លោក ហ៊ុន ​សែន​ អង្វរ​និស្សិត​ឱ្យ​បន្ត​នៅ​អាមេរិក​ជៀសវាង​នាំ​វីរុស​កូរ៉ូណា​មក​ស្រុក

សុខភាព
26 មិនា 2020
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

វ៉ាស៊ីនតោន — លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ស្នើ​ឱ្យ​សិស្ស​និង​និស្សិត​កម្ពុជា​ដែល​កំពុងតែ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​កុំ​អាល​វិល​ត្រឡប់​មក​ប្រទេស​វិញ​ក្នុង​គ្រា​ដែល​មាន​ការឆ្លង​រាល​ដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩។

ការអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​មាន​សិស្ស​និង​និស្សិត​កម្ពុជា​មួយ​ចំនួន​កំពុង​ស្វះស្វែង​រក​វិធី​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​ក្នុងពេល​ដែល​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​កើន​ឡើង​យ៉ាង​ច្រើន​នៅ​សហរដ្ឋអាមេរិក។

នៅ​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃពុធ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ថា៖

«…ខ្ញុំ​ទទួល​បាន​ព័ត៌មាន​មួយ​ថា ​និស្សិត​ខ្មែរ​១២​នាក់​នឹង​វិល​មក​ពី​សហរដ្ឋ​អាមេរិក​ដែល​កំពុងតែ​សម្រប​សម្រួល​ដោយ​ស្ថានទូត។​ ទៅ​សួរ​រឿង​ហ្នឹង​ឡើង​វិញ​ទៅប្រាក់​សុខុន​ (រដ្ឋមន្ត្រី​ក្រសួង​ការបរទេស)​ ថា​វា​យ៉ាងម៉េច? ហេតុអី​បាន​ជា​ត្រូវ​មក​នៅ​ពេល​ហ្នឹង?​ តើ​អាមេរិក​បណ្តេញ​ចេញ​ឬ​យ៉ាងម៉េច​ឬ​យើង​មក​ខ្លួន​ឯង? ឥឡូវ​សុំ​អង្វរ​ក​កុំ​មក។ សូម​នៅទីនោះ​តែម្តង​ទៅ​ហើយ​អាច​ស្នាក់​នៅ​ស្ថានទូត»។

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​អំពាវនាវ​កាលពី​ថ្ងៃអាទិត្យ​ដល់​និស្សិត​ខ្មែរ​ដែល​កំពុងតែ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ឱ្យ​មក​ទាក់ទង​ដើម្បី​ជួយ​សម្រួល​បើ​សិន​ជា​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការរៀបចំ​ដំណើរ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

ស្ថានទូត​បាន​បន្ថែម​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ថា​ចំណាត់ការ​នេះ​គឺ​ដើម្បី​គិតគូរ​ដល់​សុវត្ថិភាព​ជាចម្បង​របស់​និស្សិត​ទាំងនោះ​ដោយសារតែ ​«កន្លងមក​ទាំង​សាលា​ក៏​ដូចជា​Sponsor​ មួយ​ចំនួន​បាន​សម្រេច​បញ្ចប់​វគ្គ/កម្មវិធី​សិក្សា​ និង​តម្រូវ​ឱ្យ​សិស្ស-និស្សិត​បរទេស​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ឱ្យ​បាន​ឆាប់​បំផុត​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវីដ​១៩ ​ដល់​សិស្ស-និស្សិត​ទាំងនោះ​ ក៏​ដូចជា​ដើម្បី​ជៀសវាង​ករណី​ការឃុំ​ខ្លួន​នៅ​មួយ​កន្លែង​ ការរិតត្បិត​សេរីភាព​ដើរហើរ ​ឬ​ការបិទជើង​យន្តហោះ​ជាដើម»។

រហូតមក​ដល់​ល្ងាច​ថ្ងៃច័ន្ទ​គឺ​មាន​សិស្ស​និង​និស្សិត​ចំនួន​១២​នាក់​ដែល​មាន​ស្រី​៦នាក់​និង​ប្រុស​៦នាក់​បាន​ទាក់ទង​ស្ថានទូត​ដើម្បី​ជួយ​សម្រួល​ដំណើរ​វិល​ត្រឡប់។ ពួកគេ​នឹង​ចាកចេញ​ពី​សហរដ្ឋ​អាមេរិក​ហើយ​វិល​ទៅ​កម្ពុជា​វិញ​តាម​ជើង​យន្តហោះ​ផ្សេងៗ​គ្នា​ គឺ​ចាប់ពី​ថ្ងៃទី២៥ ​ខែមីនា​ ដល់​ថ្ងៃទី២​ខែមេសា។ នេះ​បើ​តាម​ការបញ្ជាក់​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត។

សិស្ស​និង​និស្សិត​ទាំងនោះ​កំពុង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ជាច្រើន​របស់​សហរដ្ឋ​អាមេរិក​ដូច​ជា​នៅ​រដ្ឋអ៊ីលីណយ រដ្ឋថិនណេស៊ី និងរដ្ឋផិនស៊ីលវេនៀ​ជាដើម។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ យល់​ថា ​ការវិល​ត្រឡប់​របស់​ពួកគេ​គឺ​នឹង​នាំ​គ្រោះថ្នាក់​ចំពោះ​ក្រុមគ្រួសារ​និង​ប្រទេស​កម្ពុជា​។

«យើង​អង្វរ​ក្មួយៗ​ទាំងនោះ​ឱ្យ​ផ្អាក​ការវិល​ត្រឡប់​ ហើយ​បន្ត​ការរៀន​តាម​អនឡាញ​ទៅ​ព្រោះ​ថា​បើ​មក​តើ​មក​តាម​ច្រក​ណា?​ មកសុទ្ធតែ​តាម​ដែនដី​ដែល​មាន​ហានិភ័យ​ខ្ពស់។ មិន​នាំ​ជំងឺ​ចូល​ស្រុក​ទេ? អីចឹង​បាន​សេចក្តី​ថា​មុន​នេះ​ខ្ញុំ​ក៏​មិន​ជម្លៀស​និស្សិត​ចេញ​ពី​ចិន។ ឥឡូវ​ក៏​មិន​ជម្លៀស​និស្សិត​ចេញពី​ប្រទេស​ទាំងអស់»។​

លោក ជុំ សុន្ទរី ​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ ដំណឹង​ដែល​លោក​ទទួល​បាន​គឺ​និស្សិត​ទាំង​នោះ​មិន​បាន​ចាកចេញ​ពី​សហរដ្ឋអាមេរិក​ទេ ដោយសារ​តែ​ជើង​យន្ដ​ហោះ​ត្រូវ​បាន​លុបចោល។

ស្ថានទូត​ក៏​បាន​អំពាវនាវ​ដល់​សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការស្នាក់នៅ​ឬ​មិនអាច​ធ្វើ​ដំណើរ​បាន​ដោយសារតែ​ហេតុផល​ផ្សេងៗ​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន​ ការពារ​ខ្លួន​និង​ជៀសវាង​ការជួបជុំ​គ្នា​និង​ការចេញ​ទៅ​ក្រៅ​ហើយ​ឱ្យ​គោរព​តាម​បទបញ្ជា​និង​គោលការណ៍​ណែនាំ​តាម​រដ្ឋ​នីមួយៗ​ដែល​ពួកគេ​ស្នាក់​នៅ។

ពលរដ្ឋ​អាមេរិកាំង​ជាង​៥០​ភាគរយ​ដែល​រស់នៅ​តាម​រដ្ឋ​ធំៗ​យ៉ាងហោចណាស់​ចំនួន​១៣​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា។ ក្នុង​ចំណោម​នោះ​មាន​រដ្ឋញូវយ៉ក​ កាលីហ្វញ៉ា ​អូហៃយោ​ និង​ញ៉ីវជឺស៊ី។

សហរដ្ឋ​អាមេរិក​មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​សរុប​ចំនួន​ជាង​៦០.០០០​នាក់​នៅ​គ្រប់​រដ្ឋ​ទាំងអស់​បើ​គិត​ត្រឹម​ថ្ងៃពុធ​និង​មាន​អ្នកស្លាប់​ជាង​៨០០​នាក់។ ក្នុង​ខណៈពេល​ដែល​នៅ​ទូទាំង​ពិភពលោក​មាន​អ្នកឆ្លង​ជាង​៤៥០.០០០​នាក់​និង​ស្លាប់​ជាង​២០.០០០​នាក់​ដែល​ភាគ​ច្រើន​នៅ​ប្រទេស​អ៊ីតាលី ​ចិន​ និង​អេស្ប៉ាញ។ នេះ​បើ​តាម​តួលេខ​ដែល​ប្រមូល​ដោយ​សាកល​វិទ្យាល័យ​សុខាភិបាល​Johns Hopkins។

រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​ពលរដ្ឋ​ដែល​មកពី​ប្រទេស​មួយ​ចំនួន​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ បារំាង​ អ៊ីតាលី ​អាល្លឺម៉ង់​ អេស្ប៉ាញ​និង​អ៊ីរ៉ង់​ជាដើម​ប៉ុន្តែ​មិន​បាន​ហាមឃាត់​អ្នក​មកពី​ប្រទេស​ចិន​ដែល​ជា​ប្រភពដើម​នៃ​មេរោគ​នេះ​ទេ​ ហើយ​បាន​ស្នើ​ឱ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​មកពី​ក្រៅ​ប្រទេស​ត្រូវ​នៅ​ដោយ​ឡែក​ពី​គេ​ចំនួន​ពីរសប្តាហ៍។

ប្រទេស​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៩៦​នាក់​ដែល​រួម​មាន​ទេសចរ​ជនជាតិ​បារាំង​និង​អង់គ្លេស​ផង​ដែរ៕

What Next?

Recent Articles

Leave a Reply

Submit Comment