ដោយ អាស៊ីសេរី
2020-04-02
អាស៊ីសេរី

អ្នកសហគមន៍ស្រែប្រាំង ខេត្តត្បូងឃ្មុំ ជិត ១០០នាក់ ប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តនេះ ដែលគ្រោងកាត់ក្ដីលោក សែម សាង ជាតំណាងពួកគាត់ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

រូប៖ សហគមន៍
សាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចលើកពេលសវនាការជំនុំជម្រះក្ដី លើសំណុំរឿងតំណាងសហគមន៍ត្រពាំងព្រីង៧នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដោយសារជំងឺរាតត្បាតកូវីដ១៩។
អ្នកនាំពាក្យតុលាការ លោក ថេង ជាង ប្រាប់អាស៊ីសេរី នៅថ្ងៃទី២ ខែមេសាថា ការប្រកាសពន្យារពេលសំណុំរឿងព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី១ ខែមេសា ព្រោះតែប្រធានចៅក្រមជំនុំជម្រះ អ្នកស្រី ហៃ ណៃហេង បារម្ភពីបញ្ហាជំងឺឆ្លងជំងឺកូវីដ១៩។ លោកបញ្ជាក់ថា នៅពេលណាចៅក្រមសម្រេចបើកសវនាការឡើងវិញ ខាងរដ្ឋបាលតុលាការ នឹងជូនដំណឹងទៅភាគីពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមខ្លួនចូលរួមសវនាការជាថ្មី។
តំណាងសហគមន៍ដីធ្លី ដែលមានលោក សែម សាង និងលោក ផុន ឈឿន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងពលរដ្ឋ ៥នាក់ទៀតនៅក្រៅឃុំ រងការចោទប្រកាន់ ពីបទប្រើហិង្សាដោយចេតនា គំរាមកំហែងថានឹងសម្លាប់ ធ្វើឲ្យខូចខាតដោយចេតនា ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប៉ះពាល់កម្មសិទ្ធិឯកជន ប្រព្រឹត្តនៅភូមិបុស្សស្នោ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៥។
តំណាងពលរដ្ឋ ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត ដោយគ្មានបង្ហាញដីកាចាប់ខ្លួន និងប្រាប់ពីមូលហេតុណាមួយឡើយ។
តំណាងពលរដ្ឋ លោក សែម ចំណាន ដែលត្រូវជាប្អូនជីដូនមួយលោក សែម សាង និងជាមនុស្សម្នាក់ក្នុងចំណោម ៧នាក់នោះ ថ្លែងថា នេះជាលើកទី៣ ហើយ ដែលតុលាការលើកពេលម្ដងហើយម្ដងទៀត ដោយទុកឲ្យសំណុំរឿងនេះអូសបន្លាយតទៅទៀត។ លោកយល់ថា នេះជារឿងអយុត្តិធម៌ និងមិនសមហេតុផល ដែលតុលាការយករឿងកាលពី ៥ឆ្នាំមុន ដោយផ្អែកតាមរបាយការណ៍អាជ្ញាធរមូលដ្ឋាន មកដាក់គំនាបលើប្រជាពលរដ្ឋស្លូតត្រង់ ដែលគ្រាន់តែចេញការពារដីធ្លី និងព្រៃសហគមន៍ទៅវិញ។
លោកស្នើដល់តុលាការ ឱ្យចុះស៊ើបអង្កេតរឿងនេះឲ្យច្បាស់ និងទម្លាក់ចោលរាល់បទចោទប្រកាន់មកលើពលរដ្ឋទាំង ៧នាក់ ដើម្បីឲ្យពួកគេមានសេរីភាព បានជួបជុំក្រុមគ្រួសារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងសហគមន៍ឡពាង សុំតុលាការភ្នំពេញ ពន្យារពេលចូលបំភ្លឺ រឿងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩
- អាជ្ញាធរខេត្តកោះកុង បដិសេធផ្ដល់ដំណោះស្រាយពលរដ្ឋ ១៩៧គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ
- ពលរដ្ឋមានជម្លោះដីធ្លី ៣នាក់ ចូលបំភ្លឺនៅតុលាការខេត្តកោះកុង រឿងបរិហារកេរ្តិ៍
- តុលាការខេត្តកោះកុង ហៅតំណាងពលរដ្ឋមានជម្លោះដីធ្លី ៦នាក់ ទៅបំភ្លឺតាមបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ
- មេធាវីស្នើចៅក្រមស៊ើបសួរទម្លាក់បទចោទលើមន្ត្រីអង្គការពន្លកខ្មែរ និងអ្នកឃុំប្រមេរ រឿងបង្ខាំងគ្រឿងចក្រក្រុមហ៊ុនចិន
- ពលរដ្ឋរងគ្រោះដោយសារទំនប់វារីអគ្គិសនី នៅសហគមន៍ក្បាលរមាស ខេត្តស្ទឹងត្រែង ៥២គ្រួសារ ខ្វះទឹកស្អាតប្រើប្រាស់
- ពលរដ្ឋថា មេការក្រុមហ៊ុនចិនបញ្ជាឲ្យអ្នកបើកគ្រឿងចក្របុកសម្លាប់អ្នកភូមិ ក្នុងវិវាទដីធ្លីនៅឃុំត្រពាំងព្រីងខេត្តត្បូងឃ្មុំ
- ពលរដ្ឋនៅឃុំត្រពាំងព្រីង ខេត្តត្បូងឃ្មុំ ប្ដូរវេនគ្នាយាមដីចម្ការទាំងយប់ទាំងថ្ងៃ ក្រោយពីមានសកម្មភាពរំលោភយកដីពីក្រុមហ៊ុនចិន
- អ្នកខេត្តត្បូងឃ្មុំជិត ២០០គ្រួសារ ស្នើសុំក្រសួងដែនដី ឱ្យដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន
- សហគមន៍មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន នាំគ្នាតវ៉ានៅសាលាខេត្តកោះកុង