អ្នកវិភាគ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កម្ពុជា និង​ចិន​គឺ​ដើម្បី​ពង្រឹង​អំណាច​ត្រកូល​ហ៊ុន

ដោយ ហេង រស្មី
2020-04-01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជារូប៖ ហ្វេសប៊ុក General Tea Banh


សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ មីនា។ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា អះអាង​ថា សមយុទ្ធ​យោធា​លើក​នេះ​នឹង​បង្កើន​សមត្ថភាព​កងទ័ព​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ថា គ្រាន់តែ​ជា​ការ​ពង្រឹង​អំណាច​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្លែង​ពេល​បិទ​សមយុទ្ធ​យោធា​ថា លំ​ហាត់​សមយុទ្ធ​នាគ​មាស​២០២០ មាន​រយៈ​ជិត​កន្លះ​ខែ​នេះ គឺជា​លំហាត់​មួយ បាន​បន្សល់ ទុក​នូវ​និមិត្តសញ្ញា​មួយ​ដ៏​រឹងមាំ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​នៃ​ប្រទេស​ទាំងពីរ និង​កិច្ច​សហប្រតិបត្តិការ មិត្តភាព រវាង​ប្រទេស​ទាំងពីរ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងពីរ​ផង​ដែរ។

លោក ទៀ បាញ់ ប្រាប់​អាស៊ីសេរី​ថា បទពិសោធន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​សមយុទ្ធ​យោធា​លើក​នេះ​នឹង​ធ្វើ​ឱ្យ​កងទ័ព​កម្ពុជា​មាន​ភាព​រឹងមាំ​ដើម្បី​ការពារ​ជាតិ​របស់​ខ្លួន៖ «ច្បាស់​ណាស់​បទពិសោធន៍​នេះ​យើង​មិន​អាច​ប៉ាន់​តម្លៃ​ថា វា​មាន​ទំហំ​ធំធេង​ប៉ុណ្ណា ឬក៏​លទ្ធផល​យ៉ាងណា​យ៉ាង​ណី ក៏ប៉ុន្តែ​ភាព​ជាក់ស្ដែង​របស់​យើង​ធ្វើ​ឱ្យ​យើង​មាន​ភាព​ប៉ិនប្រសព្វ​ឡើង ចេញ​ដឹង​កាន់តែ​ខ្ពស់​ខ្ពស់​ឡើង​នៃ​ការ​ប្រើប្រាស់​គ្រឿង​សព្វាវុធ​ក្តី​។​ការរៀបចំ​ផែនការ​ដើម្បី​ទប់ស្កាត់ ឬក៏​បង្ការ បង្ក្រាប​ទៅលើ​អ្វី​ដែល​ជា​មុខសញ្ញា​អ្វី ជា​គោលដៅ​ដែល​យើង​ត្រូវ​ធ្វើ​ហ្នឹង​គឺ​វា​បាន ហៅថា​វា​បាន​ល្អ​ប្រពៃ​ឡើងជា​បន្តបន្ទាប់​ជាក់​ជា​មិនខាន»។

សមយុទ្ធ​នាគ​មាស​ប្រចាំ​ឆ្នាំ​លើក​ទី​បួន​រវាង​កង​ទ័ព​ប្រជាជន​ចិន និង​កងទ័ព​កម្ពុជា​លើក​នេះ​បាន​កើត​​មាន​ឡើង​ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​ទាំងអស់ នៅ​លើ​សាកលលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ ការ​រីក​រាលដាល ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម Covid-19។

អ្នក​ហ៊ាន​និយាយ​រិះគន់​ឥត សំចែ​លោក គឹម សុខ ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស មាន​ប្រសាសន៍​ថា សមយុទ្ធ​យោធា​លើក​នេះ​ពុំ​មែន​ជា​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​កងទ័ព​ខ្មែរ​នោះ​ទេ ហើយ​មើល​ទៅ​គឺ​គ្រាន់តែ​ជា​គោលដៅ​នៃ​ការ​ពង្រឹង​អំណាច​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ។

លោក​និយាយ​ថា ពីព្រោះ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ប្រទេស​ទាំងពីរ​គួរតែ​ប្រែក្លាយ​សមយុទ្ធ​នេះ​ទៅជា​យុទ្ធនាការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រវាង​កង​ទ័ព​កម្ពុជា​និង​កងទ័ព​ចិន​ក្នុង​វិស័យ​ពេទ្យ​ដើម្បី​ឆ្លើយតប​នឹង​គ្រោះអាសន្ន​ជាក់ស្ដែង។

លោក​អះអាង​ថា ប្រទេស​ទាំងពីរ​បែរ​ជា​យក​អាវុធ​មក​បបួលគ្នា​បាញ់​ចោល​ដើម្បី​បន្លាច​ពលរដ្ឋ​ខ្មែរ នៅ​ពេល​ដែល​ពលរដ្ឋ​កំពុង​តែ​ភ័យខ្លាច​នឹង​កូវីដ​១៩​ផង ហើយ​ការ​ចូល​របស់​កងទ័ព​ចិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បារម្ភ​ពី​លទ្ធភាព​នៃ​ការឆ្លង​នៃ​ជំងឺ​នេះ​ដល់​ទាហាន​ខ្មែរ​ថែម​ទៀត​ផង៖ «ក្នុង​គោលការណ៍​ចិន​ជា​នយោបាយ​ចិន​គាំទ្រ ព្រះមហាក្សត្រ​មុន ហ៊ុន សែន ដូច្នេះ​ក្នុង​រឿង​យោធា​ក៏​មាន​ដំណើរ​ស្របគ្នា​បែបនេះ​ដែរ។ ចិន​ដឹង​ថា លោក​ហ៊ុន សែន គ្រាន់តែ​ចង់​បោក​ចិន​យក​ឥទ្ធិពល​ចិន​អាវុធ និង​លុយ​ចិន​ទៅ​ការពារ​អំណាច​គ្រួសារ​របស់​គាត់​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ចិន​ក៏​ដឹង​ដែរ​មិន​ល្ងង់​ទេ ហើយក៏​អាច​កំដរ​លោក ហ៊ុន សែន តាម​ដំណើរ​អ៊ីចឹង​ទៅ»។

ប្រទេស​កម្ពុជា​បាន​លុបចោល​សម​យុទ្ធ​យោធា «ឆ្នាំ​អង្គរ» ជាមួយ​សហរដ្ឋអាមេរិក និង​សមយុទ្ធ​យោធា ដន​គោព្រៃ (Dawn Kouprey)ជាមួយ​ប្រទេស​អូស្ត្រាលី​កាលពី​ចុង​ឆ្នាំ២០១៧ ហើយ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​មិនដែល​និយាយ​ដល់​ការរៀបចំ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​លោក​សេរី​ទាំងពីរ​នេះ​វិញ​ឡើយ។

ទោះជា​យ៉ាងណា​អ្នកវិភាគ​លោក គឹម សុខ ធ្លាប់​លើកឡើង​ថា ការ​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​ប្រទេស​ចិន និង​ការ​បដិសេធ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​លោក​ខាង​លិច​ក្នុង​ពេល​កន្លង​ទៅ បាន​ធ្វើ​ឱ្យ​កម្ពុជា​ដើរ​ឃ្លាតឆ្ងាយ​បន្តិច​ម្តងៗ ពី​ក្រុម​មហាអំណាច​លោក​សេរី​នៅ​លើ​វិស័យ​ការពារ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នកវិភាគ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កម្ពុជា និង​ចិន​គឺ​ដើម្បី​ពង្រឹង​អំណាច​ត្រកូល​ហ៊ុន"

  1. Anonymous says:

    Of course they are the communist killers’ so they do anything to protected their power ,their money, their property, their families .Who ever talk truly or oppose they get jail or killed ‘ this is the crooks communist people’