សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​គ្រោង​ជម្រះ​បណ្ដឹង​ស្នើសុំ​គ្រឿង​សម្គាល់​ខ្លួន​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​នៅ​សប្ដាហ៍​​ក្រោយ

ដោយ អាស៊ីសេរី
2020-03-26
អាស៊ីសេរី

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​មុខ​សាលា ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​មុខ​សាលា ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

 រូប៖ RFA


សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​បណ្ដឹង​​ស្នើសុំ​វត្ថុ​ចាប់​យក​​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នៅ​រសៀល​​ថ្ងៃ​ទី៣១ មីនា​សប្ដាហ៍​ក្រោយ​នេះ។ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​រឿង​នេះ មាន​៣ រូប គឺ​លោក សួស សំអាត ជា​ប្រធាន​ក្រុមប្រឹក្សា ហើយ​លោក យូ ប៊ុនណា និង​លោក លាង សំណាត់ ជា​ចៅក្រម​ប្រឹក្សា អម​ដោយ​ក្រឡាបញ្ជី​លោក កែវ វណ្ណៈ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប គឺ​លោក សំ ចំរើន ឱ្យ​ដឹង​ថា នេះ​សវនាការ​នៅ​ចំពោះ​មុខ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ទាក់ទង​នឹង​បណ្ដឹង​ស្នើសុំ​វត្ថុ​ចាប់​យក​ ដូច​ជា អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លងដែន ដែល​កន្លងមក​ ខាង​តុលាការ​ក្រុង​ភ្នំពេញ​បាន​រក្សា​ទុក​ មិន​ព្រម​ផ្ដល់​ឱ្យ​កូន​ក្តី​របស់​លោក​។ លោក​បញ្ជាក់​ថា លោក និង​កូន​ក្ដី​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ក្នុង​ការ​ចូល​រួម​តតាំង​ក្តី​នេះ​នៅ​សាលាឧទ្ធរណ៍​​តាម​កាល​កំណត់។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ “ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​​ជាអាទិ៍​​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បទ “ផលិត​​វីដេអូ​អាសអាភាស”។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ជាង៩ ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ប៉ុន្តែ​មក​ដល់​ពេល​នេះ ពួក​លោក​គ្មាន​សេរីភាព​ដើរ​ហើរ​ពេញលេញ​ឡើយ ដោយ​សារ​តុលាការ​ក្រុង​ភ្នំពេញ​មិន​ព្រម​ផ្ដល់​អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន​ដល់​ពួក​លោក​វិញ។

ចៅក្រម​ស៊ើបសួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ ពេជ្រ វិជ្ជាធរ បាន​លើក​ហេតុ​ផល​ថា វត្ថុ​ចាប់​យក​ទាំង​នេះ​នៅ​មាន​ភាព​ចាំបាច់ក្នុង​ដំណាក់​កាល​ស៊ើបសួរ ហើយ​តំណាង​អយ្យការ​ក៏​យល់​ស្រប​បែបនេះ​ដែរ។

ទោះ​ជា​យ៉ាង​ណា មេធាវី និង​មន្ត្រី​សិទ្ធិ​មនុស្ស​ អះអាង​ថា ទាំង​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ គ្រាន់​តែ​ជា​គ្រឿង​សម្គាល់​ខ្លួន​ប៉ុណ្ណោះ មិន​មែន​ជា​ភស្តុតាង ឬ​វត្ថុ​តាង​ដែល​នាំ​ទៅ​រក​ការពិត​នោះ​ទេ។ ម្យ៉ាងទៀត អ្នក​ទាំង​ពីរ​លែង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ជា​យូរ​មក​ហើយ ដូច្នេះ​ចៅក្រម​ស៊ើបសួរ​ត្រូវ​តែ​ប្រគល់​គ្រឿង​សម្គាល់​ខ្លួន​ទាំងនេះ​ជូន​ពួក​គេ​វិញ ដើម្បី​ឱ្យ​​អ្នក​ទាំងពីរ​អាច​ដើរហើរ​បាន​ដោយ​​សេរី និង​ស្វែង​រក​ការងារ​ធ្វើ​ទៅ​តាម​បំណង​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment