ក្រុម​យុវជន​រក​ឃើញ​បទល្មើស​ព្រៃឈើ ៥៣​ករណី ត្រឹមតែ​មួយ​ថ្ងៃ នៅ​ក្នុង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ

ដោយ សុ ជីវី
2020-04-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជនបរិស្ថានចុះទៅដល់កន្លែង​កាប់​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ក្នុងស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​។

សកម្មជនបរិស្ថានចុះទៅដល់កន្លែង​កាប់​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ក្នុងស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​។

 Photo courtesy of N1M


សកម្មភាព​កាប់​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ នៅតែ​កើតមាន​ច្រើន ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ក្នុងស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​។ ក្រុម​យុវជន និង​សហគមន៍​អះអាង​ថា គ្រាន់តែ​ពួកគេ​ចូល​ព្រៃ​ព្រះ​រកា ត្រឹមតែ​មួយថ្ងៃ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ ៥៣ ករណី និង ឮ​សំឡេង​រណា​យន្ត ទ្រហឹង​ពេញ​ព្រៃ ចាប់ពី​ម៉ោង ៩​យប់ រហូត​ទល់​ភ្លឺ។

ការ​លើក​ឡើង​នេះ ក្រោយពី​ក្រុម​យុវជន​មកពី​រាជធានី​ភ្នំពេញ និង សហគមន៍​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ប្រមាណ ១០​នាក់ កាលពី​ថ្ងៃទី១ និង​ទី២ ខែ​មេសា បាន​រួម​គ្នា ចូល​ព្រៃ​ព្រះ រកា​នៅ​ចំណុច សំណាក់​យាយ​ធំ អូរ​គគីរ អូរ​សោម និង​អូរ​ក្រូច បំណង​បេះ​ផ្លែឈើ ក៏ប៉ុន្តែ​ពួកគេ​ប្រទះឃើញ សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ បែប​អនាធិបតេយ្យ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដែល​ការពារ​ដោយ​អនុក្រឹត្យ។

ពួកគេ​អះអាង​ថា ប្រភេទ​ឈើ ដែល​ក្រុម​ជនល្មើស​សម្រុក​កាប់​ធ្វើ​អាជីវកម្ម​មាន​ដូចជា ដើម​ពពេល ស្ទៀង ចំបក ត្រាច ឈើទាល និង​ត្រ​សេក​ជាដើម មានមុខ​កាត់​ចាប់ពី ៥​តឹក ដល់​ជាង ១​ម៉ែត្រ ត្រូវ​គេ​អារ​ច្រៀក យក​ដើម​នៅ​សល់​តែ​គល់ ហើយ​គល់​ខ្លះ​ត្រូវ​កម្ទេច​ចោល ដើម្បី​បំបាត់​ភស្តុតាង​ថែមទៀត។

តំណាង​ក្រុម​យុវជន លោក ម៉ា ចិត្រា ឱ្យ​ដឹង​នៅ​ថ្ងៃទី៣ មេសា ថា គ្រាន់តែ​ពួកគេ​ចូល​ព្រៃ​ព្រះ​រកា ត្រឹម​តែមួយ​ច្រក ប្រទះឃើញ​បទល្មើស​ព្រៃឈើ​ជាង ៥០​ករណី ក្នុង​នោះ​មាន​ឈើ​ខ្លះ ត្រូវ​គេ​អារ​ច្រៀក​យក​ដើម​ដឹក​ទៅ​បាត់ និង​មាន​គល់ឈើ​ខ្លះ​ទៀត ត្រូវ​គេ​ដុត​កម្ទេច​ចោល​។ លោក​ថា ពួកគេ​បាន​ស្នាក់នៅ​ក្នុង​ព្រៃ​មួយ​យប់ ឮ​សំឡេង​រណា​យន្ត​ទ្រហឹង​ពេញ​ព្រៃ ចាប់ពី​ម៉ោង ៩​យប់ រហូត​ទល់​ភ្លឺ ដែល​ក្រុម​ជនល្មើស​លួច​អារ​ឈើ និង​ដឹកជញ្ជូន​ចេញ​ក្រៅ តាម​គោយន្ត​នៅ​ពេល​យប់៖ «តំបន់​មួយ​ដែល​យើង​ដាក់​ឈ្មោះ​ថា ជា​ដែន​ជម្រក​សត្វព្រៃ នៅ​ពេល​យើង​ចូល​ទៅ​យើង​ឃើញ តែ​ការ​កាប់​ព្រៃឈើ​ខុសច្បាប់​ហ្នឹង វា​លើសលប់​ពេក តើ​មាន​ន័យ​អី​កាលណា​មាន​រណា​យន្ត ទ្រហឹង​ពេញ​ព្រៃ​ហើយ តើ​សត្វ​ឯណា ដែល​វា​អាច​នៅ​បាន​នោះ​។ ខ្ញុំ​គិត​ថា សមត្ថភាព​របស់​ពួកគាត់​ហ្នឹង គួរតែ​ពង្រឹង​បន្ថែម​ទៀត មានន័យថា ពួកគាត់​គួរតែ​ចុះ​ល្បាត​ឱ្យ​បាន​ច្រើន ហើយ​គួរតែ​ដាក់ទោស​ទណ្ឌ។ ពេល​ដែល​យើង​ដេក​យប់​ហ្នឹង រណា​យន្ត​អារ​ពេញ​តែ ព្រៃ​ហើយ សំឡេង​គោយន្ត​អី​ហ្នឹង​ក៏​ដឹក​ដែរ»។

លោក ម៉ា ចិត្រា រក​ឃើញ​ថា មាន​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​ចំនួន នៅ​ជាប់​ព្រៃ​ព្រះ​រកា ដែល​ធ្លាប់​បិទ​កន្លង​ទៅ អំឡុង​ពេល​គណៈកម្មការ​ជាតិ ចុះ​បង្ក្រាប ក៏ប៉ុន្តែ​បច្ចុប្បន្ន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងនោះ កំពុង​ដំណើរ​ការ​រលូន​ឡើងវិញ ។ លោក​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​តំបន់​នោះ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មាន​ការ​ធ្វើ​របង​ហ៊ុមព័ទ្ធ​។ លោក​ថា សិប្បកម្ម​កែច្នៃ​ឈើ ជាប់​ព្រៃ​អភិរក្ស គឺជា​ប្រភព​នៃ​បទល្មើស​ព្រៃឈើ ព្រោះ​នៅ​តំបន់​នោះ មានតែ​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា​មួយ​ទេ ដែល​ត្រូវ​បាន​កាប់​យក​មក​ផ្គត់ផ្គង់​រោង​សិប្បកម្ម​ទាំងនោះ ដើម្បី​កែច្នៃ​ឈើ​ធ្វើជា​គ្រឿង​សង្ហារិម៖ «យើង​មើល​ជំនាន់​ដែល សៅ សុខ ចាប់ផ្ដើម​បង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​ធំ សិប្បកម្ម​ត្រូវ​បាន​បិទ​ប៉ុន្តែ​បាន​មួយ​រយៈពេល បើក​មកវិញ​ដដែល​។ អ៊ីចឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល អត់​មានន័យ​សោះ​ហ្មង ព្រោះ​អី​តំបន់​ហ្នឹង​មានតែ​ព្រៃ​ព្រះ​រកា​មួយ​ទេ ដែល​លក់​ឱ្យ​សិប្បកម្ម​ហ្នឹង»។

សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ លោកស្រី ស៊ិ​ង សេត ឱ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​ព្រះ​រកា ពុំ​មាន​ការ​ថយ​ចុះ​នោះ​ទេ ហើយ​បច្ចុប្បន្ន​មាន ក្រុម​ឈ្មួញ​ខ្លះ ចាំ​ទទួល​ទិញ​ឈើ​នៅ​មូលដ្ឋាន​រួច​ដឹក​ចេញ​ក្រៅ តាម​រថយន្ត​ធំៗ​។ លោកស្រី​ថា ក្រុម​អ្នក​អារ​ឈើ និង​ដឹកជញ្ជូន​ឈើ មាន​ខ្លះ​មកពី​ខេត្ត​ឆ្ងាយៗ និង​ខ្លះ​ទៀត ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​៖ «អ្នកភូមិ​យើង គេ​ផ្អាក​មួយ​វស្សា​ហើយ ដល់ពេល​អ្នក​ចំណូល​មក​កាប់​ឈើ​ទៀត គេ​ចូល​ទៀត​។ គេ​អ្នក​កាប់ គេ​មិន​ចុះ​ល្បាត​ជាមួយ​ពួក​យើង​ទេ​។ ណាមួយ​ភាព​រាំងស្ងួត ប្រែប្រួល​អាកាសធាតុ​ទៀត បាន​ពួក​ខ្ញុំ​ខំ តែ​ប៉ុន្មាន​គ្រួសារ​ខំ​ទៅ​។ អា​អ្នក​បំផ្លាញ​ចេះតែ​បំផ្លាញ អ្នកដើរ​ចេះតែ​ដើរ​ទៅ»។

ឆ្លើយ​តប​រឿង​នេះ នាយក​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុន​សឿន ទទួល​ស្គាល់​ថា មាន​ការ​លួច​អារ​ឈើ​បន្តិចបន្តួច ក្នុង​ព្រៃ​ព្រះ​រកា ក៏ប៉ុន្តែ​ឈើ​ដែល​ពលរដ្ឋ​អារ​ទាំងនោះ ជា​ឈើ​សម្រាប់​សង់ផ្ទះ​ដែល​មាន​ស្នើសុំ​ពី​អាជ្ញាធរ​មូលដ្ឋាន​។ លោក​បដិសេធ​ថា គ្មាន​បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ​ក្នុង​ព្រៃ​ព្រះ​រកា​នោះ​ទេ ហើយ​ក្រុម​មន្ត្រី​ជំនាញ បាន​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​ទប់ទល់​បទល្មើស​ព្រៃឈើ គ្រប់​ប្រភេទ​។ លោក​អះអាង​បន្ត​ថា មាន​ពលរដ្ឋ​ខ្លះ បាន​កាប់​ដើម​ច្បោះ​របស់​ខ្លួន ក្នុង​ព្រៃ​អភិរក្ស ដើម្បី​ធ្វើ​ផ្ទះ នៅ​គ្រា​ដែល​ក្រុម​យុវជន​ប្រទះឃើញ ក៏​អះអាង​ថា ជា​បទល្មើស​ព្រៃឈើ​ដែរ​៖ «ខ្ញុំ​ទទួលស្គាល់​បង តែ​ពេល​គាត់​ទៅ​ឃើញ ជួន​កាល ព្រោះ​ឥឡូវ​ផុត​រដូវ​ធ្វើស្រែ​ចម្ការ គាត់​សុំច្បាប់​អារ​ឈើ​ធ្វើ​ផ្ទះ​រាង​ច្រើន​ដែរ​។ គាត់​ឃើញ គាត់​សួរ​គេ​មើល តើ​មាន​លិខិតអនុញ្ញាត​អី ពី​ភូមិ​/​ឃុំ ដើម្បី​អារ​ឈើ​ធ្វើ​លំនៅឋាន​។ ខ្ញុំ​គ្រាន់តែ ភាព​អនាធិបតេយ្យ​ព្រៃឈើ នៅ​យើង​បង វា​កាត់បន្ថយ​ច្រើន​ណាស់​។ ធ្វើ​សិប្បកម្ម​គ្រាន់តែ​ធ្វើ​ទ្វារ​បង្អួច លក្ខណៈ​ដៃ បើ​មាន​ម៉ាស៊ីន​ស្វ័យប្រវត្តិ​គឺ​អត់​មាន​ទេ»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់ថា ភស្តុតាង​បទល្មើស​ព្រៃឈើ​ជាក់ស្ដែង ដែល​ក្រុម​យុវជន​រក​ឃើញ គឺជា​បន្ទុក​សំខាន់​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រក​ដំណោះស្រាយ ក៏ប៉ុន្តែ​លោក​បារម្ភ​ថា មន្ត្រី​ជំនាញ នឹង​រក​លេស​ឆ្លើយ​ដោះ​សារ​គេច​ពី​ការទទួលខុសត្រូវ​ដដែលៗ ហើយ​ព្រៃឈើ​នៅតែ​ទទួលរង​ការ​កាប់​បំផ្លាញ​ឥត​ឈប់ឈរ​។ លោក​ថា ក្តី​កង្វល់​ទាំងឡាយ​របស់​ពលរដ្ឋ និង​ក្រុម​យុវជន រឿង​បាត់បង់​ព្រៃឈើ​នេះ​កើតមាន​ជា​យូរ​មក​ហើយ នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ ជា​វិជ្ជមាន​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ជនល្មើស​ចេះតែ​បានចិត្ត បន្ត​សកម្មភាព​បំផ្លាញ​ព្រៃឈើ​៖ «ខណៈ​ពេល​បទល្មើស​ព្រៃឈើ​កើន​ឡើង ហើយ​អាជ្ញាធរ និង​មន្ត្រី​ហ្នឹង គាត់​ព្យាយាម​គេចវេះ បដិសេធ​ចំពោះ ករណី​ដែល​កើតឡើង​អស់ទាំង​នេះ​។ ករណី​ដែល​ពលរដ្ឋ ឬក៏​យុវជន លោក​បាន​រាយការណ៍​ទៅ​ហើយ មិន​ព្រម​ទទួលយក អាហ្នឹង​គឺ​មន្ត្រី និង​អាជ្ញាធរ​ខ្លួនឯង​តែម្ដង ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​អស់ទាំង​នេះ»។

កាលពី ចុងខែ​កុម្ភៈ ឆ្នាំ ២០២០ ក្រុម​យុវជន ព្រះសង្ឃ និង​សហគមន៍​បាន​យក​ញត្តិ​មាន​ស្នាម​មេដៃ ១៥៤ នាក់ ដាក់​ជូន​ក្រសួងបរិស្ថាន ក្នុង​បំណង​ស្នើ​ឱ្យ​ស្ថាប័ន​សាមី​មួយ​នេះ ចាត់វិធានការ​តាមច្បាប់​ចំពោះ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ​។ ការ​ដាក់​ញត្តិ​នេះ បន្ទាប់ពី​ពួកគេ បាន​ចុះ​ល្បាត​ព្រៃ ៩​លើក រក​ឃើញ​បទល្មើស​ព្រៃឈើ ៩៨​ករណី ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​។ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ ក្រសួង​មិនទាន់​ចុះ​ស៊ើបអង្កេត និង​ដោះស្រាយ​ញត្តិ​របស់​ពួកគេ​នៅឡើយ​។ អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ដើម្បី​សុំ​ការបំភ្លឺ​រឿង​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី៣ មេសា ព្រោះ​លោក​មិន​លើក​ទូរ​សព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​យុវជន​រក​ឃើញ​បទល្មើស​ព្រៃឈើ ៥៣​ករណី ត្រឹមតែ​មួយ​ថ្ងៃ នៅ​ក្នុង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ"

  1. Anonymous says:

    this is not surprising to me it is HUN SEN economy for his leadership.