សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រង​ការ​រិះ​គន់​ និង​បង្កើន​ការ​ព្រួយ​បារម្ភ

នយោបាយ
01 មេសា 2020
អូន ឆេងប៉រ
វីអូអេខ្មែរ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង ចូលរួមពិធីបុណ្យឯករាជ្យជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង ចូលរួមពិធីបុណ្យឯករាជ្យជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ភ្នំពេញ — សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ «ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាពអាសន្ន»​ ត្រូវ​បាន​ចែក​រំលែក​ជា​សាធារណៈកាល​ពី​ថ្ងៃ​អង្គារ​ ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​កើត​ឡើង​ជា​បន្ត​បន្ទាប់​ថា​ ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ​និង​គ្រប់គ្រង​អំណាច​បន្ថែម​ទៀត​របស់​គណបក្ស​កាន់​អំណាច​លើ​ប្រជា​ពលរដ្ឋ។​

សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​អនុម័ត​ជា​ប្រញាប់​ដោយ​គណៈ​រដ្ឋមន្រ្តី ​ដោយ​មិន​រង់​ចាំ​ការ​ពិភាក្សា​ច្រើន​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​ដែល​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​ពិនិត្យ​ពិភាក្សា។ ​សេចក្តី​ព្រាង​ច្បាប់​នេះ មិន​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ក្នុង​ពី​អង្គការ​សង្គម​ស៊ីវិល ​និង​សាធារណជន​ដើម្បី​ចូលរួម​ផ្តល់​យោបល់​នោះ​ទេ។​

ការ​រៀបចំ​ច្បាប់​ថ្មី​ជា​បន្ទាន់​នេះ​កើត​ឡើង​ នៅ​ចំពេល​ដែល​កម្ពុជា​និង​បណ្ដា​ប្រជាជាតិ​នានា​ទូទាំង​ពិភព​លោក​កំពុង​តែ​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​ COVID-19​ ហើយ​លោក​ហ៊ុនសែន​លើក​ឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​ខ្វះ​ឧបករណ៍​ផ្លូវ​ច្បាប់​ ដើម្បី​អនុវត្ត​មាត្រា​២២​នៃ​រដ្ឋ​ធម្មនុញ្ញ​ស្ដីពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ក្នុង​ករណី​ដែល​មាន​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ណា​មួយ។​

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​មាន​ប្រសាសន៍​ថា ​ វា​ជា​រឿង​ធម្មតា ដែល​ប្រទេស​មួយ​ត្រូវ​មាន​ខ្លឹមសារ​ច្បាប់​ទាក់​ទង​នឹង​ការដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​អាសន្ន។ ​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​អំពី​ការ​រៀបចំ​ផ្ដាច់​មុខ​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​តាក់​តែង​ខ្លឹមសារ​ច្បាប់​នេះ ​ដោយ​ខ្វះ​ការ​ចូលរួម​មតិ​ពី​សង្គម​ស៊ីវិល ​និង​សាធារណ​ជន។​

«ដើម្បី​ធានា​ថា ​ច្បាប់​នេះ​វា​មិន​មែន​ប្រើប្រាស់​តែ​សម្រាប់​ករណី ​COVID-19​ ណា៎​ អ៊ីចឹង​យើង​នៅ​តែ​យល់​ថា ​ភាព​ចាំបាច់​នៃ​ការ​ពិគ្រោះ​យោបល់​គឺ​គួរ​តែ​កើត​មាន​ច្រើន​ហើយ​ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​វេលា​នេះ ​អាណត្តិ​នេះ ​គឺ​ជា​អាណត្តិ​កម្ពុជា​មាន​សភា​ឯកបក្ស​ទៅ​ទៀត​ អ៊ីចឹង​គេ​ហៅ​ថា​ យើង​នៅ​តែ​ប្រមើ​មើល​ឃើញ​អំពី​ការ​បារម្ភ​ច្រើន​នៃ​ការ​អនុវត្ត​ច្បាប់​នេះ​ បើសិន​ជា​វា​ខ្វះ​ការ​ពិគ្រោះ​យោបល់»។​


បើ​តាម​រដ្ឋ​ធម្មនុញ្ញ ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា ការ​ប្រកាសដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​មហា​ក្សត្រ ​អម​ជាមួយ​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ​និង​ប្រធាន​រដ្ឋ​សភា ​និង​ប្រធានព្រឹទ្ធ​សភា។​ ប៉ុន្តែ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ​«ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​រាជ​ក្រឹត្យ»​តែ​ប៉ុណ្ណោះ។​

ជា​ធម្មតា ​នៅ​ពេល​ព្រះ​មហា​ក្សត្រ​អវត្ត​មាន​ក្នុង​ប្រទេស​ លោក ​សាយ ឈុំ ​ ប្រធាន​ព្រឹទ្ធ​សភា​និង​ជា​អនុ​ប្រធាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​ជំនួស។​

លោក​ ឡេង ប៉េងឡុង​ អគ្គ​លេខាធិការ​រដ្ឋសភា ​ឱ្យ​ដឹង​ថា​ រដ្ឋសភា​អាច​នឹង​បន្ត​នីតិ​វិធី​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​នៅ​ដំណាក់​កាល​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​មុន​នឹង​ដាក់​ជូន​សម័យ​ប្រជុំ​ពេញ​អង្គ​ពិនិត្យ​អនុម័ត។ ​លោក​មិន​រំពឹង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អាច​ឆ្លង​ផុត​រដ្ឋសភា​ទាន់​ក្នុង​សប្ដាហ៍​នេះ​ទេ។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ត្រូវ​អនុម័ត​ដោយ​ងាយ​ស្រួល ​និង​គ្មាន​ឧបសគ្គ​ដោយ​សារ​រដ្ឋសភា​និង​ព្រឹទ្ធ​សភា ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ​អាច​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ជាអាទិ៍​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​ ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​ គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ ដែល​គំរាម​កំហែង​ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស។​ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​អាច​ផ្ដល់​អំណាច​ពេញ​ទី​ឲ្យ​រដ្ឋាភិបាល ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដោយ​របប​អាជ្ញាសឹក​ ក្នុង​ករណី​ចាំបាច់។​

លោក​ Phil Robertson ​នាយក​រង​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​លើក​ឡើង​ថា​ ការ​តាក់​តែង​ច្បាប់​នេះ​ បង្ហាញ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ «មិន​ទាន់​ពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​ការ​គ្រប់​គ្រងទាំង​ស្រុង​[របស់​លោក]»​ ទៅ​លើ​គ្រប់​ស្ថាប័ន​នយោបាយ​កំពូលៗ​របស់​ជាតិ​នៅ​ឡើយ។​

លោក​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ថា៖ ​«ក្រឹត្យ​ច្បាប់​នេះ​ គឺ​ជាការ​វាយ​ប្រហារ​បង្ហើយ​ជីវិត​របប​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ពី​ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​បញ្ចប់​ទាំង​ស្រុង​និង​ជាចុង​ក្រោយ​លើ​រាល់​បណ្ដា​សេរីភាព​ផ្នែក​ពលរដ្ឋ​និង​សេរីភាព​នយោបាយ​ដែល​នៅ​សេស​សល់»។​

ច្បាប់​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទោស​ធ្ងន់​ទៅ​ដល់ ​១០​ឆ្នាំ ​ចំពោះ​ជន​ណា​ដែល​រារាំង​ដល់​កិច្ច​ប្រតិបត្តិការ​ពេល​ប្រទេស​ជាតិ​ស្ថិត​នៅក្នុង​ភាព​អាសន្ន​ កាល​បើ​អំពើ​នេះ​នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ​ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។​

កន្លង​ទៅ​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​ថា​«បាន​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​និង​សណ្តាប់​ធ្នាប់​សាធារណៈ»​និង​បាន​លើក​ឡើង​ជា​រឿយៗ​ អំពី​ការ​លូក​ដៃ​របស់​បរទេស​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​

លោក ​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​រស់​នៅ​ប្រទេស​បារាំង​ បាន​លើក​ឡើង​ថា ​ជំនួស​ការ​ប្រើប្រាស់​ធនធាន​តាក់តែង​ច្បាប់​នេះ​ រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​គួរតែ​ផ្ដោត​ជា​អាទិភាព​លើ​ចំណុច​ចំនួន​ពីរ​គឺ​ទីមួយ​ការពារ​ពលរដ្ឋ​ពី​ការ​ឆ្លង​ជំងឺ ​និង​ទីពីរ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ និង​មុខ​របរ​របស់​ពលរដ្ឋ។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ កាល​ពី​ថ្ងៃ​អង្គារ​ថា៖ ​«របប​លោក ​ហ៊ុន សែន ​នេះ​គឺ​អាច​យក​ជំងឺ​ COVID​ នេះ ​ដើម្បី​មក​គាប​សង្កត់​ប្រជាពល​រដ្ឋ​ទៅ​វិញ​ទេ ​មិន​ដោះ​ស្រាយ​ អាទិភាពចម្បង​ទាំង​ពីរ​ដែល​ខ្ញុំ​រៀបរាប់​ពី​ខាង​លើ​អម្បាញ់​មិញ​នេះ ​គឺ​មើល​រំលង​ តែបែរ​មក​ចាត់​វិធាន​ការ​រឿង​នយោបាយ​រឿង​ចាប់​ចង ​រឿង​បំបិទ​សិទ្ធិ ​បំបិទ​មាត់​ប្រជា​ពលរដ្ឋ​ទៅ​វិញ»។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​រដ្ឋាភិបាល​អាច​ហាម​ឃាត់ ​ឬ​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ដូច​ជា​ការ​ដើរ​ហើរ​ ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ ការ​ប្រកប​មុខ​របរ​ការ​ចែក​ចាយ​ព័ត៌មាន​ដែល​បង្ក​«ចលាចល​ឬ​ដែល​នាំឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ»​និង​បើក​សិទ្ធិ​អំណាច​ឱ្យ​រដ្ឋាភិបាល​តាម​ដាន​ឃ្លាំ​មើល​«ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព»។​

លោក​ យ៉ង សាំងកុមារ​ ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​ចោទ​សួរ​អំពី​ភាព​ចាំបាច់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ដែល​ត្រូវ​ចែង​លម្អិត​អំពី​វិធាន​ការ​ជាក់​ស្ដែង ​ឈាន​ទៅ​ដល់​ករណី​អាសន្ន​ផ្សេងៗ​ទៀត។​

«វា​អត់​ទាន់​ទាមទារ​ឱ្យ​មាន​ដាក់​អ្វី​នៅ​ក្នុង​ហ្នឹង​តាំង​ពី​បិទ​សិទ្ធិ​សេរីភាព។ ​ រឿង​ហាម​នេះ​ហាម​នោះ​ អាហ្នឹង​វា​មិន​ចាំ​បាច់ដាក់​ទៅ​ក្នុង​ហ្នឹង​ធ្វើអ្វី?​វា​រក​កន្លែង​ចាំ​បាច់​មិន​ទាន់​ឃើញ។ តើ​ធ្វើ​ក្នុង​គោល​បំណង​អ្វី ​អាហ្នឹង​ហ្អា?»​

អតីត​មេដឹកនាំ​សង្គម​ស៊ីវិល​ដែល​ក្លាយ​ជា​អ្នក​នយោបាយ​រូប​នេះ ​លើក​ឡើង​ថា​ ការ​ហាម​ឃាត់​ឬ​វិធាន​ការ​លម្អិត ​គួរ​តែ​ត្រូវដាក់​ក្នុង​ព្រះរាជ​ក្រឹត្យ​ដែល​ប្រកាស​ភាព​អាសន្ន​ក្នុង​សភាព​ជាក់​ស្ដែង ​មិន​មែន​ដាក់​ក្នុង​ច្បាប់​ជា​រួម​ទេ។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន ​បាន​ថ្លែង​ថា ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ច្បាប់​នេះ ដោយ​លោក​ថា​ កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​មួយ​ដែល​មាន​ច្បាប់​នេះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជា​បន្ទាន់​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ចន្ទ ​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ការពារ​ថាច្បាប់​នេះ​មិន​មែន​ធ្វើ​ឡើង​ ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង​នោះ​ទេ ​គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ ​ដែល​លោក​សំដៅ​លើ​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​នៅកម្ពុជា។​ លោក​បន្ត​ថា ​បើ​ទោះ​ជា​មាន​ច្បាប់​នេះ ​ក៏​មិន​មែន​មាន​ន័យ​ថា​ នឹង​មាន​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែរ៕​

រាយ​ការណ៍​បន្ថែម​ដោយ​លោក​ សុខ ខេមរា

What Next?

Recent Articles

3 Responses to "សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រង​ការ​រិះ​គន់​ និង​បង្កើន​ការ​ព្រួយ​បារម្ភ"

  1. Anonymous says:

    Law of mafia groups’

  2. Target says:

    សេចក្ដីព្រាងច្បាប់គ្រាមានអាសន្នដើម្បីដាក់លើប្រទេសដ៏កំសត់ដែលដឹកនាំដោយរបប ហ៊ុនសែន មួយនេះត្រូវបាន មហាជនខ្មែរទូទាំងប្រទេស រិះគន់ !តេះដៀល ! ជេរបញ្ចោរ !ច្រាស់ឆ្អេះ!ដាក់បណ្ដាស់សារ!ពីគ្រប់ស្រទាប់វណ្ណៈនេះគឺអ្វីដែលខ្ញុំបានដើរសួរបងប្អូនប្រជាពលរដ្ធរស់នៅក្នុងក្រុងភ្នំពេញក្នុងថ្ងៃនេះ។៩៨%មហាជនលោកយល់ថានេះគឺជាកល្បិចអាក្រក់របស់ ហ៊ុនសែន ដើម្បីដាក់លើប្រជាពលរដ្ធណាដែលតវាក្នុងគ្រាអាសន្ននេះ។

  3. Anonymous says:

    you are 100%right Target for me I will never believing that ugly evil killer since the start. as a Cambodian born I felt so shameful to other nation in the whole world to have a low educated animal leader on art. how can any one say HUN SEN was a high educated Cambodian?? it is not that hart to know from the words and action . HUN SEN was not only ugly we can see this evil man is so ugly from inside out. this new law will make this evil killer to murder more Cambodian I have no though about it. from 1979 up to this day this evil group leading this nation through their secreted communist party leader HUN SEN the former Khmer Rue killer . wake up Cambodian this guy will destroy every thing . please find out what did this evil already done to this nation. 2020 is the year end to this ugly evil man that was not recognize from world community. please believing me all world leader they did not like HUN SEN . I knew they just going along white him because they knew if they top him down he will kill more Cambodian. over all world community think more about Cambodian not HUN SEN leadership. GOD bless Cambodia and it’speople