Human Rights Watch ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាប់ និង​ឃុំ​ខ្លួន​អ្នក​បញ្ចេញ​មតិ​រឿង​ជំងឺ​កូវីដ-១៩

ដោយ សុជីវី
2020-03-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។

 រូប៖ Screenshot AFP


អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ជ្រើសរើស​ការ​គោរព​សិទ្ធិ​មនុស្ស ស្រប​ពេល​រដ្ឋាភិបាល​នេះ កំពុង​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​កូវីដ-១៩។ ការ​អំពាវនាវ​នេះ គឺ​បន្ទាប់​ពី​អង្គការ​នោះ​រក​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​បាន​ប្រើ​វិធានការ​ចាប់ចង និង​បំបិទ​សិទ្ធិ​ពលរដ្ឋ ដែល​បញ្ចេញ​ទុក្ខ​កង្វល់​រឿង​ជំងឺ​រាតត្បាត​កូវីដ-១៩។ 

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី២៤ មីនា ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ចាប់​ខ្លួន​ពលរដ្ឋ ដែល​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩ ក្រោម​ហេតុផល​ថា ពួក​គេ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ 

អង្គការ Human Rights Watch ពិនិត្យ​ឃើញ​ថា ចាប់​តាំង​ពី​ចុង​ខែ​មករា​មក អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ១៧នាក់​ហើយ ទាក់ទង​នឹង​ការ​ចែកចាយ​ព័ត៌មាន​ស្ដីពី​វីរុស​កូរ៉ូណា​នៅ​កម្ពុជា។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន ៤នាក់ គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​របប​ក្រុង​ភ្នំពេញ​រំលាយ​ចោល ហើយ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ ចំណែក​អ្នក​ផ្សេង​ពី​នេះ អាជ្ញាធរ​បាន​ដោះ​លែង​វិញ ក្រោយ​ពួក​គេ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ត​ទៅ​ទៀត និង​សុំ​ទោស​ជា​សាធារណៈ។ អង្គការ​នេះ​បន្ត​ទៀត​ថា ការ​យាយី​របស់​រដ្ឋាភិបាល​លើ​អ្នក​គាំទ្រ និង​សមាជិក​បក្ស​ប្រឆាំង​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ-១៩ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​សកម្មជន​សង្គម​ស៊ីវិល អ្នក​សារ​ព័ត៌មាន​ឯករាជ្យ និង​ប្រជា​ពលរដ្ឋ​សាមញ្ញ ដែល​បញ្ចេញ​ទស្សនៈ​លើ​ប្រព័ន្ធ​អ៊ិនធើណិត និង​នៅ​ក្នុង​សង្គម។ 

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន មានប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទ​មាត់​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​មេរោគ​ថ្មី​នេះ និង​វិធានការ​របស់​រដ្ឋាភិបាល។ លោក​ថា រដ្ឋាភិបាល​​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ទង្វើ​រំលោភ​បំពាន​លើ​សិទ្ធិ​និយាយ​ស្តី​ដោយ​សេរី​របស់​ពលរដ្ឋ​ត​ទៅ​ទៀត ហើយ​ជំនួស​មក​វិញ រដ្ឋាភិបាល​ត្រូវ​ផ្ដោត​អាទិភាព​លើ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ជំងឺ​កូវីដ-១៩ ជូន​សាធារណជន​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។ 

គិតត្រឹមថ្ងៃទី១៨ មីនា ក្រសួង​ព័ត៌មាន​បាន​កំណត់​ថា មាន​គណនី​ហ្វេសប៊ុក (Facebook Account) ចំនួន២៥ និង​ទំព័រ​ហ្វេសប៊ុក(Facebook Page) ចំនួន២២ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​បំភ្លៃ បំភ័ន្ត និង​បង្វែរ​ស្ថានការណ៍ ដើម្បី​បង្ខូច​ឈ្មោះ​រដ្ឋាភិបាល និង​បង្ក​ឱ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។ ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​តាម​ដាន​ព័ត៌មាន​តែ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល និង​របស់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែង​យល់ និង​ទទួល​បាន​ព័ត៌មាន​ពិត​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩។ 

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ឱ្យ​ដឹង​ថា ក្រសួង​ព័ត៌មាន​នៅ​តែ​បន្ត​ស្វែង​រក​គណនី ឬ​ទំព័រ​ហ្វេសប៊ុក​ទាំង​ឡាយ​ណា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ-១៩ ជា​រៀងរាល់​ថ្ងៃ។ លោក​ថា ក្រសួង​បាន​រាំង​ខ្ទប់ (Block) គណនី និង​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​ហើយ ហើយ​ក្រសួង​ក៏​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់​លើ​អ្នក​ដែល​បន្ត​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​ផង​ដែរ។ លោក​បក​ស្រាយ​ថា រដ្ឋាភិបាល​តែង​លើក​ទឹក​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ក៏​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទៀត ហេតុ​ដូច្នេះ​ទើប​បាន​ជា​រដ្ឋាភិបាល​ជ្រើសរើស​យក​វិធានការ​ផ្លូវ​ច្បាប់​វិញ។ 

លោក មាស សុភ័ណ្ឌ បន្ថែម​ថា អ្វី​ដែល​អង្គការ Human Rights Watch បាន​លើក​ឡើង គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​អង្គការ​នេះ ប៉ុន្តែ​អ្វី​ដែល​អាជ្ញាធរ​កំពុង​ធ្វើ គឺ​ជា​ការ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា៖ «កម្ពុជា​មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់ ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ហើយ​ការ​ដែល​លើក​ឡើង​ថា ការ​ចាប់​នេះ​សុទ្ធតែ​ជា​សកម្មជន​របស់​អតីត​គណបក្ស​ប្រឆាំង​ហ្នឹង គឺ​ជា​ការ​លើក​ដាក់​ខ្លួន​ទេ។ កាល​ណា​គាត់​អនុវត្ត​ខុស​អ្វី​ដែល​ជា​វិធាន​ផ្លូវ​ច្បាប់ គឺ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​ស្មើៗ គ្នា។ គ្មាន​អ្នក​ណា​មួយ ដែល​គេច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ផ្លូវ​ច្បាប់ នៅ​ពេល​ដែល​ខ្លួន​ប្រព្រឹត្ត​ខុស​នោះ​ទេ»។

ចំណែក អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន វិញ បាន​ចាត់​ទុក​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ Human Rights Watch នេះ​ថា ធ្វើ​ឡើង​ក្នុង​ន័យ​ការពារ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង។ លោក​ថា រដ្ឋាភិបាល​មិន​មាន​យុទ្ធនាការ​ចាប់​ខ្លួន​អ្នក​បញ្ចេញ​មតិ​រឿង​ជំងឺ​កូវីដ-១៩ នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​លើ​អ្នក ដែល​មាន​ចេតនា​ទុច្ចរិត​បង្ក​ចលាចល​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ។ 

ទោះ​ជា​យ៉ាង​ណា អង្គការ Human Rights Watch ពន្យល់​ថា ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ រួម​ទាំង​សិទ្ធិ​ស្វែងរក ទទួល​បាន និង​ចែក​រំលែក​ព័ត៌មាន​គ្រប់​ប្រភេទ។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ចាំបាច់​សម្រាប់​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​ទាំង​ឡាយ រួម​ទាំង​សិទ្ធិ​សុខភាព​ផង​ដែរ។ អង្គការ Human Rights Watch ថា ការ​ឆ្លើយ​តប​បែប​គោរព​សិទ្ធិ​មនុស្ស​ចំពោះ​រឿង​ជំងឺ​កូវីដ-១៩ នេះ គឺ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ធានា​ថា ព័ត៌មាន​ពិត និង​ទាន់​សភាព​ការណ៍​អំពី​មេរោគ ការ​ទទួល​បាន​សេវា​សុខាភិបាល ការ​បង្ហាញ​អំពី​ការ​ខក​ខាន​មិន​ទទួល​បាន​សេវា ព្រម​ទាំង​ទិដ្ឋភាព​ដទៃ​ទៀត​នៃ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​រាតត្បាត​នេះ មាន​រួច​ជា​ស្រេច ហើយ​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​បាន​ព័ត៌មាន​ទាំង​នេះ។ 

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រង​នូវ​ការ​រិះគន់​ច្រើន​ពី​សាធារណជន​ជុំវិញ​ការ​លាក់​បាំង​ព័ត៌មាន​អំពី​ករណី​មន្ត្រី​ក្រសួង​ការ​បរទេស​ឆ្លង​ជំងឺ​កូវីដ-១៩។ អាជ្ញាធរ​ទើប​តែ​បាន​ទម្លាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ​ថ្មីៗ នេះ​ទេ ក្រោយ​ពេល​ខ្សែ​អាត់​សំឡេង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ និង​ត្រូវ​ជា​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត បាន​បែក​ធ្លាយ​ជា​សាធារណៈ ដែល​នៅ​ក្នុង​នោះ​មាន​ការ​បញ្ជាក់​ច្បាស់ៗ ថា អគ្គនាយក​មួយ​រូប​នៃ​ក្រសួង​ការ​បរទេស​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ថា ក្រសួង​សុខាភិបាល​មិន​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​ឡើយ ចំពោះ​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​ផ្សាយ​លទ្ធផល​តេស្ត​រក​ជំងឺ​កូវីដ-១៩ តែ​នៅ​ពេល​យប់ ធ្វើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ពិបាក​សួរ​ដេញដោល​អំពី​ករណី​ឆ្លង​ថ្មីៗ ទាំង​នេះ។ 

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​តែ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​ស្ថាប័ន​រដ្ឋ​ផ្សាយ​ព័ត៌មាន​ពិត​ឱ្យ​បាន​ច្រើន ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ។ លោក​ជឿ​ថា ពលរដ្ឋ​ខ្មែរ​មួយ​អាច​មាន​ការ​យល់​ដឹង​តិចតួច​នៅ​ឡើយ​អំពី​ជំងឺ​កូវីដ-១៩ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​ភិតភ័យ ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្លះ​ដែល​ខុស​ពី​ការ​ពិត។ លោក​ថា ក្នុង​បរិបទ​បែប​នេះ អាជ្ញាធរ​មិន​គួរ​យក​ច្បាប់​មក​ប្រើ​នោះ​ទេ ប៉ុន្តែ​គួរ​អនុវត្ត​វិធានការ​អប់រំ​ណែនាំ​ឱ្យ​បាន​ច្រើន ជា​ពិសេស គឺ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​គ្រប់​ជ្រុងជ្រោយ និង​ទាន់​សភាពការណ៍​អំពី​ជំងឺ​កូវីដ-១៩៖ «ពួក​គាត់​តែងតែ​មាន​ការ​ព្រួយ​បារម្ភ ភិតភ័យ ហើយ​ដោយ​ខ្លះ​មិន​បាន​យល់​ដឹង គាត់​ចេះ​តែ​ឮ​តាម​គេ ឬ​ក៏​គាត់​ចេះ​តែ​ចែក​រំលែក ឬ​ក៏​គាត់​ចេះ​តែ​បង្ហោះ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ទៅ​នាំ​ឱ្យ​មាន​បញ្ហា​អ៊ីចឹង។ អ៊ីចឹង​ខ្ញុំ​គិត​ថា វិធានការ​តឹងរ៉ឹង​ទាក់ទង​រឿង​ផ្លូវ​ច្បាប់ វា​មិន​សម​ហេតុផល។ វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​រិះគន់ ទាក់ទង​នឹង​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​ដើម។ អ្វី​ដែល​សំខាន់​ពេល​នេះ គឺ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់»។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) រក​ឃើញ​ថា គិត​ត្រឹម​ចុង​ខែ​មករា រហូត​មក​ដល់​ថ្ងៃ​ទី២៤ មីនា អាជ្ញាធរបានឃាត់ខ្លួនពលរដ្ឋចំនួន ១៩នាក់ហើយ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​កូវីដ-១៩ នេះ។ ក្នុង​នោះ មាន ៥នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ម្នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​ស្វាយរៀង ដោយ​មាន​ការ​យាមកាម​ពី​ប៉ូលិស ចំណែក ១៣នាក់​ផ្សេង​ទៀត សមត្ថកិច្ច​បាន​ដោះ​លែង​វិញ ក្រោយ​ធ្វើ​កិច្ច​សន្យា​រួចរាល់។ អង្គការ​លីកាដូ​ពិនិត្យ​ឃើញ​ថា ពលរដ្ឋ​ដែល​ជាប់​ឃុំ​ទាំង​នោះ ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួក​គេ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ និង​ចលាចល​ក្នុង​សង្គម។ 

អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មានប្រសាសន៍ថា វា​ពិត​ជា​គួរ​ឱ្យ​រន្ធត់​មែនទែន ដែល​អំឡុង​ពេល​ជាតិ​មាន​វិបត្តិ​បែប​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បែរ​ជា​ផ្ដោត​ខ្លាំង​លើ​រឿង​បំបិទ​សំឡេង​រិះគន់​លើ​ប្រព័ន្ធ​អ៊ិនធើណិត ជា​ជាង​បង្កើត​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​កូវីដ-១៩។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ដែល​គិត​ពី​រឿង​សិទ្ធិមនុស្ស ឱ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​អនុវត្ត​វិធីសាស្ត្រ​បែប​គោរព​សិទ្ធិមនុស្ស ក្នុង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ ដោយ​ចាប់​ផ្ដើម​ពី​ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles