ឪពុក​ម្ដាយ​ខ្លះ​ចាប់​ផ្ដើម​ជួយ​បង្រៀន​កូនៗ នៅ​ផ្ទះ ក្រោយ​សាលារៀន​ត្រូវ​បិទទ្វារ​គ្មាន​កាល​កំណត់

ដោយ ខែ សុណង
2020-03-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្សាយ​​វីឌីអូ​អំពី​ការ​បង្រៀន​តាម​កម្មវិធីសិក្សា​ពី​ចម្ងាយ ថ្នាក់ទី៩ មុខវិជ្ជា ប្រវត្តិវិទ្យា នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ២០២០។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្សាយ​​វីឌីអូ​អំពី​ការ​បង្រៀន​តាម​កម្មវិធីសិក្សា​ពី​ចម្ងាយ ថ្នាក់ទី៩ មុខវិជ្ជា ប្រវត្តិវិទ្យា នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ២០២០។

 Screenshot


មាតាបិតា និង​អាណាព្យាបាល​សិស្ស​មួយ​ចំនួន ​ចាប់​ផ្ដើម​ជួយ​បង្រៀន​កូន​នៅ​​ផ្ទះ​រៀងៗ ខ្លួន ក្រោយ​ពេល​រដ្ឋាភិបាល​​​បាន​បិទ​សាលា​រៀន​នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩។ នេះ​គឺ​ជា​ការ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ ដែល​បាន​លើក​ទឹក​ចិត្ត​​ឱ្យ​​មាតា​បិតា​ និង​អាណាព្យាបាល​សិស្ស​ ​ជួយ​ជំរុញ​កូន​ចៅ​ធ្វើ​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ និង​ថែ​ទាំ​ពួក​គេ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ-១៩។

មាតាបិតា និង​អាណាព្យាបាល​សិស្ស​មួយ​​ចំនួន គាំទ្រ​វិធានការ​បិទ​សាលា​រៀន​របស់​រដ្ឋាភិបាល​​ ដើម្បី​ធានា​​សុវត្ថិភាព និង​​សុខភាព​សម្រាប់​​សិស្សានុសិស្ស​គ្រប់រូប។ ពួក​គាត់​ខ្លះ​បាន​ចាប់​ផ្ដើម​ជួយ​បង្រៀន​កូន​ចៅ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ខ្លះ​​ទៀត​បាន​ផ្ដល់​ជា​សម្ភារៈ​ផ្សេងៗ ដល់​កូន​ចៅ ដើម្បី​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ (E-Learning)។

កសិករ​មួយ​រូប​នៅ​ខេត្ត​កំពង់​ចាម លោក ឆាន ឆេន ឱ្យ​ដឹង​ថា លោក​មាន​កូនស្រី​ម្នាក់​កំពុង​រៀន​ថ្នាក់ទី៣ នៅ​សាលា​បឋម​សិក្សា​របស់​រដ្ឋ​។ លោក​បញ្ជាក់​ថា លោក​សោក​ស្ដាយ​ដែល​សាលារៀន​ត្រូវ​បិទ​ទ្វារ​គ្មាន​កាល​កំណត់​ ព្រោះ​កូន​របស់​លោក​កំពុង​ជក់​ចិត្ត​នឹង​ការ​សិក្សា។ ទោះ​ជា​យ៉ាង​ណា​ លោក​ថា ថ្វីបើ​សាលារៀន​បិទ​ទ្វារ​ក្ដី​ ក៏​កូន​របស់​លោក​មិន​នៅ​ទំនេរ​ដែរ ពោល​គឺ​រូប​គេ​តែង​នាំ​មិត្ត​ភក្តិ​នៅ​ជិត​ផ្ទះ មក​ជួប​ជុំ​គ្នា​រំលឹក​មេរៀន និង​ធ្វើ​លំហាត់​ចាស់ៗ​ដែល​លោក​គ្រូ​អ្នក​គ្រូ​ធ្លាប់​បាន​បង្រៀន​នៅ​សាលា ហើយ​នៅ​ពេល​យប់ លោក​ និង​បងប្អូន​របស់​លោក ក៏​បាន​ជួយ​បង្រៀន​ថែម​ទៀត​លើ​មុខ​វិជ្ជា​ភាសា​ខ្មែរ និង​គណិតវិទ្យា។

«ធម្មតា​ក្មេង​នៅ​ថ្នាក់​បឋម​ យើង​គ្រាន់​តែ​ពង្រឹង​ខាង​ផ្នែក​ភាសា​ខ្មែរ​របស់​យើង​ហ្នឹង​ទៅ ពង្រឹង​ខាង​ផ្នែក​គណិតវិទ្យា​ខ្លះៗ អ៊ីចឹង​ទៅ ដើម្បី​កុំ​ឱ្យ​វា​ភ្លេច។ ធម្មតា​ ក្មេង​កាល​ណា​យើង​មិន​រំឭក​ មិន​ណែនាំ​វា​បន្ថែម ពេល​ចូល​សិក្សា​វិញ វា​ត្រូវ​ភ្លេច​ភ្លាំង​ខ្លះ​មួយ​​ចំនួន»

ចំណែក អ្នក​លក់​កាហ្វេ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ លោកស្រី អ៊ំ ស្រីណា វិញ ឱ្យ​ដឹង​ថា លោក​ស្រី​មិន​អាច​ជួយ​បង្រៀន​កូនៗ ទៀត​នោះ​ទេ ព្រោះ​ពួក​​គេ​រៀន​ដល់​កម្រិត​ខ្ពស់​ណាស់​ទៅ​ហើយ។ លោកស្រី​​ថា ក្នុង​ចំណោម​កូនៗ ទាំង ៣នាក់ របស់​លោកស្រី មាន​ម្នាក់​កំពុង​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ ម្នាក់​រៀន​នៅ​វិទ្យាល័យ និង​ម្នាក់​ទៀត​រៀន​ជំនាញ​បច្ចេកទេស។ លោក​ស្រី​អះអាង​ថា តាំងពី​រដ្ឋាភិបាល​ប្រកាស​បិទ​សាលា​មក កូនៗ ទាំង ៣នាក់ របស់​លោក​ស្រី ​បាន​នាំគ្នា​រៀន​​តាម​ប្រព័ន្ធ​អនឡាញ និង​តាម​​មេរៀន​ដែល​ក្រសួង​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។ ទោះ​ជា​បែប​នេះ​ក្តី លោក​ស្រី​ថា កូន​របស់​លោកស្រី​ហាក់​ចង់​ទៅ​រៀន​នៅ​សាលា​ជាង​រៀន​តាម​អនឡាញ ព្រោះ​នៅ​សាលា​បើ​គេ​មាន​​ចម្ងល់​ត្រង់​ណា ពួកគេ​អាច​សួរ​គ្រូ​បាន​ភ្លាមៗ៖ «ធ្វើ​ម៉េច​បើ​វា (ប្រទេសកើត​ជំងឺ​កូរ៉ូណា​អ៊ីចឹង ខ្ញុំ​ចេះ​តែ​ជួយ​ដាស់​តឿន​ឱ្យ​វា​រៀន​តាម​អនឡាញ​ដែល​គេ​បង្ហោះ​មក​អ៊ីចឹង។ វា​រៀន​តាម​ដំណើរ​ដែល​គេ​បង្ហោះ​មួយ​វគ្គៗ អ៊ីចឹង ហើយ​ក៏​ជួយ​ដាស់​តឿន​ឱ្យ​វា​លាង​ដៃ​លាង​ជើង​នឹង​សាប៊ូ​ លាង​អ្វី​សព្វ​បែប​សព្វ​យ៉ាង​ទៅ។ ទិញ​អាល់កុល​បាញ់​ខ្លួន​ឱ្យ​ម្នាក់​មួយ​ដបៗ ការពារ​ខ្លួន»

ដោយ​ឡែក ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ដែល​មាន​កូន២ នាក់​កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា​ឯកជន​នោះ រៀប​រាប់​ពី​បទពិសោធន៍​របស់​លោក​ថា ក្រៅ​ពី​ការងារ លោក​តែង​ឆ្លៀតពេល​​ជួយ​រៀប​ចំ​​មេរៀន​សម្រាប់​កូនៗ ដែល​ខាង​សាលា​ផ្ញើ​មក​ឱ្យ​តាម​អ៊ិនធើណិត និង​ដាស់​តឿន​កូនៗ អំពី​ពេល​វេលា​ដែល​ពួក​​គេ​​ត្រូវ​រៀន​។ ​លោក​បន្ត​ថា នៅ​ក្នុង​ស្ថានភាព​បែបនេះ ឪពុក​​ម្ដាយ ឬ​អាណាព្យាបាល​ ត្រូវ​ដើរ​តួនាទី​សំខាន់​ក្នុង​ជួយ​បង្រៀន​កូនៗ និង​ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​នៅ​តែ​ទទួល​បាន​ចំណេះ​ដឹង៖ «ការ​រៀន​សូត្រ វា​ត្រូវ​ការ​ការ​ជួយ​ពី​ឪពុក​ម្ដាយ ដូច​ជា​ការ​រំឭក​កូន​ដល់​ម៉ោង​វេលា​រៀន​សូត្រ ត្រូវ​បញ្ជូន​ឯកសារ​លំហាត់ ឬក៏​សួរ​សំណួរ​ទៅ​គ្រូ​បង្រៀន​តាម​អនឡាញ​យ៉ាង​ណា​នោះ ឪពុក​ម្ដាយ​ត្រូវ​តែ​ជួយ​ដល់​ក្មេងៗ​ដែរ។ ករណី​ដូច​ជា​កូនៗ របស់​ខ្ញុំ​អ៊ីចឹង យើង​អាច​ជួយ​បាន​នៅ​ក្នុង​កម្រិត​ប៉ុណ្ណឹង ប៉ុន្តែ​បើ​ឪពុក​ម្ដាយ​ដែល​គាត់​ពុំ​សូវ​មាន​ចំណេះ​ដឹង ឬក៏​ជំនាញ​ប្រើប្រាស់​បច្ចេកវិទ្យា​អស់​ហ្នឹង ក៏​ជា​ការ​លំបាក​ដែរ»

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​​គ្រឹះស្ថានសិក្សា​​រដ្ឋ និង​ឯកជន​គ្រប់​កម្រិត​​នៅ​ទូទាំង​ប្រទេស​ តាំងពី​ថ្ងៃទី១៦ មីនា ដោយ​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​រៀន​វិញ​នៅ​ឡើយ​ទេ។ វិធានការ​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩ និង​ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​អ្នក​កើត​ជំងឺ​នេះ​នៅ​កម្ពុជា​កើន​ឡើង​ជា​បន្ត​បន្ទាប់។

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​អំពាវនាវ​ដល់​មាតា​បិតា និង​អាណាព្យាបាល​សិស្ស​ទាំង​អស់ ​មើល​​ថែទាំ​កូន​ចៅ​ឱ្យ​បាន​ដិត​ដល់ និង​ប្រាប់​​ពួក​គេ​ឱ្យ​រក្សា​អនាម័យ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​​មាតាបិតា និង​អាណាព្យាបាល​ ជួយ​រៀបចំ​កន្លែង​សម្រាប់​កូន​ចៅ​ធ្វើ​ស្វ័យ​សិក្សា និង​សម្របសម្រួល​ឱ្យ​ពួក​គេ​​បាន​រៀន​តាម​ប្រព័ន្ធ​អនឡាញ៖ «ដើម្បី​ធានា​បាន​នូវ​ការ​បន្ត​ការ​សិក្សា ក្រសួង​ស្នើសុំ​ឱ្យ​មាតា​បិតា​រៀប​ចំ​កន្លែង​នៅ​ក្នុង​ផ្ទះ​ឱ្យ​មាន​បរិស្ថាន​សិក្សា​សម​ស្រប មាន​តុ មា​ន​កៅអី ហើយ​ប្រសិនបើ​អាច គឺ​អាច​មាន​កុំព្យូទ័រ និង​អ៊ិនធើណិត។ ជាពិសេស សូម​មាតាបិតា ​អាណា​ព្យាបាល​ជួយ​កូន​នៅ​ក្នុង​ការ​ស្វែង​រក​ឯកសារ​សម្រាប់​រៀន​បន្ថែម ដោយ​ប្រើប្រាស់​នូវ​សៀវភៅ​គោល​សិក្សា​ដែល​ក្រសួង​បាន​ដាក់​ចេញ ក៏​ដូច​ជា​ស្វែង​រក​ឯកសារ​បន្ថែម​ទៀត​តាម​អ៊ិនធើណិត យូធូប ក៏​ដូច​ជា​ហ្វេសប៊ុក និង​គេហទំព័រ​របស់​ក្រសួង ដែល​ក្រសួង​បាន​ថត​តាម​មេរៀន តាម​ថ្នាក់​នីមួយៗ​ក្នុង​រយៈពេល​កន្លងមក​នេះ»

ក្រសួង​អប់រំ​បាន​បង្កើត​ថ្នាក់​រៀន​អនឡាញ​លើ​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​គេហទំព័រ​របស់​ក្រសួង សម្រាប់​សិស្ស​ថ្នាក់​ទី០៩ និងទី១២ ដែល​ជា​ឆ្នាំ​ប្រឡង​សញ្ញាបត្រ។ ថ្នាក់​អនឡាញ​នោះ មាន​បង្រៀន​មុខ​វិជ្ជា​ចំនួន៦ គឺ​ភាសាខ្មែរ គណិតវិទ្យា រូប​វិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា ដោយ​ក្នុង​មួយ​មុខ​វិជ្ជា ​បង្រៀន២ ម៉ោង​ ក្នុង​មួយ​សប្ដាហ៍។ ក្រៅ​ពី​ការ​បង្រៀន​ដោយ​ផ្ទាល់​ពី​លោក​គ្រូ​អ្នក​គ្រូ​នៅ​ថ្នាក់​អនឡាញ​នេះ ក្រសួង​​ក៏បាន​បង្ហោះ​មេរៀន​នៃ​មុខ​វិជ្ជា​ទាំង​នោះ​លើ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​ផង​ដែរ។ ដោយ​ឡែក សម្រាប់​ការ​បង្រៀន​ភាសាខ្មែរ និង​គណិតវិទ្យា​ថ្នាក់​ទី១ ទី២ និងទី៣ វិញ ក្រសួង​បាន​ណែនាំ​ឱ្យ​​មាតា​បិតា អាណាព្យាបាល និង​សិស្សានុសិស្ស ឱ្យ​ចូល​ទៅកាន់​បណ្ដាញ​​សង្គម និង​គេហទំព័រ​របស់​ក្រសួង ឬក៏​ដោនឡូត​កម្មវិធី E-School Cambodia ដើម្បី​ចូល​មើល​វីដេអូ​ ដែល​បង្រៀន​ដោយ​លោក​​គ្រូ អ្នក​គ្រូ​មាន​បទពិសោធន៍​។ មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ក៏​អាច​សួរ​សំណួរ​នៅ​ក្នុង​វេទិកា​សំណួរ-ចម្លើយ ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ E-School Cambodia នោះ​ផង​ដែរ។

ក្រសួង​អប់​រំ​បញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៦ មីនា​ថា នៅ​ពេល​ខាង​មុខ ក្រសួង​នឹង​រៀប​ចំ​ការ​បង្រៀន​ដោយ​បច្ចេកវិទ្យា​ពី​ចម្ងាយ​បន្ថែម​ទៀត សម្រាប់​ថ្នាក់​មត្តេយ្យសិក្សា និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​សង្គម​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ទន្ទឹម​​នឹង​នេះ ក្រសួង​អំពាវនាវ​ដល់​អ្នក​បង្កើត​កម្មវិធី​ថ្មី និង​​អ្នក​​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់​រំ ឱ្យ​​ចូល​រួម​សហការ​ជាមួយ​ក្រសួង​ ក្នុង​ការ​​ស្វែង​រក និង​ផ្ដល់​ដំណោះស្រាយ​បែប​ឌីជីថល ដើម្បី​ពង្រីក​សេវា​អប់រំ​ជូន​ដល់​សិស្សានុសិស្ស​ប្រកប​ដោយ​គុណភាព។

ប្រធាន​សមាគម​គ្រូ​​បង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នក​ស្រី អ៊ុក ឆាយ៉ាវី គាំទ្រ​វិធានការ​បិទ​សាលា​​របស់​រដ្ឋាភិបាល ដើម្បី​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​​​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា និង​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​អប់រំ​ក្នុង​ការ​បង្កើត​ថ្នាក់​រៀន​អនឡាញ​សម្រាប់​សិស្សានុសិស្ស។ ទោះ​ជា​យ៉ាង​ណា អ្នក​ស្រី​បារម្ភ​ថា ការសិក្សា​តាម​អនឡាញ​នេះ​ប្រហែល​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​សិស្ស​ខ្លះ​រៀន​នៅ​ក្នុង​ថ្នាក់ ហាក់​មិន​ចង់​រៀន​ផង ទម្រាំ​រៀន​តាម​អនឡាញ​​ទៀត ពួក​គេ​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ឡើយ។ ម្យ៉ាង​វិញ​ទៀត បើ​នៅ​ថ្នាក់​បឋម​សិក្សា​វិញ អ្នក​ស្រី​ថា អាច​កាន់​តែ​ពិបាក​ទៅ​ទៀត ពីព្រោះ​ក្មេងៗ​មាន​ទំនោរ​មើល​ភាពយន្ត​តុក្កតា និង​កម្មវិធី​កម្សាន្ត​សប្បាយ​ ច្រើន​ជាង​ការ​សិក្សា៖ «ទោះ​បី​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ក៏ដោយ ឃើញ​ថា គាត់​អត់​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​ទេ ដោយសារ​តែ​គាត់​គិត​ថា ការ​សិក្សា​នេះ ដូច​ថា អត់​សូវ​ស៊ីជម្រៅ»

គ្រូ​បង្រៀន​មួយ​រូប​នៅ​ខេត្ត​តាកែវ លោក គៀត សុគន្ធ ទទួល​ស្គាល់​ថា ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​មាន​សារៈសំខាន់​នា​ពេល​បច្ចុប្បន្ន​ ជាពិសេស​ក្នុង​ពេល​សាលារៀន​ត្រូវ​បិទ​ទ្វារ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ ក៏​ប៉ុន្តែ​យន្តការ​នេះ​​ទំនង​ជា​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​សិស្សានុសិស្ស​បាន​គ្រប់​គ្នា​នោះ​ទេ។ លោក​ជឿ​​ថា សិស្ស​នៅ​តាម​ទី​ជន​បទ និង​តំបន់​ដាច់​ស្រយាល មិន​ទាន់​មាន​​ទូរស័ព្ទ​ទំនើប (Smart Phone) ប្រើ​គ្រប់​គ្នា​នោះ​ទេ ហើយ​ពេល​ខ្លះ ពួក​គេ​​ក៏​មិន​សូវ​ចេះ​ប្រើ​កម្មវិធី​ថ្មីៗ ដែរ។ ជាង​នេះ​ទៅ​ទៀត លោក​ថា សេវា​អ៊ិនធើណិត​នៅ​តំបន់​ជន​បទ និង​ដាច់​ស្រយាល នៅ​មាន​​បញ្ហា​រអាក់រអួល ឬក៏​គ្មាន​សេវា​តែ​ម្តង ដែល​ជាហេតុ​​ធ្វើ​ឱ្យ​​សិស្សានុសិស្ស​នៅ​តំបន់​ទាំងនោះ ​មិន​ទទួល​បាន​ការ​សិក្សា​តាម​បែប​ថ្មី​នេះ​ទេ។ លោក​ស្នើ​ឱ្យ​ក្រសួង​ពិចារណា​អំពី​ការ​ជ្រើស​រើស​គ្រូ​ស្ម័គ្រ​ចិត្ត​ ដើម្បី​​ចុះ​ទៅ​បង្រៀន​បំប៉ន​ដល់​​សិស្ស​ថ្នាក់​ទី០៩ និងទី១២ នៅ​តាម​​តំបន់​ជន​បទ​ដាច់​ស្រយាល ដោយ​ការ​បង្រៀន​នេះ​គួរ​ធ្វើ​​ជា​ក្រុម​​តូចៗ នៅ​តាម​សហគមន៍ ដើម្បី​កុំ​ឱ្យ​ផ្ទុយ​នឹង​វិធានការ​របស់​រដ្ឋាភិបាល៖ «ខ្ញុំ​គាំទ្រ​ចំពោះ​ការ​សិក្សា E-Learning ហ្នឹង ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​មិន​ទាន់​ឆ្លើយតប​គ្រប់​គ្រាន់​។ អ៊ីចឹង​ក្រសួង​គួរ​តែ​ដាក់​គោលការណ៍​មួយ​ដែល​ច្បាស់លាស់​ថា តើ​នៅ​ពេល​ដែល​បិទ​សាលា​បែប​ហ្នឹង តើ​សិស្ស​ប៉ុន្មាន​ភាគរយ​ដែល​ប៉ះពាល់​លើ​ការ​សិក្សា​ខ្លាំង​ហ្នឹង។ អ៊ីចឹង​ហើយ​ក្រសួង​គួរ​តែ​រៀប​ចំ​គ្រូ​ស្ម័គ្រ​ចិត្ត​ទៅតាម​គោលដៅ​ហ្នឹង​ បង្រៀន​ខ្លឹមសារ​មេរៀន​ឱ្យ​​ទាន់​ទៅ​នឹង​តម្រូវ​ការ​ឆ្លើយតប​នៅ​ពេល​ប្រឡង​ខាងមុខនេះ»

អគ្គនាយក​រង​គោល​នយោបាយ និង​ផែន​ការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា មិន​ឆ្លើយ​តប​រឿង​នេះ​ទេ ដោយ​លោក​ស្នើ​ឱ្យ​​ប្រើប្រាស់​ខ្លឹមសារ​នៃ​សេចក្ដី​ជូន​ដំណឹង និង​ការណែនាំ​ទាំងឡាយ​ ដែល​ក្រសួង​បាន​ចេញផ្សាយ​ជា​ហូរហែ​នោះ​វិញ។

តួលេខ​ចុង​ក្រោយ​របស់​ក្រសួង​អប់រំ​បង្ហាញ​ថា កម្ពុជា​មាន​សាលារៀន​ចំណេះ​ទូទៅ​ទាំង​រដ្ឋ និង​ឯកជន​សរុប​​ជាង១ ម៉ឺន​៤ ពាន់​កន្លែង(១៤.៩០៥) និង​មាន​សិស្ស​ចំនួន​ជាង៣ លាន​​៤ សែន​នាក់ (៣.៤០៧.៥២៩) ស្រប​ពេល​គ្រឹះស្ថាន​ឧត្ដម​សិក្សា​រដ្ឋ និង​ឯកជន​មាន​ចំនួន១២១ និង​មាន​និស្សិតជាង២ សែន​នាក់ (២១១.៤៨៤)។

មាតាបិតា និង​អាណាព្យាបាល​សិស្ស ព្រម​ទាំង​សង្គម​ស៊ីវិល​ផ្នែក​​អប់រំ សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​អាច​ដោះស្រាយ​បាន​នូវ​វិបត្តិ​ជំងឺ​កូវីដ-១៩ ដើម្បី​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​នៅ​ទូទាំង​ប្រទេស​ឡើងវិញ ពីព្រោះ​ការ​បិទ​សាលារៀន​រយៈពេល​វែង​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ការ​ផលិត​ធនធាន​មនុស្ស​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles