លទ្ធផល​តេស្ត​បង្ហាញ​ថា កម្ពុជា​វិភាគ​រក​ជំងឺ​កូវីដ​-១៩ ក្រោម ១ ភាគរយ​ក្នុងចំណោម​ពលរដ្ឋ​សរុប

ដោយ មួង ណារ៉េត
2020-04-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេរោគ​​វីរុស កូរ៉ូណា (Coonavirus)

មេរោគ​​វីរុស កូរ៉ូណា (Coonavirus)

Photo: RFAH


របាយការណ៍​របស់​ក្រសួងសុខាភិបាល បង្ហាញ​ថា កម្ពុជា​ធ្វើតេស្ត​វត្ថុ​វិភាគ​រក​ជំងឺ​កូវីដ-១៩ ក្រោម ១ ភាគរយ​ក្នុងចំណោម​ពលរដ្ឋ​សរុប​ជាង ១៥ លាន​នាក់។ ក្រសួងសុខាភិបាល​ជូនដំណឹង កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ថា​សំណាក​វត្ថុ​វិភាគ​មនុស្ស ៥.៧៦៨ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​ធ្វើតេស្ត រក​ជំងឺ​នេះ។

ចំនួន​សំណាក​វត្ថុ​វិភាគ​ទាំង ៥.៧៦៨ នាក់ ដែល​ប្រមូល​បាន និង​ធ្វើតេស្ត​តាំងពី​ខែមករា ដល់​ខែ​មីនា ដែល​ជូនដំណឹង​កាលពី​ថ្ងៃ​ទី១ ខែ​មេសា ក្រសួងសុខាភិបាល មិន​បាន​បញ្ជាក់​លម្អិត​ថា តើ​ក្នុងចំណោម​នោះ មាន​ជនបរទេស​ប៉ុន្មាន និង​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់​នោះ​ទេ​។​

ប៉ុន្តែ បើ​ផ្អែក​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី២០ ខែ កុម្ភៈ ក្រសួង​នេះ បាន​អះអាង​ថា បាន​ធ្វើ​តេស្ត​សំណាក​វត្ថុ​វិភាគ​របស់​អ្នកដំណើរ និង​បុគ្គលិក​លើ​នាវា​ទេសចរ វ៉េស្ទើដាម​ដែល​នៅ​សេសសល់ ជិត ១​ពាន់ ៦​រយ​នាក់ (១.៥៨០)។

ទោះបីជា​គ្មាន​ប្រទេស​ណា នៅ​លើ​ពិភពលោក អាច​ធ្វើ​តេស្ត​លើ​ប្រជាពលរដ្ឋ​ខ្លួន​គ្រប់គ្នា​បាន​យ៉ាង​ណា​ក្តី ក៏​ចំនួន​សំណាក​វត្ថុ​វិភាគ​ដើម្បី​រក​ជំងឺ​កូវីដ​-១៩ ដែល​ក្រសួងសុខាភិបាល​ធ្វើ​លើ​មនុស្ស​តែ​ជាង ៥ ពាន់​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥ លាន​នាក់​បែបនេះ រង​ការ​រិះគន់​ថា ធ្វើ​បាន​តិចតួច​ស្តួចស្តើង​ខ្លាំង​ណាស់។

ជាង​នេះ​ទៅ​ទៀត គ្មាន​សេចក្តី​រាយការណ៍​ណាមួយ ដែល​ថា​បុគ្គលិក​សុខាភិបាល ដែល​ស្ថិតនៅ​ជួរមុខ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ ត្រូវ​បាន​ធ្វើតេស្ត​នោះ​ទេ។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា​ចំនួន​ប៉ុណ្ណេះ ទាប​ខ្លាំង​ណាស់ ហើយ​ជា​ការ​លេងសើច​ពេក​ណាស់​ដែរ​។ លោក​បន្ថែម​ថា នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​សូវ​យក​យកចិត្តទុកដាក់​បញ្ហា​នេះ​មែនទែន​នោះ​ទេ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA


លោក ប្រ៊ែដ អាដាម ថា បើ​កម្ពុជា​ពិតជា​យកចិត្តទុកដាក់​ក្នុង​រឿងនេះ​មែន ច្បាស់​ជា​ធ្វើតេស្ត​ឱ្យ​បាន​ច្រើន​ជាង​នេះ​។ ម្យ៉ាងទៀត​បើ​ចិន ដែល​ជា​មហាមិត្ត​របស់​កម្ពុជា​មែន​នោះ ចិន​ក៏​គួរ​បញ្ជូន​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​នេះ រ៉ាប់​ម៉ឺន​ឈុត ដើម្បី​ឱ្យ​កម្ពុជា​ធ្វើតេស្ត​ឱ្យ​បាន​ច្រើនជាង​នេះ ហើយ​ត្រូវ​ធ្វើតេស្ត​បុគ្គលិក​សុខាភិបាល​ទាំងអស់ រួម​ទាំង​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក និង​គិលានុបដ្ឋាយិកា និង​អ្នក​មើលថែ​អ្នកជំងឺ​តាម​ផ្ទះ​ផង​។ លោក​ថា បើ​គ្រាន់តែ​ធ្វើតេស្ត​ទៅ​តែ​អ្នក​ទាំងនេះ គឺ​ត្រូវ​មាន​ចំនួន​ច្រើន​លើស​តួលេខ​សរុប​នេះ​បាត់​ទៅ​ហើយ៖ «វា​រឿង​សំខាន់​ខ្លាំង​ណាស់ ដែល​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​នេះ លើ​មន្ត្រី​សុខាភិបាល​ទាំងអស់​។ ហេតុអ្វី​បានជា​ត្រូវ​ធ្វើ​ដូច្នេះ​ព្រោះ​ទីមួយ ដើម្បី​កុំ​ឱ្យ​ពួកគាត់​ចម្លង​មេរោគ​បន្ត​ទៅ​អ្នកជំងឺ​។ ទី​ពីរ​មន្ត្រី​សុខាភិបាល​ត្រូវតែ​មាន​សុខភាព​ល្អ ព្រោះ​បើ​មន្ត្រី​សុខាភិបាល​ឈឺ តើ​បាន​នរណា​ព្យាបាល​ពលរដ្ឋ​ដែល​ធ្លាក់ខ្លួន​ឈឺ»។

ការ​ធ្វើ​តេស្ត​បន្ថែម​លើ​ប្រជាពលរដ្ឋ​នៅ​តំបន់ ដែល​រក​ឃើញ​មាន​អ្នក​ផ្ទុក​ជំងឺ​នេះ គឺជា​វិធានការ​បង្ការ និង​ទប់ស្កាត់​មាន​ប្រសិទ្ធភាព ដែល​ប្រទេស​ជាច្រើន​កំពុង​អនុវត្ត​។ ជាង​នេះ​ទៅ​ទៀត អ្នក​ដែល​ត្រូវ​យក​សំណាក​វត្ថុ​វិភាគ​ជា​ចាំបាច់ គឺ​ជនបរទេស​ដែល​ធ្វើដំណើរ​មក​ពី​ក្រៅ​ប្រទេស ចូល​កម្ពុជា​ក្នុង​កំឡុង​ពេល ចាប់ពី​មាន​ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។ ចំណែក​ឯ​ពលករ​ខ្មែរ​ចំណាកស្រុក ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ជាង ៥ ម៉ឺន​នាក់ ចាប់ពី​ថ្ងៃ​ទី២៣ ខែ មីនា ក្រោយ​ថៃ​ប្រកាស​បិទ​ព្រំដែន ក៏​ត្រូវ​ធ្វើតេស្ត និង​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល យ៉ាង​ហោច ១៤ ថ្ងៃ​ដែរ​។ ប៉ុន្តែ គ្មាន​សេចក្ដី​រាយការណ៍​ណាមួយ ដែល​ថា​ក្រសួង​សុខាភិបាល បាន​យក​សំណាក​វត្ថុ​វិភាគ របស់​ពលករ​ទាំងនេះ​ទេ រហូត​មក​ដល់​ពេល​នេះ។

អ្វី​ដែល​រដ្ឋាភិបាល ចាត់ការ​បន្ទាន់ នោះ​គឺ​ដំបូង កាលពី​ពាក់​កណ្ដាល ខែ​មីនា ប្រញាប់ប្រញាល់​ហាម​ជនបរទេស​ពី​ប្រទេស​ខ្លះ មិន​ឱ្យ​ចូល​ស្រុក​ខ្មែរ រួចហើយ​កាលពី​ចុងខែ មីនា រឹតបន្តឹង​ទិដ្ឋាការ​ជនបរទេស ដែល​វិធានការ​ទាំងនេះ កម្ពុជា​ធ្វើ​ក្រោយ​ប្រទេស​អាស៊ាន​ទាំងអស់​។ ជាង​នេះ​ទៅ​ទៀត របប​ក្រុងភ្នំពេញ ចុងក្រោយ​នេះ ប្រញាប់ប្រញាល់​ធ្វើ​ច្បាប់​ដាក់​ប្រទេសជាតិ​ក្នុង​ស្ថានភាព​អាសន្ន ដែល​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ថា បើ​យកចិត្តទុកដាក់​លើ​សុខុមាលភាព​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន គួរ​ធ្វើ​តាំងពី​មិនទាន់​ឆ្លង​ជំងឺ​នេះ​ចូល​ទឹកដី​ខ្មែរ​ពី​ដំបូង​មក​ម្ល៉េះ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួងសុខាភិបាល ជុំវិញ​ការ​ធ្វើ​តេស្ត​ដែល​មាន​ចំនួន​តិចតួច​នេះ​នៅឡើយ​ទេ នៅ​ពេល​នេះ។

ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី១ ខែ​មេសា រក​មិនឃើញ​ករណី​ថ្មី នៃ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ជា​លើកដំបូង ក្រោយ​វិធានការ​រឹត​បន្តឹង​ជនបរទេស ចូល​ជា​ធរមានបាន​មួយថ្ងៃ​។ តួលេខ​នៃ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ថ្ងៃទី៣១ ខែ​មីនា គឺ​នៅ​ត្រឹម ១០៩ ករណី​ដដែល​។ ប៉ុន្តែ អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ បាន​កើន​ឡើង ២ នាក់​បន្ថែម​ទៀត។

ទោះជា​ចំនួន​នេះ​នៅ​ថេរ​ក៏ដោយ ក៏​លោក ហ៊ុន សែន ដែល​ពី​ដំបូង​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ខ្លាច​ជំងឺ​កូ​វីដ​-១៩ ដោយ​លោក​ថា ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា និង​ថា​ទាល់តែ​សេះ​ដុះ​ស្នែង ឬ​ទាល់​តែ​មាន​ថ្ងៃទី ៣១ ខែ កុម្ភៈ​ទើប​ជំងឺ​នេះ​មាននៅ​ស្រុក​ខ្មែរ លោក​ចាប់ផ្ដើម​ទទួល​ស្គាល់​ថា ជំងឺ​នេះ​កាច​សាហាវ ជា​សត្រូវ​ឥត​ស្រមោល និង​បញ្ជា​ឱ្យ​យក​ម៉ាស់ និង​អាកុល ជា​ទំនិញ​យុទ្ធសាស្ត្រ។ ពីមុន​លោក​ធ្លាប់​ព្រមាន​បណ្ដេញ​អ្នក​ពាក់​ម៉ាស់​ចេញពី​សាល​ប្រជុំ និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ក្រមា​ជំនួស​ម៉ាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles