ដោយ អាស៊ីសេរី
2020-04-02
អាស៊ីសេរី

អ្នកជំនាញសុខាភិបាលកំពុងបំពេញការងារក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រ។

រូប៖ ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល ប្រកាសរកឃើញពលរដ្ឋខ្មែរម្នាក់ឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជាសះស្បើយពីជំងឺនេះមានចំនួន ៩នាក់បន្ថែមទៀត នៅថ្ងៃទី២ ខែមេសា។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យក្រសួងសុខាភិបាលកម្ពុជា បន្តខិតខំស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើតេស្តសុខភាពឲ្យបានច្រើនបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍ ព្រោះករណីវិជ្ជមានកូវីដ-១៩ ចុងក្រោយនេះភាគច្រើន គឺជាអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺមុនៗ។
ក្រសួងសុខាភិបាលប្រកាសថា ករណីថ្មីនេះ កើតលើបុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ រស់នៅក្នុង សណ្ឋាគារមួយនៃខេត្តព្រះសីហនុ។ បុរសរូបនេះ គឺជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ព្រមទាំងជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងចំនួន ២៩នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែមីនាកន្លងទៅ។ បច្ចុប្បន្នបុរសនេះ កំពុងដាក់ឱ្យសម្រាកព្យាបាលនៅក្នុងសណ្ឋាគារមួយនៅខេត្តព្រះសីហនុ។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ អ្នកស្រីឱសថការី លឹម សាមាន ថ្លែងប្រាប់អាស៊ីសេរីថា បុរសវិជ្ជមានកូវីដ-១៩ នេះ គឺត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ ចាប់តាំងពីថ្ងៃទី២២ ខែមីនាមក បន្ទាប់ពីដឹងថា គាត់ គឺជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺជនជាតិបារាំង។ អ្នកស្រី បន្តថា បុរសនេះ មិនបានទៅប៉ះពាល់ក្រុមគ្រួសារ និងអ្នកដទៃបន្តទៀតនោះទេ ចាប់តាំងពីពេលនោះមក៖ «ក្រោយគាត់ប៉ះពាល់ហើយពីរថ្ងៃ គឺយើងបានធ្វើតេស្តគាត់ម្តងហើយ តែវាអវិជ្ជមាន ទើបតែថ្មីៗ នេះគាត់ក្ដៅខ្លួន និងក្អក ក៏គាត់ធ្វើតេស្តម្ដងទៀត ហើយគាត់មានជំងឺនេះ។ គាត់នៅក្នុងសណ្ឋាគារនេះតែម្ដង ហើយតាំងពីថ្ងៃនោះមក អត់មានអ្នកណាចេញពីក្នុង (សណ្ឋាគារ) នេះទេ។ សុខភាពគាត់អត់មានអីគួរឲ្យព្រួយបារម្ភទេ។ គាត់មានក្អក និងមានក្ដៅខ្លួនតិចតួច»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរចំពោះអ្នក ដែលអ្នកជាសះស្បើយ ប៉ុន្តែលោកនៅតែជំរុញឲ្យក្រសួងសុខាភិបាល បន្តស្រាវជ្រាវរកអ្នកប៉ះពាល់ ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ និងធ្វើតេស្តសុខភាពពួកគេឲ្យបានលឿនបំផុត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍។ ទន្ទឹមគ្នា លោក យល់ថា មនុស្សដែលធ្វើការតាម ខារ៉ាអូខេ កាស៊ីណូ និងតាមសណ្ឋាគារ ក៏គួរតែយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាពរបស់ ពួកគេឲ្យបានដិតដល់ដែរ ព្រោះកន្លែងការងាររបស់ពួកគេ គឺមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ៖ «ករណីនេះ ខ្ញុំគិតថា បើក្រសួងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលទាំងអស់ គឺអាចទប់ស្កាត់ការរីករាលដាលបាន តែបើថា បើរកអ្នកពាក់ព័ន្ធមិន បានទាំងអស់ទេ គឺនៅតែជាការព្រួយបារម្ភ និងហានិភ័យពីការគំរាមកំហែងពីកូវីដ–១៩ នៅតែមាននៅឡើយ ដោយសារយើងឃើញថា អ្នកពាក់ព័ន្ធផ្សេងៗ នៅមានការឆ្លងជាបន្តបន្ទាប់»។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២ ខែមេសា នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១០នាក់ហើយក្នុងនោះ មានចំនួន៧៦ករណី កំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ខណៈចំនួន ៣៤ករណី បានជាសះ ស្បើយពីជំងឺ។ ក្រសួងអះអាងថា ក្រុមការងាររបស់ខ្លួនកំពុងស្រាវជ្រាវករណីថ្មីបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងថា កម្ពុជារកមិនឃើញអ្នកឆ្លងជំងឺកូវីដ-១៩បន្ថែម ត្រឹមព្រឹកថ្ងៃទី១ មេសា
- HRW ស្នើឱ្យអាជ្ញាធរកម្ពុជាកម្រិតការផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ដើម្បីកុំឱ្យមានការរើសអើង អំឡុងវិបត្តិជំងឺកូវីដ-១៩
- ក្រសួងសុខាភិបាលមិនបញ្ជាក់លម្អិតករណីរកឃើញនារីបម្រើការនៅខារ៉ាអូខេម្នាក់ឆ្លងជំងឺកូវីដ-១៩
- រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យម៉ាឡេស៊ីយកយន្តហោះដឹកពលរដ្ឋរបស់ខ្លួនជាង ១រយនាក់ចេញពីកម្ពុជា
- ពលករខ្មែរនៅថៃខ្លះអត់ការធ្វើខណៈរដ្ឋាភិបាលថៃប្រកាសប្រើច្បាប់អាសន្នទប់ទល់ជំងឺកូវិដ១៩
- Human Rights Watch ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ និងឃុំខ្លួនអ្នកបញ្ចេញមតិរឿងជំងឺកូវីដ-១៩
- លោក កឹម សុខា ចេញសារអំពាវនាវឲ្យមានតម្លាភាព និងភាពស្មោះត្រង់អំពីការបង្ហាញព័ត៌មាន
- លោក ហ៊ុន សែន បញ្ជាអាជ្ញាធររាជធានីខេត្ត ឱ្យត្រៀមទីតាំងសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩
- អ្នកវិភាគថា ការលាក់ព័ត៌មានមន្ត្រីជាន់ខ្ពស់ខ្មែរដែលផ្ទុកកូវីដ-១៩ យូរ គឺជានយោបាយក្បត់ពលរដ្ឋ
- យុវជនស្នើឱ្យបញ្ឈប់ការរើសអើងសហគមន៍ចាម ដោយសាររឿងជំងឺកូវីដ-១៩