កម្មករ​រោងចក្រ​មួយ​កន្លែង​នៅ​កំពង់ស្ពឺ​ទាមទារ​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​បន្ទាប់​ពី​ថៅកែ​ព្យួរ​ការងារ

ដោយ អាស៊ីសេរី
2020-03-26
អាស៊ីសេរី

កម្មករ​រោងចក្រ​ដេរ​ស្បែកជើង កាចា ស៊ូ JACKA SHOUS នៅ​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​១០០​នាក់​ទាមទារ​ប្រាក់​ឈ្នួល​ ៦០​ភាគរយ​និង​ប្រាក់​អត្ថប្រយោជន៍​ពី​ថៅកែ​ខណៈ​រោងចក្រ​ព្យួរ​ការងារ​ពួកគេ​ករណី​ជំងឺ​កូវីដ-១៩​។ ការ​ទាមទារ​នេះ ស្រប​ពេល​ថៅកែ​រោងចក្រ កាចាស៊ូ បាន​ឱ្យ​កម្មករ​ឈប់​សម្រាក​មួយ​រយៈ ប៉ុន្តែ​មិន​បាន​ផ្តល់​ប្រាក់​ឈ្នួល ឬ​ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ​នោះ​ទេ។

តំណាង​កម្មករ​និង​សហជីព​ឱ្យ​ដឹង​ថា ថៅកែ​រោងចក្រ​ដេរ​ស្បែកជើង កាចា​ស៊ូ បាន​ព្យួរ​ការងារ​កម្មករ​ជិត​៣០០​នាក់ ដោយ​មិន​បាន​ផ្ដល់​ប្រាក់​ឈ្នួល ៦០​ភាគរយ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ទើប​ពួកគេ​ធ្វើ​ការ​ទាមទារ។

កម្មករ​ម្នាក់​កញ្ញា មួន ស្រី​ឡុង ដែល​បាន​ធ្វើ​ការងារ​នៅ​រោងចក្រ​នេះ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​នោះ​ឱ្យ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​បញ្ឈប់​កម្មករ ហើយ​ចំពោះ​កម្មករ​រូប​ណា​ដែល​ចប់​កុងត្រា​ការងារ​ថៅកែ​ផ្ដល់​ប្រាក់​ឈ្នួល​ខែ​ចុងក្រោយ លុយ​បំណាច់​ឆ្នាំ និង​ប្រាក់​អត្ថប្រយោជន៍​ប្រាំ​ភាគរយ​នៃ​ប្រាក់ខែ​។ កញ្ញា​បន្ត​ថា ចំពោះ​កម្មករ​ណា​ដែល​មិន​ដល់​កុងត្រា​គឺ​ថៅកែ​រោងចក្រ​សម្រេច​ព្រួ​រ​ការងារ​ពួកគេ​ដោយ​មិន​ផ្តល់​ប្រាក់​ឈ្នួល​ឬ​ប្រាក់​អត្ថប្រយោជន៍​អ្វី​ទាំងអស់៖ «ខ្ញុំ​ធ្វើការ​នៅ​ហ្នឹង​បួន​ឆ្នាំ​ហើយ​តែ​ដល់ពេល​សុខៗ​ខ្ញុំ​ត​កុងត្រា​រួច​ហើយ​ហេតុ​អី​មក​បញ្ឈប់​ខ្ញុំ​ទៀត មិនមែន​ថា បញ្ឈប់​ទេ​គឺ​ព្យួរ​ការងារ​ខ្ញុំ​អត់​បើក​លុយ​អត់​បើក​ប្រាក់ខែ​ឱ្យ​ខ្ញុំ​ទេ»។

កម្មករ​ម្នាក់ទៀត កញ្ញា ដុំ ស្រីមុំ ឱ្យ​ដឹង​ថា ក្នុង​ពេល​ទាមទារ​តំណាង​មន្ទីរ​ក្រសួង​ការងារ​ខេត្ត​កំពង់ស្ពឺ​ចូល​មក​សម្របសម្រួល​ដោយ​និយាយ​ប្រាប់​កម្មករ​ថា ក្រុមហ៊ុន​មាន​សិទ្ធិ​បញ្ឈប់​កម្មករ​នៅ​ពេល​ចប់​កុងត្រា ប៉ុន្តែ​កញ្ញា​ប្រាប់​ថា ឆន្ទៈ​របស់​កម្មករ​មិន​ចង់​ឱ្យ​មានការ​បញ្ឈប់​ការងារ​នោះ​ទេ​។ កញ្ញា​បន្ត​ថា កម្មករ​នៅតែ​ទាមទារ​ទៀត​រហូត​ទទួល​បាន​ដំណោះស្រាយ៖ «បើ​ចង់​ព្យួរ​ការងារ​សុំ​ប្រាក់ខែ​៦០​ភាគរយ​ក្នុង​មួយ​ខែ​ម្នាក់»។

អាស៊ីសេរី​មិន​ទាន់​មាន​ប្រភព​ដើម្បី​សុំ​ការ​បញ្ជាក់​មន្ទីរ​ក្រសួង​ការងារ​ខេត្ត​កំពង់ស្ពឺ ដែល​សម្របសម្រួល​ករណី​តវ៉ា​របស់​កម្មករ​នេះ​បាន​នៅឡើយ​ទេ​។ រីឯ​ភាគី​ថៅកែ​រោងចក្រ​ក៏​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ លោក សយ ចាន់ធូ ដែល​បាន​ឃ្លាំមើល​ទាមទារ​នេះ យល់​ថា ប្រសិន​ភាគី​ពាក់ព័ន្ធ​មិន​បាន​សម្របសម្រួល​រឿង​ឱ្យ​ទាន់​ពេល​ទេ នឹង​ធ្វើ​ឱ្យ​ការ​ទាមទារ​នេះ​កាន់តែ​រីក​ធំ និង​អូស​បន្លាយពេល​យូរ​តទៅ​ទៀត​។ មន្ត្រី​សហជីព​រូ​នេះ ជំរុញ​ទៅ​ភាគី​ថោ​កែ​រោងចក្រ​ផ្តល់​ប្រាក់​ឈ្នួល​ទៅ​កម្មករ​ឱ្យ​ស្របតាម​ច្បាប់​ការងារ និង​អនុសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​លើកឡើង​ថា នៅ​ពេល​ដែល​រោងចក្រ​ព្យួរ​ការងារ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​៦០​ភាគរយ​នៃ​ប្រាក់ខែ​គោល​របស់​កម្មករ៖ «ជំរុញ​មិន​ឱ្យ​រោងចក្រ​គាត់​យក​លេស​បញ្ឈប់​ផ្ដេសផ្ដាស​ទៀត​ទេ យើង​ជំរុញ​ឱ្យ​ថៅកែ​គាត់​ធ្វើ»។

ខណៈ​រោងចក្រ​មួយ​ចំនួន​បាន​បិទ​ទ្វារ​ដោយ​កង្វះ​ធនធាន​ដើម បញ្ហា​ទីផ្សារ និង​ករណី​ផ្ទុះ​ជំងឺ​កូវីដ​-១៩ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ថា នៅ​ពេល​ដែល​រោងចក្រ​ព្យួរ​ការងារ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល ៦០​ភាគរយ​នៃ​ប្រាក់ខែ​គោល​របស់​ពួកគេ ក្នុង​នោះ ថៅកែ​រោងចក្រ​ត្រូវ​ទទួលបន្ទុក​បើក​ឱ្យ​កម្មករ​៤០​ភាគរយ និង​រាជរដ្ឋាភិបាល​ចូលរួម​ចំណែក​២០​ភាគរយ​។ ប៉ុន្តែ​លោក​ថា កម្មករ​អាច​ទទួល លុយ​២០​ភាគរយ​នេះ​លុះត្រាតែ​ពួកគេ​បាន​ចុះឈ្មោះ​និង​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ។

អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ប៉ុន្តែ​លោក​ថា កំពុង​ជាប់​ប្រជុំ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​អាត់ ធន់ ឱ្យ​ដឹង​ថា ពេលនេះ​រោងចក្រ​បាន​ស្នើ​សុំ​ព្យួរ​ចំនួន​៣៤​ក្រុមហ៊ុន ប៉ុន្តែ​ក្រោយ​កម្ពុជា​ទទួល​បាន​វត្ថុ​ធាតុ​ដើម​ពី​ចិន មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ដំណើរ​ឡើង​វិញ។ លោក​ឱ្យ​ដឹង​ដែរ​ថា កន្លងមក​កម្មករ​រោងចក្រ​ត្រូវ​ថៅកែ​បិទ​រោងចក្រ​ពួកគេ​ទទួល​បាន​ប្រាក់​ឈ្មួលពី​៤០ ទៅ​៥០​ភាគរយ​នៃ​ប្រាក់ខែ​ពី​ថៅកែ ប៉ុន្តែ​ប្រាក់​២០​ភាគរយ​ពី​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​ទទួល​បានទេ​។ លោក​ថា បញ្ហា​ក្រសួង​លើកឡើង​ដោយសារ​ក្រសួង​ពិបាក​ទាក់ទង​ទៅ​កម្មករ​។ ប្រធាន​សហជីព​រូប​នេះ​យល់​ថា ករណី​ថៅកែ​រោងចក្រ​ដេរ​ស្បែកជើង កាចា ស៊ូ JACKA SHOUS មិន​បើក​ប្រាក់​ឈ្មួល​ពី​៤០ ទៅ​៥០ ជា​កំហុស​របស់​ថៅកែ​រោងចក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment