​ទេសចរ​​បរទេស​​មិន​​អាច​​ចេញ​​ពី​​កម្ពុជា​ ព្រោះ​​​គ្មាន​ការ​​បញ្ជាក់​​សុខភាព​​ពី​​វិទ្យាស្ថាន​​ប៉ាស្ទ័រ​​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២៦ មីនា ២០២០ | ម៉ោង ៤:២៩ ល្ងាច
VOD

ព្រលានយន្តហោះ

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា អះអាងថា ភ្ញៀវទេសចរបរទេសមួយចំនួន​កំពុងជួបការលំបាកដោយមិនអាចចាកចេញពីប្រទេសកម្ពុជាទៅប្រទេសកំណើតវិញបាន ដោយសារគ្មានការបញ្ជាក់សុខភាពពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ។

ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ទាមទារឱ្យភ្ញៀវទេសចរដែលចង់ត្រឡប់ទៅប្រទេសខ្លួនវិញ ត្រូវតែធ្វើតេស្តសុខភាពនៅមន្ទីរវិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាមុនសិន ដើម្បីបញ្ជាក់ថា ពួកគេមិនមានផ្ទុកកូវីដ-១៩។  

លោកស្រីបន្តថា ភ្ញៀវទេសចរបរទេសជាង ១០០នាក់ ដែលបាននាំគ្នាទៅស្វែងរកការធ្វើតេស្តសុខភាពនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ បានប្រាប់គាត់ថា វិទ្យាស្ថានប៉ាស្ទ័រមិនព្រមធ្វើតេស្តសុខភាពឱ្យឡើយ ដោយលើកហេតុផលថា ពួកគេមិនបានឈឺ។

លោកស្រី៖ «អ៊ីចឹង អាហ្នឹងជាកំហុសឆ្គងមួយដែលយើងមើលស្រាលថា គេមិនឈឺ តាមពិតយើងត្រូវយកចិត្តទុកដាក់ទៅលើអ្នកមិនទាន់ឈឺហ្នឹងក៏ខ្លាំងដែរ ដោយសារ គាត់មិនទាន់ឈឺ ធ្វើម៉េចពិនិត្យឱ្យគាត់ឱ្យហើយ ដើម្បីឱ្យដឹងថា គាត់ឈឺមិនឈឺ! ដើម្បីធ្វើការការពារអ្នកឈឺ យើងដឹងថា អ្នកឈឺទៅហើយ ​ប៉ុន្តែ អ្នកមិនទាន់ឈឺក៏ត្រូវយើងយកចិត្តទុកដាក់ដែរ ​ដើម្បីកុំឱ្យការឆ្លងរីករាលដានកាន់តែច្រើនឡើងតាមរយៈអ្នកដែលយើងមើលថាមិនឈឺហ្នឹងឯង ដែល​គាត់ឆ្លងច្រើនជាងគេ​ បើឈឺគាត់ក៏ដឹងខ្លួនគាត់ថា មិនត្រូវទៅណាទេ»។​

លោកស្រី ឆាយ ស៊ីវលី​ន ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ចំពោះរឿងនេះ ដោយថា បើភ្ញៀវទេសចរទាំងអស់គ្មានលិខិតបញ្ជាក់សុខភាពពីមន្ទីរវិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទេ​ លោកស្រីថា ក្រុមហ៊ុនអាកាសចរណ៍ក៏មិនដឹកពួកគេត្រឡប់ទៅប្រទេសខ្លួនវិញឡើយ។

លោកស្រីថា៖ «ខាងអាកាសចរណ៍ថា មិនយកទេមន្ទីរពេទ្យរុស្ស៊ី ទាល់ចេញពីប៉ាស្ទ័រ​ កន្លែងហ្នឹងដែលជាបញ្ហា ហើយជាក់ស្ដែង ប៉ាស្ទ័រគាត់មិនទទួលមើលអ្នកដែលមិនទាន់ឈឺ​។ អ៊ីចឹង យើងប៉ុន្មានថ្ងៃនឹងរត់ទៅរត់មក ពិបាកខ្លាំង ទើបខ្ញុំផ្ញើសារទៅសម្ដេចនាយកឱ្យជួយអន្តរាគមន៍»។

ប្រធានសមាគមភ្នាក់ងារទេសចរណ៍រូបនេះ បន្តថា ការដែលភ្ញៀវទេសចរមិនបានត្រឡប់វិញនេះ នឹងធ្វើឱ្យពួកគេខាតប្រាក់ដោះដូរសំបុត្រយន្តហោះម្តងហើយម្តងទៀត និងបញ្ហាមួយទៀតនោះ ប្រឈមនឹងឆ្លងជំងឺកូវីដ-១៩។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងលោកស្រី ឱ វណ្ណឌីន បានទេ ដោយថា ជាប់រវល់ប្រជុំ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ថា ក្រសួងកំពុងរកដំណោះស្រាយចំពោះរឿងនេះ។

លោកថា៖ «​ខ្ញុំបានឃើញហើយ ​ជាយន្តការអាហ្នឹង ​យើងត្រូវស្វែងរកដំណោះស្រាយសម្រាប់​ពួកគេ ថាតើត្រូវធ្វើយ៉ាងម៉េចៗ ក្រសួងទេសចរណ៍កំពុងរកវិធានការជួយដោះស្រាយដែរ»។

បើតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន អះអាងថា ភ្ញៀវទេសចរដែលកំពុងស្នាក់នៅកម្ពុជាបច្ចុប្បន្នជាង ៥០០០នាក់ មកពី ៥៣សញ្ជាតិ។ ក្នុងចំណោមជនបរទេសជាង ៥០០០នាក់នេះ គឺមានជនជាតិចិនច្រើនជាងគេ។

ក្រុមហ៊ុនអាកាសចរណ៍ទាមទារឱ្យភ្ញៀវទេសបរទេសទៅពិនិត្យសុខភាពនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។

គិតមកត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ទាំងជនជាតិខ្មែរ និងជនជាតិបរទេសមានចំនួន ៩៦នាក់។ ក្នុងចំណោមមនុស្សទាំង ៩៦នាក់នោះ គឺមានមនុស្ស ១០នាក់ ​ដែលក្រសួងបញ្ជាក់ថា ត្រូវបានគ្រូពេទ្យព្យាបាលឱ្យ​ជាសះស្បើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment