ពលករ​មកពី​ថៃ​ខ្លះ​ដាក់​ខ្លួនឯង​ដាច់ដោយឡែក​នៅ​ឆ្ងាយ​ពី​អ្នកផ្ទះ​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព

ដោយ អាស៊ីសេរី
2020-03-29
អាស៊ីសេរី

ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។

ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។

 RFA


ក្រុម​ពលករ​ខ្មែរ ត្រលប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ មួយ​ចំនួន​បាន​ដាក់​ខ្លួនឯង​ឱ្យ​នៅ​ឆ្ងាយ​ពី​អ្នកផ្ទះ ដើម្បី​ត្រួត​ពិនិត្យ​សុខភាព​។ ពួកគេ ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចុះទៅ​ត្រួតពិនិត្យ​និង​តាមដាន​សុខភាព​របស់​ពួកគេ​ដល់​បន្ទប់​ស្នាក់នៅ​រាល់ថ្ងៃ។

ពលករ​ស៊ីឈ្នួល​លក់​ស្បែកជើង​នៅ​ក្នុង​ផ្សារ​រុងក្លឿ​ម្នាក់ លោក ស៊ុន ចិន និយាយ​ថា លោក​បាន​វិល​ចូល​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២២ មីនា ដោយ​ភាព​ប្រញាប់ប្រញាល់​ព្រោះ​អាជ្ញាធរ​ថៃ ប្រកាស​បិទ​ព្រំដែន​នៅ​ពេល​នោះ​។ លោក​ថា នៅ​ពេល​ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន ទាំង​នៅ​ខាង​ថៃ និង​នៅ​ប៉ោយប៉ែត គ្មាន​ការ​ត្រួតពិនិត្យ​សុខភាព ពលករ​ទេ ដោយសារ​ពលករ​មាន​គ្នា​ច្រើន​ហើយ​ប្រជ្រៀត​គ្នា​សម្រុកចូល​ព្រោះ​ខ្លាច​ចូល​មិនទាន់​ការ​កំណត់​បិទ​ព្រំដែន។

នៅ​ពេល​មក​ដល់​ក្នុង​ទឹកដី​ខ្មែរ ម្ដុំ​ព្រំដែន​ប៉ោយប៉ែត ពលករ​រូប​នេះ ឱ្យ​ដឹង​ថា អាជ្ញាធរ​ក៏​មិន​បាន​ពិនិត្យ​សុខភាព​ដែរ ហើយ​ពលករ​ទាំងអស់​បាន​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​។ ប៉ុន្តែ លោក​អះអាង​ថា ក្រុម​ពលករ​ខ្លះ​ក៏​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លួនឯង​ដែរ​។ សម្រាប់​រូបលោក បាន​យល់ដឹង​ពី​ការ​ចម្លង​ជំងឺ​កូវីដ​១៩ (Covid-19) និង​បាន​រក្សា​អនាម័យ​តាំងពី​ស្នាក់នៅ កន្លែងធ្វើការ​ក្នុង​ប្រទេស​ថៃ​មក​។ លោក បាន​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា ២​នាក់​បងប្រុស ហើយ​សុទ្ធតែ​ពាក់​ម៉ាស់ និង​មាន​អាកុល​ដាក់​តាម​ខ្លួន​សម្រាប់​លាងដៃ ញឹកញាប់ នៅ​ពេល​ធ្វើ​ដំណើរ។

តែ​យ៉ាងណា នៅ​ពេល​ធ្វើដំណើរ​មកដល់​ភ្នំពេញ លោក​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយ​បងប្រុស នៅ​ម្ដុំ​ភូមិ​ទួល​ពង្រ ហើយ​អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី​១ បាន​ចុះទៅ​ស្ទង់​កម្ដៅ ឃើញ លោក មាន​កម្ដៅ​៣៧.៥ អង្សា​សេ ទើប​អាជ្ញាធរ​ណែនាំ​ឱ្យ​លោក ស្នាក់​នៅ​ក្នុង​បន្ទប់​មួយ​រយៈ តែ​មិនបាន​យក​សំណាក​ទៅ​ពិសោធន៍​ទេ​។ លោក​ថា មូលហេតុ​ឡើង​កម្ដៅ ដោយសារ​អាជ្ញាធរ​ចុះទៅ​វាស់​កម្ដៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​លោក​ទើប​ត្រលប់​មក​ពី​ក្រៅ ក្រោម​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ការ​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច និង​ក្ដៅ ដូច្នេះ​ធ្វើ​ឱ្យ​កម្ដៅ លោក​ឡើង​ខ្លាំង​។ តែមួយ​ថ្ងៃ​ក្រោយមក កម្ដៅ​លោក​បាន​ថយ​ចុះ​វិញ​រហូត៖ «ខ្ញុំ​មកពី​ថៃ ដេក​បាន​មួយ​យប់​។ ស្អែក​ឡើង​ទិញ​ម៉ូតូ​នៅ​ចោមចៅ​ហើយ​មកវិញ ក្ដៅចែស​។ ចូល​ដល់​ក្នុង​បន្ទប់​គេ​មក​វាស់​កម្ដៅ​ពួក​ខាង​ក្រសួង​គេ​ហ្នឹង ហើយ​ដឹង​ស្រាប់​ហើយ នៅ​ភ្នំពេញ​ក្ដៅ​។ គេ​មិន​ឱ្យ​ដើរ​ទៅ​ណា​ទេ រយៈពេល​១៤​ថ្ងៃ​ហ្នឹង​។ បើសិនជា​អត់​មាន​បញ្ហា ឬ​គ្មាន​អា​មេរោគ​នៅ​ក្នុង​ខ្លួន​ហ្នឹង​ទេ យើង​អាច​ដើរ​ចេញទៅ​ក្រៅ​បាន​។ តែ​ខ្ញុំ​អត់​ដឹង​ទេ លក្ខណៈ​ការពារ​ហ្នឹង គេ​ការពារ​របៀប​ម្ដេច​ទេ ខ្ញុំ​អត់​យល់​ទេ​។ ម្នាក់ៗ មកពី​ថៃ គឺ​គេ​រើសអើង គេ​ថា អត់​ឱ្យ​ដើរ​ចូល​ផ្ទះ​គេ​ផ្ដេសផ្ដាស​អ៊ីចឹង វា​ពិបាក​ដែរ វា​ខ្លាំង​មែនទែន​តែម្ដង​។ ពិបាក​ណាស់ ទៅ​ណា​ក៏​មិន​រួច ដេក​នៅតែ​ក្នុង​ផ្ទះ មើល​ទូរស័ព្ទ​។ អា​ទូរស័ព្ទ​ហ្នឹង គ្មាន​សេវា​ទៀត»។

អ្នក​ទើប​ត្រលប់​ពី​ប្រទេស​ថៃ​មួយ​ក្រុម​ទៀត គឺជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ទៅ​រៀន​វិធី​ផលិត​ស្បែកជើង នៅ​ក្នុង​រោងចក្រ​ជាយ​ទីក្រុង​បាងកក​។ ពួកគេ បាន​ប្រាប់​ថា បាន​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ ភ្លាមៗ តាម​យន្តហោះ​នៅ​ថ្ងៃ​ទី២២ មីនា ព្រោះ​ខ្លាច​មិនទាន់​ការកំណត់​បិទ​ព្រំដែន​។ ពលករ​មួយ​ក្រុម​នេះ​មាន​គ្នា​៤​នាក់ ក៏​ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី​១ វាស់​កម្ដៅ​លើស​៣៧​អង្សា​សេ​ដែរ នៅ​ពេល​ត្រលប់​មក​ដល់​បន្ទប់​ជួល​វិញ។

លោក សួង ផា ប្រាប់​ថា នៅមុន​ពេល​ឡើង​យន្តហោះ នៅ​ក្រុង​បាងកក អាជ្ញាធរ​ថៃ បាន​វាស់​កម្ដៅ​លោក លើស​៣៧​អង្សា​សេ ហើយ​ក្រោយម​ក​អាជ្ញាធរ​បាន​ឱ្យ​លោក​សម្រាក​បន្តិច​។ ជាង​មួយ​ម៉ោង​ក្រោយមក កម្ដៅ​លោក​ថយ​ចុះ​ក្រោម​៣៧ ទើប​អាជ្ញាធរ​ថៃ អនុញ្ញាត​ឱ្យ​លោក​ឡើង​យន្តហោះ​។ លោក​តែង​ពាក់​ម៉ាស់​រាល់​ពេល​ធ្វើដំណើរ ហើយ​នៅ​លើ​យន្តហោះ លោក​បាន​ប្រើ​អាល់កុល បាញ់​នៅ​លើ​កៅអី​អង្គុយ និង​មានការ​ប្រយ័ត្នប្រយែង​គ្រប់​ពេល រាល់ពេល​ធ្វើដំណើរ​។

នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ​ភ្នំពេញ កម្ដៅ​លោក ក្រោម​៣៧​អង្សា​សេ​។ លោក​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន ជាមួយ​ពលករ​ដែល​មក​ជា​មួយ​គ្នា ក្នុង​បន្ទប់​ជួល នៅ​ជាយក្រុង ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះទៅ​ស្ទង់​កម្ដៅ​ពួក​លោក ហើយ​រក​ឃើញ​ពួក​លោក សុទ្ធតែ​លើស​៣៧​អង្សា។

អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ពួក​លោក កុំ​ចាក​ចេញពី​បន្ទប់​មួយរយៈ ដើម្បី​បន្ត​ការ​តាមដាន​កម្ដៅ តែ​មិន​បាន​យក​សំណាក​ទៅ​ពិនិត្យ​ទេ​។ តែ​ដោយ​សារ​ការរស់នៅ​បន្ទប់​ជួល​តូច​ចង្អៀត​ពេក​លោក​បាន​ស្នើសុំ​អាជ្ញាធរ​ដើម្បី​ទៅ​រស់នៅ​ស្រុក​កំណើត​ក្នុង​ឃុំ​ស្រែអំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល​វិញ។

បច្ចុប្បន្ន​ពលករ​រូប​នេះ បាន​រស់​នៅ​ក្នុង​កូន​រោង​មួយ នៅ​ខាងក្រោយ​ផ្ទះ ដើម្បី​ដាក់​ខ្លួនឯង ឱ្យ​នៅ​ដាច់ដោយឡែក ចេញពី​គ្រួសារ ១៤​ថ្ងៃ។ យ៉ាងណា លោក​យល់​ថា កម្ដៅ​ក្នុង​ខ្លួន​លោក ក្ដៅ​ខ្លាំង ដោយសារ​ការរស់នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​នៅ​ជាយក្រុង​រួម​ទាំង​អាកាសធាតុ​ក្ដៅ​ខ្លាំង តែ​ក្រោយពេល​លោក បាន​ទៅដល់​ស្រុកកំណើត កម្ដៅ​ក្នុង​ខ្លួន​លោក ថយ​មក​ជា​ធម្មតា គឺ​ក្រោម​៣៧ អង្សា៖ «ឥឡូវ​កម្ដៅ​ខ្ញុំ​ធម្មតា​វិញ​ហើយ​បង​។ សុខភាព​ខ្ញុំ​ធម្មតា អត់​មាន​ក្អក អត់​មាន​ឈឺក្បាល ហើយ​អត់​មាន​ឈឺ​ក​អ្វី​ទេ​បង អត់​មាន​ផ្ដាសាយ​ទេ ធម្មតា ហើយ​ខ្ញុំ​នៅ​ដាច់ដោយឡែក​ពី​គ្រួសារ​។ ធ្វើ​រោង​នៅ​ក្រោយ​ផ្ទះ​។ ខ្ញុំ​ការពារ​គ្រួសារ​ខ្ញុំ​ហ្មង​»។

ចំណែក​មិត្តភក្ដិ​របស់​លោក ជា​ពលករ​៣​នាក់​ទៀត ដែល​វាស់​កម្ដៅ​លើស​៣៧​អង្សាសេ​ដែរ​នោះ កំពុង​រស់នៅ​ជុំ​គ្នា ៣​នាក់​ក្នុង​បន្ទប់​ជួល​ជាយក្រុង​ដដែល​។ ម្នាក់​ក្នុងចំណោម​៣​នាក់ គឺ លោក វ៉ិត វ៉ាន់ ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចុះទៅ​វាស់​កម្ដៅ​ពួកគេ​រាល់ថ្ងៃ នៅ​បន្ទប់​ជួល​និង​ផ្ដាំ​កុំ​ឱ្យ​ដើរចេញ​ក្រៅ បើ​គ្មាន​ការចាំបាច់ ហើយ​រង់ចាំ​លិខិតបញ្ជាក់​សុខភាព​សិន​។ ទោះ​យ៉ាងណា លោក​ថា កម្ដៅ​ក្នុង​ខ្លួន​លោក​ទាំង​៣​នាក់ បាន​ថយ​ចុះ​មក​នៅ​កម្រិត​ធម្មតា​វិញ​ហើយ និង​មិន​បាន​ដើរចេញ​ក្រៅ​បន្ទប់​ទេ ក្រៅពី​ទៅ​ទិញ​ម្ហូបអាហារ​ក្បែរ​បន្ទប់​ជួល នៅ​ម្ដុំ​រោងចក្រ​ក្បែរ​នោះ​។ លោក​អះអាង​ថា ការ​ដើរ​ចេញ​ក្រៅ​ទៀតសោត លោក​តែង​ពាក់​ម៉ាស់ និង​មាន​អាកុល​លាងដៃ​ជានិច្ច៖«ខាង​ភូមិ​ឃុំ​ខ្ញុំ​ប្រាប់​គេ​ថា នៅ​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​គេ​(​ពិនិត្យ​)​អាការៈ​យើង សុខភាព​ល្អ (សិន​) អ៊ីចឹង​គេ​នឹង​ចាំ​ឱ្យ​យើង​យក​ក្រដាស​បញ្ជាក់​សិន ចាំ​ឱ្យ​ទៅផ្ទះ»។

ពលករ​ម្នាក់ទៀត ជា​កម្មករ​បេះ​ផ្លែឈើ ក្នុង​ប្រទេស​ថៃ កញ្ញា ខេង សៀកហេង ដែល​បាន​វិល​ចូល​កម្ពុជា​វិញ កាលពី​កន្លះ​ខែ​មុន គឺ​នៅ​ថ្ងៃ​ទី១៣ មីនា ក៏​ត្រូវ​បាន​អាជ្ញាធរ​តាមដាន​សុខភាព​ផង​ដែរ និង​បាន​វាស់​កម្ដៅ​កាលពី​ថ្ងៃ​ទី​២៤ មីនា បង្ហាញ​ថា នាង​លើស​៣៧​អង្សា​។ ឪពុក​របស់​កញ្ញា សៀក​ហេង គឺជា​អ្នកលក់​ម្ជូរ និង​ចង្រិត​លីង​នៅមុខ​រោងចក្រ​ម្ដុំ​ភូមិ​ទួល​ពង្រ ឱ្យ​ដឹង​ថា កម្ដៅ​កូនស្រី​លោក លែង​ចោទ​ជា​បញ្ហា​ហើយ ព្រោះ​ធ្លាក់​មក​ក្រោម​៣៧​អង្សា​វិញ​ហើយ​។ យ៉ាងណា លោក​ថា នាង​កំពុង​ស្នាក់នៅ​ក្នុង​បន្ទប់ ដោយ​មិន​ឱ្យ​ដើរហើរ​ចេញ​ក្រៅ​ទេ៖ «កាល​ហ្នឹង​មក ខ្ញុំ​ក៏​មិនសូវ​ចាប់អារម្មណ៍​ដែរ​។ មក​ធម្មតា​កាល​ហ្នឹង​មិនទាន់​បែក​អា​រឿង​ហ្នឹង​ខ្លាំង​ផង ដល់​កូន​ខ្ញុំ​មក​បាន​ប៉ុន្មាន​ថ្ងៃ ចាប់ផ្ដើម​ប្រធាន​ភូមិ​ប្រធាន​អ្វី គេ ប៉េអិម​ប៉ូលិស​គេ​ហ្នឹង គេ​ចុះ​ល្បាត​តាម​ភូមិ ថា អ្នក​មកពី​ថៃ មកពី​អ្វី​អ៊ីចឹង គេ​មក​ពិនិត្យ​មក​អ្វី​អ៊ីចឹង​ណា​។ កាល​អា​ភ្លាមៗ​ហ្នឹង (​ត្រួតពិនិត្យ​)​បាន​២​នាក់ កូន​ខ្ញុំ​មួយ ហើយ​ប្រុស​ម្នាក់ទៀត នៅ​ទួល​ពង្រ​នេះ​ដែរ ខាងត្បូង​នេះ មកពី​ថៃ​ដែរ​។ តែ​លើក​ក្រោយៗ​មក​ទៀត ខ្ញុំ​អត់​ដឹង​ផង»។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ក្នុង​ពេល​ចុះ​ជួប​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី២៨ មីនា ថា ពលរដ្ឋ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ក្នុងអំឡុងពេល​ថៃ​បិទ​ព្រំដែន​មាន​ប្រមាណ មួយ​ម៉ឺន ប្រាំ​ពាន់(១៥ ០០០) នាក់​ហើយ​បាន​ត្រឡប់​ចូល​យ៉ាង​គំហុក​ដែល​មិន​អាច​គ្រប់គ្រង​បាន​។ យ៉ាងណា លោក ស ខេង បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​យុទ្ធនា​ការអប់រំ​ពលរដ្ឋ​ឱ្យ​បាន​ច្រើន ឬ​អាច​បិទ​ភូមិ​ប្រសិនបើ​រក​ឃើញ​ថា មាន​ឆ្លង​ជំងឺ​កូវីដ​១៩ ច្រើន នៅ​ក្នុង​ភូមិ​នោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា មកដល់ពេលនេះ ក្រសួងសុខាភិបាល មិនទាន់​រក​ឃើញ​ពលរដ្ឋ​ខ្មែរ​ទើប​ត្រលប់​ចូល​ប្រទេស​កម្ពុជា​ណា​ម្នាក់ មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​ទេ។

មូលហេតុ​នៃ​ការ​វិលត្រឡប់ ចូល​កម្ពុជា របស់​ពលរដ្ឋ​ខ្មែរ យ៉ាង​គំហុក​ដោយសារតែ​ថៃ​ប្រកាស​បិទ​ព្រំដែន​ឯ​កន្លែង​ធ្វើការ​របស់​ពលករ​ស្ទើរ​ទាំងអស់ ក៏​បិទទ្វារ​ឈប់​ធ្វើការ​ដែរ​ដូចជា​ហាង​ខារ៉ាអូខេ ភោជនីយដ្ឋាន​ហាង​កាត់សក់​ហាង​សាំង​ហាង​ម៉ាស្សា ហាង​លក់ទំនិញ​ជាដើម​។ ការ​បិទ​នេះ បាន​ជះឥទ្ធិពល​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ទីនោះ​គ្មាន​លទ្ធភាព​បន្ត​ការ​ស្នាក់នៅ​ក្នុង​ប្រទេស​បាន។

ទោះជា​យ៉ាងណា ក្រុម​ពលករ និង​អ្នកឃ្លាំមើល​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​វិល​ចូល​កម្ពុជា​ភាគច្រើន គឺជា​អ្នក​រកស៊ី​នៅ​ម្ដុំ​ព្រំដែន ឯ​ពលករ​ធ្វើការ​នៅ​ក្នុង​ក្រុង​បាងកក និង​ខេត្ត​មួយ​ចំនួន​ទៀត នៅ​ឆ្ងាយ​ពី​ព្រំដែន មិនបាន​វិល​ត្រលប់​ចូល​កម្ពុជា​ទេ​។ ទន្ទឹម​គ្នា​នេះ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​ស្នើសុំ​ពលរដ្ឋ​ខ្មែរ​ទាំង​កំពុង​សិក្សា កំពុង​ធ្វើការ​និង​ប្រកបមុខរបរ​ក្នុង​ទឹកដី​ថៃ​អនុវត្ត​ការណែនាំ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ និង​ស្នើសុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ចាក​ចេញពី​ទឹកដី​ថៃ បើ​សិន​មិន​មាន​ភាព​ចាំបាច់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles