កម្មករ​ជាង​២០០​នាក់​នៅ​កំពង់​ស្ពឺ ផ្ទុះ​ការ​តវ៉ា​ចោទ​ថៅ​កែ​ព្យួរ​ការងារ​ដោយ​មិន​ទូ​ទាត់​សំណង​

ការងារ | កូរ៉ូណាវីរុស | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៦ មីនា ២០២០ | ម៉ោង ៤:១៤ ល្ងាច
VOD

កម្មកររោងចក្រតវ៉ា

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រមួយក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ា ដោយចោទថៅកែថា ព្យួរការងារពួកគេដោយមិនបានដោះស្រាយសំណងត្រឹមត្រូវ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យដោយកម្មកររោងចក្រ)


កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រមួយក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ានៅថ្ងៃនេះដោយចោទថៅកែថា ព្យួរការងារពួកគេដោយមិនបានដោះស្រាយសំណងត្រឹមត្រូវ។

កម្មការិនីផ្នែកតុកាត់ អ្នកស្រី យូរ រ៉ាវី ប្រាប់វីអូឌីថា កម្មករជាង២០០នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើង ចាកា ស៊ូ (Jacka Shoes Manufactory Co.,Ltd) ស្ថិតក្នុងភូមិពង្រធំ ឃុំកាហែង បាននាំគ្នាតវ៉ាទាមទារសំណងទៅតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ដែលថា ពេលព្យួរការងារ កម្មករត្រូវទទួលបានប្រាក់សំណង៦០ភាគរយ និងទាមទារទៅថៅកែត្រូវជូនដំណឹងជាក់លាក់អំពីរយៈពេលនៃការព្យួរការងារនោះ។

កម្មការិនីរូបនេះឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ថៅកែបានជូនដំណឹងអំពីការព្យួរការងារកម្មករ ដោយតម្រូវឱ្យកម្មករដែលត្រូវព្យួរទាំងនោះឈប់សម្រាកនៅផ្ទះចាប់ពីថ្ងៃទី២៦នេះតទៅ។ អ្នកស្រី យូរ រ៉ាវី អះអាងថា ករណីថៅកែព្យួរការងារនេះ គឺកម្មករមិនបានសំណងអ្វីនោះទេ ហើយថា ការព្យួរការងារនេះទៀត ថៅកែក៏មិនបានកំណត់ពេលចូលធ្វើការងារវិញនោះដែរ។

លោកបន្ថែមថា៖ «សូមសម្តេចជួយឱ្យពួកខ្ញុំទទួលលុយ៦០ភាគរយនោះផង។ ហើយប្រាប់ឱ្យច្បាស់ថា ការព្យួរការងារពួកខ្ញុំហ្នឹងរយៈពេលប៉ុន្មានខែ។ ព្រោះនេះអត់ការកំណត់ទេ។ ចុះបើព្យួររហូតដល់១ឆ្នាំ ទៅ២ឆ្នាំ តើពួកខ្ញុំបានលុយអីដោះស្រាយជីវភាព។ អីចឹង ពួកខ្ញុំមានតែពឹងសម្តេចហើយ ជួយឱ្យពួកខ្ញុំបាន៦០ភាគរយដូចគ្នាផង។ ព្រោះរោងចក្រខ្ញុំនេះ ព្យួរការងារអត់បានអីសោះហ្មង»។

កម្មការិនីម្នាក់ទៀត កញ្ញា កែវ ធារ៉ា ដែលអះអាងថា បម្រើការងារនៅរោងចក្រ ចាកា ស៊ូ រយៈពេល៥ឆ្នាំបានលើកឡើងថា ករណីថៅកែព្យួរការងារកម្មករនេះ កញ្ញានឹងប្រឈមជួបបញ្ហាច្រើន ដូចជា ខ្វះខាតលើការចំណាយប្រចាំថ្ងៃ​ក្នុងគ្រួសារ និងគ្មានប្រាក់បង់សងធនាគារជាដើម។

កញ្ញាបន្ថែមថា៖ «ខ្ញុំបារម្ភណាស់ ខ្លាចអត់មានលុយសម្រាប់ការចំណាយ។ ព្រោះវាកំពុងកើតជំងឺ ហើយគេមកព្យួរការងារដោយអត់មានអីមួយរៀលទៀត។ ហើយខ្ញុំជំពាក់គេក៏ច្រើន ជំពាក់ខាងធនាគារថែមទៀត»

វីអូឌីមិនអាចសុំការឆ្លើយតបពីភាគីរោងចក្រដើម្បីបញ្ជាក់ពីបញ្ហានេះទេ។

ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន មានប្រសាសន៍ថា លោកកំពុងធ្វើការសម្របសម្រួលដោះស្រាយវិវាទនេះ ដោយលោកមិនទាន់អាចបញ្ជាក់ពីលទ្ធផលថាយ៉ាងណានៅឡើយទេ។

លោកបន្ថែមថា៖ «យើងកំពុងពិភាក្សាដោះស្រាយរឿងនេះ ប៉ុន្តែ លទ្ធផលយ៉ាងណា ខ្ញុំអត់ទាន់អាចឆ្លើយបានទេឥលូវនេះ»

ប្រធានសហព័ន្ធសហជីពសេរីឯករាជ លោក សយ ចន្ធូ ដែលចុះឃ្លាំមើលរឿងវិវាទនេះ មានប្រសាសន៍ថា ករណីថៅកែរោងចក្រ ចាកា ស៊ូ ព្យួរការងារកម្មករដោយមិនបានដោះស្រាយសំណងនេះ គឺជាទង្វើមិនត្រឹមត្រូវ និងខុសច្បាប់។

ប្រធានសហព័ន្ធសហជីពរូបនេះ ស្នើទៅមន្ទីរការងារខេត្តកំពង់ស្ពឺ ចុះដោះស្រាយករណីនេះជាបន្ទាន់ ដោយចាត់វិធានការទៅលើថៅកែឱ្យដោះស្រាយសំណងជូនកម្មករតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល និងត្រូវដោះស្រាយសំណងផ្សេងៗដែលថៅកែនៅជំពាក់កម្មករ ជាពិសេសផលប្រយោជន៍របស់កម្មការិនីស្រ្តីមានផ្ទៃពោះ។

លោកបន្ថែមថា៖ «ក្រសួងគាត់បានប្រកាសហើយថា ប្រសិនជាឱ្យកម្មករឈប់សម្រាក ឬក៏ផ្អាកមួយរយៈដោយសារខ្វះវត្ថុធាតុដើមនោះ គឺត្រូវឱ្យកម្មករស៊ី៦០ភាគរយ ប៉ុន្តែ រោងចក្រនេះ មិនអនុវត្តតាមនោះទេ។ យើងឃើញស្ត្រីពោះធំមួយចំនួន ពេលដែលគាត់សម្រាលកូនហើយ ប្រាក់ឧត្ថម្ភ ៧០ភាគរយនោះក៏មិនបានបើកឱ្យគាត់ដែរ។ អីចឹង អយុត្តិធម៌ណាស់សម្រាប់បងប្អូនកម្មករ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធាការចំពោះរោងចក្រនេះ»

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោកនាករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នៅពេលដែលរោងចក្រព្យួរការងារ ​កម្មករដែលត្រូវបានព្យួរការងារនឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយ នៃប្រាក់ខែគោលរបស់ពួកគេ​ ក្នុង​នោះថៅកែរោងចក្រត្រូវទទួល​បន្ទុក​បើក​ឱ្យកម្មករ ៤០ភាគរយ និងរាជរដ្ឋាភិបាលចូល​រួម​ចំណែក ២០ភាគរយ។

លោក ហ៊ុន សែន ក៏ប្រកាសមិនឱ្យថៅកែរោងចក្របញ្ចប់កិច្ចសន្យាការងារកម្មករ ខណៈដែលរោងចក្រកំពុងខ្វះវត្ថុធាតុដើម សម្រាប់ដំណើរការផលិត ដោយសារបញ្ហាជំងឺ Covid-19 ឬ ជំងឺកូរ៉ូណា នោះដែរ។

លោកបន្ថែមថា៖ «ដោយសារប៉ុន្មានថ្ងៃនេះ មានរោងចក្រកន្លែងនេះកន្លែងនោះព្យួរការងារកម្មករ។ ខ្ញុំសូមអំពាវនាវ ទី១ សូមកុំឱ្យរោងចក្រនានា ឆ្លៀតពេលដែលកំពុងព្យួរការងារ លុបចោលនូវកិច្ចសន្យាការងារជាមួយកម្មករ។ នេះជាចំណុចដែលដាច់ខាតមិនត្រូវធ្វើរឿងនេះក្នុងពេលវេលាដែលកម្មករជួបការលំបាក»

បើតាមកម្មករ រោងចក្រ ចាកា ស៊ូ (Jacka Shoes Manufactory Co.,Ltd) ជារោងចក្រផលិតស្បែកជើង មានថៅកែជាជនជាតិចិន និងមានកម្មករប្រហែលជាង១២០០នាក់កំពុងបំពេញការងារ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment