ក្រសួង​សុខាភិបាល​មិន​បញ្ជាក់​លម្អិត​ករណី​រក​ឃើញ​នារី​បម្រើការ​នៅ​ខារ៉ាអូខេ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ-១៩

ដោយ ទីន ហ្សាការីយ៉ា
2020-03-29
RFA

វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល

វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល

 រូប៖ ហ្វេសប៊ុក​​​ក្រសួង​សុខាភិបាល


ក្រសួង​សុខាភិបាល ប្រកាស​រក​ឃើញ​នារី​អាយុ​៣៦​ម្នាក់​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឆ្លង​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ​។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល យល់ថា ការ​ដែល​ក្រសួង បង្ហាញ​ព័ត៌មាន​មិន​បាន​ពេញលេញ​បែបនេះ ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត និង​ភ័យខ្លាច។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មីនា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ កើន​ដល់ ១០៣ នាក់​ហើយ បន្ទាប់ពី​រក​ឃើញ ១​ករណី​ថ្មី​បន្ថែម​ទៀត ដែល​កើត​លើ​នារី​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ឈ្មោះ​ស្តាធីវី (Star TV) ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ក្រសួង​បញ្ជាក់​ថា ក្នុងចំណោម​១០៣​ករណី​នេះ មាន​ចំនួន​៨២​ករណី កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ខណៈ​ចំនួន​២១ ករណី បានជា​សះស្បើយ​ពី​ជំងឺ។

ចំពោះ​ស្ត្រី​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​ដែល​វិជ្ជមាន​ជំងឺ​កូវីដ-១៩​នោះ ក្រសួង គ្រាន់តែ​បញ្ជាក់​ថា នាង​រស់នៅ​ភូមិ​ប៉ាលេឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​កំពុង ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​ថា នារី​នោះ​ឆ្លង​ពី​អ្នកណា និង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​នោះ​ទេ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក កែវ សុភ័ត្ត្រា ព្រមទាំង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ផង​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា។

ទោះជា​យ៉ាងណា អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​រដ្ឋាភិបាល (Fresh News) ថា អាជ្ញាធរ បាន​រក​ឃើញ​មនុស្ស​២៣​នាក់ ដែល​ធ្លាប់​ប៉ះពាល់​ជាមួយ​ស្ត្រី​វ័យ ៣៦​ឆ្នាំ​នោះ ហើយ​កំពុង​ដាក់​ពួកគេ​ឱ្យ​ស្ថិតនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព​រយៈពេល ១៤ ថ្ងៃ​។ លោក អ៊ុំ រាត្រី បន្ត​ថា ស្ដ្រី​វ័យ​៣៦​ឆ្នាំនេះ ជា​អ្នក​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ថៃ ដែល​ធ្លាប់​ចូល​កម្សាន្ត​នៅ​ស្តាធីវី ( Star TV) ហើយ​ពេល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ត្រូវ​បាន​រក​ឃើញ វិជ្ជមាន​កូវីដ-១៩​។ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ទៀត​ថា ស្ដ្រី​បម្រើការ​ខារ៉ាអូខេ​រូប​នេះ ធ្លាប់​បាន​ធ្វើ​តេស្ដ​លើក​ទី​១​រួច​ហើយ ប៉ុន្ដែ​អវិជ្ជមាន។ បន្ទាប់​មក នៅ​ពេល​ដែល​នាង​ដឹង​ថា ខ្លួន​មិន​ស្រួល បាន​សុំ​គ្រូពេទ្យ​ធ្វើ​តេស្ដ​ម្ដងទៀត ក៏​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ តែម្ដង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ពេញលេញ និង ខិតខំ​រក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​ឱ្យ​បាន​គ្រប់គ្នា ដើម្បី​ធានា​កុំ​ឱ្យ​មានការ​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង​។ លោក​ព្រួយបារម្ភ​ថា អ្នក​មាន​ប្រវត្តិ​ធ្លាប់​ទំនាក់ទំនង​ជាមួយ​ស្ត្រី​បុគ្គលិក​ស្តា​ធីវី​នោះ អាច​មាន​លើស​ពី​២៣​នាក់ ហើយ​លោក ក៏​សង្ស័យ​ថា ហាង​ខារ៉ាអូខេ​នៅ​តាម​បណ្ដា​ខេត្ត​ខ្លះ​អាច​នៅ​លួច​បើក​រកស៊ី​ដដែល ទោះ​បី​ជា​រដ្ឋាភិបាល ប្រកាស​បិទ​ទូទាំង​ប្រទេស​បណ្ដោះអាសន្ន​ក្ដី៖ «ធម្មតា គាត់​បម្រើការ​នៅ​ក្នុង​ខេធីវី ក្នុង​មួយ​យប់ គាត់​បាន ៤​ទៅ ៥​បន្ទប់​ក្នុង​មួយ​ពេល ដូច្នេះ​អ្នក​ចូល​ទៅ​ក្នុង​ខេធីវី​សប្បាយ​នៅ​ពេល​យប់​នោះ តើ​មាន​ប៉ុន្មាន​នាក់ ដែល​ស្គាល់​នាង ហើយ​នាង​ចូល​បន្ទប់​ណាខ្លះ ហើយ​ទី​២ សូម​ឱ្យ​អ្នក​ដែល​ស្គាល់​នាង​ទៅ​ពិនិត្យ​ទៅ គឺជា​រឿង​ល្អ​ជាង ដោយ​មិន​បាច់​ចាំ​គេច​នោះ​ទេ ព្រោះ​ប្រសិនបើ​គាត់​ឆ្លង​រោគ នឹង​អាច​ធ្វើ​ឱ្យ​វិវត្ត​កាន់តែ​ខ្លាំង​ចំពោះ​គាត់​ដដែល»។

ទន្ទឹម​គ្នា​នេះ លោក ស៊ុំ ច័ន្ទគា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ស្ដាប់​និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ លោក​ពិនិត្យ​ឃើញ ថា ប្រជាពលរដ្ឋ​មួយ​ចំនួន ជាពិសេស​ពលករ​ខ្លះ​ដែល​ទើប​មកពី​ប្រទេស​ថៃ នៅតែ​ជួបជុំគ្នា​ផឹកស៊ី​ច្រៀង​រាំ ទោះបីជា​អាជ្ញាធរ បាន​ចុះទៅ​ហាមឃាត់​និង​ណែនាំ​ក្ដី។

ដោយឡែក នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ដដែល​នេះ ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ-១៩ (Rapid Test) ដោយ​ខ្លួនឯង ព្រោះ​ឧបករណ៍​ទាំងនេះ គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក និង​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ ក្រសួង​អំពាវនាវ​ឱ្យ​អាជ្ញាធរ ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ បុគ្គល​ឬ​ក្រុមហ៊ុន​ណា ដែល​ផ្សព្វផ្សាយ លក់​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូវីដ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles