កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក សូត សុខប្រាថ្នា | ០២ មេសា ២០២០ | ម៉ោង ៩:៥៤ ព្រឹក
VOD

ពលរដ្ឋមួយចំនួនមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)
ក្រសួងសុខាភិបាលបានអះអាងនៅថ្ងៃនេះថា បានរកឃើញអ្នកមានជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ខណៈមនុស្សដែលមានជំងឺនេះចំនួន ៩នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយបន្ថែមទៀត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍ ដោយគិតត្រឹមម៉ោង ៧ព្រឹកនេះ បានឱ្យដឹងថា មានបុរសខ្មែរម្នាក់អាយុ ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុ រកឃើញថាមានជំងឺកូវីដ១៩ ហើយបុរសរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងសណ្ឋាគារមួយនាខេត្តព្រះសីហនុ។
ក្រសួងបញ្ជាក់ថា បុរសរូបនោះ ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំងដែលមានវីរុសកូវីដ១៩ ដែលបានរកឃើញនៅក្នុងសណ្ឋាគារមួយនៅខេត្តព្រះសីហនុ។
ជាមួយគ្នានេះ ក្រសួងអះអាងថា មានមនុស្ស ៩នាក់ទៀត ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយ រួមមានជនជាតិខ្មែរ ១នាក់ រស់នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក ១នាក់ នៅរាជធានីភ្នំពេញ និងជនជាតិបារាំង ៧នាក់ នៅខេត្តព្រះសីហនុ។
ក្រសួងបញ្ជាក់ថា ការជាសះស្បើយនេះ ក្រោយពេលធ្វើតេស្តទៅលើពួកគេ ដោយទទួលលទ្ធផលអវិជ្ជមានចំនួន ២លើក ក្នុងចំណោមពលរដ្ឋទាំងនោះ ហើយក៏អនុញ្ញាតឱ្យពួកគេចេញពីមន្ទីរពេទ្យហើយដែរ។ ដោយឡែក ជនជាតិបារាំង ៧នាក់ ដែលព្យាបាលជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលក្នុងសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ដើម្បីរង់ចាំវិលត្រឡប់ទៅប្រទេសបារាំងវិញ។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «ជាបណ្តោះអាសន្ន ពួកគាត់ [ជនជាតិបារាំង] ត្រូវបំបែកចេញពីជាន់ព្យាបាលមួយ សណ្ឋាគារមួយដែលដាក់អ្នកមានវីរុសកូវីដ១៩ នៅតាមបន្ទប់ដាច់ដោយឡែកៗពីគ្នា ឱ្យមកស្នាក់នៅជាន់មួយទៀត តាមបន្ទប់ៗដាច់ដោយឡែកពីគ្នាដែរ ដែលជាជាន់សម្រាប់អ្នកព្យាបាលជាសះស្បើយ»។
ប្រភពដដែល ឱ្យដឹងថា អ្នកមានជំងឺកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅកម្ពុជា មានចំនួន ១១០នាក់ ក្នុងនោះស្ត្រី ៣០នាក់ និងបុរស ៨០នាក់។
ក្នុងចំណោមអ្នករកឃើញជំងឺនេះទាំងអស់ អ្នកដែលបានព្យាបាលជាសះស្បើយសរុបមានចំនួន ៣៤នាក់ និងអ្នកកំពុងព្យាបាលជំងឺកូវីដ១៩ មានចំនួន ៧៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ក្រសួង លើកឡើងថា ក្រុមការងាររបស់ខ្លួនកំពុងស្រាវជ្រាវករណីថ្មីបន្តទៀត ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។