លូវ ហើយ​និង​នៅ​តាម​ភូមិ​មួយ​ចំនួន ឋិត​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ នៅតែ​មាន​សកម្មភាព​សកម្ម​ដដែល​។ ស្ថានភាព​កូវីដ​១៩ កំពុង​រាតត្បាត ក៏ប៉ុន្តែ​អ្នក​ដែល​ឆ្លៀត​ឱកាស នៅតែ​ធ្វើ​សកម្មភាព​​ដដែល ហើយ​ក្រុម​មន្ត្រី​របស់​ក្រសួង​បរិស្ថាន ហាក់បីដូចជា មិន​មាន​វិធានការ​ណា​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ថា ខ្លួន​នឹង​បំពេញ​តួនាទី​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ»។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន ស៊ីងបាយអូថេក និង​ក្រុមហ៊ុន អង្គរ​ប្លាយវូដ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ មីនា។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ប្រាប់​អាស៊ីសេរី តាម​បណ្ដាញ​សង្គម​ស៊ិកណល (Signal) ថា ដោយ​លោក​ស្នើ​​​ឱ្យ មានការ​ផ្ដល់​ទីតាំង និង​និយាម​ការ​ឱ្យ​បាន​ច្បាស់លាស់ ពី​សកម្មភាព​បទល្មើស​ព្រៃឈើ​ដែល​កើតមាន​ក្នុង​តំបន់​ព្រៃឡង់។ លោក​ជំរុញ​ឱ្យ​សកម្មជន​បរិស្ថាន និង​សហគមន៍​ផ្ដល់​រូបភាព ដឹកជញ្ជូន​ឈើ​ចូល​ក្រុមហ៊ុន ឱ្យ​ទាន់​ពេលវេលា​។ ចំពោះ​សំណួរ​ថា ព្រៃ​ការពារ​ធម្មជាតិ នៅ​តំបន់​ស្នូល​ក្រសួងបរិស្ថាន​ហាម​មិន​ឱ្យ​ចូល បើ​គ្មាន​ការអនុញ្ញាត​។ ហេតុអ្វី​បានជា​ក្រុម​អ្នក​អារ​ឈើ​ខុសច្បាប់ ចូល​ព្រៃ​ឡង់​បាន​? អ្នកនាំពាក្យ​រូប​នេះ ឆ្លើយ​ថា ការ​ចេញ​ចូល​ក្នុង​តំបន់​ការពារ​ធម្មជាតិ ​ត្រូវ​មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​ក្រសួង​បរិស្ថាន​ស្របតាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​។ លោក​ថា ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត អ្នក​ដែល​មាន​បំណង​ចូល​ព្រៃ​ឡង់​ ​ត្រូវ​ស្នើសុំ​មក​ក្រសួង​បរិស្ថាន ឬ​សមត្ថកិច្ច​នៅ​តាម​ទីតាំង​ផ្ទាល់។

បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ មាន​មន្ទិល​ថា ក្រសួង​បរិស្ថាន​រឹត​បន្តឹង​អ្នក​ការពារ​ព្រៃឈើ​មិន​ឱ្យ​ចូល​ព្រៃ​ឡង់ ក៏ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ បែរជា​ចូល​ព្រៃ​ឡង់​ដោយ​សេរី​។ លោក​ស្នើ​ឱ្យ​ក្រសួងបរិស្ថាន បញ្ចេញ​ឆន្ទៈ​របស់​ខ្លួន​ឱ្យ​ពិតប្រាកដ​ដោយ​ស្មើភាព​គ្នា រវាង​អ្នកការពារ​ព្រៃឈើ និង​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​មែនទែន​ថា សកម្មភាព​បទល្មើស​ព្រៃឈើ​វា​នឹង​កើន​ឡើង​ទ្វេ​ដង ដោយសារតែ​ខ្វះ​អ្នកឃ្លាំមើល​។ យើង​មិន​ចង់​និយាយ​ថា វា​មាន​ត្រូវរ៉ូវ​គ្នា​រវាង​មន្ត្រី ឧទ្យានុរក្ស និង​ជន​ល្មើស​​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ឃើញ វា​មាន​ការ​ដឹកជញ្ជូន​ចេញ​ពី​ព្រៃ វា​សកម្ម»។

សហគមន៍​ព្រៃឡង់​រូប​នេះ​បន្ថែម​ថា រយៈពេល​ជាង ២​ខែ​ចុង​ក្រោយនេះ នៅ​ពេល​ដែល​ក្រសួង​ហាម​សហគមន៍​មិន​ឱ្យ​ល្បាត​ព្រៃ សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឡង់​កំពុង​កើន​ឡើង​ទ្វេ​ដង ដោយសារ​គ្មាន​អ្នកឃ្លាំមើល ហើយ​មន្ត្រី​បរិស្ថាន​​​កំពុង​ជិះ​សេះ​លែងដៃ មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។ លោក​អំពាវនាវ​ឱ្យ​ក្រសួងបរិស្ថាន បើក​ចិត្ត​ទូលាយ ផ្ដល់​ឱកាស​ឱ្យ​សហគមន៍​ព្រៃ​ឡង់ សហការ​​ជាមួយ​​មន្ត្រី​ឧទ្យានុរក្ស បន្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ជា​ជ្រុង​មួយ​រួមចំណែក​អភិរក្ស​ធនធានធម្មជាតិ​បន្សល់​ចុងក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment