ព្រះសង្ឃ​មួយ​អង្គ​បាន​ភៀស​ព្រះកាយ​រក​កន្លែង​សុវត្ថិភាព​ក្រោយ​ពី​បាន​បង្ហោះ​កំណាព្យ​រឿង​កូវីត-១៩

ដោយ ហេង រស្មី
2020-03-29
RFA

សកម្មជន​ការពារ​ព្រៃឈើ ព្រះតេជព្រះគុណ វឿន វាសនា គង់នៅ​វត្តសេរី​ពោធិព្រឹក្ស ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

សកម្មជន​ការពារ​ព្រៃឈើ ព្រះតេជព្រះគុណ វឿន វាសនា គង់នៅ​វត្តសេរី​ពោធិព្រឹក្ស ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

 Photo Provided


ព្រះសង្ឃ​មួយ​អង្គ ដែល​គេ​ស្គាល់​តាម​បង្ហាញ​សង្គម​មាន​ព្រះ​មាន​ថា ក្រញូង​ព្រៃឡង់ បាន​ភៀស​ព្រះកាយ​រក​កន្លែង​មាន​សុវត្ថិភាព​ក្រោយពី​បាន​បង្ហោះ​កំណាព្យ​រិះគន់​រឿង​កូវីដ១៩ នៅ​លើ​បណ្ដាញ​សង្គម​។​

ព្រះតេជព្រះគុណ វឿន វាសនា គង់នៅ​វត្តសេរី​ពោធិព្រឹក្ស ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​ភៀសខ្លួន​យ៉ាង​តក់ក្រហល់​ក្រោយពី​ព្រះអង្គ​បាន​ទទួល​ដំណឹង​ពី​មន្ត្រី​ប៉ូលិស​ម្នាក់​ថា ព្រះអង្គ​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទាក់ទិន​នឹង​អត្ថបទ​កំណាព្យ​របស់​ព្រះអង្គ​រឿង​កូវីដ១៩។

ព្រះតេជព្រះគុណ​មាន​ថេរដីកា ប្រាប់​អាស៊ីសេរី ពី​កន្លែង​លាក់ខ្លួន​មក​ថា ព្រះអង្គ​បាន​ទៅដល់​ទីកន្លែង​សុវត្ថិភាព​ហើយ​តែ​នៅ​មិន​ប្រាកដ​ថា អាជ្ញាធរ​នឹង​ចាប់​ព្រះអង្គ​នៅ​ពេល​ណា​នៅឡើយ​ទេ។

ព្រះតេជព្រះគុណ​បាន​បន្ត​ថា មូល​ហេតុ​ដែល​អាជ្ញាធរ​តាម​ចាប់ខ្លួន​ព្រះអង្គ​នេះ​ដោយសារតែ​កាលពី​ថ្ងៃ​ទី​២០ មីនា​កន្លង​ទៅ​នេះ ព្រះអង្គ​បាន​បង្ហោះ​កំណាព្យ​តាម​គេហទំព័រ​ហ្វេសប៊ុក អំពី​ជំងឺ​កូវីដ១៩ ដែល​កំពុង​រាតត្បាត​ជា​សកល និង​ការចូលរួម​របស់​ព្រះអង្គ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​លោក អ៊ូច ឡេង កាល​ពី​ពាក់​កណ្តាល​ខែ​មីនា កន្លង​ទៅ នៅ​ពីមុខ​តុលាការ​ខេត្ត​ក្រចេះ​៖ «ចំណាត់ការ​ពី​រដ្ឋាភិបាល​មក​លើ​អាត្មា​ដែល​ជា​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ​រួច ជា​រូប​អាត្មា​គឺ​វា​អយុត្តិធម៌​ណាស់​របប​រាល់ថ្ងៃ​គឺ​របប​ព្រៃផ្សៃ​មែនទែន»។

នៅ​ក្នុង​អត្ថបទ​កំណាព្យ​ដែល​មាន​ចំណងជើង​ថា​ «​ព្រោះតែ​កូ​រ៉ូ​ណា​» ​ដែល​សូត្រ​ដោយ​ព្រះ​តេជគុណ វឿន វាសនា បាន​ធ្វើ​ការ​ប្រៀបធៀប​ជំងឺ​កូវីដ​១៩​ថ្មី នេះ​កំពុង​កើតឡើង​នេះ​បាន​បង្ក​ភាព​វឹកវរ​ដល់​ព្រះឥន្ទ​ដែល​មិន​អាច​ដោះស្រាយ​បាន៖ «ព្រោះតែ​កូរ៉ូណា ទេព្ដាញាក់​សាច់ ព្រះឥន្ទ​ប្រកាច់​ស្ទើរ​ដាច់​ខ្យល់​ហើយ អ្នកតា​ស្រែកយំ​ទុក្ខ​ធំ​ឥត​ស្បើយ អារក្ស​ដង្ហោយ​ស្រែក​ឱ្យ​គេ​ជួយ»

ព្រះតេជព្រះគុណ វឿន វាសនា ធ្លាប់​ជា​អតីត​បេក្ខភាព​ក្រុមប្រឹក្សា​ស្រុក ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១៧ កូតា​គណបក្ស​សង្គ្រោះជាតិ។ ព្រះអង្គ​ក៏​ធ្លាប់​បាន​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ​ជាមួយ​លោក​ឈុត វុទ្ធី និង លោក កែម ឡី កាល​អ្នក​ទាំងពីរ​មិនទាន់​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

លោក សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) បញ្ជាក់​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ពី​ព្រះអង្គ​ផង​ដែរ តែ​នៅ​មិនទាន់​ដឹង​ថា ដំណើរ​រឿង​នេះ​យ៉ាងណា​នោះ​ទេ​។ តែ​ទោះជា​យ៉ាងណា​លោក​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​បើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សំដែង​មតិ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «អាជ្ញាធរ​មិន​គួរ​មាន​ចំណាត់​ការ​ទៅលើ​ព្រះអង្គ​ទេ ផ្ទុយទៅវិញ​គួរតែ​មាន​ការ​បើក​ចិត្ត​ឱ្យ​ទូលាយ​ទទួល​នូវ​រាល់​ព័ត៌មាន​ដែល​បាន​លើកឡើង​អំពី​បញ្ហា​ទុក្ខ​កង្វល់ អំពី​ការ​ព្រួយបារម្ភ​ហ្នឹង​ទាំងអស់​ទៅវិញ​ទេ​ដើម្បី​រក​នូវ​ដំណោះស្រាយ​ពីព្រោះ​ក្នុងនាម​ជា​រដ្ឋាភិបាល​ដឹកនាំ​រដ្ឋ គួរ​តែ​មាន​ការ​ទទួល​នូវ​មតិ​រិះគន់​ឬក៏​មតិ​បញ្ចេញ​នៅ​យោបល់​ទាំងអស់​ហ្នឹង​ដើម្បី​រក​នូវ​ដំណោះស្រាយ ដើម្បី​ឱ្យ​ឆ្លើយតប​ទៅ​ហ្នឹង​បញ្ហា​ព្រួយបារម្ភ​នឹង​កង្វល់​ទាំងអស់​ហ្នឹង​គឺជា​រឿង​ដែល​គួរ​ធ្វើ​ហើយ​ជា​រឿង​ដែល​ល្អ​ប្រសើរ​បំផុត»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បញ្ជាក់​ថា រាល់​ការ​បញ្ចេញ​សារ​ណាមួយ​ដែល​មិន​ត្រឹមត្រូវ​នឹង​ត្រូវ​ទទួល​ទោស៖ «ការ​ភៀសខ្លួន​នេះ​ជួនកាល​គាត់​ភ័យ​ខ្លួន​គាត់ ជូន​កាល​គាត់​មានខ្លួនៗ គាត់​ក៏​ថា​បាន ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​សារ​របស់​គាត់​នោះ​ទេ។ បើ​សារ​បញ្ចេញមតិ​ធម្មតា​វា​មិន​អី​ទេ​ក្រែង​លោ​សារ​នោះ​ក្នុង​ចេតនា​ទុច្ចរិត​បង្ក ភាព​ចលាចល បាតុភាព​ផ្សេងៗ​ក្នុង​សង្គម​អាហ្នឹង​អាច​នាំ​ឱ្យ​គាត់​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់»។

ការសម្រេចចិត្ត​ភៀសខ្លួន​របស់​ព្រះតេជព្រះគុណ វឿន វាសនា បាន​កើតមានឡើង​ក្រោយពី​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ២៤​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ដើមខែ​មករា​រហូតដល់​ចុងខែ​មីនា​នេះ ដោយសារតែ​ពួកគេ​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាក់ទិន​នឹង​រឿង​ជំងឺ​កូវីត​១៩ និង​ពី​បទ​រួមគំនិត​ក្បត់​ជាមួយ​លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ។ មាន​សំណុំរឿង​ខ្លះ​បាន​កើត​មាន​ឡើង​តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ក៏​សមត្ថកិច្ច​យក​មក​ធ្វើជា​ដើមចម​សម្រាប់​ចាប់​មនុស្ស​យក​ទៅ​ដាក់​ក្នុង​មន្ទីរឃុំឃាំង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ព្រះសង្ឃ​មួយ​អង្គ​បាន​ភៀស​ព្រះកាយ​រក​កន្លែង​សុវត្ថិភាព​ក្រោយ​ពី​បាន​បង្ហោះ​កំណាព្យ​រឿង​កូវីត-១៩"

  1. Anonymous says:

    please do not kill the monk if you do that mean you are the very true evil.